សង្គម​ស៊ីវិល​និង​បក្ស​នយោ​បាយ​បន្ត​​បារម្ភ​​ពី​​ការ​យាយី​លើ​​សេរីភាពបញ្ចេញ​មតិ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​​នៅ​​កម្ពុជា​

សង្គមស៊ីវិល និងគណបក្សនយោបាយនៅ​កម្ពុជា​​ បានលើកឡើងពីក្តី​បារម្ភមួយចំនួន​​នៅក្នុង​កិច្ច​​ប្រជុំ​​ថ្នាក់​​តំប​ន់​ ជុំវិញ​​សិទ្ធិ​​​សេរី​ភាព​​នៃ​​ការ​បញ្ចេញ​មតិ​ជាពិសេស​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​​អ្នក​​ដែល​​​ហ៊ាន​​​បញ្ចេញ​​មតិ​​រិះគន់​​រដ្ឋាភិ​​បាល​​​​​នៅ​លើប្រព័ន្ធ​អន​ឡាញ ខណៈ​ពួក​គេ​មើល​ឃើញ​ថា អ្នក​ទាំងនោះ​បាន​រង​នូវ​ការ​ចោទ​ប្រកាន់ និង​​បានជាប់ពន្ធនាគារ​​ជាបន្តបន្ទាប់។

ការបង្ហាញក្តីបារម្ភនេះ បានធ្វើឡើង​នៅក្នុង​សិក្ខា​សាលា​ថ្នាក់តំបន់​លើកទី៧ ក្រោមប្រធាន​បទ «សេរីភាពនៃការបញ្ចេញមតិ» នៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីល្ងាចថ្ងៃទី២៤ ដល់ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ២០២២នេះ។

ប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ​នៃមជ្ឈមណ្ឌល​កម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយ​ឯក​រាជ្យ លោកស្រី ឆន សុគន្ធា ដែលបានចូលរួម​សិក្ខាសាលា​នេះ បានលើកឡើងថា ក្នុង​កំឡុង​ពេល​​ពិភព​លោក ក៏ដូចជានៅកម្ពុជា ជួបវិបត្តិនៃការ​ឆ្លងរីករាលដាលនៃជំងឺ​កូវីដ-១៩ រដ្ឋាភិ​បាល​​​​​កម្ពុជា បាន​​អនុម័ត​​នូវអនុក្រឹត្យ​ស្តីពី​ ច្រក​​ទ្វា​រ​​អ៊ីនធឺណិតជាតិ​ ហើយ​ក្នុង​​ខ្លឹម​សារ​នៃ​អនុ​ក្រឹត្យ​នោះ​ មាន​លក្ខណៈ​​​រឹតត្បិតដល់អ្នកប្រើប្រាស់អ៊ីនធឺណិត ឬបណ្តាញសង្គម ជាពិសេស អង្គការ​​ស៊ីវិល សកម្មជនសិទ្ធិមនុស្ស​និងសង្គម​ និងអ្នកដែលធ្វើការ​លើ​​វិស័យ​សារព័ត៌មាន។

លោកស្រីបន្តថាបើទោះជារដ្ឋាភិបាល​ប្រកាសផ្អាកការអនុវត្តអនុក្រឹត្យកាលពីខែមីនា ឆ្នាំ​២០២២​​នេះ ប៉ុន្តែលោកស្រីក៏ដូចជាអង្គការសង្គមស៊ីវិលដែលធ្វើការលើផ្នែកប្រព័ន្ធឌីជីថល​ នៅ​​​តែ​មាន​ក្តីបារម្ភ ដោយ​សារ​ទិន្នន័យ (Data) របស់អ្នកប្រើប្រាស់​ អាច​ត្រូវ​បាន​​គ្រប់គ្រង ដោយ​ក្រុមហ៊ុន​អ៊ីនធឺណិត​ និងរដ្ឋាភិបាល។

ក្រៅពីនេះ លោកស្រី ឆន សុគន្ធា ក៏មានក្តីបារម្ភផងដែរពីការរឹតត្បិត​​សេរីភាពបញ្ចេញមតិ និង​សេរីភាព​លើ​ប្រព័ន្ធផ្សព្វផ្សាយកាន់តែខ្លាំងថែមទៀត ខណៈរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហា​ផ្ទៃ កំពុងពង្រាង​សេចក្តីព្រាងច្បាប់ ស្តីពី សុវត្ថិភាពឌីជីថល។ លោកស្រីថា មកដល់ពេលនេះ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅ នៅមិនទាន់បានទទួលពង្រាង​សេចក្តីព្រាងច្បាប់​ថ្មីនេះនៅឡើយទេ។

លោកស្រីស្នើថា៖ «យើងនៅតែទទូចសុំ​​ឱ្យ​រដ្ឋាភិបាល ឬក៏គ្រប់ភាគីពាក់ព័ន្ធហ្នឹង ត្រូវ​តែ​មាន​ការប្រជុំ ការជជែកគ្នា ការពិនិត្យមើល ព្រោះអីជាទូទៅ​ប្រទេស​មួយ មានការ​ចូលរួម​ទាំងអស់គ្នា មិនមែនដឹកនាំដោយមួយក្រុម ឬក៏បក្ស​នយោ​បាយ​​ណា​មួយ​ទេ ពួក​យើ​ង​ចង់​ឱ្យ​មាន​ច្បាប់ល្អ ហើយច្បាប់នោះល្អហើយ យើងអាច​អនុវត្ត​បាន​គ្រប់​គ្នា​ដោយ​មិ​​ន​មាន​​ការ​​ប្រឈម»។

លោក​ស្រី​ក៏បាន​ស្នើ​ដល់រដ្ឋាភិបាលកម្ពុជា បើកលំហសេរីភាពនៃការបញ្ចេញមតិ និង​ផ្នែក​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយឡើងវិញ ក្រោយ​មានការរឹតត្បិតជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៧មក​។ លោក​ស្រី ឆន សុគន្ធា ក៏រំពឹងថា អ្នកធ្វើការ​ពាក់ព័ន្ធនៅថ្នាក់តំបន់ នឹងបន្ត​​ធ្វើការ​ជាមួយ​គ្នា​​ឱ្យ​បាន​កាន់តែ​ជិត​ស្និទ្ធថែមទៀត ពាក់ព័ន្ធនឹងការលើកកម្ពស់ និងការការពារ​សេរីភាពបញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត សម្រាប់ពលរដ្ឋនៅតំបន់អាស៊ីប៉ាស៊ីហ្វិក​ផងដែរ។​​

យោង​តាម​រដ្ឋ​ធម្ម​នុញ្ញ «​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​ សេរីភា​ព​ខាង​សារ​ព័ត៌​​​មាន សេរីភាព​ខាង​ការ​បោះ​ពុម្ភ​ផ្សាយ និងសេរីភាពនៃការជួបប្រជុំ»។

តំណាងបក្ស​នយោបាយ​​មកពីគណបក្សភ្លើងទៀន លោក សេង ម៉ាឌី (Seng Mardi) ដែល​បាន​ចូល​រួម​ក្នុង​សិក្ខាសាលា​នេះ​​​តាមវីដេអូអនឡាញ បានលើកឡើងដែរ​ថា បច្ចុប្បន្ន សកម្មជន​នយោ​បាយ​មក​ពី​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស និងសង្គមជាង ១៥០នាក់​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិ​បាលកំពុង​​ជាប់​ពន្ធនាគារ និង​រងការចោទក្រោម​បណ្តឹងរបស់មន្ត្រី​រដ្ឋាភិ​បាល ពាក់​ព័ន្ធ​​នឹងបទ​ញុះញង់បង្ក​ឱ្យមាន​ភាពអសន្តិសុខសង្គម និងបទចោទផ្សេងទៀត ខណៈ​​សកម្ម​ជន​សហជីព សិទ្ធិមនុស្ស និង​​នយោបាយ​ជាច្រើននាក់ផ្សេង​ទៀត កំពុង​ដាក់ឱ្យស្ថិត​ក្រោមការ​​ត្រួត​​​​ពិនិត្យ​​របស់​​​​តុលាការ​ ដែលពួកគេមិនអាចនិយាយអ្វីបាន។

លោក​បន្តថាក្នុងចំណោមអ្នកជាប់ឃុំនោះ​ ក៏មានប្អូនស្រីរបស់លោកគឺកញ្ញា សេង ធារី ដែលជាមេធាវីខ្មែរសញ្ជាតិអាមេរិកផង​ដែរដែលត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួននិង​ត្រូវបានតុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​៦ឆ្នាំ​ កាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២២ ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ដោយសារការ​បញ្ចេញ​មតិនេះ។ តុលាការ​សម្អាងថា កញ្ញា សេង ធារី បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​គាំទ្រ​គ​ម្រោ​​ង​ធ្វើ​មាតុ​ភូមិ​និវត្តន៍កាលពីអំឡុងឆ្នាំ២០១៩​​របស់​​លោក សម រង្ស៊ី សហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ។

​លោក​បន្តថា៖ «ទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ ក្នុង​នាម​យើង​ជា​គណបក្ស​ប្រឆាំង យើង​​មិ​ន​​អាច​និយាយ​ថា រដ្ឋាភិបាលធ្វើខុសឡើយ ហើយយើងមិន​អាច​រិះគន់​រដ្ឋាភិ​បាល ឬ​​ថ្នាក់ដឹក​នាំ​​រដ្ឋាភិបាល​ឡើយ។ ប្រសិន​បើ​យើង​​ហ៊ាន​​រិះ​​គន់ យើង​នឹង​រង​ការ​ចោទ​ប្រកាន់​​​ពី​​បទ​បង្ក​បញ្ហា​នៅ​ក្នុង​ប្រទេស បង្ក​អសន្តិសុខ​សង្គម​[…] ដូច្នេះ​យើង​ព្រួយ​បារម្ភ»។

លោក សេង ម៉ាឌី បន្ថែមថា៖ «​​ក្នុង​​​ពេល​ជា​មួយ​គ្នា​នេះ​ដែរ បញ្ហានេះ​ក៏​ជាក្តីបារម្ភ​ជា​សកល​​ផង​​ដែរ មិនត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុ​ជានោះ​ទេ វា​កើត​ឡើង​នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​អាស៊ី សូម្បី​នៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប។ ទោះជា​យ៉ាង​ណា​ ខ្ញុំគិតថាបញ្ហានេះ​កើត​ឡើង​ភាគ​ច្រើន​នៅ​​អាស៊ី ជាពិសេស​នៅ​ក្នុង​ប្រទេស​​កម្ពុជា ដែល​តុលាការ​មិន​មាន​ភាព​ឯក​រាជ្យ ហើយ​រដ្ឋាភិ​បាល​​ប្រើ​តុលាការ​​ជាអាវុធ​​ដើម្បី​ប្រឆាំង​នឹង​បក្ស​ប្រឆាំង និងអ្នកដែលហ៊ានបញ្ចេញមតិ»។

វីអូឌី នៅមិនទាន់អាចសុំការឆ្លើយតបជុំវិញករណីនេះ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន នៅឡើយ។

ចំណែកអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា លោក កត្តា អ៊ន មាន ប្រសាសន៍កាលពីថ្ងៃទី២៦ ខែសីហា ថា ក្នុងគោលការណ៍សិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ ទោះបីតាមអនឡាញ ឬតាមសិក្ខាសាលា ឬសុន្ទរកថា ឬវិចារណកថាក៏ដោយ គឺស្ថិតនៅក្នុងក្របខណ្ឌច្បាប់ និងមិនឱ្យប៉ះពាល់ដល់អ្នកដទៃ។

លោកបន្តថា៖ «ដូច្នេះអ្វីដែលពួកគាត់លើកឡើង គឺគាត់សំឡឹងមើលឃើញអ្វីដែលកើតឡើង ក្នុងសង្គម ទោះបីអ្នកនោះបានប្រព្រឹត្តបទល្មើសយ៉ាងណាក៏ដោយ ទោះបីអ្នកនោះបាន ខុសឆ្គង រំលោភច្បាប់យ៉ាងណាក៏ដោយ ឱ្យតែអាជ្ញាធរមានវិធានការចំពោះអ្នកទាំងនោះ ដែលជាអតីតសកម្មជនបក្សប្រឆាំង ឬមួយក៏សកម្មជនអង្គការសង្គមស៊ីវិល សហគមន៍ ឬមួយក៏បណ្តាញមនុស្សមួយចំនួនដែលពួកគាត់ការពារ គាត់តែងតែចោទប្រកាន់មកលើ សមត្ថកិច្ចថាជាការរំលោភបំពានលើសេរីភាពបញ្ចេញមតិ ដូច្នេះវាជារឿងមួយដែលខុសឆ្គង ជារឿងមួយដែលមិនត្រឹមត្រូវទាល់តែសោះ»។

ដោយឡែក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសេចក្ដីបំភ្លឺរបស់ក្រសួងការបរទេស និង​សហប្រតិ​បត្តិការ​អន្តរ​ជាតិ​កម្ពុជា បានគូសបញ្ជាក់ថា ដើមចម​ដែលរដ្ឋាភិបាល​ចេញ​អនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីន​ធឺណិត​ជាតិ» ក្នុង​​គោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៊ីនធឺណិត និងពង្រឹង​សន្តិ​សុខ​ជាតិ និង​​ការ​ប្រមូលពន្ធ ក៏ដូចជាថែរក្សាសណ្ដាប់ធ្នាប់​សង្គម ទប់ស្កាត់​ឧក្រិដ្ឋ​កម្ម​តាម​អ៊ីន​ធឺ​ណិត ដូចជាការ​​ប្រើ​ប្រាស់ដោយខុសច្បាប់នូវការតភ្ជាប់បណ្ដាញឆ្លងដែន ការលេងល្បែង​អន​​ឡាញ​​ខុស​ច្បាប់ ការ​បោកប្រាស់តាមអ៊ីន​ធឺណិត និង​ការពារ​វប្បធម៌ជាតិ ជាដើម ។

ក្រៅពីតំណាងសង្គមស៊ីវិល និងគណបក្សនយោបាយមក​ពី​កម្ពុជា តំណាងសង្គមស៊ីវិល សកម្មជន និង​គណបក្សនយោបាយ​មកពី​បណ្តាប្រទេសមួយចំនួន​ក្នុង​តំបន់​អាស៊ី និង​អាស៊ី​ប៉ាស៊ី​ហ្វិក ក៏បានលើកឡើងពីផលប៉ះពាល់​ និងការរឹតត្បិតសិទ្ធិមួយចំនួនពាក់ព័ន្ធសេរីភាព​បញ្ចេញមតិនៅលើប្រព័ន្ធអនឡាញផងដែរ។

នាយកប្រចាំតំបន់នៃអង្គការ ASIA CENTRE លោក ជេម ហ្គូម៉េស (James GOMEZ) កត់សម្គាល់​​ថា ក្នុង​កំឡុង​​ពេល​​ជួបវិបត្តិកូវីដ-១៩ រដ្ឋាភិបាលនៃប្រទេសមួយចំនួនក្នុងតំបន់​ បាន​បង្កើត​នូវ​គោល​នយោ​​បាយ ឬក៏​ច្បាប់ក្នុងគ្រាមាន​អាសន្ន​​នានា ដែល​បាន​រឹត​ត្បិត​ និងប៉ះពាល់ដល់​សិទ្ធិ​សេរី​ភាព​​បញ្ចេញមតិរបស់​ប្រជា​ពលរដ្ឋ និងសង្គមស៊ីវិល។

លោកបានថ្លែងថា៖ «រដ្ឋាភិបាល​នៃប្រទេស​​ក្នុង​តំបន់ភាគច្រើន​​ មិន​សប្បាយ​​ចិត្ត​​នៅ​​ពេល​ដែល​សង្គម ឬ​ពលរដ្ឋ ឬ​សូម្បីតែ​អង្គការ​មិន​មែន​រដ្ឋាភិ​បាល គណបក្ស​នយោបាយ រិះគន់​ពីគោល​នយោ​បាយ​មិន​ល្អ​របស់​ពួក​គេ ជាពិសេស​​​ពី​​ដំបូង​​នៅ​ពេល​​ដែល​​ពួក​គេ​មិន​មាន​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់​គ្រ​​ង​វិបត្តិ​[ដោយសារជំងឺកូវីដ-១៩] ហើយ​​ប្រជាជន​​រង​ការ​រំលោភ​បំពាន។ ក្នុងអំឡុងពេលនេះ ប្រទេស​​ជាច្រើនបានបង្កើតគោលនយោបាយ និង​​ច្បាប់សម្រាប់​​​​គ្រប់​គ្រង​ប្រទេស​​​ស្ថិត​​ក្នុង​​ភាព​អាសន្ន ហើយ​នៅក្នុងច្បាប់នេះផងដែរ ពួកគេក៏បានលើកឡើង​ពី​បទ​ប្បញ្ញត្តិ​ស្តីពី​​ព័ត៌មាន​មិន​ពិត។ ពួកគេ​ប្រើ​បទ​ប្បញ្ញត្តិ​នេះដើម្បីបំបិទមាត់អ្នករិះគន់»។

លោកថាដោយសារ​បញ្ហាទាំងនេះហើយ បានជានៅឆ្នាំនេះ អង្គការ​ ASIA CENTRE និងអង្គ​ការ​ដៃគូ រួមទាំងម្ចាស់ជំនួ​យមួយចំនួន បានរៀបចំសិក្ខាសាលាថ្នាក់តំបន់ ក្រោមប្រធាន​បទ សេរី​ភាព​បញ្ចេញមតិនេះឡើង ដើម្បីជជែកពិភាក្សា និងវាយតម្លៃពីផលប៉ះពាល់ជារួមទៅ​លើ​លទ្ធិ​ប្រជា​ធិប​តេយ្យ និងសិទ្ធិមនុស្សនៅតំបន់អាស៊ី។

សិក្ខាសាលានេះ​ មានការ​​ចូលរួមពីសំណាក់អង្គការ​សង្គមស៊ីវិល សកម្មជន​សង្គម ​និង​បរិស្ថាន អ្នកស្រាវជ្រាវ និង​អ្នកសារព័ត៌មានមកពី​ប្រទេសកម្ពុជា ជប៉ុន ថៃ កូរ៉េខាងត្បូង​ នេប៉ាល់ ឥណ្ឌា តៃវ៉ាន់ បង់ក្លាដេស ហ្វីលីពីន សឹង្ហបូរី និងម៉ាឡេស៊ីជាដើមដែលមានចំនួន​សរុប​​​ប្រមាណ ១០០នាក់។

តែយ៉ាងណា​លោក James GOMEZ បានលើកឡើងថាប្រសិនបើប្រជាពលរដ្ឋចង់បាននូវ​សេរីភាពបញ្ចេញមតិ ពួកគេ​ត្រូវរៀបចំខ្លួន និងទាមទារឬជំរុញទៅរដ្ឋាភិបាល​ឱ្យបង្កើត​ច្បាប់​ដែល​​ផ្តល់សេរីភាពបញ្ចេញមតិ។

លោកថា៖ «អ្វីដែលយើង​​ត្រូវ​​ដឹង​គឺ​​ថា​រដ្ឋាភិបាល​បង្កើត​ឡើង​ដោយ​ក្រុម​ឥស្សរ​ជន​ដែល​គ្រប់​គ្រង​ការិ​យាល័យ​ធិប​​តេយ្យ និង​​អំណាច ហើយ​ជាទូទៅពួកគេ​មិនចាប់​អារម្មណ៍​ក្នុង​ការ​ផ្តល់​ឱ្យ​អ្នក​នូវ​សេរី​ភាព​បញ្ចេញ​មតិ​​ដែល​ប្រឆាំង​នឹង​អំណាច​​របស់​ពួក​គេ​ឡើយ។ អ្នក​មិន​អាច​ស្នើ​សុំ ឬ​ផ្តល់​ដំបូន្មាន​ដល់​រដ្ឋាភិបាល​ ពីព្រោះពួ​ក​គេ​គ្រាន់​តែ​ស្តាប់​អ្នក​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ធ្វើ​ឡើយ ពីព្រោះ​ពួក​គេ​មិន​ចាប់​អាម្មណ៍​ឡើយ។ ប្រសិនបើអ្នកចង់បានសេរីភាពបញ្ចេញមតិ អ្នក​ត្រូវ​រៀប​ចំ និងទាមទារសេរីភាពបញ្ចេញមតិ ឬជំរុញ​រដ្ឋាភិបាល​ឱ្យ​បង្កើត​ច្បាប់​ដែល​ផ្តល់​សេរី​ភាព​បញ្ចេញ​មតិ។ ការ​ស្នើសុំ​រដ្ឋាភិបាល​ដែល​កំពុង​កាន់​អំណាច​ឱ្យផ្ត​ល់​សេរីភា​ព​បញ្ចេញ​មតិ គឺ​មិន​អាច​ទៅ​រួច​ឡើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ