ក្រសួង​មហា​ផ្ទៃ​មិន​ទាន់​ឆ្លើយ​តប​សំណើ​មេធាវី​ការពារ​ក្តី​ ​កញ្ញា​ ​សេង​ ធារី​ ​សុំ​ផ្ទេរ​​​មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​វិញ

កញ្ញា សេង ធារី ឈរថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវីការពារក្តីឱ្យកញ្ញា សេង ធារី លើកឡើងថា ​ក្រសួងមហាផ្ទៃនៅមិនទាន់មានការឆ្លើយតបជុំវិញសំណើដែលខាងមេធាវីបានដាក់​ទៅក្រសួង​កាលពីសប្តាហ៍មុន ដោយស្នើសុំផ្ទេរកូនក្តីពីពន្ធនាគារខេត្តព្រះវិហារមកពន្ធនាគារព្រៃស រាជធានីភ្នំពេញវិញ ដើម្បីងាយស្រួលចូលបំភ្លឺតាមការរកោះហៅរបស់តុលាការនៅភ្នំពេញ។

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ​​​កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ​បញ្ជូនកញ្ញាចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅឃុំនៅពន្ធនា​គារ​ខេត្ត​ព្រះវិ​ហារ​ ដោយមេធាវីការពារសិទ្ធិកញ្ញាអះអាងថា មិនបានប្រាប់ពីមូលហេតុ​ឡើយ។

លោក ជូង ជូងី ដែលជាមេធាវីការពារក្តីឱ្យ កញ្ញា សេង ធារី បានប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា ដើមចមដែលនាំឱ្យគាត់ដាក់លិខិតទៅក្រសួងមហាផ្ទៃកាលពីសប្តាហ៍មុន ស្នើសុំឱ្យក្រសួងផ្ទេរកូនក្តីរបស់គាត់ពីពន្ធនាគារខេត្តព្រះវិហារ មកពន្ធនាគារព្រៃសនៅរាជធានីភ្នំពេញវិញ ដើម្បីងាយស្រួលចូលបំភ្លឺនៅតុលាការ ពីព្រោះនៅព្រឹកថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ កូនក្តីលោកនឹងត្រូវឡើងសវនាការនៅសាលាឧទ្ធរណ៍លើបណ្តឹងទាមទារឱ្យមានការដោះលែងកញ្ញាបាននៅក្រៅឃុំវិញ ។

លោកបន្តថា ក្រោយពីដាក់លិខិតស្នើសុំទៅក្រសួងមហាផ្ទៃរហូតមកដល់ថ្ងៃទី២៨ ខែសីហានេះ មិនទាន់មានការឆ្លើយតបពីក្រសួងយ៉ាងណានៅឡើយទេ។ ប៉ុន្តែលោកថា តាមច្បាប់ត្រូវតែផ្ទេរកូនក្តីរបស់លោកមកពន្ធនាគារព្រៃសវិញ ដើម្បីងាយស្រួលកូនក្តីចូលបំភ្លឺតាមដីកាកោះរបស់តុលាការ។

លោកមានប្រសាសន៍ថា៖ «ផ្លូវច្បាប់ត្រូវតែផ្ទេរគាត់មក ពីព្រោះពេលសវនាការត្រូវមានវត្តមានគាត់នៅសាលាឧទ្ធរណ៍។ អ៊ីចឹងដើម្បីមានវត្តមានគាត់នៅសាលាឧទ្ធរណ៍ ត្រូវដឹកគាត់មកពន្ធនាគាររាជធានីភ្នំពេញ  ទើបងាយស្រួលដឹកគាត់មកចូលរួមសវនាការនៅសា​លាឧទ្ធរណ៍»។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ លោក នុត សវនា និងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ​បានទេនៅរសៀលថ្ងៃអាទិត្យនេះ។

កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកកាំង និងជាមេធាវីអន្តរជាតិមួយរូបផងនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រុមជំនុំជម្រះ​នៃសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទា​​ទោស​​ដាក់​​​​ពន្ធនាគារ៦ឆ្នាំ កាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០២២។

នៅចំថ្ងៃតែមួយនៃកា​រផ្ដន្ទា​ទោស​ពិ​​រុទ្ធជន​រូប​នេះ លោក រស់ ពិសិដ្ឋ ក៏បានផ្ដន្ទាទោសថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្ស​​សង្រ្គោះ​​ជាតិដែលត្រូវ​​បាន​​តុ​​លាការរំលាយ ចំនួន៥០នាក់ផ្សេងទៀត ក្នុងបទចោទដូចកញ្ញា សេង ធារី ដែរ គឺ​​ «ញុះញង់ និងរួម​​គំ​​និត​​ក្បត់ជាតិ» ជុំវិញការប្រកាសជំហរគាំទ្រការធ្វើមាតុភូមិនិវត្តន៍ ថ្ងៃ៩វិច្ឆិកា របស់​​​លោ​​ក ​សម រង្ស៊ី។ មន្រ្តីគណបក្សប្រឆាំងទាំងនោះត្រូវបានកាត់ទោសដាក់ពន្ធនាគារ​ចន្លោះ​ពី ៥ ទៅ ៨ឆ្នាំ។

បើទោះបែបណា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលដឹកនាំដោយលោក Ed Ward J.Mar​​key បានចេញសេចក្តីថ្លែងការណ៍រួមមួយ កាលពីថ្ងៃទី​១៨ ខែសីហា ក្រោយបញ្ចប់ទស្សន​​កិច្ចរយៈ​​ពេ​​ល២ថ្ងៃនៅកម្ពុជា កាលពីថ្ងៃទី​១៦ និងថ្ងៃទី១៧ ខែ​សីហា ដោយបញ្ជា​ក់​ថា សហរដ្ឋអាមេរិកទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកជាប់ឃុំនយោបាយទាំងអស់ រួម​ទាំង​​កញ្ញា សេង ធារី ដើម្បីបើកផ្លូវឱ្យពួកគេមានសេរីភាពឡើងវិញ និងបានចូលរួមនៅក្នុង​​ការ​​បោះ​​ឆ្នោត​​​​ជ្រើសតាំងតំណាងរាស្រ្តដែលនឹងប្រព្រឹត្តទៅក្នុងពេលខាងមុខនេះ។

កន្លងមក លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា យល់​ឃើញ​ថា ការ​ស្នើ​សុំ​ណា​មួយ​ពី​រដ្ឋ​ជា​ភាគី ជាសិទ្ធិរបស់ពួកគេ ប៉ុន្តែការប្រើប្រាស់សិទ្ធិនេះមិន​អាច​មក​ដាក់​ការ​គាប​សង្កត់​ណា​មួយលើ​​​រដ្ឋាភិបាលកម្ពុជា ​ឱ្យធ្វើសេចក្តីសម្រេចចិត្ត​ទៅតាម​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ​ទេ។ ​​បើ​តាម​មន្រ្តីជាន់​​ខ្ពស់​​រូប​​នេះ កម្ពុជា​មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ និងយុត្តាធិការត្រឹមត្រូវ ហើយ​ការសម្រេចបែប​​ណា​​នោះ​​​អា​​ស្រ័យ​​​លើតុលាការ ព្រោះសំណុំរឿងទាំងនោះមិន​ស្ថិត​នៅ​ក្នុង​ដៃ​​រដ្ឋាភិបាល​ទៀត​នោះ​ទេ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសសន៍ថា ​បើពិនិត្យពីនីតិវិធី គឺមិនទាស់ខុសអ្វីនោះទេ ព្រោះសាលក្រមមិនបានចូលជាស្ថាពរនៅឡើយ។ ហេតុ​ដូច្នេះ​ ការបំពេញបែបបទស្នើសុំឱ្យដោះលែង​នៅ​ពេល​នេះ គឺជារឿង​សម​ស្រប សម្រាប់ដំណើរការនីតិវិធី និងងាយស្រួលដឹកជញ្ជូនពីពន្ធនាគារមកតុលាការ និងងាយស្រួលដល់មេធាវីប្រាស្រ័យទាក់ទងជាមួយកូនក្តីជាដើម។

លោកមានប្រសាសន៍ថា៖ «បើបញ្ជូនគាត់មកពន្ធនាគារព្រៃស វាការសម្រួលដល់មេធាវីក្នុងការជួបកូនក្តី បើនៅផ្លូវឆ្ងាយមានការលំបាកដល់មេធាវី ឬមានការលំបាកក្នុងការដឹកជញ្ជូនកញ្ញា សេង ធារី មកសវនាការ។  បើសិនជាមានការអាក់ខានក្នុងការដឹកជញ្ជូនកញ្ញាមកសវនាការនោះនិងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនីតិវិធី ប៉ះពាល់ដល់សិទ្ធិរបស់កញ្ញា សេង ធារី»។

លោកបន្ថែមថា៖ «ខ្ញុំស្នើសុំទៅខាងអគ្គនាយកដ្ឋានពន្ធនាគារពិនិត្យទៅលើសំណើ​របស់មេធាវី ដើម្បីសម្រួលដល់ដំណើរការនីតិវីធី និងសម្រួលដល់ការប្រាស្រ័យទាក់ទងទៅនឹងកូនក្តីនិងមេធាវីនោះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ