សង្គមស៊ីវិលចង់ឃើញរដ្ឋាភិបាលប្រើការសម្របសម្រួលជាជាងចោទប្រកាន់ដាក់គុកលើអ្នកប្រឆាំងដូចអាជ្ញាធរអនុវត្តលើលោក ខឹម វាសនា

មេដឹកនាំគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិតេយ្យ លោក ខឹម វាសនា ក្នុងថ្ងៃឃោសនាបក្ស ថ្ងៃទី ២៧ កក្កដា ២០១៨

«បងទឹកកំពុងតែហក់ឡើងខ្លាំង ហើយក៏កំពុងតែរញ្ជួយដីជុំវិញ​​ប្រទេសយើងហើយនេះ។ ទីក្រុងភ្នំ​​ពេញ​ត្រូ​​វលិចលង់ទាំងអស់ អត់មានទីណានៅទេ គឺមានតែសៀមរាបទេដែលអាចនៅបាន ទីទួល​​មាន​សុវត្ថិភាព និងគេច​​ផុត​​ពីរញ្ជួយដីបានបង។ ឥលូវនេះ ខ្ញុំមកដល់សៀមរាបហើយ ខ្ញុំមកទាំង​​គ្រួ​សា​​​​រខ្ញុំ​​ហើយ។ អាហ្នឹងបើបងឯងមកថ្ងៃនេះឬក៏ស្អែក បងឯងមកទាន់ បើហួសពេលហ្នឹងគឺ​​មកអត់​​ទាន់​​​​ទេ។ ពួកយើងលែងបានជួបគ្នាហើយបងអើយ……»។

នេះគឺជាសំឡេងរៀបរាប់របស់បុរសម្នាក់ដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីគ្រោះធម្មជាតិដែលនឹងគំរាមកំហែងដល់ជីវិតមនុស្សនិងសត្វនៅ​​ក្នុង​​ពិ​ភព​​លោក ដែលសារ​​អំ​​ពា​​​វនាវ​​បន្តទៅរកសាច់ញាតិនេះ ​​ទំនង​​ជា​​អ្នក​​គាំទ្រ​​ដ៏មោះមុតរបស់បក្ស​​​សម្ព័​​ន្ធ​​​ដើម្បីប្រជាធិបតេយ្យ ដូ​ច​​អ្វីដែលលោក ខឹម វាសនា បានអះអាងថា ពិភពលោកនេះនឹងវិនាសអន្តរាយដោយគ្រោះ​​ទឹក​​ជំ​​នន់ សូម្បីទីក្រុងភ្នំពេញ ក៏មិនអាចនឹងទប់ទល់ចំពោះគ្រោះធម្មជាតិនេះបានដែរ។

តាមរយៈសារសំឡេងដែលគេជឿថាជាអ្នកមានភក្តីភាពដ៏ស្មោះស្ម័គ្រជាមួយលោក ខឹម វាសនា ត្រូវបានលេចធ្លាយជាបន្តបន្ទាប់ មានប្រុស មានស្រី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះនៅលើ​​ប​ណ្តា​​​​ញសង្គមហ្វេសប៊ុក។ ពួកគេបានបញ្ជាក់ថា គ្មានថ្ងៃនឹងបានវិលទៅរកការជួបជុំគ្នាវិញបានទេ ពិភពលោកនេះនឹងត្រូវវិនាសគ្មានសេសសល់ឡើយ។ ក្នុងន័យនេះ គឺមានតែដីចម្ការរបស់លោក ខឹ​​ម វាសនា មួយកន្លែងគត់ ដែលស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ទើប​អាចជួយ​​ស​​ង្រ្គោះ​​​​​​​​ជី​​​​វិត​​ពួកគេបាន។

ទាក់ទងបញ្ហានេះ កាលពីថ្ងៃទី២៥ ខែសីហា កន្លងទៅនេះ លោក ខឹម វាសនា ដែលគេស្គាល់​​ជា​​ទូ​ទៅ​​ថាជាមេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបង្ហោះសារនៅ​​លើ​​​បណ្តាញសង្គម​​ហ្វេសប៊ុក​​ផ្ទា​​ល់​​​​​ខ្លួនរបស់លោក ដោយលើកឡើងថា បាងកកនឹងត្រូវរលំ ភ្នំពេញនឹងត្រូវរលាយ ចំណែកព្រៃន​​គរ​​ខ្ចាត់​​​​ខ្ចាយ ​​សប្បាយនៅអង្គរវត្ត។ លោកបន្តថា ការអះអាងដូច្នេះ ដោយសារលោកគឺជា​​ព្រហ្មចុះ​​ម​​ក​​​​រក្សាលោក ហើយលោកដឹងពិតថា វានឹង​​មានព្រឹត្តិការណ៍ដ៏អាក្រក់នេះកើតឡើង​​ចំពោះ​ពិ​​ភ​​ព​​​​​លោ​​កមួយនេះ។

គេសង្កេតឃើញថា ចាប់តាំងពីមានការអំពាវនាវដូចនេះរបស់លោក ខឹម វាសនា អ្នកដែលជឿជាក់និងស្មោះស្ម័គ្ររបស់លោក មិនថានៅកម្ពុជាទេ សូម្បីពលករកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បូង និង​​​​ជប៉ុ​​ន​​​ ជាដើម បានសម្រុកចូលមកកម្ពុជាជាបន្តបន្ទាប់។ សេចក្តីរាយការណ៍​​នានាពីសារព័ត៌មាន​​ក្នុង​​​​​​ស្រុ​​ក​​​ដែលដកស្រង់សម្ដីពីអាជ្ញាធរ ឱ្យដឹងថា គិតមកដល់ពេលនេះ អ្នកគាំទ្រមេបក្សសម្ព័ន្ធដើ​​ម្បី​​ប្រជា​​ធិប​​តេ​យ្យ​​រូប​​នេះ បានបន្តស្នាក់នៅដី​​ចម្កា​​រ​​​​ម្រេចរបស់លោក ខឹម វាសនា ប្រមាណ​​ជិត២​​ម៉ឺន​​នាក់។

នេះជាការប្រមូលផ្ដុំដែលមានលក្ខណៈទ្រង់ទ្រាយធំពុំធ្លាប់មានក្នុង​​ដំណាក់កាលចុង​​ក្រោយនេះ​​។ ចាប់តាំងពីមានព្រឹត្តិការណ៍នេះកើតឡើង អាជ្ញាធរ និងជំនាញពាក់ព័ន្ធនានារបស់រដ្ឋាភិបាល ហា​​ក់​​​​មិនទាន់មានប្រតិកម្មជាវិជ្ជមាន ចំពោះការកេណ្ឌកម្លាំងដ៏ច្រើនបែបនេះ​​នៅឡើយ​​ទេ។​ ស្ថាប័ន​​មួយ​​ចំនួន ដែលជាសេនាធិការរបស់រដ្ឋាភិបាល ដូចជាមន្ទីរធម្មការ និងកិច្ចការសាសនាខេត្ត ស្ថានទូត​​កម្ពុជា​ប្រចាំប្រទេសកូរ៉េ និងប្រតិកម្មរបស់​​ក្រសួង​​​​ការងារ ជាដើម គេសង្កេតឃើញបានត្រឹម​​​អំពាវ​​​នាវ​ឱ្យ​​ពលរដ្ឋមានការស្ងប់ស្ងាត់ និងបន្តអត់ធ្មត់ នៅចំពោះមុខព្រឹត្តិការណ៍នេះ ប៉ុន្តែចំណាត់​​ការ​​បែប​​ណាដែល​​​កើត​ចេញពីការអំពាវនាវនេះ ហាក់ដូចជាពុំទាន់មានសញ្ញាអ្វី​​ជាការកត់សម្គាល់​​នៅ​​ឡើយ​ទេ។

ស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី២៧ ខែសីហា កន្លងទៅនេះ លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនា​យ​ក​​ដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងលោក ទៀ សី​​ហា អភិបាលខេត្តសៀមរាប បាន​ចុះទៅដល់គោលដៅ មិន​​បានបង្ហាញពីចំណាត់ការផ្លូវច្បាប់ណាមួយប្រឆាំងការជួបជុំនេះ ដោយគ្រាន់តែអំពាវនា​​វឱ្យ​​រំ​​សា​​យ​​​​កម្លាំង​​ប្រមូលផ្តុំ។ នៅចំពោះមុខវិធានការរបស់អាជ្ញាធរនេះ ត្រូវ​​បា​​ន​លោក ខឹម វាសនា បានស្នើ​​សុំ​​​​ពន្យារការរំសាយនេះសិន ដោយត្រូវរង់ចាំ​​រហូត​​ដល់​​​​ដំ​​ណាច់​ខែសីហា។

អង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា ការអនុវត្តតួនាទីនិងភារកិច្ចនេះ វាហាក់មានស្តង់ពីរ រ​វា​ង​​ក្រុមគណបក្សជំទាស់ សកម្មជនសង្គម យុវជនស្រឡាញ់បរិស្ថាន សហជីព និងសង្គមស៊ីវិល។ ​​រាល់​​ពេល​​​ពួកគេសម្ដែងមតិដែលស្របទៅតាមនីតិវិធី និងបទដ្ឋានគតិយុត្តនានាដូចមានចែងនៅ​​ក្នុង​​វិធានរបស់កម្ពុជា តែងរងការចោទប្រកាន់ ចាប់ដាក់ពន្ធនាគារ និងលបវាយប្រហារ ជាដើម។

លោក កន សាវាង្ស អ្នកសម្របសម្រួល និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល សង្កេតឃើញថា រឿងមួយ​​នេះអាចឆ្លុះបញ្ចាំងបានពីការអនុវត្តមិនស្មើភាពគ្នានៅក្នុងសង្គមកម្ពុជា។ លោកបន្តថា ហេតុការណ៍ដូច្នេះ ប្រសិនបើកើតឡើងចំពោះបក្សជំទាស់ និងក្រុមស្រឡាញ់បរិស្ថាន ឬអ្នកដែលតស៊ូមតិ​​ដើម្បី​​ទាម​​ទារឱ្យមានយុត្តិធម៌សង្គមវិញ ទំនងជាមិនអាចមានដង្ហើម​​ដកដល់២៤ម៉ោងផង ប្រហែលពួក​​គេ​​​ត្រូវ​​​ប្រឈម​​មុខនឹងគុកច្រវាក់ ឬមកដល់ពេលនេះត្រូវមានបទចោទពីរ​​ទៅបីបទល្មើសទៅ​​ហើយ​​។

លោកបន្តថា៖ «ខ្ញុំមើលទៅការអនុវត្ត វារាងមានលក្ខណៈខុសគ្នាបន្តិច។ ហេតុអីបានជាខ្ញុំចង់និយាយបែបហ្នឹង នៅក្នុងដំណើរការនៃគណបក្សនយោបាយ​​ក៏ដូចជាអង្គការសង្គមស៊ី​វិលក៏​​ដោយ​ជាពិសេសយើងមានទាក់ទងនឹងកូដកម្មណាហ្គាវើលដ៍ជាដើម ហើយការទាមទាររបស់​អង្គ​ការសង្គមស៊ីវិលអី ថាការប្រមូលផ្តុំ និងការ​ត​វ៉ាជាដើមហ្នឹងមានការខុស​​ច្បាប់ នេះជាគឺរឿងដែល​​សំ​​ខាន់​​ណាស់។ ហើយរឿងទី២ បើរឿងទាក់ទងគណបក្សនយោបាយ យើងឃើញថា ការ​​អនុវត្ត​​សកម្ម​​ភាព​​​មួយចំនួនហ្នឹងមិនសូវជាបើកទូលាយ​​ឱ្យបាន​ពេញលេញទេ ចំពោះគណបក្សនយោ​​បាយ​​​ផ្សេង​ៗ »។

វីអូឌី មិនអាចស្នើសុំការបំភ្លឺចំពោះបញ្ហានេះបានទេពីអាជ្ញាធរខេត្តសៀម នៅថ្ងៃចន្ទនេះ។ ប៉ុន្តែ​​លោ​​ក ខៀវ សុភ័គ មន្រ្តីនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធបានចូលទៅពិនិត្យ​​ផ្ទាល់​​រួច​ហើយ ហើយលទ្ធផលបែបណានោះ គឺគេនៅមិនទាន់មានមានព័ត៌មានជាក់លាក់នៅ​​ឡើយទេ។​​ ជាង​​នេះទៀត លោកថា ប្រសិនបើករណីនេះរកឃើញថា លោក ខឹម វាសនា ពិតជាមានបញ្ហាព្រោះតែស្មារតីពិតមែន គឺ​​មាន​​​​តែ​​ពេ​​ទ្យ​​​​​​ជំ​​នា​​ញ​​​​ទេ ទើបអាចដឹងច្បាស់ ហើយត្រូវឆ្លងកាត់ការធ្វើកោសលវិច័យថែមទៀត។

លោកបន្តថា៖ «តាមដែលយើងឮព័ត៌មានទាំងអស់គ្នាទេ មានអាជ្ញាធរគេចុះទៅហាម​​ប្រាមហើយនៅ​​កន្លែងប្រមូលផ្តុំហ្នឹង។ ក៏ប៉ុន្តែគ្រាន់តែថាធ្វើម៉េចឱ្យដឹងថាមានជំងឺវិបល្លាសយ៉ាងម៉េចហ្នឹង គឺទាល់តែយើងរកវិធីទៀត ឬទាល់យើងចាប់គាត់ទៅពេទ្យ »។

បើតាមលោកឧត្តមសេនីយ៍ ខៀវ សុភ័គ នៅចំពោះមុខនេះ អាជ្ញាធរហាក់ដូចមិនទាន់មាន​​វិធាន​​បែប​ណានៅឡើយទេ ចំពោះការកេណ្ឌកម្លាំងក្នុងទំហំធំបែបនេះ។

ដោយឡែកមាត្រា ៣៤ នៃច្បាប់ស្តីពីគណបក្សនយោបាយ ចែងថា គ្មានសមត្ថកិច្ចណាមានសិទ្ធិរំលាយគណបក្ស​ ព្រោះតែហេតុផលផ្សេងណាមួយឡើយ លើកលែងតែគណបក្សនយោបាយនោះត្រូវបានប្រកាសរំលាយតាមសាលក្រម ឬសាលដីកាស្ថាពររបស់តុលាការ។ ក៏ប៉ុន្តែនៅក្នុងមាត្រា ៦ នៃច្បាប់នេះវិញ បានបញ្ញត្តិថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចជា ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិ និងបូរណភាពដែនដី ហើយមួយវិញទៀត មិនត្រូវធ្វើឱ្យមានវិទ្ធង្សនាប្រឆាំងនឹងរបបប្រជាធិបតេយ្យ សេរីពហុបក្ស ដោយប្រើប្រាស់ម​​ធ្យោបាយហិង្សាក្នុងគោលបំណងដណ្តើមអំណាច។

សម្រាប់លោក ប៊ុត សៀកណេ អតីតអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិ​​ប​​តេយ្យ បានផ្សាយផ្ទាល់នៅថ្ងៃចន្ទនេះ ដោយហៅសកម្មភាពរបស់លោក ខឹម វាសនា ថាជា​​មនុ​​ស្ស​​​​មានបញ្ហាផ្លូវចិត្ត ដែលពិបាកនឹងសង្រ្គោះ។ លោកបន្តថា វាពិតជាហួសចិត្តក្នុងពេលដែលសភាព​​កា​រណ៍​ពិភពលោកនេះនៅមានប្រក្រតីភាព ប៉ុន្តែមេបក្សសម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ បែរជាឃោ​​សនា​​ថា ពិភពលោកនឹងត្រូវរលាយក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះដោយសារគ្រោះធម្មជាតិទៅវិញ។

លោកបន្តថា៖ «អ៊ីចឹងស្ថានភាពរបស់គាត់ពេលនេះ ខ្ញុំមើលឃើញ តែប្រសិនបើខ្ញុំមើល​​ខុស ជួយ​​កែ​ត​​ម្រូវ​​ ហើយបងប្អូនអាចមានហេតុផល តែខ្ញុំ ខ្ញុំមើលថាអ៊ីចឹង​​ គឺខ្ញុំតាមដានគាត់ប៉ុន្មាន​​ថ្ងៃមកនេះ គឺ​​គាត់​​​​ជាមនុស្សដែលមានជំងឺវិបល្លាសផ្លូវចិត្តធ្ងន់ធ្ងរ »។

ឆ្លើយនៅចំពោះមុខ លោក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួង​​ការ​​ពារជាតិ លោក ខឹម វាសនា បញ្ជា​​ក់​ថា លោកពិតជាមើលឃើញបែបនេះ គឺឃើញថា​​ពិ​ភព​​លោ​​ក​​​នេះពិតជា​​មាន​​គ្រោះ​​ថ្នាក់​​ពិតប្រាកដមែន។

លោក សុក សំអឿន ប្រធានការិយាល័យមេធាវីក្រុមអ្នកច្បាប់អមរិន្ទ មានប្រសាសន៍ថា តាមផ្លូវ​​ច្បាប់ ការធ្វើឱ្យមានអំពើព្យសនកម្មកើតឡើង គឺមានន័យថា សកម្មភាព​​បណ្តាល​​ឱ្យមាន​​ការ​​ខូច​​ខា​​ត ការបាត់បង់​ ឬក៏គ្រោះ​​ថ្នា​ក់​​​​កើតឡើងផ្សេងៗ ហើយ​​អំពើបែបនេះគឺជាការ​​អនុវត្តល្មើស​​នឹ​​ង​​​​​ច្បា​​ប់​​​​​​​​​​។​​ លោក​បន្តថា បើគេធៀបទៅនឹងការអំពាវនាវ​​របស់មេបក្សសម្ព័ន្ធដើម្បីប្រជា​​​ធិប​​តេ​​យ្យ​​​​​​​​នេះ​​​​វិ​ញ វា​​​​​​ឆ្លុះបញ្ចាំងឱ្យឃើញថា សកម្មភាពដូច្នេះ គឺជាផ្នែកមួយនៃអំពើ​​ដែលបណ្តាលឱ្យមាន​​ព្យ​​​ស​​ន​​​ក​​ម្ម​​​​​​​កើ​​ត​ឡើ​ងបានហើយ ព្រោះនាំឱ្យមានការខាតបង់អត្ថប្រយោជន៍ ​ទាំងនិយោជកផង និងកម្ម​​ក​​​​រ​​​​និ​​យោ​​​​​ជិត​​ផង។

លោកបន្តថា៖ «ព្យសនកម្មមិនធ្ងន់ធ្ងរទេ វាគ្រាន់តែប្រជាពលរដ្ឋទាំងអស់ហ្នឹងគាត់ខាត​​ពេលវេលាអី​​អ៊ីចឹងទៅ​​ណា គ្រាន់តែប៉ុណ្ណឹងទេ។ តែជាបញ្ហា គឺបញ្ហាវាជ្រួលច្របល់ យល់ដែរទេ? បញ្ហានាំឱ្យមាន​​ការ​​ជ្រួលច្របល់ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ហើយអ្នកដែលជឿគាត់ មានការភ័យខ្លាចចុះ ​​ភ័យ​ខ្លាចទឹកលិចនោះ »។

បើទោះជាបែបណា ប្រសិនបើសកម្មភាពដែល លោក ខឹម វាសនា កំពុងតែធ្វើនេះអាចរួចផុតពីកាតព្វកិច្ចនៃការទទួលខុសត្រូវចំពោះផ្លូវ​​ច្បា​​ប់  ដោយគ្រាន់តែត្រឹមចេញលិខិតព្រមាន ឬធ្វើកិច្ចសន្យាប​​ញ្ឈប់​​មិន​​​ឱ្យ​​មាន​​ស​កម្មភាពបែបនេះទៀតទៅ​​ថ្ងៃ​​ក្រោយ អង្គការមិនមែនរដ្ឋាភិបាលក៏ចង់ឃើញការ​​អនុវត្ត​​ដូចគ្នានេះចំពោះគណបក្សនយោបាយជំទាស់ សកម្មជនដីធ្លី យុវជនស្រឡាញ់បរិស្ថាន និង​​ក្រុមអង្គការសង្គមស៊ីវិលដទៃទៀតយ៉ាងដូច្នេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ