ក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនដែលពាក់ព័ន្ធ ឱ្យអនុវត្តនិងទទួលស្គាល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា ស្របតាមច្បាប់ជាធរមាន។
សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ បានលើកឡើងថា អនុវត្តតាមច្បាប់អន្តោប្រវេសន៍ដែលប្រកាសដាក់ឱ្យប្រើប្រាស់កាលពីខែកញ្ញា ឆ្នាំ១៩៩៤ ក្រសួងមហាផ្ទៃបានចេញបណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេសអន្តោប្រវេសន្ត ដែលបានទទួលស្គាល់ដោយប្រកាសរបស់ក្រសួង សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ ដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការងារតាមរោងចក្រសហគ្រាស និងសកម្មភាពមួយចំនួនទៀត ដែលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស។
តែយ៉ាងណា ក្រសួងសង្កេតឃើញថា បើទោះជាមានការផ្សព្វផ្សាយជាច្រើនលើក ប៉ុន្តែនៅមានក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនមួយចំនួនពុំទាន់បានដឹង និងទទួលស្គាល់តម្លៃក្នុងការប្រើប្រាស់បណ្ណស្នាក់នៅអចិន្ត្រៃយ៍នេះនៅឡើយ។
ករណីនេះ ក្រសួងមហាផ្ទៃជូនដំណឹងជាថ្មីទៀតដល់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន ទទួលស្គាល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា និងបង្កលក្ខណៈស្របច្បាប់ជាធរមាន៕