ក្រសួង​ថា​ពុំ​មាន​ការ​ប្រើ​អំពើ​ហិង្សា​លើ​សកម្មជន​នយោបាយ​ក្នុង​ពន្ធនាគារ​ដូច​ការ​លើកឡើង​របស់​សាច់ញាតិ​ពួកគេ

ក្រុមស្ត្រីថ្ងៃសុក្រ ដែលជាភរិយារបស់សកម្មជនបក្សប្រឆាំងចំនួន៣រូបបានកោរសក់ នៅពីមុខការិយាល័យ​សហភាព​អឺរ៉ុប និងបន្តតាមដានញត្តិ ដើម្បីស្នើកិច្ចអន្តរាគមន៍រកយុត្តិធម៌ឱ្យសាច់ញាតិខ្លួនកំពុងជាប់ឃុំ នៅរាជធានីភ្នំពេញ ​នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អះអាងថា ពុំមានករណីវាយ ទាត់ ធាក់ លើសកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ នៅ​ក្នុងពន្ធនាគារ​ត្រពាំងផ្លុង ដូច​ការ​លើក​ឡើង​របស់​សាច់​ញាតិ​ពួកគេ​ឡើយ ខណៈ​មន្ត្រីរូបនេះចាត់​ទុក​ការលើកឡើងនោះ​​​ថា​ ​​គ្រាន់តែ​ជាការបង្កើត​រឿង​​មួលបង្កាច់​រដ្ឋាភិបាលដើម្បី​បានប្រយោជន៍ពី​បរទេស។

កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ​សាច់ញាតិសកម្មជនគណ​បក្ស​សង្គ្រោះជា​តិ​​ដែ​ល​​តុលាការបាន​រំលាយ បានលើកឡើង​ថា មន្ត្រី​ពន្ធនាគារ​បានបញ្ជាឱ្យអ្នកជាប់ឃុំដូចគ្នា វាយ ទាត់ ​ធាក់​ស្វាមីរបស់​ពួកគាត់​ទាំង១៤នាក់​ នៅ​ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូង​ឃ្មុំ ខណៈស្វាមីរ​បស់ពួកគាត់មានវ័យចំណាស់ និងមានជំងឺជាប់ខ្លួនផង។

អ្នក​នាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ នៅថ្ងៃចន្ទនេះ បាន​ច្រាន​ចោលការ​លើក​ឡើង​នេះ ដោយ​​​ថា ពុំមានករណីហិង្សាណាមួយ​កើតឡើងទៅលើអ្នកជាប់ឃុំជា​សកម្មជន​បក្សប្រឆាំង​នៅក្នុងពន្ធនាគារ​ត្រពាំងផ្លុង​ឡើយ។ លោកថា ក្នុង​បន្ទប់នីមួយៗនៃពន្ធនាគារ​ មាន​ជន​ជាប់​ឃុំ​ចន្លោះ​ពី៣០ ទៅ៤០​នាក់ ដូច្នេះបើមានការវាយតប់មែន នឹងមាន​គេ​ដឹង​ឮ​ហើយ។

លោក ខៀវ សុភ័គ ចាត់ទុកការលើកឡើងរបស់សាច់ញាតិ​សកម្ម​ជន​បក្ស​ប្រឆាំង ឬ «ក្រុមស្ត្រីថ្ងៃសុក្រ» នេះថា ជា​រឿង​ប្រតិដ្ឋ មានចេតនាបង្កើតរឿង និងនិយាយអាក្រក់ពីរដ្ឋាភិបាលកម្ពុជា ដើម្បីបានប្រយោជន៍ពីបរទេស​ប៉ុណ្ណោះ។

ទោះជា​បែបនេះក្ដី មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូប​នេះប្រាប់​ឱ្យ​សាច់ញាតិ​ក្រុម​បក្សប្រឆាំងទាំងនេះរកភស្តុតាង និង​ដាក់ពាក្យប្ដឹង បើរកឃើញថា សាច់ញាតិ​របស់ខ្លួន​រង​អំពើ​​ហិង្សា​​ក្នុងពន្ធនាគារ​មែននោះ។

លោក​ ខៀវ សុភ័គ ថ្លែង​ថា៖ «អ៊ីចឹងយើងចាត់ទុកថា រឿងហ្នឹងជារឿងប្រតិដ្ឋទេ វាមិនមែនរឿងពិតទេ! ហើយមន្ត្រីពន្ធនាគារក៏មិនមែនអ្នកវាយ អ្នកតប់ដែរ។ អ៊ីចឹងអ្នកណាអ្នកវាយអ្នកតប់ សូមឱ្យមានពាក្យបណ្ដឹងច្បាស់លាស់មក ម៉ោងប៉ុន្មាន? នៅទីណា? អ្នកណាវាយ? […] ខ្មែរយើង ពូមិនជឿថាដល់ថ្នាក់ហ្នឹងទេ! ដំណាក់កាលនេះហើយ មិនជឿថាវាយដំច្រំធាក់គ្នាក្នុងគុកក្នុងអី។ ខ្មែរយើងល្អតើ! និយាយស្ដាប់គ្នាបាន ចរិតជាខ្មែរ ឈាមជាខ្មែរ មិនដែលមានអីទេ។ [ករណីសង្គមស៊ីវិលស្នើឱ្យស៊ើបអង្កេត ដើម្បីធានាថាពិតជាគ្មានអំពើហិង្សា?] ទោះជារដ្ឋាភិបាលយើងស៊ើបអង្កេត ក៏គាត់មិនដែលជឿដែរ ស៊ើបអង្កេតមិនដែលជឿបន្តទៅទៀត អាហ្នឹងបទពិសោធន៍កន្លងមកអ៊ីចឹង»។

ភរិយារ​បស់​សមាជិក​ក្រុម​ប្រឹក្សា​ខេត្តព្រៃវែង មកពីគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ​ អ្នកស្រី សោម ចន្ធូ ចាត់ទុក​សាររបស់មន្ត្រីក្រសួងមហាផ្ទៃនេះ ថា​ជាការឆ្លើយយករួចខ្លួន ដោយមិនបានស្វែង​រកការពិតជាមុន។

អ្នកស្រី សោម ចន្ធូ ថា៖ «គាត់ឆ្លើយយកតែរួចខ្លួនគាត់ ខ្លួនគាត់ហ្នឹងមិនបានវាយទេ ប៉ុន្តែអ្នកដែលនៅក្នុងពន្ធនាគារនេះ វាធ្វើបាប! ហើយខ្ញុំទៅពីម្សិលមិញ សុទ្ធតែ​ថា​ក្រុមខ្ញុំហ្នឹងមករញ៉េរញ៉ៃណាស់ មកផ្សាយ​​ព័ត៌មានអីទៀតហើយចាំមើល ប៉ូលិសហ្នឹងវានិយាយអ៊ីចឹង ​[…] យកទៅ ទៅងាប់តែហ្មង គ្មានឱ្យរស់ទេ! បើចូលទៅដល់ វាយគ្នាប៉ុណ្ណឹងហើយ នៅថាមិនវាយទៀត»។

ក្រៅពីនោះ អ្នកស្រីថា មន្ត្រី​ពន្ធនា​គារ​មិនអនុញ្ញាត​ឱ្យពួកគាត់ចូលសួរសុខ​ទុក្ខស្វាមីទេ កាល​ពីថ្ងៃ​ម្សិលមិញ ដោយ​ពួកគេទាមទាររក​សៀវភៅ​គ្រួសារ បើទោះអ្នកស្រី​មាន​អត្ត​សញ្ញាណ​បណ្ណ និង​កាត​ចាក់​វ៉ាក់សាំង​ក៏​ដោយ។ បើតាម​ភរិយាសកម្មជនបក្សប្រឆាំងរូបនេះ មន្ត្រីពន្ធនាគារត្រពាំងផ្លុងពុំបានទាមទាររកសៀវភៅគ្រួសារពីសាច់ញាតិអ្នកជាប់ឃុំដទៃទៀតឡើយ។ អ្នកស្រីចាត់ទុកថា នេះជាការបង្កឧបសគ្គ ដើម្បីកុំឱ្យពួកគាត់បានជួបស្វាមី។

អ្នកស្រីបន្ថែមថា កូនប្រុសគាត់ជួបជាមួយឪពុកប្រមាណ១៥នាទីប៉ុណ្ណោះ ខណៈសមត្ថកិច្ចប្រមាណ៣០នាក់បានព័ទ្ធជុំវិញ និងផ្ទៀងស្ដាប់គ្រប់ម៉ាត់ ដែលធ្វើឱ្យស្វាមីគាត់ពុំអាចរៀបរាប់ពីការរងទុក្ខ ក្រោយផ្ទេរពីព្រៃស ទៅត្រពាំងផ្លុង។

នាយកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីសកម្ម​ជន​បក្សសង្គ្រោះជាតិរងអំពើហិង្សានៅពន្ធនាគារនេះ មានការចាប់អារម្មណ៍ខ្លាំងពី​សហគមន៍ជាតិ​និង​អន្តរជាតិ ដែលរឿងនេះ រដ្ឋាភិបាលគួរតែស៊ើបអង្កេតឱ្យបានម៉ត់ចត់​ មុននឹងចេញការឆ្លើយតប។

លោកបន្តថា ជន​ជាប់​ឃុំ​មាន​សិទ្ធិ​ដូច​ពលរដ្ឋដទៃ ដោយ​គ្រាន់តែតុលាការបានដកសិទ្ធិដើរហើររបស់​ពួកគេ​ប៉ុណ្ណោះ ដូច្នេះពួកគេមិនត្រូវទទួលរងការវាយដំ ការធ្វើទារុណកម្មណាមួយ​ឡើយ ហើយពួកគេមានសិទ្ធិ​ជួប​សាច់​ញាតិ មេធាវី និងប្រើប្រាស់ថ្នាំសង្កូវ​បានពេញលេញផងដែរ។

លោក អំ សំអាត ថ្លែង​ថា៖ «អង្គការសង្គមស៊ីវិលយើងចង់ឃើញតែ​តម្លាភាព និងភាពយុត្តិធម៌ទេ គឺនៅតែ​ទទូច​ដដែ​ល​ទេ ថាត្រូវធ្វើម៉េចឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បី​ភាពស្អាត​ស្អំ និងយុត្តិធម៌ទាំងអស់គ្នា។ បើរកទៅឃើញថា​មាន​ការវាយដំ មានការប្រើប្រាស់នូវអំពើហិង្សា ត្រូវ​ចាត់វិធានការតាមផ្លូវច្បាប់។ ហើយបើរកអត់ឃើញ អាហ្នឹង​អាជ្ញាធរ និង​ក្រសួងពាក់ព័ន្ធ អាចបញ្ចេញរបាយកា​រណ៍របស់ខ្លួនថា មិនមានរឿងហ្នឹងកើតឡើងទេ។ អាហ្នឹងគឺជាការមួយបង្ហាញនូវតម្លាភាព និងយុត្តិធម៌ទាំងសងខាង»។

បើតាមក្រុម​​ភរិយាសកម្មជន​បក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ​​ ដើមចមដែលនាំឱ្យសាច់ញាតិ​របស់​​ពួកគេ​​រងអំពើ​ហិង្សាក្នុងពន្ធនាគារត្រពាំងផ្លុង​នោះ​​​ ដោយ​សារតែ​ពួកគាត់បានទិញរបស់ហូបចុក ថ្នាំសង្កូវ​ និងសម្ភារ​ប្រើប្រាស់​​ផ្ញើ​ទៅ​ស្វាមី​ ប៉ុន្តែត្រូវ​បាន​មន្ត្រីពន្ធនាគារ​​​ប្រមូល​យកទៅដុតចោល និង​តម្រូវឱ្យ​ពួកគាត់ទិញសម្ភារទាំងនោះ​នៅខាងក្នុងពន្ធនាគារវិញ។ ក្រោយមក ប្តីរបស់ពួកគាត់បានតវ៉ារឿងការ​កម្ទេច​នោះ ខណៈសម្ភារនៅខាងក្នុងពន្ធនាគារ​មានតម្លៃខ្ពស់​ ទើបនាំឱ្យឆ្មាំពន្ធនាគារទាំងនោះមិនពេញ​ចិត្ត ហើយបញ្ជាឱ្យអ្នកជាប់ឃុំជាមួយគ្នាវាយតប់ពួកគាត់តែម្តង។

កាលពីថ្ងៃទី២១ ខែសីហា សមត្ថកិច្ចបាន​ផ្ទេរសកម្មជនបក្សប្រឆាំង​​​ចំនួន១៤នាក់ ក្នុងចំណោមអ្នកជាប់ឃុំផ្សេងទៀត ចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម ដោយគ្រួសារនិងមេធាវីអះអាងថាមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ និងមិនបានជូនដំណឹងដល់ពួកគេឡើយ។ ​

សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិ​ បានបង្ហាញការព្រួយបារម្ភពីបញ្ហាសុខភាពសាច់ញាតិរបស់​ពួកគេ ក្រោយពួកគាត់ចាត់ទុកការផ្ទេរស្វាមីគាត់ទៅពន្ធនាគារត្រពាំងផ្លុងនេះ ថាជាការគំរាមកំហែង​ផ្នែក​នយោបាយ និងធ្វើទុក្ខបុកម្នេញកាន់តែធ្ងន់ធ្ងរមួយកម្រិតទៀតដល់ស្វាមីពួកគាត់ ជាពិសេសធ្វើឱ្យគាត់កាន់តែជួបបញ្ហាប្រឈមច្រើនក្នុងការធ្វើដំណើរទៅសួរសុខទុក្ខស្វាមី​ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ