ចិន​ថា​ខ្លួន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​នាវា​ចម្បាំង​អាមេរិក​ដែល​បើក​ឆ្លងកាត់​ច្រកសមុទ្រ​តៃវ៉ាន់

នាវាចម្បាំងអាមេរិកដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ប្រតិបត្តិការនៃកងនាវាចរទី៧ របស់សហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការដែលកំពុងដំណើរការនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។ (កងទ័ពជើងទឹកសហរដ្ឋអាមេរិក/ តាមរយៈ REUTERS)

នាវា​ចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ២គ្រឿង នៅថ្ងៃអាទិត្យម្សិលមិញ ត្រូវបានសង្កេតឃើញថាបាន​ធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិ ដែល​ស្ថិតក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ខណៈសកម្មភាពនេះត្រូវ​បាន​ឃ្លាំមើល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដោយយោ​ធារ​បស់​ប្រទេស​ចិន។ នេះបើតាមការចុះផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌​មាន Reuters

ការបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់​របស់នាវាចម្បាំងអាមេរិកនេះ ក៏ធ្វើឡើងជាលើកដំបូងផងដែរ គិតចាប់​តាំងពីដំណើរទស្សនកិច្ចរបស់ប្រធាន​​​រដ្ឋសភា​​​សហរដ្ឋ​អាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់ដែនកោះមួយនេះ។

ទាក់ទិននឹងករណីនេះ កងទ័ពជើងទឹកអាមេរិកបានឱ្យដឹងថា ប្រតិបត្តិការនេះគឺជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយសេរីនិងបើកចំហ ខណៈខ្លួនបន្ថែមថា យោធាសហរដ្ឋអាមេរិកអាចធ្វើការហោះហើរ បើកបរ​នាវា និងធ្វើប្រតិបត្តិការនៅគ្រប់ទីកន្លែងទាំងអស់​ដែល​ច្បាប់អន្តរជាតិអនុញ្ញាត។

ទោះជាយ៉ាងណា អង្គភាពដែលទទួលខុសត្រូវក្នុងតំបន់ជាប់កោះតៃវ៉ាន់ (Eastern Theater Command) របស់យោធាចិន បានលើកឡើងថា ខ្លួនកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្ម​ភាព​នេះ។

ថ្លែងក្នុង​សេចក្តីថ្លែងការណ៍មួយ អង្គភាពដដែលនេះបន្តថា៖ «កងទ័ពនៅក្នុងតំបន់ដែលពាក់ព័ន្ធ គឺមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លួនរួចជាស្រេច​ ក្នុងការទប់ស្កាត់ ក្នុងករណីមានហេតុការណ៍មិនប្រក្រតីណាមួយកើតឡើង»។

គួរបញ្ជាក់ថា យោធាចិន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការបញ្ជូន​នាវាចម្បាំងតាមច្រកសមុទ្រតៃវ៉ាន់ផងដែរ ដោយពួកគេចាត់ទុកសកម្មភាពនេះថា ជាការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ភាពតានតឹងរវាងតៃវ៉ាន់ និងចិន បានកើនឡើងក្នុងរយៈពេលចុងក្រោយនេះ ខណៈដែលចិននៅតែបន្តអះអាងថាតៃវ៉ាន់គឺជាទឹកដីរបស់ខ្លួន។

ទោះជាយ៉ាងណា តៃវ៉ាន់ធ្លាប់បានលើកឡើងថា ខ្លួននឹងបន្តពង្រឹងការការពាររបស់ខ្លួន ដើម្បីធានាឱ្យបានថា គ្មាននរណាម្នាក់អាចបង្ខំឱ្យកោះនេះទទួលយកផ្លូវដែលចិនបានរៀបចំ ដោយមិនផ្តល់សេរីភាព និងប្រជាធិបតេយ្យនោះទេ ខណៈសហរដ្ឋអាមេរិកក៏ធ្លាប់បានឱ្យដឹងកាលពីពេលកន្លងទៅថា ខ្លួននឹងគិតគូរអំពីការការពារដែនកោះដែលចិនអះអាងថាជាទឹកដីរបស់ខ្លួនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ