ក្រុមយុវតីអាយុ១២ឆ្នាំ និយាយថា ពួកគេកំពុងធ្វើការនៅរោងចក្រកាត់ដេរក្នុងខេត្តកំពង់ស្ពឺ។ អ្នកខ្លះទៀតមានឯកសារបញ្ជាក់អត្តសញ្ញាណក្លែងក្លាយចេញដោយមន្ត្រីមូលដ្ឋាន។
ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានបដិសេធថា មិនមានបុគ្គលអាយុក្រោម១៨ឆ្នាំធ្វើការនៅក្នុងរោងចក្រនៅកម្ពុជាទេ ហើយថាពួកគេនឹងត្រូវមានទោស ប្រសិនបើពួកគេចូលធ្វើការ។
ច្បាប់ការងារអនុញ្ញាតឱ្យកម្មករនិយោជិតមានអាយុចាប់ពី១៥ឆ្នាំ អាចចូលបម្រើការងារដោយស្របច្បាប់ ខណៈអនីតិជនអាយុពី១២ទៅ១៥ឆ្នាំ អាចធ្វើការងារស្រាលដោយមានការយល់ព្រមពីអាណាព្យាបាល ប្រសិនបើមិនប៉ះពាល់ដល់ការរៀនសូត្ររបស់ពួកគេ។ តាមច្បាប់ អនីតិជនមិនអាចធ្វើការនៅពេលយប់បានឡើយ ចាប់ពីម៉ោង១០យប់ដល់ម៉ោង៥ព្រឹក លុះត្រាតែពួកគេមានអាយុយ៉ាងតិច១៦ឆ្នាំ ពីព្រោះតែវាប្រឈមនឹងគ្រោះថ្នាក់។
យុវតីម្នាក់ អាយុ១៧ឆ្នាំ កំពុងបម្រើការងារនៅរោងចក្រមួយតាមបណ្ដោយផ្លូវជាតិលេខ៤ បានប្រាប់វីអូឌីថា នាងបានចាប់ផ្ដើមធ្វើការនៅអាយុ១៥ឆ្នាំ បន្ទាប់ពីគ្រួសាររបស់នាងបានបង់ប្រាក់ឱ្យមេឃុំចំនួន១៥០ដុល្លារ ដើម្បីដំឡើងអាយុរបស់នាងឱ្យដល់១៨ឆ្នាំក្នុងសៀវភៅគ្រួសារផ្លូវការ។
យុវតីរូបនេះបាននិយាយថា នាងបានឈប់រៀននៅថ្នាក់ទី៨ ហើយចាប់ផ្ដើមធ្វើការដើម្បីជួយដោះបំណុលគ្រួសាររបស់នាង។ នាងបន្ថែមថា យុវតីជាច្រើននៅក្នុងភូមិរបស់នាងក៏បានធ្វើដូច្នេះដែរ។
នាងបាននិយាយថា៖ «ពេលខ្លះពិបាកណាស់សម្រាប់ពួកយើង [ហើយយើងត្រូវ] ធ្វើការថែមម៉ោង ទោះបីយើងមិនចង់ធ្វើក៏ដោយ។»
នាងត្អូញត្អែរអំពីការងារដ៏មមាញឹក ដែលកម្មករត្រូវបានតម្រូវឱ្យធ្វើការថែមម៉ោង ហើយមានពេលតែ៥នាទីប៉ុណ្ណោះដើម្បីញ៉ាំអាហារថ្ងៃត្រង់។
ម្តាយរបស់យុវតីខាងលើ អាយុ៤០ឆ្នាំ បាននិយាយថា លោកស្រីធ្លាប់ធ្វើដូចគ្នានេះដែរកាលពីមុន ដោយបានឈប់រៀនថ្នាក់ទី៨ ហើយប្រើអត្តសញ្ញាណបណ្ណបងស្រីរបស់លោកស្រី ដើម្បីស្វែងរកការងារធ្វើ។
យុវតីម្នាក់ទៀតនៅខេត្តកំពង់ស្ពឺ អាយុ១៣ឆ្នាំ បាននិយាយថា បច្ចុប្បន្ន នាងកំពុងធ្វើការនៅរោងចក្រមួយដែលមានកម្មករមិនទាន់គ្រប់អាយុប្រហែល១០០នាក់។ នាងបានចាប់ផ្ដើមធ្វើការនៅអាយុ១២ឆ្នាំ ដោយបង្ហាញអត្តសញ្ញាណបណ្ណពិតរបស់នាងទៅនិយោជក។ នាងអាចដេរស្លាកនៅលើសម្លៀកបំពាក់ចាប់ពី១ ៥០០ទៅ២ ០០០ ក្នុងមួយថ្ងៃ ពីម៉ោង៧ព្រឹកដល់ម៉ោង៦ល្ងាច។
យុវតីរូបនេះបន្តថា នាងបានសុំគ្រួសាររបស់នាងម្ដងហើយម្ដងទៀតដើម្បីទៅធ្វើការ ព្រោះគ្រួសារជំពាក់បំណុលគេ ហើយម្ដាយរបស់នាងក៏យល់ព្រម។
នាងបាននិយាយថា៖ «ខ្ញុំបានគិតច្រើនអំពីរឿងនេះ។ ខ្ញុំមិនចង់ទៅរៀនទេ។ ខ្ញុំចង់ជួយដោះបំណុលម្ដាយខ្ញុំ។ ពេលខ្លះខ្ញុំសោកស្ដាយដែលខ្ញុំបោះបង់ការសិក្សា ប៉ុន្តែមានមនុស្សជាច្រើនដែលមានអាយុតិចជាងខ្ញុំ ពួកគេអាចធ្វើបាន ដូច្នេះខ្ញុំក៏អាចធ្វើបានដែរ។ នៅក្នុងរោងចក្រមានមនុស្សជាង១០០នាក់ ដែលមានអាយុដំណាលខ្ញុំ»។
អ្នករាយការណ៍ព័ត៌មានដែលបានទៅសង្កេតមើលតាមរោងចក្រនៅតំបន់នោះ ឃើញកម្មករប្រហែល៥០០នាក់កំពុងធ្វើដំណើរ មានកម្មករប្រហែជា១០០នាក់ដែលមានអាយុក្រោម១៨ឆ្នាំ ហើយមានប្រហែល៥០នាក់មានអាយុក្រោម១៥ឆ្នាំ។ គណៈគ្រប់គ្រងរោងចក្រដែលមានកម្មករអាយុ១៣ឆ្នាំមិនអាចទាក់ទងបានតាមលេខទូរសព្ទដែលបានចុះបញ្ជីនៅសមាគមរោងចក្រកាត់ដេរនៅកម្ពុជាឡើយ។
ឈ្មោះនិងអត្តសញ្ញាណរបស់អនីតិជនដែលបាននិយាយជាមួយវីអូឌី មិនត្រូវបានបញ្ចេញឡើយ ដោយអនុលោមតាមច្បាប់សារព័ត៌មាន។
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បាននិយាយថា ការដំឡើងអាយុកម្មករលើឯកសារផ្លូវការ គឺខុសច្បាប់ ប៉ុន្តែលោកបានទទួលស្គាល់ថា ជាញឹកញាប់ គឺគ្រួសាររបស់អនីតិជនផ្ទាល់ដែលទៅអង្វរឱ្យដំឡើងអាយុ។ លោកបានបន្ថែមថា ការអប់រំ និងបញ្ហាសុខភាព គឺជាក្ដីកង្វល់សម្រាប់អនីតិជនដែលចូលបម្រើការងារនៅវ័យក្មេង។
គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (Better Factories Cambodia) ដែលជាគម្រោងរបស់អង្គការពលកម្មអន្តរជាតិ (ILO) បានបញ្ជាក់នៅក្នុងរបាយការណ៍ឆ្នាំ២០១៩ ថាគ្រួសារជាច្រើនប្រឈមនឹងសម្ពាធហិរញ្ញវត្ថុ ដែលត្រូវបង្ខំឱ្យកូនៗរបស់ពួកគេទៅធ្វើការ។
របាយការណ៍នេះបាននិយាយថា៖ «បញ្ហាប្រឈមមួយរបស់ឧស្សាហកម្មកាត់ដេរ និងស្បែកជើង គឺថាកម្មករដែលមានអាយុក្រោម១៥ឆ្នាំ អាចដាក់ ឬខ្ចីឯកសារក្លែងក្លាយពីគេ ក្នុងអំឡុងពេលជ្រើសរើសបុគ្គលិក ខណៈការងារស្របច្បាប់ត្រូវបានអនុញ្ញាតចំពោះកម្មករដែលមានអាយុចាប់ពីអាយុ១៥ឆ្នាំ និងការងារស្រាលចាប់ពីអាយុ១២ឆ្នាំ។»
របាយការណ៍នេះបន្ថែមថា និយោជកត្រូវតែរក្សាបញ្ជីឈ្មោះកម្មករជាអនីតិជនទាំងអស់ដែលកំពុងបម្រើការងារ ហើយអធិការការងារត្រូវគ្រប់គ្រងបញ្ជីនេះ។
របាយការណ៍នេះបន្ថែមទៀតថា៖ «ដើម្បីចៀសវាងការជួលកម្មករមិនទាន់គ្រប់អាយុ អ្នកជ្រើសរើសបុគ្គលិកគួរតែផ្តល់អាទិភាពដល់បេក្ខជនដែលមានលក្ខណៈចាស់ទុំ ហើយគួរត្រួតពិនិត្យឯកសារដោយយកចិត្តទុកដាក់ ដើម្បីធានាថាមិនមានឯកសារក្លែងក្លាយ ឬឯកសារខ្ចីគេ»។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានបដិសេធថា មន្ត្រីមិនបានយកប្រាក់ជាថ្នូរនឹងការក្លែងឯកសារឡើយ បើទោះបីជាវប្បធម៌នៃការផ្តល់ជាសគុណជារឿងធម្មតាក៏ដោយ។
លោកបាននិយាយថា៖ «នេះមិនមែនជាការពិតទេ។ បើអ្នកជាខ្មែរ អ្នកយល់ហើយ។ ជាធម្មតា កសិករតែងតែផ្ញើដូងនិងត្នោត ពេលដែលពួកគាត់មកជួបយើង។ បើនៅភ្នំពេញ គេផ្ញើនំប៉័ង។ យើងមិនយកប្រាក់ពីនរណាម្នាក់ឡើយ។ វាជាមនោសញ្ចេតនា»។
លោក វ៉ី សំណាង បន្ថែមថា លោកមិនបានដឹងអំពីពលកម្មកុមារនៅក្នុងរោងចក្រកាត់ដេរ និងរោងចក្រផលិតស្បែកជើងទេ ហើយរដ្ឋាភិបាលក៏ប្រឆាំងនឹងករណីនេះដែរ។
លោកបានថ្លែងថា៖ «ក្នុងនាមជាប្រជាជនកម្ពុជា អ្នកគួរដឹងថាប្រទេសរបស់យើងមិនមែនជាប្រទេសអភិវឌ្ឍន៍ដែលមិនធ្លាប់មានសង្គ្រាមនោះទេ។»
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកមិនមានស្ថិតិអំពីករណីនេះទេ ប៉ុន្តែលោកជឿថា ករណីនេះកើតឡើងជាទូទៅនៅប្រទេសកម្ពុជា៕
បកប្រែ និងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ False Official Documents Help Minors Land Factory Jobs
អត្ថបទនេះត្រូវបានផលិតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Rosa-Luxemburg-Stiftung នៅអាស៊ីអាគ្នេយ៍ តាមរយៈការិយាល័យរបស់ខ្លួនក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។