តម្លៃពោត​ចុះថោក​ធ្វើ​ឱ្យ​កសិករ​នៅ​ខេត្តពោធិ៍សាត់​រស់​ទាំង​អស់​សង្ឃឹម

អ្នកស្រី យិន ស្រីនាង អង្គុយបកពោតនៅលើគោយន្តនៅក្នុងចម្ការពោតរបស់ខ្លួន ស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

នៅភាគខាងលិចនៃប្រទេសកម្ពុជា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបស្ចិមនៃប្រទេស ហើយជាតំបន់ដែលអំណោយផលក្នុងការធ្វើកសិកម្មផងដែរ។ ប្រជាពលរដ្ឋភាគច្រើនរស់នៅភាគខាងត្បូងជាប់តំបន់ភ្នំក្រវាញ និងវាលវែង ជាប្លុកនៃការធ្វើដំណាំចម្ការដាំទុរេន ដំឡូង និងពោត ជាដើម។ របរទាំងនេះ ពលរដ្ឋបានអះអាថាជាប្រភពនៃចំណូលប្រចាំថ្ងៃ សម្រាប់ផ្គត់ផ្គង់ជីវភាព។

ពាក់អាវពណ៌សដៃវែងដែលប្រឡាក់ដោយដីខ្មៅៗ កំពុងតែដេកលើអង្រឹងក្រោមផ្ទះ ជាមួយនឹងអ្នកម្ដាយរបស់ខ្លួនដែលមានវ័យចាស់ជរា ក្នុងស្ថានភាពស្ងប់ស្ងាត់ រួមទាំងទឹកមុខស្មើ កសិករដាំពោតម្នាក់ដែលរស់នៅភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ អ្នកស្រី វ៉ន់ ភាព ប្រាប់អ្នកសារព័ត៌មានវីអូឌីថា បច្ចុប្បន្ន អ្នកស្រីប្រកបមុខរបរដាំពោត ក្នុងទំហំផ្ទៃដី៥ហិកតា ប៉ុន្តែមិនបានចំណេញអ្វីនោះទេ​ ព្រោះឆ្នាំនេះ តម្លៃពោតមិនបានថ្លៃ ខណៈដែលទីផ្សារនាំចេញទៅលក់ក៏ចង្អៀត។

ស្របពេលរដូវវស្សាឈានមកដល់ មេឃភ្លៀងបានបន្តធ្លាក់ចុះសឹងតែរកដីស្ងួតមិនឃើញដែរនោះ កសិករូបនេះបាននិយាយទាំងអស់សង្ឃឹមថា ដាំពោតឆ្នាំនេះជួបការលំបាក ដោយសារតែការចំណាយច្រើន ចំពោះចំណូលវិញបានតិចតូច។ អ្នកស្រី វ៉ន់ ភាព ឱ្យដឹងថា តម្លៃពោតលក់មិនបានថ្លៃ បណ្ដាលមកពីភ្លៀងច្រើន ធ្វើឱ្យពោតដាក់គ្រាប់មិនបានល្អ រួមនឹងខ្វះឈ្មួញ មិនសូវមានអ្នកទិញច្រើនដូចមុន ស្របពេលនៅព្រំដែនថៃកំពុងមានជម្លោះរវាងអាជ្ញាធរនិងឈ្មួញទិញពោត ធ្វើឱ្យផ្អាកការនាំចេញពោតមួយរយៈ។ 

ស្ត្រីវ័យ៣៥ឆ្នាំប្លាយរូបនេះ អះអាងថា បច្ចុប្បន្ន ការនាំចេញពោតភាគច្រើនទៅតែប្រទេសវៀតណាមប៉ុណ្ណោះ ដែលធ្វើឱ្យតម្លៃពោតលក់បានត្រឹម១គីឡូចន្លោះពី៦០០-៦៦០រៀល។ តែយ៉ាងណា អ្នកស្រីថា តម្លៃពោតឆ្នាំនេះបានច្រើនជាងឆ្នាំមុនបន្តិចមែន បើប្រៀបនឹងឆ្នាំមុនបានជាង៥០០រៀលក្នុង១គីឡូ។ អ្នកស្រីបញ្ជាក់ថា ប៉ុន្តែបើក្រឡេកមើលការចំណាយលើជី ថ្នាំ និងប្រេងសាំងវិញ ឡើងថ្លៃខុសឆ្ងាយ ដូច្នេះចំណូលបានពីការលក់ គឺខាតជាង៤-៥ឆ្នាំមុន។

អ្នកស្រី វ៉ន់ ភាព កំពុងតែឈរនៅក្នុងចម្ការពោតរបស់អ្នកស្រី នៅក្បែរផ្ទះ ស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
អ្នកស្រី វ៉ន់ ភាព កំពុងតែឈរនៅក្នុងចម្ការពោតរបស់អ្នកស្រី នៅក្បែរផ្ទះ ស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

អ្នកស្រី វ៉ន់ ភាព មានប្រសាសន៍ថា៖ «បើ៥ហិកតាបានត្រឹមតែ១០តោនហ្នឹង ពោតវាអត់សូវបាន វាធ្លាក់ភ្លៀងផងអ៊ីចឹង ហើយកម្មករ[កម្មករកាច់ពោត]ក៏ទារថ្លៃ១តោន [យកថ្លៃឈ្នួល]១០ម៉ឺនរៀល។ គិតលើរឿងកម្មករកាច់ផង រឿងជួលដឹកផង អស់រលីងហ្មង អត់សល់[លុយ]ទេ ឆ្នាំនេះ។ និយាយទៅ ដាំពោតអត់សូវបានរាល់តែឆ្នាំ អត់សូវបានទេ! អ៊ីចឹងទៅ ម្នាក់ៗអស់សង្ឃឹម លែងចង់ធ្វើចម្ការ»។

កសិករស្រុកភ្នំក្រវាញរូបនេះសង្កេតឃើញថា ប្រជាកសិករនៅតំបន់ឃុំសំរោងនេះ ភាគច្រើនត្អូញត្អែរគ្រប់គ្នា ដោយសារតែការលក់ពោតមិនបានថ្លៃ ខណៈដែលពលរដ្ឋខ្លះកំពុងប្រឈមគ្មានថវិកាបង់ធនាគារ។ អ្នកស្រីបានឱ្យដឹងថា ការធ្វើកសិកម្មត្រូវការចំណាយច្រើន ខណៈដែលអ្នកស្រីខ្លួនឯងដែលមានទំហំដី៥ហិកតា ត្រូវចំណាយអស់ជិត៥លានរៀល ចំណែកចំណូលទទួលបានមកវិញតិចតួច។

ស្រដៀងគ្នានេះ កំពុងអង្គុយក្រោមផ្ទៃមេឃពណ៌ខ្មៅ ទំនងជិតភ្លៀង ជាមួយនឹងប្ដី នៅលើគោយន្តក្បែរចម្ការពោតរបស់ខ្លួន ដៃកាន់ពោតបកសំបក រួមទាំងផ្ទៃមុខប្រឡាក់ដោយញើស។ ស្ត្រីពាក់អាវការ៉ូពណ៌ស និងលាយពណ៌ទឹកប៊ិកមួយកំណាត់លើ គឺអ្នកស្រី យិន ស្រីនាង និយាយក្នុងសម្ដីមួយៗថា ឆ្នាំនេះ តម្លៃពោតបានថ្លៃជាងឆ្នាំមុនៗ ប៉ុន្តែការចំណាយផ្សេងៗអស់ថ្លៃ ដូច្នេះជីវភាពកាន់តែលំបាក។ អ្នកស្រី យិន ស្រីនាង បានអះអាងថា ឆ្នាំនេះ ផលពោតបានតែ១០តោនប៉ុណ្ណោះ ក្នុងទំហំដី២ហិកតា បើគិតរឿងលុយ សឹងតែរកសល់មិនឃើញ ដោយសារតែសងបំណុលគេអស់ ក្រោយពីខ្ចីលុយគេមកធ្វើចម្ការ។

កសិករសម្បុរស្រអែមរូបនេះ លើកឡើងថា ប្រជាពលរដ្ឋដូចជាអ្នកស្រី ធ្វើចម្ការដើម្បីតែកំដរជីវភាពមួយពេលៗ។ បើសិនជាទីផ្សារល្អ អាចបានថវិកាខ្លះផ្គត់ផ្គង់ជីវភាព ប៉ុន្តែបើស្ថានភាពលំបាកដូចបច្ចុប្បន្ននេះ តម្លៃពោតក៏មិនបានថ្លៃ ហើយការនាំចេញក៏ចង្អៀត។ ដូច្នេះ អ្នកស្រីមិនដឹងជាពឹងអ្វីទៀតនោះទេ។ អ្នកស្រីបន្តថា បន្ទាប់ពីចប់រដូវពោតនេះ នឹងចាប់ផ្ដើមដាំសណ្ដែកដីវិញម្ដង គ្រាន់អាចបានថវិកាខ្លះ ប៉ុន្តែអ្នកស្រីមិនទាន់ដឹងច្បាស់នោះទេ ថាតើទីផ្សារសណ្ដែកនឹងវិវត្តទៅបែបណាទៀតនោះទេ។

អ្នកស្រីនិយាយទាំងក្ដីអស់សង្ឃឹមថា៖ «បើសិនស្ថានភាពទីផ្សារពោតនៅតែដដែលបែបនេះ ហើយតម្លៃទំនិញផ្សេងៗ ដូចជា ជី និងថ្នាំ ជាដើម នៅតែថ្លៃ ខ្ញុំគិតថានៅពេលខាងមុខ កាន់តែលំបាក។ ណាមួយខ្ញុំបារម្ភថា កូនខ្ញុំប្រហែលជារៀនបានតែថ្នាក់ទី៥ ទី៦អី ឱ្យឈប់ហើយ ព្រោះមិនមានលុយឧបត្ថម្ភ»។

ពលរដ្ឋរស់នៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រូបនេះ បានអះអាងថា ជាង២០ឆ្នាំកន្លងទៅនេះ អ្នកស្រីបានប្រកបរបរកសិកម្ម ប៉ុន្តែមិនដែលឃើញមានក្រសួងពាក់ព័ន្ធណាមួយមកជួយដោះស្រាយរកទីផ្សារឱ្យប្រជាកសិករនោះទេ។ បើទោះបីកន្លងមកធ្លាប់ឃើញក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកបង្រៀនពលរដ្ឋពីរបៀបធ្វើកសិកម្មក៏ពិតមែន ប៉ុន្តែមិនដែលជួយរកទីផ្សារនោះឡើយ។

ដោយឡែក ពលរដ្ឋម្នាក់ទៀតដែលជាឈ្មួញចាំទិញពោតពីពលរដ្ឋ រស់នៅឃុំសំរោង ស្រុកភ្នំក្រវាញ កំពុងតែឈប់ទាញស្បៃគ្របពោតជាច្រើនការ៉ុងនៅមុខការដ្ឋានរបស់ខ្លួន គឺលោក ធឿន រស់ បានឱ្យដឹងថា​ ពោតភាគច្រើនដែលទិញពីប្រជាពលរដ្ឋ គឺយកទៅលក់ឱ្យក្រុមហ៊ុន «CP (C.P Cambodia)» និង «ក្រុមហ៊ុន ម៉ុង ឫទ្ធី (MongRethy Group)» ដើម្បីយកទៅធ្វើជាចំណីសត្វ។ ប៉ុន្តែលោកមិនច្បាស់នោះទេ ថាតើហេតុអ្វីបានជាតម្លៃពោតមិនបានថ្លៃ។

លោកបារម្ភថា បើសិនពោតកាន់តែចុះថោកបែបនេះ ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ រួមទាំងរូបលោកផ្ទាល់ដែលជាឈ្មួញកណ្ដាលផងដែរ។ លោកបន្តថា អ្វីដែលលោកទិញពីពលរដ្ឋ គឺតម្លៃឡើងឬចុះសម្រេចលើក្រុមហ៊ុនអ្នកកំណត់ ខណៈដែលលោកក៏ប្រឈមក្នុងការលក់ចេញផងដែរ បើសិនស្ថានភាពខាងលើប្រែប្រួល។ លោកបន្តថា ការទិញពីពលរដ្ឋក្នុង១តោន លោកអាចចំណេញបានតែ៥ពាន់រៀល ​ទៅ១ម៉ឺនរៀល តែប៉ុណ្ណោះ។ ប៉ុន្តែបើគិតចំណេញសរុបបានត្រឹមតែ៣០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀល ក្នុងមួយជើង។

លោក ធឿន រស់ ដែលជាឈ្មួញទិញពោតពីពលរដ្ឋ ឈរផ្ដល់បទសម្ភាសនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
លោក ធឿន រស់ ដែលជាឈ្មួញទិញពោតពីពលរដ្ឋ ឈរផ្ដល់បទសម្ភាសនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

លោកមានប្រសាសន៍ថា៖ «ឥលូវនេះ បញ្ហាប្រឈមលក់មិនចេញ ឥលូវរកកន្លែងលក់អត់ឃើញ ដោយសារតែនៅតំបន់សាច់ឡូ [ការដ្ឋាន] នីមួយៗ ពោតច្រើន អ៊ីចឹងលក់អត់ចេញ។ ទិញទុក២-៣យប់ បានចេញដើររកលក់ទៅតាមកន្លែងផ្សេងៗ។ យើងតេរកលក់ មានពេលខ្លះក៏ខាតអ៊ីចឹងទៅ។ ឡានខ្ញុំឡើងទៅម្សិលម៉្ងៃខាត ទិញតម្លៃ៦៣០-៦៤០[រៀល] លក់បានតែ៦៧០-៦៨០រៀល។ អ៊ីចឹងគិតកម្មករ គិតអីទៅ វាអត់ចំណេញ។

ឆ្លើយតបជុំវិញបញ្ហានេះ មេឃុំសំរោង ស្រុកភ្នំក្រវាញ ដែលជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា លោក សុក ផុន ប្រាប់អ្នកសារព័ត៌មានវីអូឌីក្នុងសម្ដីមួយៗថា លោកមិនទាន់ទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅឡើយទេ ជុំវិញបញ្ហាតម្លៃពោតចុះថោក ឬគ្មានទីផ្សារលក់ចេញ។ ដូច្នេះ លោកមិនដឹងថាត្រូវដោះស្រាយយ៉ាងម៉េចទើបល្អ។ លោកបន្តថា ពេលបច្ចុប្បន្ន ការនាំចេញពោតបន្តចេញជាហូរហែ គ្មានអ្វីជាបញ្ហានោះទេ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនទាន់ទទួលបានព័ត៌មានហ្នឹងទេ [តម្លៃទីផ្សារពោតចុះថោក]។ យើងមានវេទិកាសាធារណៈជារឿយៗ ប៉ុន្តែមិនដែលឃើញមានប្រជាពលរដ្ឋលើកឡើង។ ប៉ុន្តែខ្ញុំនឹងធ្វើការសួរបន្ថែមទៅកាន់ពលរដ្ឋ បើសិនជាបញ្ហាទាំងនោះកើតមែន។ កន្លងទៅ មានតែបញ្ហាបារម្ភខ្លាចទឹកលិចពោតខូច»។

លោកបន្តថា ក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ មានភូមិមួយចំនួនដូចជា ភូមិរវៀង ភូមិអូរព្រាល ភូមិវាល និងភូមិអង្រ្គង ជាដើម ដែលមានប្រជាពលរដ្ឋសឹង៩០ភាគរយទៅហើយដែលប្រកបរបរដាំពោតក្រហម និងពោតស។ ចំពោះភូមិអង្រ្គង មានប្រជាពលរដ្ឋជាង៨00គ្រួសារដែលប្រកបកសិកម្មមួយនេះ ហើយជារៀងរាល់ឆ្នាំ ការនាំចេញក៏មិនដែលជាបញ្ហាចោទនោះដែរ។

ដោយឡែក ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ លោក ឈឹម វជិរា ប្រាប់វីអូឌីនៅថ្ងៃទី២៩ ខែសីហានេះ លោកមិនអាចឆ្លើយតបទៅនឹងបញ្ហាលើកឡើងរបស់ប្រជាកសិករបាននោះទេ ដោយសារតែក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ មិនមានលទ្ធភាពអ្វីអាចជួយដោះស្រាយបញ្ហាកង្វះទីផ្សារ និងធ្វើឱ្យតម្លៃពោតឡើងថ្លៃនោះទេ។ លោកបានអះអាងថា ក្រសួងកសិកម្មមានតួនាទីត្រឹមតែបណ្ដុះបណ្ដាលប្រជាពលរដ្ឋផ្នែកបច្ចេកទេសដាំ និងការកម្ចាត់សត្វល្អិតតែប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា សួរទៅខាងក្រសួងពាណិជ្ជកម្មត្រូវជាង ដោយសារតែខាងខ្ញុំមានតួនាទីតែបណ្ដុះបណ្ដាលពលរដ្ឋពីរបៀបដាំ និងការថែទាំដំណាំមិនឱ្យមានសត្វល្អិតតែប៉ុណ្ណោះ។ ដូច្នេះ ខ្ញុំមិនអាចឆ្លើយបាននោះទេ ជុំវិញបញ្ហាទាំងនោះ។

ជុំវិញរឿងនេះ វីអូឌីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បាននោះទេ នៅថ្ងៃទី២៩ ខែសីហានេះ ដោយហៅទូរសព្ទចូលច្រើនដង តែគ្មានអ្នកទទួល។

របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចេញផ្សាយនៅឆ្នាំ២០២១ បានឱ្យដឹងថា ការនាំចេញ​ពោតក្រហម ​ក្នុង​ឆ្នាំ២០២១ មាន​បរិមាណ​ជិត៧០​ម៉ឺន​តោន ថយចុះ​ជិត៥​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុងឆ្នាំ​២០២០ ដែលមាន​ជាង៧៣​ម៉ឺន​តោន​។ ប៉ុន្តែ​បើ​គិត​ជា​ទំហំ​ទឹកប្រាក់​នាំចេញ​វិញ គឺមាន​ចំនួន​ជិត៥៣ លាន​ដុល្លារ កើនឡើង​ជាង៨​ភាគរយ​។

ដោយឡែក របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ស្ដីពី​ស្ថានភាព​នៃ​ការនាំចេញ​កសិផល​នៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះវិញកម្ពុជា​នាំចេញ​គ្រាប់ពោត​ប្រមាណ​ជាង៨៤ពាន់​តោន ថយចុះ​ជាង៣៩ ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ខណៈ​បច្ចុប្បន្ន​ការនាំចេញ​តាម​ច្រកព្រំដែនថៃ ​ក្នុង​ខេត្ត​បាត់ដំបង ​កំពុង​មាន​ការរាំងស្ទះ​។​

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន បានលើកឡើងថា បញ្ហាកង្វះទីផ្សារនេះមានផលប៉ះពាល់ដល់ប្រជាកសិករច្រើន ដែលពួកគាត់តែងតែពឹងអាស្រ័យលើមុខរបរទាំងនេះ។ លោកបន្តថា វាជារឿងដែលរដ្ឋាភិបាលគួរតែត្រូវយកចិត្តទុកដាក់ ហើយរកវិធីសាស្រ្តក្នុងការដោះស្រាយចំពោះបញ្ហាជាប់គាំងដែលកំពុងតែកើតឡើងសឹងគ្រប់ទីកន្លែង។

លោកមានប្រសាសន៍ថា៖ «ជាយុទ្ធសាស្រ្តក្នុងការគាំពារដល់ប្រជាកសិករ រដ្ឋាភិបាលត្រូវមានភាពជាក់លាក់ និងត្រូវតែរកវិធីសាស្រ្ត និងយុទ្ធសាស្រ្តដោះស្រាយ។ ​ទី១ ធ្វើយ៉ាងម៉េចឱ្យប្រជាកសិករគិតពីពូជ និងទុនក្នុងការផលិត ប្រមូលព័ត៌មានឱ្យបានជាក់លាក់ក្នុងការផលិត។ ទី២ ត្រូវរកទីផ្សារជូនដល់កសិករ និងផ្ដល់ព័ត៌មានឱ្យបានគ្រប់គ្រាន់ទៅតាមលទ្ធភាពដែលរដ្ឋាភិបាលអាចធ្វើ»។

ត្រលប់មកប្រជាកសិករឯណេះវិញ ដែលកំពុងតែឈរនិយាយប្រាប់ពីទិដ្ឋភាពនៃការប្រមូលផលពោតនៅលើដីចម្ការរបស់ខ្លួន ក្បែរផ្ទះ អ្នកស្រី វ៉ន់ ភាព ស្នើទៅកាន់អាជ្ញាធរពាក់ព័ន្ធជួយរកទីផ្សារជូនពួកគេ ដើម្បីអាចដោះស្រាយបញ្ហាជីវភាព។ ពលរដ្ឋមើលឃើញថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ មិនដែលឃើញមានក្រសួងពាក់ព័ន្ធណាយកចិត្តទុកដាក់លើប្រជាកសិករនោះទេ ខណៈប្រជាពលរដ្ឋនៅតែបន្តជួបការលំបាកជារៀងរាល់ឆ្នាំ។

អ្នកស្រីស្នើថា៖ «សូមឱ្យអាជ្ញាធរពាក់ព័ន្ធជួយរកទីផ្សារពោតសណ្ដែកឱ្យបានថ្លៃបន្តិចមក ដោយសារតែធ្វើមួយឆ្នាំៗខាតចង់ងាប់។ ជួយរកទីផ្សារនោះឱ្យបានថ្លៃតិចមក ព្រោះសាំងក៏ឡើងថ្លៃ ថ្នាំវិញឡើងថ្លៃ ១ដបឡើង១០ម៉ឺន[រៀល] ហើយបានអីចំណេញ?»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ