រដ្ឋាភិបាល​សុំ​ការ​យោគយល់​ពី​ប្រទេស​មួយចំនួន ករណី​ពលករ​កម្ពុជា​រត់ចោល​ការងារ​ព្រោះ​ជឿ​តាម​លោក ខឹម វាសនា

ពលរដ្ឋរាប់ម៉ឺននាក់បានមកប្រមូលផ្ដុំគ្នា ស្នាក់នៅ​ក្រោម​ដំបូល​តង់កៅស៊ូ នាចម្ការម្រេច ក្បែរ​ជើង​ភ្នំគូលែន ខេត្តសៀមរាប តាមការ​អំពាវនាវ​លើ​បណ្ដាញសង្គមហ្វេសប៊ុករបស់លោក ខឹម វាសនា ដែលថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នឹងមានទឹកជំនន់លិចលង់ពិភពលោក។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប)

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាស្នើសុំការ​យោគយល់​​ពី​បណ្ដាប្រទេស​មួយ​ចំនួន និង​​ក្រុមហ៊ុនឯកជន​នៅប្រទេសទាំងនោះ ជាពិសេស​សុំកុំឱ្យមានការ​ប្ដឹងផ្ដល់​ជុំវិញ​ករណី​ពលករកម្ពុជា​មួយចំនួនរត់ចោលការងារ ដោយសារ​ជឿ​លើ​ការ​ឃោសនា​របស់លោក ខឹម វាសនា។

កាលពីថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ២០២២ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បាន​អំពាវ​នាវ​លើបណ្ដាញ​សង្គមហ្វេសប៊ុករបស់​​លោ​ក ដោយលើកឡើង​​ថា នៅថ្ងៃទី៣០ ខែសីហានេះ ពិភពលោក​​នឹងត្រូវលិចលង់ដោយ​​ទឹក​ជំ​​នន់​​​ ហើយថាមានតែនៅចម្ការម្រេចរបស់លោកស្ថិតក្នុងឃុំត្បែង ស្រុ​ក​​​​បន្ទាយស្រី ខេត្តសៀមរាប តែមួយគត់ ដែលអាចជួយស្រោចស្រង់សត្វលោកនេះបាន ព្រោះលោក​គឺជា​​ព្រហ្ម​​ចុះមករក្សាមនុស្សលោក។

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​​ថា ការ​អំពាវនាវរបស់​លោក ខឹម​ វាសនា បាន​ធ្វើ​ឱ្យពលករកម្ពុជា​មួយ​ចំនួន​ដែល​ជឿតាមគាត់​ បាន​រត់​ចោល​ការ​ងារ​នៅក្រៅប្រទេស​ ហើយ​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ។ ​ករណីនេះអាចនឹង​ធ្វើឱ្យប៉ះពាល់ទៅដល់ដំ​ណើរ​ការ​ចង្វាក់​ផលិត​កម្ម​រប​ស់​ក្រុម​ហ៊ុនខ្លះ​ ហើយ​លោក​កំពុងបារម្ភ​ខ្លាច​ក្រុមហ៊ុននៅបណ្ដាប្រទេសទាំងនោះប្ដឹងទារសំណងពីរដ្ឋាភិបាលកម្ពុជា និងពលករផងដែរ។

ករណីនេះ លោក ហ៊ុន សែន បានថ្លែងសុំទោស​ពីបណ្ដាប្រទេសមួយចំនួន ជាពិសេសរដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េ ជប៉ុន និងថៃ និងបានអំពាវនាវ​កុំឱ្យមានការដាក់ពាក្យប្ដឹង​ទាមទារសំណងពីរដ្ឋាភិបាលកម្ពុជា និង​ពលករ​​ដែល​បាន​រត់ចោល​ការងារ​ ដោយ​សារចាញ់បោកការឃោសនារបស់លោក ខឹម វាសនា នេះផងដែរ។

លោកថា៖ «រឿងពលករបាត់បង់ការងារធ្វើ វាជារឿងមួយហើយ ដែលយើងសោកស្ដាយជាមួយពួកគាត់។ ប៉ុន្តែខ្ញុំនៅមានកង្វល់​មួយ​ទៀត គឺកង្វល់នៃពាក្យបណ្ដឹងនៃបណ្ដាក្រុមហ៊ុនដែលពលករ​​បានធ្វើឱ្យខូចខាត ​ក្នុងការរត់ចោលការងារនៅពេល​ដែល​ពួកគេកំពុងដំណើការ ដែលខ្ញុំ​សុំយកឱកាសនេះ អង្វរករចំពោះរ​ដ្ឋាភិបាល​ដែលទទួលពលករកម្ពុជា ហើយបោះ​បង់​ចោល​ដោយ​ខ្វះកា​រ​ទទួល​ខុស​ត្រូវ​ ខុស​កិច្ចសន្យាការងារ សូមមេត្តាកុំប្ដឹង ទាំង​ប្ដឹងចំពោះរដ្ឋាភិបាលនិងរដ្ឋាភិបាល និងប្ដឹង​ចំពោះពលករដែលបានរត់ចេញនោះ»

អ្នកគ្រប់គ្រងកម្មវិធីការងារ​​ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ប្រសិនបើ​ពលករឈប់សម្រាកដោយផ្អែកតាមកិច្ចសន្យាការងារ និងមានការយល់ព្រមពីថៅកែ នោះ​មិន​មែនជា​បញ្ហា​អ្វី​នោះ​ទេ ប៉ុន្តែប្រសិនបើ​កម្មករទាំងនោះ ឈប់សម្រាក ឬរត់ចោ​ល​ការងារ ដោយមិនផ្អែកតាមកិច្ចសន្យាការងារ ឬច្បាប់ការ​ងារ​នៅ​ប្រទេសដែល​ពួកគេបម្រើការ​ងារ​នោះទេ នោះ​ពួកគេមិនអាចត្រលប់ទៅបំពេញការងារវិញបានឡើយ ហើយពួកគេនឹងបាត់បង់ផលប្រយោជន៍។

​​មន្ត្រី​ផ្នែកសិទ្ធិការងាររូបនេះឱ្យដឹងថា បើតាមការប៉ាន់ប្រមាណ ពលករ​កម្ពុជា​ប្រមាណ២លាន​នាក់បាន​ចំណាក​ស្រុក​ទៅ​បម្រើការ​ងារ​នៅ​ក្រៅប្រទេស​ ក្នុងនោះនៅប្រទេសថៃ​ច្រើនជាង​គេ និងបន្ទាប់មកនៅប្រទេសកូរ៉េខាងត្បូង។

លោកបន្ថែមថា៖ «ប្រសិនជាគាត់មានការសុំច្បាប់ត្រឹមត្រូវ ហើយនិយោជកអនុញ្ញាតឱ្យពួកគាត់មក អ៊ីចឹងអាហ្នឹងវាអត់មានជា​លក្ខខណ្ឌផ្លូវច្បាប់អីដែលគាត់ត្រូវទទួលខុសត្រូវនោះទេ។ ប៉ុន្តែបើពួកគាត់បោះបង់ការងារចោល មិនមានការអនុញ្ញាតពីនិយោជក ហើយវាផ្ទុយអំពីលក្ខខណ្ឌនៅក្នុងកិច្ចសន្យា ផ្ទុយ​ពីច្បាប់ស្តីពីការងារនៃប្រទេសនោះ វាមានន័យថា អាហ្នឹងគេអាចចាត់ថ្នាក់​នៃកំហុសធ្ងន់។ អ៊ីចឹងភាព​នៃការទទួលខុសត្រូវ អាហ្នឹងពួកគាត់ជាអ្នកសម្រេចចិត្ត! ផលប៉ះពាល់ណាមួយ អាហ្នឹងពួកគាត់ក៏ជាអ្នកទទួលខុសត្រូវដែរ»

គេសង្កេតឃើញថា ចាប់តាំងពីមានការអំពាវនាវរបស់លោក ខឹម វាសនា គឺអ្នកដែលជឿជាក់និងអ្នកស្មោះស្ម័គ្ររបស់លោក មិនថានៅកម្ពុជាទេ សូម្បីពលករកំពុងបម្រើការនៅប្រទេសកូរ៉េខាងត្បូង ជប៉ុន និងថៃ ជាដើម បានសម្រុកចូលមកកម្ពុជាជាបន្តបន្ទាប់។ សេចក្តីរាយការណ៍នានាពីសារព័ត៌មានក្នុងស្រុកដែលដកស្រង់សម្ដីពីអាជ្ញាធរ បានឱ្យដឹងថា អ្នកដែលគាំទ្រមេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ បានមកស្នាក់នៅដីចម្ការម្រេចរបស់លោក ខឹម វាសនា ប្រមាណជិត២ម៉ឺននាក់។

ប៉ុន្តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនចាត់វិធានការលើលោក ខឹម វាសនា​ ឬ​ប្រើប្រាស់កម្លាំង​បង្ក្រាបណាមួយ​​ទៅលើ​ការប្រមូលផ្ដុំពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​​​​​ នៅតំបន់ភ្នំគូលេន ខេត្តសៀមរាប​ នេះឡើយ ​ដោយបា​រម្ភខ្លាចចូលអន្ទាក់នយោបាយ​ បើ​ទោះបីលោករង​ការជេរប្រមាថពីសំណាក់​លោក ខឹម វាសនា ក៏យ៉ាងណាដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ