លោក ហ៊ុន សែន បញ្ជា​ទៅ​ក្រសួង​វប្បធម៌​ពិនិត្យ​មើល​ការ​ប្រឡង​បវរកញ្ញា Miss Grand Cambodia ដែល​ស្លៀកពាក់​មិន​សមរម្យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។ (រូប៖​ ហ្វេសប៊ុក​លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅ​រដ្ឋ​មន្ត្រីក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ពិនិត្យ​មើលឱ្យ​បាន​ដិត​ដល់​លើ​កម្មវិធី​​ប្រឡង​បវរកញ្ញា Miss Grand Cambodia ក្រោយមានការរិះគន់​យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងបណ្ដាញសង្គម ជុំវិញការស្លៀកពាក់មិនសមរម្យ និង​ការ​បង្ហាញសារ​ជាល្បែងបៀរ និងអាប៉ោង ជាដើម។

ក្នុងពិធី​បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន២ ក្នុងរាជធានីភ្នំពេញ ​នៅព្រឹ​ក​ថ្ងៃ​ពុធនេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន មាន​ប្រសាសន៍ថា ថ្មីៗនេះ មានការ​រិះគន់​ពីមហាជន​ជាខ្លាំង ​ជុំវិញកម្មវិធីប្រឡង​បវរកញ្ញា Miss Grand Cambodia ក្នុងនោះមានបេក្ខនារីខ្លះ​ស្លៀក​​សម្លៀកបំពាក់​​មិន​សម​រម្យ ​​មាន​ការណែនាំខ្លួនដោយប្រើសំឡេង​​ស្រែក​​​ឮ​​​ខ្លាំងៗ រួម​នឹង​​ការ​​បង្ហាញ​សារ​​​ជា​​ល្បែង ដូចជា អាប៉ោង និង​បៀរ ជាដើម។

ករណីនេះ លោក​​បានបញ្ជាទៅ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក​ស្រី ភឿង សកុណា ឱ្យ​ពិនិត្យ​មើ​ល​កម្មវិធី​​ប្រឡង​បវរកញ្ញានោះឡើងវិញ និងត្រូវស្ដាប់សំឡេងរិះគន់របស់មហា​ជន​ ដោយ​មិនត្រូវឱ្យមាន​បាតុភាពបែបនេះ​កើតឡើង​បន្តទៀតនោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែង​ថា៖ «ខ្ញុំក៏សុំឱ្យលោកជំទាវ ភឿង សកុណា ពិនិត្យឡើងវិញអំពីអា​បវរកញ្ញាស្អីនៀក! […] មើលសុំហៅគ្នាមកធ្វើការមើល៍! រឿងហ្នឹងវាយ៉ាងមិចបានវាទៅអ៊ីចឹង! តំណាងបាវិត តំណាងប៉ោយ​ប៉ែត​ សុទ្ធតែល្បែង! អាហ្នឹងគ្នាក៏លុបចោល​ហើយ ប៉ុន្តែតំណាងស្ទឹងត្រែង​ គេទាត់ចោល! រួចហើយអ្វីដែលសំខាន់ ​គឺស្រែក​អាឡេអាឡូពេញតែទឹកពេញតែដី អាហ្នឹងត្រូវភារកិច្ចរបស់ក្រសួងវប្បធម៌ ធ្វើការភ្លាមៗ»។

ទោះជាយ៉ាងណា លោកបញ្ជាក់​ថា បញ្ហានេះកើតឡើងដោយសារអ្នកដឹកនាំកម្មវិធី មិនមែនដោយ​បេក្ខភាព​បវរកញ្ញានោះទេ។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ ឱ្យដឹងថា ពេលនេះ ក្រសួងនៅ​មិនទាន់មានចំណាត់ការណាមួយចំពោះករណីនេះនៅឡើយទេ ដោយ​​ត្រូវរង់ចាំការ​ប្រជុំអន្ដរក្រសួង រវាងក្រសួងវប្បធម៌ និងក្រសួងពាក់ព័ន្ធផ្សេងទៀត នៅថ្ងៃស្អែកសិន។

លោកថា៖ «រឿងអីទៅមុខទៀត អាហ្នឹង​ចាំឱ្យគេប្រជុំអន្ដរក្រសួងសិន គេកំណត់វិធានម៉េច»។

នៅថ្ងៃនេះដែរ ក្រសួងកិច្ចការនារី ក៏បានចេញសេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយ​សម្ដែង​ការ​សោក​ស្ដាយ និង​ថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះករណីបង្ហាញសម្លៀកបំពាក់មិនសមរម្យ ដែលដើរតួដោយ​​ស្ត្រីខ្មែរមួយចំនួនតូច ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា​ និងត្រូវបានចែករំលែក​នូវរូបភាពទាំងនោះជាបន្តបន្ទាប់នៅក្នុងបណ្ដាញសង្គម​។

ក្រសួងបន្តថា សកម្មភាពនៃការបង្ហាញសម្លៀកបំពាក់ស៊ិចស៊ីជ្រុលហួសហេតុ​ក្នុងកម្មវិធី​នោះ មិន​បាន​ចូល​រួម​ចំណែក​លើក​ស្ទួយ​វប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិ ហើយថែមទាំងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់ស្រ្តី។

ករណីនេះ ក្រសួងកិច្ចការនារី បាន​អំពាវនាវដល់អ្នករៀបចំកម្មវិធីបែបនេះ ឱ្យរក្សាសេចក្ដីថ្លៃថ្នូររបស់​ជាតិ កុំឱ្យប្រាសចាកពីវប្បធម៌ខ្មែរ។

ក្រសួងបញ្ជាក់​​ថា៖ «សូមឱ្យរក្សានូវសេចក្ដីថ្លៃថ្នូរក្នុងកម្មវិធីរបស់ខ្លួន កុំធ្វើតាមចរន្តជ្រុលនិយម ប្រាសចាកពីវប្បធម៌ សីលធម៌ សេចក្ដីថ្លៃថ្នូររបស់ជាតិខ្មែរ និងមិនគួររៀបចំកម្មវិធីទាំងឡាយណាដែលធ្វើឱ្យប៉ះពាល់ដល់អរិយធម៌ វប្បធម៌ជាតិ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃស្រ្តីខ្មែរតាមគ្រប់រូបភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត»។

ជុំវិញករណីនេះ ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​​ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់​ គិម​អេង យល់ថា ក្រសួងវប្បធម៌ និង​ស្ថាប័នពាក់ព័ន្ធ គួរតែចាត់វិធានការ​ចំពោះសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ជាតិនេះឱ្យបានទាន់ពេលវេលា​ ដោយ​មិនគួរចាំទាល់តែមានប្រតិ​កម្មពីនាយករដ្ឋមន្រ្ដីនោះទេ។

លោកថា៖​ «ក្រសួងវប្បធម៌គួរតែធ្វើការណែនាំ សុំការពន្យល់ពីខាងអ្នករៀបចំកម្មវិធីឱ្យបានច្បាស់លាស់ មិនមែនរហូតដល់ចាំតែមាននាយករដ្ឋមន្រ្ដីប្រតិកម្ម បាន​ខាងក្រសួងវប្បធម៌ខ្នះខ្នែងដុតដៃដុតជើងទេ»។​

លោក យង់​ គិមអេង បន្ថែមថា ក្រសួងវប្បធម៌គួរតែធ្វើការផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយ​​ដល់​សាធារណជន​ ឱ្យបាន​យល់ដឹងពីការចូលរួមថែរក្សា​វប្បធម៌​ប្រពៃណីខ្មែរ។

លោកបន្ថែម​ថា៖ «អ្នកដែលរៀបចំព្រឹត្តិការណ៍ផ្សេងៗហ្នឹង គឺយើងគិតអំពីវប្បធម៌ប្រពៃណីរបស់យើង បើយើងមិនអភិរក្ស មានអ្នកណាជួយអភិរក្ស? ក្នុងព្រឹត្តិការណ៍ជាតិ ព្រឹត្តិការណ៍អន្ដរជាតិអីហ្នឹង គួរតែបង្ហាញអ្វីដែលជាខ្មែរទៅកាន់គេ»។

ក្រោយពី​បេក្ខភាព​បវរកញ្ញាបង្ហាញឈុតប្រចាំខេត្តនីមួយៗ កាលពីរាត្រីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ គេសង្កេតឃើញមានឈុតតំណាងខេត្តចំនួន២ ដែលត្រូវបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដោយក្នុងនោះមានដូចជា ឈុតកញ្ញាឯកប្រចាំខេត្តស្វាយរៀង និងបន្ទាយមានជ័យ បានស្លៀកឈុតតំណាងដែលបង្ហាញពីការលេងល្បែងស៊ីសង ក៏ដូចជាឯកសណ្ឋានផងដែរ។

យ៉ាងណា បន្ទាប់ពីទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័ន Miss Grand Cambodia បានចេញលិខិតបំភ្លឺ និងសុំទោសដល់សាធារណជន ព្រមទាំងប្រកាសដកឈុតតំណាងក្រុងបាវិត និងក្រុងប៉ោយប៉ែត ចេញពីការប្រកួត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ