លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើប្រជាពលរដ្ឋមិនរើសំណង់ខុសច្បាប់របស់ពួកគេចេញពីតំបន់អង្គរទេ នោះប្រាសាទអង្គរវត្តអាចនឹងប្រឈមនូវការដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក ដោយសារសំណង់ទាំងនោះនឹងធ្វើឱ្យបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌ ដែលផ្ទុយពីកាតព្វកិច្ចតម្រូវដោយគណៈកម្មការបេតិកភណ្ឌពិភពលោក។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន២ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋដែលព្រមរុះរើសំណង់ចេញពីតំបន់អង្គរ ដោយថា បើពួកគាត់មិនចាកចេញទេ នោះអង្គរវត្តនឹងប្រឈមការដកចេញពីបេតិកភណ្ឌពិភពលោក ដោយសារតែកាលណាមានវត្តមានសំណង់ខុសច្បាប់ នឹងធ្វើឱ្យបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោក។
លោកថា៖ «ប្រជាពលរដ្ឋនៅតំបន់អង្គរ សូមអរគុណហើយជាមួយនឹងការចាកចេញ។ ប្រសិនបើមិនចាកចេញ ហើយនៅតែនៅខុសច្បាប់ក្នុងតំបន់អង្គរ អង្គរវត្តនឹងត្រូវគេដកចេញពីបេតិកភណ្ឌពិភពលោក ព្រោះវាបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌពិភពលោកហើយ ព្រោះយើងមិនអនុវត្តតាមកាតព្វកិច្ចតម្រូវដោយគណៈកម្មការបេតិកភណ្ឌពិភពលោក បែរជាមានសំណង់នៅទីនោះ»។
លោកនាយករដ្ឋមន្ត្រីបន្តថា លោកបានបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា នៅឈរជើងដោះស្រាយបញ្ហានេះនៅតំបន់អង្គរ និងបានបញ្ជាឱ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ធ្វើផ្លូវចម្ងាយ១៤៤គីឡូម៉ែត្រ សាលារៀន និងមន្ទីរពេទ្យ ជាដើម នៅទីតាំងថ្មីដែលរៀបចំជូនពលរដ្ឋដែលព្រមចាកចេញពីតំបន់អង្គរផងដែរ។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តសៀមរាប លោក ហ៊ី សាយ ថ្លែងថា អាជ្ញាធរកំពុងសម្អាតដីឡូត៍ជូនពលរដ្ឋចំនួន ៩៣៦គ្រួសារ ដែលស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់អង្គរនោះ។ តែយ៉ាងណា លោកមិនទាន់អាចបញ្ជាក់បានទេ ថាតើនៅសេសសល់សំណង់ប៉ុន្មានទៀតដែលនឹងត្រូវរុះរើបន្តនោះដែរ។ បើតាមមន្ត្រីរូបនេះ ទីតាំងថ្មីនៅឃុំរុនតាឯក ដែលដោះដូរជូនពលរដ្ឋដែលព្រមចាកចេញនោះ មានចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីតំបន់អង្គរ។
លោកថា៖ «អត់ទាន់បានរុះរើទេ! ឥលូវហ្នឹងកំពុងរៀបចំដីឡូត៍ជូនគាត់ កំពុងសម្អាតដីឡូត៍ជូនគាត់អ៊ីចឹង។ សម្អាតដីឡូត៍រួច ទើបគាត់រុះរើ។ […] មិនមែនជាសំណង់ទេ ជាគោលនយោបាយជូនគាត់។ [ចុះក្រៅពីដីឡូត៍ តើមានគោលនយោបាយអីបន្ថែមទៀតទេ?] មិនមានទេៗ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តសៀមរាប លោក ច័ន្ទ ចំរើន លើកឡើងថា លោកពុំអាចវាយតម្លៃបានទេ ថាតើបើម្ចាស់សំណង់មិនរុះរើចេញពីតំបន់អង្គរទេ អាចប៉ះពាល់ដល់លក្ខណៈសម្បត្តិជាបេតិកភណ្ឌនៃប្រាសាទអង្គរវត្តក្នុងកម្រិតណានោះ។
តែយ៉ាងណា លោកជំរុញទៅអាជ្ញាធរគួរដោះស្រាយបញ្ហាឱ្យមានតម្លាភាព និងផ្តល់ការដោះដូរឱ្យបានសមរម្យទាំងទំហំដី និងហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។
លោកថា៖ «អ៊ីចឹងបើចាំបាច់ត្រូវការដោះដូរ គឺយើងត្រូវតែដោះដូរ ដែលគាត់ផ្លាស់ទៅកន្លែងថ្មីហ្នឹង គាត់អាចរស់បាន ហើយសូមឱ្យការអនុវត្តទាំងអ្នកតូច អ្នកធំ អ្នកមានអំណាច គឺថាស្មើគ្នាទាំងអស់ អត់មានថាអ្នកណាអាចនៅបាន បើថាដោះដូរៗទាំងអស់គ្នាហ្នឹង។ អាហ្នឹងគេហៅថាអនុវត្តស្មើគ្នាចំពោះមុខច្បាប់»។
បើតាមរបាយការណ៍ជុំវិញការអនុវត្តយុទ្ធនាការចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គររបស់ក្រសួងរៀបចំដែនដី គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ក្រុមការងារចម្រុះ និងអាជ្ញាធរពាក់ព័ន្ធ បានរៀបចំដីឡូត៍នៅតំបន់អភិវឌ្ឍន៍រុនតាឯកសម្រាប់ពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ បានតាំងទីលំនៅថ្មី បានទំហំជាង១០០ហិកតា (១១១,១០ហិកតា) និងបានចុះបោះបង្គោលព្រំដីឡូត៍នៅភូមិធម្មជាតិរុនតាឯកបានចំនួន ៨១៩ឡូត៍ ព្រមទាំងបានសាងសង់ផ្លូវសម្រេចបានប្រវែង ៣ ២៣០ម៉ែត្រ ឬស្មើជាង ១៩ភាគរយ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ក្នុងពិធីបើកយុទ្ធនាការចុះវាស់វែងកំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១៧ ខែសីហា បានព្រមានចាប់ខ្លួនជនណាដែលហ៊ានចេញមុខតវ៉ាដោយហិង្សា ពាក់ព័ន្ធការរុះរើសំណង់នៅតំបន់អង្គរ ខណៈក្រសួងរកឃើញថាមានសំណង់ខុសច្បាប់ជាង៨ ៤០០ករណី ក្នុងតំបន់រមណីយដ្ឋានអង្គរ គិតពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន។
ចំណែកក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ ឱ្យដឹងថា យុទ្ធនាការចុះវាស់វែងកំណត់និយាមកាក្បាលដីនេះ មានគោលដៅការពារតំបន់រមណីយដ្ឋានអង្គរទំហំ៤១០គីឡូម៉ែត្រការ៉េ ដែលបានចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំ១៩៩២។
ប្រភពដដែលបន្តទៀតថា នាដើមឆ្នាំ២០២២ មានអ្នកឆ្លៀតឱកាសមួយចំនួនបានសាងសង់សំណង់ខុសច្បាប់រាប់រយករណី បន្ថែមពីលើករណីសំណង់ខុសច្បាប់ជាច្រើនទៀតដែលបានរំលោភបំពាននាពេលកន្លងមក ក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ។
ក្រសួងរៀបចំដែនដី បន្ថែមថា ក្រុមការងារតម្រង់ទិសនឹងពិនិត្យលទ្ធភាពផ្តល់ដីនៅតំបន់អភិវឌ្ឍន៍រុនតាឯក សម្រាប់ដោះស្រាយជាយថាហេតុ ជូនប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌក្នុងការទទួលបាននូវទីតាំងលំនៅថ្មី ហើយអ្នកដែលនៅបន្តទន្ទ្រានដីក្នុងតំបន់នេះ និងអ្នកមិនរុះរើសំណង់ខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕