នាយក​រដ្ឋមន្ត្រី​ដាស់តឿន​មន្ត្រី​មូលដ្ឋាន​ឱ្យ​សកម្ម​នឹង​ការងារ​និង​ចុះពិនិត្យ​ដោះស្រាយ​បញ្ហា​ផ្លូវខូច

រថយន្តដឹកដីកំពុងធ្វើចរាចរណ៍លើដងផ្លូវដែលកំពុងខូចខាត សង្កាច់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (ពក ពន្លឺ)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកនិងដាស់តឿន​ដល់​​អាជ្ញាធរមូលដ្ឋាន​ត្រូវ​សកម្ម​ក្នុង​​ការ​ដោះស្រាយបញ្ហាក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេស​ត្រូវ​​ចុះ​​​ពិនិត្យ​​និង​ជួលជុល​​​​​ផ្លូវ​​​ដែលរង​​ការ​ខូច​ខាត ដោយ​លោក​ថា ​​​មិ​​ន​មែន​ឱ្យកាន់តំណែង​​ហើយ​អង្គុយ​លេ​ង​នោះ​ទេ។

ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ស្ពាន​អាកាស​ក្នុងរាជធានីភ្នំពេញ នៅ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ២០២២​​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា កន្លងមក លោកបានបញ្ជា​ឱ្យដកអភិបាលក្រុងតាខ្មៅ ខេត្តកណ្ដាល​ ចេញពីតំណែង ដោយសារតែមន្ត្រីរូបនោះមិនយក​ចិត្ត​​ទុ​ក​ដាក់​ក្នុង​ការ​បំពេញ​ការ​ងារ និងមិនបានចុះទៅពិនិត្យ​មើលជួសជុលផ្លូវដែលរងការខូច​ខាត​ឡើងវិញ។

ជាមួយគ្នានេះ លោក​បាន​ដាស់តឿនដល់មន្ត្រីអាជ្ញាធរ​ក្រុង-ស្រុក-ខណ្ឌ​ទាំង​អស់ រួមទាំងប្រធាន​មន្ទីរ​​សាធារណការ ​និងដឹកជញ្ជូន រាជធានី-ខេត្ត ត្រូវចុះពិនិត្យមើលនិង​ជួសជុលផ្លូវដែលខូចខាតឡើងវិញ និង​ត្រូវដោះស្រាយបញ្ហាផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក​ថា៖ «មិនមែននិយាយសំដៅតែទីក្រុងភ្នំពេញ និងខេត្តកណ្ដាលទេ គឺគ្រប់ខេត្តទាំងអស់ ដែលទទួលខុសត្រូវមើលទីក្រុង ទីប្រជុំជន ត្រូវមើលផ្លូវ»។

លោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែមថា៖ «ដោយ​សារ​តែ​មាន​ការ​ងារ​ច្រើន​នៅក្នុ​ង​មូល​ដ្ឋាន រាជរដ្ឋាភិបាល​បាន​ចេញ បាន​រៀបចំ​ធ្វើវិសោធនកម្ម​ច្បាប់​បង្កើន​អាសនៈ​ឱ្យថ្នាក់រាជធានីនិងខេត្ត បង្កើន​អាសនៈ​ឱ្យ​ក្រុង ស្រុក ខណ្ឌ ព្រោះការ​ងារ​កាន់​តែ​ច្រើន​ទៅៗ​ ការ​ផ្ទេរអំណាច​ពី​ខាង​លើ​ទៅ​ឱ្យ​ខាង​ក្រោម​ គឺ​មាន​ច្រើន។ ការផ្ទេរនេះមិនមែនទៅដើម្បីអស់លោកទៅអង្គុយជំនុំគ្នាលេងអុកទេ អត់​ទេ! […]​ ព្រោះការ​ងារ​មួយ​រយ​ជំពូក ចុះ​ផ្ទេរទៅឱ្យមូលដ្ឋាន​ហើយ អ៊ីចឹងមូលដ្ឋានត្រូវចេះមើល»។

លោក​ក៏បាន​បញ្ជាទៅមន្ត្រីពាក់ព័ន្ធ ត្រូវទប់ស្កាត់និងដាក់ពិន័យឱ្យបានតឹងរ៉ឹងតាមច្បាប់ ចំពោះ​​ករណី​រថយន្តដឹកលើសទម្ងន់កំណត់ ដែល​ជាកត្តារួមចំណែកនាំឱ្យ​​ខូចផ្លូវផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ