បុរសជនជាតិចិនឈ្មោះ ចេន បៅរ៉ុង (Chen Baorong) ដែលត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន ខណៈព្យាយាមជួយសង្គ្រោះពលករដែលត្រូវបានបង្ខាំងពីទីតាំងឆបោកនៅកម្ពុជា ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្នុងសវនាការកាលព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។ នេះបើយោងតាមភរិយារបស់លោកដែលបានចូលរួមស្ដាប់ការប្រកាសសាលក្រម។
សេចក្ដីសម្រេចនេះធ្វើឡើងនៅសាលាដំបូងខេត្តព្រះសីហនុ ប៉ុន្តែអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុមិនទាន់បញ្ជាក់ពីការផ្ដន្ទាទោសលោក Chen Baorong និងអ្នកដទៃទៀត ក្នុងសំណុំរឿងនេះនៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនក៏បានរាយការណ៍ផងដែរថា លោក Chen Baorong ត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។
មនុស្សចំនួន៤នាក់ត្រូវបានចាប់ខ្លួនក្នុងករណីនេះ រួមមាន លី យ៉ាយ័នលុន (Li Ya Yuan Lun) អាយុ៣១ឆ្នាំ, ចេន ហ្សៅហ៊ូ (Chen Xiaohua) អាយុ៤១ឆ្នាំ, តាន់ ហ្សៅម៉ី (Tan Xiaomei) អាយុ៤១ឆ្នាំ និងលោក ចេន បៅរ៉ុង (Chen Baorong)។
កាលពីខែកុម្ភៈ ឈ្មោះ Li Ya Yuan Lun ធ្លាប់បានអះអាងថា បន្ទាប់ពីបដិសេធការងារឆបោកក្នុងក្រុងព្រះសីហនុ ក្រុមដែលបង្ខាំងគាត់បានបូមឈាមរបស់គាត់។ រឿងនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ពីអន្តរជាតិ ជាពិសេសនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាភាសាចិន ប៉ុន្តែអាជ្ញាធរកម្ពុជាបានចាត់ទុករឿងនេះថាជារឿងប្រតិដ្ឋ និងបានចាប់ខ្លួន Li Ya Yuan Lun, Chen Xiaohua និងជំនួយការរបស់គាត់ និងវេជ្ជបណ្ឌិតម្នាក់។
លោក Chen Baorong ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ដោយសាលាដំបូងខេត្តព្រះសីហនុ កាលពីខែមីនា ពីបទញុះញង់ឱ្យមានការរើសអើង ធ្វើសេចក្ដីប្រកាសមិនពិត ការជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញមុខងារសាធារណៈ និងការប្រើប្រាស់វិញ្ញាបនបត្រវិជ្ជាជីវៈដោយខុសច្បាប់។
Li Ya Yuan Lun ត្រូវបាននិរទេសកាលពីខែមិថុនា។ នេះបើយោងតាមនាយកដ្ឋានអន្តោប្រវេសន៍។
ភរិយារបស់លោក Chen Xiaohua ដែលជាជនជាតិខ្មែរ គឺលោកស្រី នាង ស្រីលក្ខណ៍ អាយុ៣៨ឆ្នាំ ប្រាប់វីអូឌីកាលពីថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ ថាប្ដីរបស់លោកស្រីត្រូវបានរកឃើញថាជាប់ពិរុទ្ធ។
លោកស្រី នាង ស្រីលក្ខណ៍ បាននិយាយថា៖ «តុលាការបានផ្ដន្ទាទោសគាត់ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ។ ខ្ញុំនិយាយមិនចេញទេ ខ្ញុំមិនចាំអ្វីទាំងអស់។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វី ហើយខ្ញុំវង្វេងស្មារតីអស់ហើយ។»
លោកស្រីបន្តថា លោក Chen Xiaohua ក៏ត្រូវបានបង្គាប់ឱ្យបង់ប្រាក់ចំនួន៤លានរៀល ឬប្រហែល១ពាន់ដុល្លារ ជាការផាកពិន័យផងដែរ។ លោកស្រីជឿថា អ្នកផ្សេងទៀតក្នុងករណីនេះ ក៏ត្រូវបានផ្ដន្ទាទោសដែរ។
លោកស្រីបន្ថែមថា៖ «ខ្ញុំមានអារម្មណ៍សោកស្ដាយជាខ្លាំង ដែលសេចក្ដីសម្រេចរបស់តុលាការ គឺហួសពីការរំពឹងទុករបស់យើង»។
លោកស្រីបន្ថែមថា លោកស្រីនឹងពិភាក្សាជាមួយស្វាមីរបស់លោកស្រី ថាតើត្រូវប្ដឹងឧទ្ធរណ៍ឬទេ។
អាជ្ញាធរបានឆ្មក់ជួយសង្រ្គោះពលកររបរទេសជាបន្តបន្ទាប់ពីទីតាំងឆបោក ខណៈមានសម្ពាធពីអន្តរជាតិកាន់តែខ្លាំង។
អាជ្ញាធរបាននិយាយថា រហូតមកទល់ពេលនេះ មនុស្សជិត១ ០០០នាក់ត្រូវបានសង្រ្គោះនៅឆ្នាំនេះ បើទោះបីជាពួកគេបន្តច្រានចោល ឬបដិសេធចំពោះការអះអាងថាមានការឃុំខ្លួន និងការធ្វើទារុណកម្មក៏ដោយ។
លោក សុខ ជា មេធាវីការពារក្តីរបស់លោក ចេន បៅរ៉ុង បដិសេធមិនឆ្លើយសំណួរអំពីករណីនេះឡើយ។ គិតត្រឹមម៉ោង៥ល្ងាច កាលពីថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២ អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លី ចាន់តារា មានប្រសាសន៍ថា លោកកំពុងរៀបចំចេញការឆ្លើយតបអំពីករណីនេះ៕
បកប្រែ និងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Wife Says Trafficking Rescuer Sentenced to Two Years in Prison