ជនបរទេស​២១នាក់​ទៀត​ត្រូវ​បាន​សង្គ្រោះ​ក្នុង​ករណី​ជួញដូរ​មនុស្ស

ផ្លាកសញ្ញា “Golden Phoenix Entertainment City” នៅខាងក្រៅអគារ Pacific Real Estate ក្នុងឃុំសំពៅពូន ខេត្តកណ្តាល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ (Danielle Keeton-Olsen)

នគរបាលខេត្តព្រះសីហនុបានឃុំខ្លួនបុរសជនជាតិចិនម្នាក់ និងបានសង្គ្រោះជនជាតិម៉ាឡេស៊ីចំនួន១៦នាក់ដែលត្រូវបានបង្ខាំងទុកនៅទីតាំងមួយក្នុងក្រុងព្រះសីហនុ។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ ​បាន​មាន​ប្រសាសន៍​កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ថាប្រតិបត្តិការជួយសង្គ្រោះនេះជាការឆ្លើយ​តបទៅ​នឹង​ពាក្យ​បណ្ដឹង​ដែលបានរាយការណ៍ទៅ​កាន់​បណ្ដាញ​ទូរសព្ទ​ទាន់​ហេតុការណ៍របស់ក្រសួង​ អំពីទីតាំង​មួយ​នៅ​ភូមិ​៦ សង្កាត់លេខ​៤ ក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​អង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។ ដោយ​មាន​ការ​សហការ​ពី​ម្ចាស់​ទីតាំង មន្ត្រី​នគរបាល​បាន​ចុះ​ពិនិត្យ​ទីតាំង​នោះ​ និង​បាន​រក​ឃើញ​បុរសនិងស្រ្តី​ជនជាតិ​ម៉ាឡេស៊ី​។ នគរបាល​ក៏​បាន​នាំ​ខ្លួន​បុរស​ជនជាតិ​ចិន​ម្នាក់​​មក​សាកសួរ​បន្ថែម។

លោក ខៀវ សុភ័គ បាន​ថ្លែង​ថា៖ ​«​ក្នុង​ចំណោមមនុស្សទាំង១៦នាក់ អ្នក​ខ្លះ​មាន​លិខិតឆ្លងដែន អ្នកខ្លះ​មិន​មាន​។»

​លោកបន្ថែមថា៖ «ឯកសារមួយចំនួនរបស់ពួកគេត្រូវបានដកហូត។ រឿងរបស់ពួកគេមិន​ខុស​​គ្នា​ទេ​… [ពួកគេ] ទទួលបានប្រាក់ខែខ្ពស់ ប៉ុន្តែត្រូវបានបង្ខាំង និងមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្រុមហ៊ុនឡើយ។ អ្នកទាំងអស់នោះ​ស្នើ​សុំ​ត្រលប់​ទៅ​ប្រទេស​របស់​ខ្លួន​វិញ ហើយ​បន្ទាប់​ពី​បាន​សាក​សួរ [យើង​ជឿ​ថា] គ្មាន​ការ​ធ្វើ​ទារុណកម្ម​ឡើយ»។

លោកបន្ត​ថា អ្នក​ដែលត្រូវបានបង្ខាំងទាំង១៦​នាក់នោះត្រូវបានអនុញ្ញាតឱ្យនៅតែក្នុងក្រុមហ៊ុនឬ​បន្ទប់​របស់​ពួក​គេ​ប៉ុណ្ណោះ។ អ្នកទាំងនេះ​ជំពាក់​បំណុល​ថៅកែ ​ដូច្នេះ​ត្រូវ​ធ្វើការដើម្បីដោះបំណុល។

លោក​ ស ខេង បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «យើង​បើកប្រតិបត្តិការសង្រ្គោះរាល់​ថ្ងៃ ព្រោះ​មានពាក្យបណ្ដឹងពី​បង​ប្អូនរបស់ជនរងគ្រោះ ឬ​អាជ្ញាធរ​នៅ​ក្រៅ​ប្រទេស។ ប៉ុន្មានថ្ងៃនេះ យើងបានទទួលពាក្យបណ្ដឹងចំនួន៤០ករណី»។

ក្នុងប្រតិបត្តិការដាច់ដោយឡែកមួយ នគរបាលខេត្តព្រះសីហនុបានជួយសង្គ្រោះជនជាតិវៀតណាមចំនួន៥នាក់ បើទោះបីជាអាជ្ញាធរបានបដិសេធថា មិនមែនជាការបង្ខាំងក៏ដោយ។

លោក ណុប បញ្ញា ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលបន្ទុកបទល្មើសព្រហ្មទណ្ឌ បានថ្លែងថា កម្លាំងរបស់លោកបានជួយសង្គ្រោះជនជាតិវៀតណាមចំនួន៥នាក់ ក្នុងនោះ ប្រុស៣នាក់ និងស្រី២នាក់ ពីកន្លែងធ្វើការក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។ ក្រោយពីសាកសួរអ្នកគ្រប់គ្រងរួចមក សមត្ថកិច្ចបានកំណត់ថា ពុំមានការបង្ខាំងនិងធ្វើទារុណកម្មទេ ហើយអ្នកទាំង៥នាក់គ្រាន់តែចង់ត្រលប់ទៅស្រុកកំណើតវិញប៉ុណ្ណោះ។

លោក​បន្ថែម​ថា៖ «យើង​នៅតែ​បន្ត​នីតិវិធី​​ជាមួយ​ពួកគេ»។

លោក ផាន់ វាសនា ប្រធានមជ្ឈមណ្ឌលប្រចាំបញ្ជានៃ​អគ្គស្នងការ​ដ្ឋាននគរបាល​ជាតិ​ បាន​ថ្លែង​ថា នគរបាល​ខេត្តព្រះសីហនុ​បាន​ឆ្លើយ​តប​នឹង​ពាក្យ​បណ្ដឹង​ដែល​បានទទួល​ហើយ​ថា ទីតាំង​បង្ខាំងមនុស្សទុកនោះ​ គឺ​នៅ​ភូមិ​៤ ឃុំ​៤។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់ វីអូឌី កាលពីថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ថាមន្ត្រីនគរបាលគ្រោងធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីពន្យល់ពីមូលហេតុដែលនគរបាលចាត់ទុកករណីទាំងនេះថាជា «វិវាទការងារ» និងថាមិនមែនជាការបង្ខាំងមនុស្សទុកទេ។

ជាមួយគ្នានេះដែរ មន្ត្រីនគរបាលបានប្រកាសថា នឹងនិរទេសជនជាតិវៀតណាមដែលត្រូវបានរកឃើញនៅទីតាំងសង្ស័យការងារដោយបង្ខំតាមព្រំដែនស្ថិតក្នុងឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល។

គួរ​បញ្ជាក់ថា ​កាល​ពី​ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ២០២២ ​មនុស្ស៤២នាក់​បាន​រត់​ចេញ​ពីកាស៊ីណូជ្រៃធំ និងបាន​លោត​ចូល​ទន្លេបិញយី (Binh Di) ដើម្បីហែល​ឆ្លង​ទៅ​ប្រទេស​វៀតណាម។ ក្នុង​ចំណោមអ្នកទាំងនោះ មាន​ម្នាក់​អាយុ​១៦​ឆ្នាំ​បាន​លង់ទឹក​ស្លាប់​​។

លោក កែវ វ៉ាន់ថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានប្រសាសន៍ថា នគរបាលបានរកឃើញមនុស្ស១១នាក់ទៀតនៅកាស៊ីណូជ្រៃធំ ដែលមិនមានលិខិតឆ្លងដែន ប៉ុន្តែលោកបដិសេធផ្តល់ព័ត៌មានអំពីការស៊ើបអង្កេតនោះ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​បាន​ធ្វើ​ការ​លើករណីនេះ និង​បាន​ស្នើ​ឱ្យ​ថ្នាក់​ដឹក​នាំ​របស់​យើង​បណ្ដេញ [ពួកគេ] ចេញ ហើយ​នៅ​ពេល​ដល់កាលកំណត់ ត្រូវប្រកាសបណ្ដាញចេញ យើង​នឹង​បណ្ដេញ​ពួកគេ​ចេញ ដោយ​អនុលោមតាម​ច្បាប់​ស្តីពីអន្តោប្រវេសន៍»។

លោក កែវ វ៉ាន់ថន បានបដិសេធផ្តល់ព័ត៌មានបន្ថែមអំពីការស៊ើបអង្កេតរបស់នគរបាលចំពោះកាស៊ីណូនេះ ហើយបានបង្វែរសំណួរទៅនគរបាលខេត្តកណ្ដាល ប៉ុន្តែមន្រ្តីនគរបាលខេត្តកណ្ដាលមិនបានលើកទូរសព្ទទេ៕


បកប្រែ និងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ At Least 21 More Foreign Nationals Freed in Human Trafficking Raids

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ