ជាង២ឆ្នាំ សេចក្ដី​ព្រាងច្បាប់​ស្ដីពី «សិទ្ធិទទួលព័ត៌មាន» បន្ត​ទើរ​ត្រឹម​ក្រសួង​ព័ត៌មាន​និង​ក្រសួង​យុត្តិធម៌

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងព័ត៌មាន» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ី ឆាយ)

មន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងថា ក្រុមការងារបច្ចេកទេស​កំពុងបន្ត​ពិនិត្យ​លើ​សេចក្ដីព្រាងច្បាប់ស្តីពី «សិទ្ធិទទួល​​ព័ត៌​មាន»​ នៅ​ឡើយ ហើយ​ក្រុមការងារនឹងព្យាយាម​បញ្ចប់​ការពិនិត្យពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់នេះឱ្យ​បាន​​ឆាប់ ដើម្បី​​​​បញ្ជូន​​ទៅ​​ស្ថាប័ន​ពាក់ព័ន្ធសម្រេច​អនុម័ត។

គណៈកម្មការអន្តរក្រសួងរបស់រដ្ឋាភិបាលបានឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់នេះ កាល​ពីខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយ​ពី​បញ្ចប់កិច្ចពិភាក្សាជាមួយក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ​ដែល​ពាក់ព័ន្ធ។ ក៏ប៉ុន្តែ​ពេល​នោះ សេចក្តីព្រាងច្បាប់​នេះមិនត្រូវបានប​ញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រីភ្លាមៗទេ ដោយ​​ក្រសួង​ព័ត៌​មាន​​​ថាត្រូវ​ពិភាក្សា​បន្ថែម​ទៀត​​ជាមួយ​ក្រសួង​យុត្តិធម៌​សិន​ ជុំវិញ​ទោសប្បញ្ញត្តិ។ បើគិតមកដល់ពេលនេះមានរយៈពេលជាង២ឆ្នាំមកហើយ ដែលសេចក្តីព្រាងច្បាប់មួយនេះស្ថិតក្នុងដៃក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំង២នេះ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងព័ត៌មាន» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ្ឌ បានថ្លែងថា គិតមកដល់ពេលនេះ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន កំពុង​ស្ថិត​​ក្នុង​ដៃ​ក្រុមការ​ងារ​បច្ចេកទេស​របស់ក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ដើម្បី​​ពិនិត្យនិងសម្រេចចុងក្រោយ មុន​នឹងបញ្ជូនទៅ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ទីស្តីការ​គណៈរ​ដ្ឋ​មន្ត្រី ក៏ដូចជាស្ថាប័ននីតិបញ្ញត្តិ​ ដើម្បីពិនិត្យនិងអនុម័ត។

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា ដើម​ចមដែលនាំឱ្យសេចក្តីព្រាងច្បាប់នោះមិនទាន់បញ្ជូនទៅស្ថាប័នពាក់ព័ន្ធសម្រេចនិងអនុម័តឱ្យបានឆាប់ ដោយសារតែរង់ចាំគ្រប់ភាគីពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ។

លោកមានប្រសាសន៍ថា៖ «ក្រសួងព័ត៌មានយើង​នៅតែបន្តខិតខំជំរុញអនុម័តច្បាប់ស្តីពីសិទ្ធិទទួល​ព័ត៌​មាន​ឱ្យ​បាន​លឿន ក៏ប៉ុន្តែវាមានមូលហេតុ៣ ដែល​ខ្ញុំច​ង់​បញ្ជាក់​ជូន​បន្តិច រហូតមកដល់ពេលនេះ ក៏យើងនៅតែផ្តល់​យោបល់ពីអ្នកពាក់ព័ន្ធ។ ដូច្នេះ យើងត្រូវរៀបចំច្បាប់ហ្នឹងឱ្យវាស្របទៅតាមនីតិវិធី ហើយនីតិវិធីក៏វាមានភាពស្មុគ​ស្មាញ​ដែរ។ ទី២ ​យើងរៀបចំឱ្យវាស្របទៅនឹងបទដ្ឋានជាតិនិងអន្តរជាតិដែលយើងបានបំពេញ ក៏ដូចជាច្បាប់ បទដ្ឋានគតិយុត្តិដែលមានជាធរមាន»។

វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែម​ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ នៅថ្ងៃនេះ។

ប៉ុន្តែកន្លងមក លោកធ្លាប់ប្រាប់វីអូឌីថា មន្ត្រីក្រសួងយុត្តិធម៌បាន​ចូលរួមប្រជុំលើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួល​​ព័ត៌មាន​ជាមួយក្រសួងព័ត៌មានដែរ តែ​ក្រសួង​យុត្តិធម៌បាន​ត្រឹម​តែ​ជួយ​ពិនិត្យ​និងផ្តល់យោបល់​តែប៉ុណ្ណោះ ហើយ​ការសម្រេចយ៉ាងណានោះទុកឱ្យក្រសួងសាម៉ីជាអ្នកសម្រេច។

លោក​មានប្រសាសន៍ថា៖ «ក្រសួងយុត្តិធម៌គ្រាន់តែចូលរួមទេ ក្នុងការផ្តល់យោបល់ទាក់ទងរឿងទោសប្បញ្ញត្តិ មានក្រុមការងារក្រសួង [យុត្តិធម៌] ចូលរួមជាមួយតែប៉ុណ្ណឹងឯង ក្នុងការពិនិត្យផ្តល់យោបល់លើទោសប្បញ្ញត្តិ។ ក៏ប៉ុន្តែជាខ្លឹមសារទាំងមូល ជាដំណើរការប្រព្រឹត្ត​ទៅ នីតិវិធីនៃការតាក់តែង គឺក្រសួងព័ត៌មានជាអ្នកដឹកនាំ»។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ណុប វី មានប្រសាសន៍ថា ការសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន»​ ទៅរដ្ឋសភាអនុម័តឱ្យបានឆាប់ឬយ៉ាងណានោះ គឺអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល។

លោកបន្តថា៖ «បើសិនជាយើងត្រូវការពិនិត្យផ្ទៀងផ្ទាត់ និងការឆ្លើយតបស្តង់ដារអន្តរជាតិ គួរតែបើកឱកាសឱ្យ​មានការចូលរួមពីអង្គការសង្គមស៊ីវិល ពីព្រោះយើងធ្លាប់មានបទពិសោធន៍ធ្វើការជាមួយពីមុន។ បើសិនជាយើងធ្វើអ៊ីចឹង ទើបយើងធានាស្តង់ដារសិទ្ធិមនុស្ស ស្តង់ដារសេរីភាពបញ្ចេញមតិ ឬក៏ស្តង់ដារអន្តរជាតិបាន។ បើសិនជាយើងមិនបានចូលរួម យើងមិនធានាទេ ថាច្បាប់ហ្នឹងឆ្លើយតបនឹងស្តង់ដារនោះទេ»។

ប្រធាន​នាយកដ្ឋានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ​ នៃមជ្ឈមណ្ឌលកម្ពុជា​ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោកស្រី ឆន សុគន្ធា មានប្រសាសន៍ថា បើសិនជារដ្ឋាភិបាលនៅតែពន្យារពេល មិនឱ្យសេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» នោះចេញជារូបរាងក្នុងពេលឆាប់ៗនេះទេ នឹងធ្វើឱ្យសេរីភាពបញ្ចេញមតិ និង​សិទ្ធិ​ទទួលព័ត៌​មាន នៅតែរងការប្រឈម។ ផ្ទុយទៅវិញ អ្នកស្រីថា បើសេចក្តីព្រាងច្បាប់នេះចេញជារូបរាងឱ្យបាន​ឆាប់​ នោះ​នឹង​ជួយ​​ការ​​ពារ​​ប្រយោជន៍ច្រើនដល់អ្នកសារព័ត៌មាន និងរក្សានូវប្រភពផ្តល់ព័ត៌មាន ហើយជួយ​ការពារដល់សាក្សីក្នុង​ការផ្តល់ព័ត៌មានជាដើម។

លោកស្រីមានប្រសាសន៍ថា៖ «បើសិនជាច្បាប់ ទាំងពលរដ្ឋ ទាំងអង្គការសង្គមស៊ីវិល គិតថាល្អ ហើយបែរជាពន្យា​រពេល​អាស្រ័យទៅលើឆន្ទៈរបស់ថ្នាក់ដឹកនាំ វាមានការប៉ះពាល់ច្រើនដល់សេរីភាពនៅក្នុងការទទួលព័ត៌មាន ក៏ដូចជាសេរីភាពក្នុងការបញ្ចេញមតិទៅដល់ពលរដ្ឋ ក៏ដូចជាក្រុមអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានផងដែរ»។

បើតាមលោកស្រី ឆន សុគន្ធា កាលពីអំឡុងខែមិថុនា ក្រុមអង្គការសង្គមស៊ីវិលក៏​បានដាក់លិខិតទៅស្ថាប័ន​ពាក់​ព័ន្ធឱ្យជួយពន្លឿនការ​អនុម័តសេចក្តីព្រាងច្បាប់ស្តីពី «សិទ្ធិទទួលព័ត៌មាន» នេះដែរ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ នៅ​មិនទាន់មានការឆ្លើយតបជាវិជ្ជមានណាមួយនៅឡើយទេ។

សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន មាន៩ជំពូក ៣៧មាត្រា ត្រូវបានផ្តួចផ្តើមឱ្យមានកិច្ចពិភាក្សានិងពង្រាងជាច្រើនឆ្នាំមកហើយ ដោយ​មានការចូលរួមផ្តល់យោបល់ពីអង្គការយូណេស្កូ (UNESCO) វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងអង្គការតម្លាភាព (TI) ជាដើម។

តែយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកធ្វើការលើវិស័យសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បាន​ចេញលិខិតចំហរួមគ្នាមួយទាមទារឱ្យរដ្ឋាភិបាលលុបចោលចំណុច៧ មាត្រា២០​ នៃច្បាប់នេះ ដោយថា ចំណុច​នោះមានន័យទូលំទូលាយពេក និងខ្វះនូវភាពជាក់លាក់ក្នុងការលាតត្រដាងព័ត៌មានសាធារណៈ។

ចំណុច៧ មាត្រា២០ ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ចែងថា «ព័ត៌មានសម្ងាត់ដទៃទៀតដែលស្ថិតក្នុងបទប្បញ្ញត្តិត្រូវហាមឃាត់» ដែលមានន័យថា ព័ត៌មានសម្ងាត់ដែលមានចែងក្នុងច្បាប់ផ្សេងៗត្រូវបាន​ហាមឃាត់ក្នុងការបញ្ចេញទៅឱ្យអ្នកដែលស្នើសុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ