ក្រុមស្ត្រីថ្ងៃសុក្រ​ស្នើ​លោក ស ខេង ផ្ទេរ​ស្វាមី​ពួកគេ​ពី​ពន្ធនាគារ​ត្រពាំងផ្លុង​មក​ព្រៃស​វិញ

ភរិយា​និងសាច់ញាតិរបស់សកម្មជនបក្សសង្គ្រោះជាតិដែលតុលា​ការ​​​រំលាយ​ ឬហៅថា «ក្រុមស្ត្រីថ្ងៃសុក្រ» បាននាំគ្នាទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​មហា​ផ្ទៃ ដើម្បី​ទាម​​ទារ​​ឱ្យ​​ផ្ទេរ​​ស្វាមី​របស់ពួកគេ​​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្តត្បូងឃ្មុំ មកកាន់​ពន្ធនាគារ​ព្រៃស ​ក្នុងរាជធានីភ្នំពេញ​​វិញ និង​ទទូច​ឱ្យ​បញ្ឈប់​នូវ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​ក្នុង​ពន្ធនាគារ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ភរិយា​និងសាច់ញាតិរបស់សកម្មជនបក្សសង្គ្រោះជាតិដែលតុលា​ការ​​​រំលាយ​ ឬហៅថា «ក្រុមស្ត្រីថ្ងៃសុក្រ» បាននាំគ្នាទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​មហា​ផ្ទៃ នៅព្រឹ​ក​ថ្ងៃព្រ​ហស្បតិ៍​នេះ ដើម្បី​ទាម​​ទារ​​ឱ្យ​​ផ្ទេរ​​ស្វាមី​របស់ពួកគេ​​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្តត្បូងឃ្មុំ មកកាន់​ពន្ធនាគារ​ព្រៃស ​ក្នុងរាជធានីភ្នំពេញ​​វិញ និង​ទទូច​ឱ្យ​បញ្ឈប់​នូវ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​ក្នុង​ពន្ធនាគារ។

អ្នកស្រី ព្រំ ចាន់ថា ភរិយា​លោក កាក់ កុម្ភារ សកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការ​រំលាយ​ មានប្រសាសន៍ថា ញត្តិដែលពួកគាត់បានដាក់ទៅនោះ គឺ​ស្នើទៅ​រដ្ឋមន្ត្រីក្រសួងមហា​ផ្ទៃ លោក ស ខេង ​ជួយអន្តរាគមន៍ក្នុងការផ្ទេរ​ស្វាមីរបស់ពួកគាត់ដែលកំពុងជាប់ឃុំនៅ​ពន្ធនា​គារ​ត្រពាំង​ផ្លុង មកកាន់ពន្ធនាគារព្រៃសវិញ ដោយសារនៅទីនោះ អ្នកស្រីអះអាងថា មន្ត្រីពន្ធនាគារ​បានបើកដៃឱ្យអ្នកជាប់ឃុំដូចគ្នាប្រើប្រាស់ហិង្សាលើស្វាមីរបស់ពួកគាត់។

ភរិយា​និងសាច់ញាតិរបស់សកម្មជនបក្សសង្គ្រោះជាតិដែលតុលា​ការ​​​រំលាយ​ ឬហៅថា «ក្រុមស្ត្រីថ្ងៃសុក្រ» បាននាំគ្នាទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​មហា​ផ្ទៃ ដើម្បី​ទាម​​ទារ​​ឱ្យ​​ផ្ទេរ​​ស្វាមី​របស់ពួកគេ​​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្តត្បូងឃ្មុំ មកកាន់​ពន្ធនាគារ​ព្រៃស ​ក្នុងរាជធានីភ្នំពេញ​​វិញ និង​ទទូច​ឱ្យ​បញ្ឈប់​នូវ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​ក្នុង​ពន្ធនាគារ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អ្នកស្រីថា៖ «មន្ត្រីពន្ធនាគារត្រពាំងផ្លុងហ្នឹង បាន​បើកដៃឱ្យ​ [អ្នកជាប់ឃុំ] ពួកគ្រឿងញៀនក្នុងហ្នឹង វាយគ្រួសារ​ពួកខ្ញុំ​​ ហើយ​​​​រងទុក្ខជាទម្ងន់។ ហើយឥលូវនេះ ​ខ្ញុំចង់ឱ្យ​រកដំណោះស្រាយធ្វើម៉េច​​យក​ពួកគាត់មកព្យាបាលនៅខាងក្រៅ ឬបញ្ជូនគាត់មកព្រៃស​វិញ។ ហើយ​បើមិនអ៊ីចឹងទេ ក្រុមគ្រួសារពួកខ្ញុំនឹងមានផលវិបាកយ៉ាងខ្លាំង ក្នុងនោះអ្វីក៏ថ្លៃ ពិបាកនឹងការ​រស់នៅខ្លាំងមែនទែនតែម្តង។ អ៊ីចឹង​មិនអាចធ្វើទារុណកម្មទៅលើសកម្មជននយោបាយអ៊ីចឹងបានទេ»។

ស្ត្រីរូបនេះបញ្ជាក់ដែរថា បើស្វាមីរបស់ពួកគាត់នៅបន្តឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង នោះនឹងធ្វើឱ្យពួកគាត់កាន់តែលំបាកក្នុងជីវភាព ដោយសារតែត្រូវធ្វើដំណើរឆ្ងាយ និងចំណាយ​ថវិកា​ច្រើន​ក្នុងការទៅសួរសុខទុក្ខ ខណៈសម្ភារផ្សេងៗក្នុងពន្ធនាគារនោះមានតម្លៃខ្ពស់។ ក្រៅពីនោះ អ្នកស្រីថា ក្រុមគ្រូពេទ្យអង្គការ​សិទ្ធិមនុស្សលីកាដូ ក៏ពិបាកក្នុងការតាមដានសុខភាពស្វាមីរបស់ពួកគេដែលកំពុងមានជំងឺប្រចាំកាយ​ផងដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ លើកឡើងថា ជាទូទៅ នៅក្នុងពន្ធនាគារមានវិន័យផ្ទៃក្នុង ខណៈថ្នាក់ដឹកនាំពន្ធនាគារជាអ្នកមានសិទ្ធិសម្រេចថាត្រូវធ្វើយ៉ាងណានោះ។ យ៉ាងណា លោកថា ក្រុមស្ត្រីថ្ងៃសុក្រទាំងនោះ ជានិច្ចកាលបានរំខាននៅពន្ធនាគារជារៀងរាល់ថ្ងៃសុក្រ ទើបមន្ត្រីពន្ធនាគារបញ្ជូនស្វាមីរបស់ពួកគេដែលជាប់ឃុំនៅពន្ធនាគារព្រៃស ទៅពន្ធនាគារត្រពាំងផ្លុងនោះ។

លោកព្រមានថា បើពួកគេនៅតែបន្តសកម្មភាពតវ៉ារំខាននៅត្រពាំងផ្លុងនោះ មន្ត្រីពន្ធនាគារអាចនឹងបញ្ជូនចេញទៅកាន់តែឆ្ងាយថែមទៀត។

លោក ខៀវ សុភ័គ ថា៖ «ធម្មតា សិស្សសាលារៀន ក៏គ្រូមានដាក់ចំណាត់ថ្នាក់ដែរ រៀនសូត្រទៅ មាត់កច្រើនហ្នឹង គ្រូឱ្យផ្លាស់ថ្នាក់ហើយ។ ហើយក្រុមថ្ងៃសុក្រនេះ វាមិនដូចអ្នកដទៃទេ ទៅនៅទីណា ទៅឡូឡាមុខពន្ធនាគារ វាយចានវាយឆ្នាំងអ៊ីចឹងទៅ រំខានគេ រំខានឯង រាល់តែថ្ងៃសុក្រ ថ្ងៃចន្ទអ៊ីចឹង។ ដូច្នេះ បើគិតមើលទៅ បើថាទៅវាយចានវាយឆ្នាំងនៅហ្នឹងអីទៀត អាហ្នឹងគេប្ដូរមកទៀតហើយ។ អាហ្នឹងគេរក្សាសណ្ដាប់ធ្នាប់ពន្ធនាគារគេផង។ […] ដល់តែយើង ៤-១០នាក់ហ្នឹងទៅរំខានគេរាល់ថ្ងៃសុក្រហ្នឹង ម្ចាស់ពន្ធនាគារគេដេញចោលហើយ គេមិនឱ្យនៅទេ ទៅនៅណាឱ្យឆ្ងាយទៅអ៊ីចឹង លើរឿងវាអ៊ីចឹងតើ»។

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ច្រានចោលនូវការដែលលើកឡើងថា មានការរើសអើងនិងរឹតត្បិតស្វាមីរបស់ស្ត្រីថ្ងៃសុក្រ ក្នុងការចូលជួបសួរសុខទុក្ខ។ ក្រៅពីនោះ លោកថា វាជារឿងធម្មតាទៅហើយដែលអ្នកជាប់ពន្ធនាគារមានសភាពទ្រុឌទ្រោម ខណៈពួកគេស្នាក់នៅក្នុងបន្ទប់តូចចង្អៀត អាហារមិនឆ្ងាញ់ ជាដើម។ ជុំវិញការចោទប្រកាន់របស់ស្រ្តីថ្ងៃសុក្រ ថាមន្រ្តីពន្ធនាគារត្រពាំងផ្លុងបើកដៃឱ្យអ្នកជាប់ឃុំប្រើហិង្សាលើស្វាមីរបស់ពួកគេនោះ លោក ខៀវ សុភ័គ ក៏បានច្រានចោលចំពោះការលើកឡើងនេះដែរ។ 

នាយកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ចាត់ទុកការ​ទាម​​ទាររបស់ក្រុមស្ត្រីថ្ងៃសុក្រ ថាជាសិទ្ធិសេរីភាពរបស់ក្រុមគ្រួសាររបស់អ្នកជាប់ឃុំដែលជាសកម្មជននយោបាយបក្សប្រឆាំង។

លោកថា ស្ត្រីទាំងនោះជាអ្នកប្រឈមផលវិបាកនានាដោយផ្ទាល់នាពេលកន្លងមក ដូចជា កត្តាធ្វើដំណើរផ្លូវឆ្ងាយ កត្តាជីវភាពខ្វះខាត ខណៈថ្មីៗ ស្វាមីរបស់ពួកគាត់រងអំពើហិង្សាក្នុងពន្ធនាគារទៀត ដែលធ្វើឱ្យក្រុមគ្រួសារកាន់តែព្រួយបារម្ភខ្លាំងឡើង។ ដូច្នេះ ទើបពួកគាត់ទទូចឱ្យមានការពិចារណាផ្ទេរស្វាមីពួកគាត់មកពន្ធនាគារព្រៃសនៅភ្នំពេញវិញ ព្រោះនៅជិតផ្ទះ អាចសួរសុខទុក្ខ ផ្ញើម្ហូបអាហារ ថ្នាំសង្កូវ និងតាមដានពីសុខភាព ជាដើម បានងាយជាង ខណៈពួកគាត់មានវ័យចំណាស់ និងមានជំងឺជាប់ខ្លួន។

មន្ត្រីសង្គមស៊ីវិលរូបនេះបង្ហាញសុទិដ្ឋិនិយមថា បើថ្នាក់ដឹកនាំពន្ធនាគារមានឆន្ទៈ នោះលទ្ធភាពផ្ទេរពីពន្ធនាគារត្រពាំងផ្លុងមកព្រៃសវិញ ប្រាកដជាអាចទៅរួច។

លោក អំ សំអាត ថា៖ «ជាចេតនាដែលចង់ធ្វើ វាទៅរួច វាមិនមែនថាទៅមិនរួចទេ! ព្រោះយើងផ្ទេរពីភ្នំពេញទៅត្រពាំងផ្លុង ហើយពីត្រពាំងផ្លុងមកភ្នំពេញវិញ។ ឧទាហរណ៍ថា ពេលដំណើរការនៅសាលាឧទ្ធរណ៍ និងតុលាការកំពូល ក៏ត្រូវអញ្ជើញពួកគាត់ពីត្រពាំងផ្លុងមកភ្នំពេញ ដើម្បីចូលរួមសវនាការដដែលហ្នឹង។ អាហ្នឹងវាជាលទ្ធភាពមួយដែលអាចធ្វើទៅរួចដែរ។ អ៊ីចឹងបានថាគួរតែពិនិត្យនិងពិចារណាទៅលើរឿងហ្នឹង។ ទី១ គឺកាត់បន្ថយភាពចង្អៀតណែនហើយ ប៉ុន្តែក៏ត្រូវគិតអំពីដំណើរការនីតិវិធីច្បាប់ ក៏ដូចជាផលវិបាកផ្សេងៗផងដែរ»។

តាមរយៈញត្តិចុះថ្ងៃទី១ ខែកញ្ញា ដែលមានស្នាមមេដៃរបស់ក្រុមស្ត្រីថ្ងៃសុក្រ ១៤រូប ដាក់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង សរសេរថា ស្ត្រីថ្ងៃសុក្រជាក្រុមដែលតែងតែចេញតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ តាមស្ថានទូតនានា ដើម្បីទាមទារឱ្យដោះលែងស្វាមី ឪពុក និងសាច់ញាតិកំពុងជាប់ពន្ធនាគារ ដែលជារឿងនយោបាយយ៉ាងអយុត្តិធម៌ ចំនួន១៤រូប។

ពួកគេបន្តថា ក្រសួងមហាផ្ទៃបានចាប់ក្រុមគ្រួសាររបស់ពួកគេយកទៅដាក់ពន្ធនាគារតាមតែអំពើចិត្ត។ ពួកគេចាត់ទុកថា ការដែលអាជ្ញាធរបានចោទប្រកាន់ស្វាមីពួកគាត់ថា «រួមគំនិតក្បត់» នោះ គឺជារឿងប្រតិដ្ឋ មួលបង្កាច់ ចាប់កំហុស និងជារឿងនយោបាយសុទ្ធសាធ។

ភរិយា​និងសាច់ញាតិរបស់សកម្មជនបក្សសង្គ្រោះជាតិដែលតុលា​ការ​​​រំលាយ​ ឬហៅថា «ក្រុមស្ត្រីថ្ងៃសុក្រ» បាននាំគ្នាទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​មហា​ផ្ទៃ ដើម្បី​ទាម​​ទារ​​ឱ្យ​​ផ្ទេរ​​ស្វាមី​របស់ពួកគេ​​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្តត្បូងឃ្មុំ មកកាន់​ពន្ធនាគារ​ព្រៃស ​ក្នុងរាជធានីភ្នំពេញ​​វិញ និង​ទទូច​ឱ្យ​បញ្ឈប់​នូវ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​ក្នុង​ពន្ធនាគារ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ញត្តិបន្ថែមថា៖ «យើងខ្ញុំបានជួបសួរសុខទុក្ខស្វាមី ឪពុក ឃើញស្ថានភាពរូបរាងកាយពួកគាត់មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង សូមសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ដោះស្រាយបញ្ហា (១) ទីកន្លែងចង្អៀតណែន (២) ខ្វះខាតចំណីអាហារ (៣) ខ្វះខាតអនាម័យ ដោយសារខ្វះខាតទឹក (៤) ជាពិសេសមានការវាយដំ និងធ្វើទារុណកម្មទាំងផ្លូវចិត្ត (៥) មានការរឹតត្បិតក្នុងការចូលជួបសួរសុខទុក្ខ (៦) មានការរឹតត្បិតរឿងផ្តល់ចំណីអាហារដោយក្រុមគ្រួសារនិងសាច់ញាតិ (៧) មានការរឹតត្បិតផ្នែកទំនាក់ទំនង ក្រុមគ្រួសារ និងសាច់ញាតិ»។

កាលពីថ្ងៃទី២១ ខែសីហា សមត្ថកិច្ចបាន​ផ្ទេរសកម្មជនបក្សប្រឆាំង​​​ចំនួន១៤នាក់ក្នុងចំណោមអ្នកជាប់ឃុំផ្សេងទៀតចេញពីពន្ធនាគារព្រៃសទៅកាន់ពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្បែរ​ព្រំដែនវៀតណាម ដោយគ្រួសារនិងមេធាវីអះអាងថាមិនបានបញ្ជាក់ពីមូលហេតុច្បាស់​លាស់ និងមិនបានជូនដំណឹងដល់ពួកគេឡើយ។ ​

សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយកាលពីឆ្នាំ២០១៧ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងការគាំទ្រដំណើរ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត។

ក្រោយពីមានការ​កាត់ទោស​ក្រុម​សកម្មជនបក្សប្រឆាំងក្នុងទ្រង់ទ្រាយធំចំនួន៤៣នាក់រួចមក អ្នកជំនា​ញ​សិ​ទ្ធិមនុស្សនៅ​អង្គ​ការសហប្រជាជាតិ​ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ បាន​ស្នើទៅរ​ដ្ឋាភិបាល​កម្ពុ​ជាឱ្យពិនិត្យឡើ​ង​វិញ​​លើ​ករ​ណីនេះ ដោ​​​​យ​ស​ម្អា​​​ងថា ​វិ​​​ធាននោះមិនបានភ្ជាប់កាតព្វកិច្ច​នៃការគោរព​សិទ្ធិមនុស្ស​​​អ​ន្តរ​ជា​តិ និងលំហ​នយោបាយ​ពហុ​បក្ស​​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ