អាល្លឺម៉ង់​ថា​ខ្លួន​នឹង​ពង្រីក​វត្តមាន​យោធា​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក

ប្រមុខ​ការពារជាតិ​អាល្លឺម៉ង់ លោក Eberhard Zorn ​ក្នុងបទ​សម្ភាសមួយ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ (REUTERS/Michele Tantussi)

អាល្លឺម៉ង់ នឹងពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាម​រយៈការបញ្ជូននាវាចម្បាំង​បន្ថែម​ទៀត និងចូលរួមសមយុទ្ធជាមួយសម្ពន្ធមិត្តទាំងឡាយ ខណៈខ្លួនក៏នឹងឃ្លាំមើលពីការកើន​ឡើង​នៃ​ឥទ្ធិពលយោធាចិនផងដែរ។

នេះបើតាមការឱ្យដឹងពីប្រមុខការពារជាតិអាល្លឺម៉ង់ដែលបានថ្លែង​ប្រាប់​ទីភ្នាក់ងារសារព័ត៌​មាន Reuters

ទាក់ទិននឹងករណីនេះ លោក អេប៊ែរហាដ ហ្សន (Eberhard Zorn) បន្តថា ​កងកម្លាំង​ប្រដាប់​អាវុធ​អាល្លឺម៉ង់ (Bundeswehr) គ្រោងនឹងបញ្ជូនទាហានទៅចូលរួមក្នុងសមយុទ្ធហ្វឹកហ្វឺននៅប្រទេសអូស្ត្រាលី នៅឆ្នាំក្រោយ ខណៈ​កងទ័ពជើងទឹកក៏នឹងបញ្ជូនកងនាវានៃកប៉ាល់ជាច្រើនគ្រឿងបន្ថែមទៀតទៅ​កាន់តំបន់​ នៅក្នុងឆ្នាំ២០២៤ខាងមុខផងដែរ។

ថ្លែងក្នុងបទសម្ភាសមួយដែលធ្វើឡើងនៅក្រសួងការពារជាតិ ក្នុងទីក្រុងប៊ែរឡាំង លោកបន្ថែមថា៖ «នេះហើយជាសកម្មភាពដែលយើងចង់ធ្វើក្នុងការបង្កើនវត្តមានរបស់យើងនៅក្នុងតំបន់»។

ការថ្លែងដោយប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ ក៏ត្រូវបានធ្វើឡើងស្របពេលដែលភាពតានតឹងទាំង​ឡាយ​នៅ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក បាននិងកំពុងតែកើនឡើងផងដែរ ជាពិសេសបន្ទាប់ពីករណីដែលប្រទេសចិនបានបង្កើនការធ្វើសមយុទ្ធយោធាដ៏ធំបំផុត​មិនធ្លាប់មាន នៅជុំវិញកោះតៃវ៉ាន់ កាលពីដើមខែ​សីហា។

ទោះជាយ៉ាងណា ទាក់ទិននឹងសំណួរថាតើអាល្លឺម៉ង់អាចនឹងបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់​ ដូចដែលសហរដ្ឋអាមេរិកធ្វើដែរឬយ៉ាងណានោះ លោក អេប៊ែរហាដ ហ្សន បានឆ្លើយតបថា វាគឺជាបញ្ហារសើបមួយ។

លោកថា៖ «យើងមិនចង់ឱ្យនរណាម្នាក់មានការខឹងសម្បា ដោយសារតែវត្តមានរបស់យើងឡើយ ខណៈយើងសុខចិត្តជ្រើសរើសក្នុងការបង្ហាញសញ្ញាដ៏រឹងមាំនៃសាមគ្គីភាព ជាមួយសម្ពន្ធមិត្តរបស់យើងជំនួសវិញ។ យើងគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍ និង​ការការពារបទដ្ឋានអន្តរជាតិនានា»។

គួររំលឹកថា កាលពីឆ្នាំ២០២០កន្លងទៅ អាល្លឺម៉ង់ក៏ធ្លាប់បានចេញផ្សាយនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនមួយផងដែរ ដោយផ្ដោតសំខាន់លើការពង្រឹងសម្ពន្ធភាពជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យក្នុងតំបន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ