អន្តរក្រសួង​ណែនាំ​ម្ចាស់​ផលិតកម្ម​មហាហង្ស​ពី​វប្បធម៌​និង​តម្លៃស្ត្រីខ្មែរ ក្រោយ​រង​ការរិះគន់​រឿង Miss Grand Cambodia

កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ភឿង សកុណា បានផ្តល់ការអប់រំ ណែនាំដល់អ្នករៀបចំកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ (Miss Grand Cambodia 2022) នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់​ពីមាន​ការ​រិះ​គន់​​យ៉ា​ង​ខ្លាំង​ពីសំណាក់ប្រជាពលរដ្ឋក្នុងបណ្ដាញសង្គម ជុំវិញការស្លៀកពាក់មិនសមរម្យ និង​ការ​បង្ហាញសារ​ជាល្បែងបៀរ និងអាប៉ោង ជាដើម។ (ហ្វេសប៊ុក៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ)

ក្រុមការងារ​​អន្តរក្រសួង​ បាន​ណែនាំ​ដល់​​អគ្គនាយកផលិតកម្ម​មហាហង្ស ដែលជាអ្នករៀបចំកម្មវិធី​កញ្ញាឯក Miss Grand Cambodia ឱ្យ​ឈ្វេងយល់​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ អត្តសញ្ញាណជាតិ​ និង​ទាំង​គុណ​តម្លៃ​នៃ​ស្ត្រីខ្មែរបន្ថែមទៀត ក្រោយ​កម្មវិធីនេះរងការរិះគន់យ៉ាងខ្លាំងពីមហាជន ជុំវិញការ​ស្លៀកពាក់មិនសមរម្យ។

ក្នុង​កិច្ច​ប្រជុំណែនាំនេះក៏បានធ្វើឡើងក្រោយពី​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ​ទី​​៣១ ខែសីហា​ ម្សិលមិញ​​ បញ្ជា​ទៅ​​រដ្ឋ​មន្ត្រីក្រសួង​​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ពិនិត្យ​មើលឱ្យ​បាន​ដិត​ដល់​លើ​កម្មវិធី​​កញ្ញាឯក​ Miss Grand Cambodia បន្ទាប់​ពីមាន​ការ​រិះ​គន់​​យ៉ា​ង​ខ្លាំង​ពីសំណាក់ប្រជាពលរដ្ឋក្នុងបណ្ដាញសង្គម ជុំវិញការស្លៀកពាក់មិនសមរម្យ និង​ការ​បង្ហាញសារ​ជាល្បែងបៀរ និងអាប៉ោង ជាដើម។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រ​សិល្បៈ បានឱ្យដឹងថា ​នៅ​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រុមការងារអន្តរក្រសួងមកពី​ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន​ បានជួបជាមួយ​អគ្គនាយក​ផលិត​កម្មមហាហង្ស លោក អ៊ិន សុភិន និងអ្នកពាក់ព័ន្ធមួយចំនួន​ទៀត។

ក្រសួងបន្តថា៖ «ក្នុងកិច្ចប្រជុំនោះ ស្ថាប័នពាក់ព័ន្ធបានធ្វើការណែនាំដល់អគ្គនាយកផលិតកម្ម មហាហង្ស ឱ្យ​​ឈ្វេងយល់គ្រប់ជ្រុងជ្រោយបន្ថែមទៀតពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី អត្តសញ្ញាណ ព្រមទាំងគុណ​តម្លៃនៃស្ត្រីខ្មែរ ហើយសហការឱ្យ​បានស៊ីជម្រៅជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចៀសវាងនូវកំហុសឆ្គងដោយ​ចេតនាឬអចេតនាណាមួយ ដែលនាំទៅដល់ការប៉ះពាល់ និងធ្វើឱ្យ​អាប់ឱននូវវប្បធម៌ជាតិ និងគុណ​តម្លៃ​របស់ស្ត្រីខ្មែរ»។

ប្រភពដដែលបន្តថា ក្នុងកិច្ចប្រជុំនោះ ​ម្ចាស់​ផលិតកម្ម​មហាហង្សក៏បានធ្វើការសូមអភ័យទោសចំពោះសាធារណជននូវកំហុស​ឆ្គងដែលបានកើតឡើងនៅក្នុងដំណើរការ​កម្មវិធីប្រកួតកញ្ញាឯក Miss Grand Cambodia ដោយសន្យាថា នឹងបង្កើនកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និង​មិនបង្កើតកំហុស​បែបនេះ​ទៀត​នោះ​ទេ។

ក្រោយពី​បេក្ខភាព​បវរកញ្ញាបង្ហាញឈុតប្រចាំខេត្តនីមួយៗ កាលពីរាត្រីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ គេសង្កេតឃើញមានឈុតតំណាងខេត្តចំនួន២ ដែលទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដោយក្នុងនោះ ឈុតកញ្ញាឯកដែលប្រកាសថា​ប្រចាំខេត្តស្វាយរៀង និងបន្ទាយមានជ័យ បានស្លៀកឈុតតំណាងដែលបង្ហាញពីការលេងល្បែងស៊ីសង ក៏ដូចជាឯកសណ្ឋានផងដែរ ខណៈកញ្ញាឯកដែលប្រកាសថាប្រចាំខេត្តស្ទឹងត្រែង បានស្លៀកសម្លៀកបំពាក់ស៊ិចស៊ីជ្រុលហួសហេតុ។

យ៉ាងណា បន្ទាប់ពីទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័ន Miss Grand Cambodia បានចេញលិខិតបំភ្លឺ និងសុំទោសដល់សាធារណជន ព្រមទាំងប្រកាសដកឈុតតំណាងក្រុងបាវិត និងក្រុងប៉ោយប៉ែត ចេញពីការប្រកួត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ