សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ​សម្រេច​មិន​ដោះលែង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ឡើយ

កញ្ញា សេង ធារី ឈរស្រែកនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ សម្រេចមិនដោះលែង​​​កញ្ញា សេង ធារី ឱ្យ​មានសេរីភាពនោះទេ ខណៈ​សវនាការ​បណ្ដឹង​ឧទ្ធរណ៍​​​នា​ថ្ងៃនេះ​ មន្ត្រី​​ពន្ធនាគារ​ក៏មិន​បាន​យក​​កញ្ញា សេង ធារី ចូល​រួម​ដែរ។

ប្រធាន​ក្រុម​ប្រឹក្សាជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍រាជធានីភ្នំពេញ ​លោក យន់ ណារ៉ុង នៅ​ថ្ងៃនេះ បានបើក​សវនា​ការ​បណ្ដឹង​ឧទ្ធរណ៍​សុំដោះលែង​​​កូនក្ដីរបស់​​មេធាវី​​ការ​ពារ​ក្ដីឱ្យ​កញ្ញា សេង ធារី ប៉ុន្តែ​តុលាការ និង​មន្ត្រី​ពន្ធនាគារ មិន​បានយក​កញ្ញា សេង ធារី មកចូលរួម​ក្នុង​សវនាការនេះ​ឡើយ។

មុនពេលបើកសវនាការ មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺ​​លោក ជូង ជូងី បាន​​សម្ដែង​កា​រ​ខក​​ចិត្ត ដោយចាត់ទុកការមិនបញ្ជូនកូនក្ដីរបស់ខ្លួន​ពីពន្ធនាគារខេត្តព្រះវិហារ មក​ចូល​សវនាការ​​នេះ ថាជាការ​រំលោភសិទ្ធិ​កូន​ក្ដីធ្ងន់​ធ្ងរ។

ទោះបីជាមេធាវីកញ្ញា សេង ធារី បានលើកឡើងបែបនេះ ប៉ុន្តែ​ប្រធានក្រុម​ប្រឹក្សាជំនុំ​ជម្រះសាលា​ឧទ្ធរណ៍ លោក យន់ ណារ៉ុង មិនបានបញ្ជាក់ពីមូលហេតុនោះឡើយ។

ព្រះរាជ​អាជ្ញាសាលាឧទ្ធរណ៍ លោក អ៊ឹម សុផាន បាន​លើក​ឡើង​ក្នុង​បន្ទប់​សវនាការថា បណ្ដឹង​ស្នើសុំដោះលែងកូនក្ដីរបស់មេធាវីការពារក្ដីឱ្យ​កញ្ញា សេង ធារី មិន​​បាន​​បញ្ជាក់​ពី​មូល​ហេតុច្បាស់​​លាស់​​ឡើយ។ ម្យ៉ាង​វិញទៀត​ លោក​ថា កញ្ញា សេង ធារី ត្រូវ​សាលាដំបូងរាជ​ធានី​ភ្នំពេញ ផ្ដន្ទាទោស​​ដាក់​ពន្ធនាគារ ៦ឆ្នាំ ដោយមិនព្យួរទោសឡើយ។

លោក​ថា៖ «អ៊ីចឹង​អយ្យការ​យល់​ឃើញ​ថា តុលាការ​មិន​គួរ​ឱ្យ​​នៅ​​ក្រៅ​ឃុំ [សម្រាប់កញ្ញា សេង ធារី]»

ឆ្លើយតបនឹង​ការ​លើក​ឡើង​នេះ លោកមេធាវី​ ជូង ជូងី លើកឡើង​​ថា តុលាការ​​ជាន់​​ទាប​​បាន​ចេញ​​សាល​ក្រម​​ផ្ដន្ទា​ទោស​កូន​ក្ដីឱ្យ​​ជាប់​ពន្ធនាគារ​៦​ឆ្នាំ ប៉ុន្តែ​ការសម្រេចនេះ​​មិន​​​​មែ​​ន​​ជា​​សាលក្រម​​ស្ថាពរ​​ទេ។ លោក​បញ្ជាក់​ថា កាលណាសាលក្រម​មិនទាន់ស្ថាពរ កូនក្ដីរបស់លោកក៏គ្មានទោស​​ដែរ។ ករណីនេះហើយដែល​លោកស្នើ​ទៅប្រ​ធានក្រុមប្រឹក្សាជំនុំជម្រះដោះលែងកញ្ញា សេង ធារី ឱ្យមាន​សេរីភាព​វិញ។

ក្រោយ​ពី​បើក​សវនាការ​ប្រហែល១​ម៉ោង លោកចៅក្រម​ យន់ ណារ៉ុង បានសម្រេចប្រកាសសាលដីកាភ្លាមៗ ដោយមិនដោះលែង​កញ្ញា សេង ធារី ឱ្យមានសេរីភាពនោះទេ។

ប្រាប់​អ្នកសារព័ត៌មានបន្ទាប់ពី​បញ្ចប់​សវនាការ ​លោក​មេធាវី​ ជូង ជូងី លើក​ឡើង​ថា​ រូប​លោក​នឹង​ប្ដឹងសាទុក្ខ​ចំពោះសេ​ច​ក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នេះ ទៅតុលាការជាន់ខ្ពស់បន្តទៀត ​ក្នុង​ពេលឆាប់ៗនេះ។

លោកថា៖ «ការ​ប្រកាស​ជា​សម្ដីអត់បានបញ្ជាក់មូលហេតុអី​ជាក់លាក់នៅឡើយទេ គឺចៅក្រមគាត់និយាយតិច​ៗ​ គាត់​មិន​បាន​បង្ហាញពីសម្អាង​អី​ឱ្យបានជាក់លាក់ទេ ដែលយើងចាប់បាន។ ខ្ញុំយល់​ថា ការសម្រេចហ្នឹង​មិន​ត្រឹមត្រូវ​ទេ ហើយ​ខ្ញុំ​នឹង​រៀបចំ​បែប​បទ ដើម្បីប្ដឹងសាទុក្ខឱ្យគាត់»។

មន្រ្តី​ការ​ពារ​សិទ្ធិ​មនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត ដែលឃ្លាំមើលពី​​ដំ​​ណើ​​រ​​ការសវនាការនេះ យល់​ឃើញ​ថា ការ​មិន​បញ្ជូន​កញ្ញា សេង ធារី មកតតាំង​ក្ដីនៅ​ចំពោះ​តុលាការ​នេះ ជា​កា​រ​រំលោភ​នីតិវិធី។ លោកបន្ត​ថា ការ​បន្ត​ឃុំខ្លួន​កញ្ញា សេង ធារី នៅពន្ធនាគារទៀត នឹង​ធ្វើ​ឱ្យ​​ប៉ះពាល់ដ​ល់​មុខមាត់​រដ្ឋាភិបាល​កម្ពុជា ​ដោយ​សារ​សកម្មភាព​របស់​កញ្ញា សេង ធារី ជា​ការ​សម្ដែង​មតិ។

លោក​ថា៖ «ការបន្តឃុំខ្លួនកញ្ញា សេង ធារី វាធ្វើឱ្យប៉ះពាល់មតិជាតិ និងអន្តរជាតិ គេអាចថ្កោលទោសមកលើរាជ​រដ្ឋាភិបាល គ្រាន់តែធ្វើការសម្ដែងមតិ។ ខ្ញុំគិត​ថា រដ្ឋាភិបាល ក៏ដូចជាចៅក្រម គួរសម្រេច​ឱ្យ​កញ្ញា សេង ធារី បាននៅក្រៅឃុំ ដើម្បីស្តារមុខមាត់​ប្រទេសជាតិយើងឡើងវិញ កុំឱ្យមតិ​ជាតិ និង​អន្តរជាតិ គេរិះគន់ថា តុលាការស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រារបស់​រដ្ឋាភិបាល»។

លោក យី សុខសាន្ត បន្តថា ការ​បញ្ជូន​កញ្ញា សេង ធារី ទៅឃុំខ្លួននៅពន្ធនាគារ​ខេត្ត​ព្រះ​វិហារ ជា​ការ​ធ្វើ​ទារុណកម្មផ្លូវចិត្ត ព្រម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ចគ្រួសារ ដែល​ត្រូវ​ចំណាយថវិកា​ច្រើននៅពេលទៅសួរសុខទុក្ខ។

កាល​ពីថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០២២ ​​​កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ​ ​បញ្ជូន​ចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅឃុំនៅពន្ធនា​គារ​ខេត្ត​ព្រះវិ​ហារ​ ក្រោយពី​សាលា​ដំបូង​រាជធានីភ្នំពេញ ផ្ដន្ទាទោស​កញ្ញាបាន​មួយថ្ងៃ។

ទាក់​ទិន​រឿង​នេះ មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី ក៏បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំផ្ទេរកូនក្ដីពីពន្ធនាគារខេត្តព្រះវិហារ មកពន្ធនាគារព្រៃស នៅ​រាជធានីភ្នំពេញវិញ​ ដោយថា ការឃុំខ្លួននៅខេត្តដែលមានចម្ងាយឆ្ងាយ មានការលំបាកច្រើន។

កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយផងនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រុមជំនុំជម្រះ​នៃសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទា​​ទោស​​ដាក់​​​​ពន្ធនាគារ៦ឆ្នាំ ខណៈថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្ស​​សង្រ្គោះ​​ជាតិដែលត្រូវ​​បាន​​តុ​​លាការរំលាយ ចំនួន៥០នាក់ផ្សេងទៀត ត្រូវបានតុលាការផ្តន្ទាទោស​ដាក់ពន្ធនាគារ​​​​ចន្លោះ​ពី ៥ឆ្នាំ ទៅ ៨ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់ «ញុះញង់ និងរួម​​គំ​​និត​​ក្បត់ជាតិ» ជុំវិញការប្រកាសជំហរគាំទ្រការធ្វើមាតុ​​ភូមិនិវត្តន៍ថ្ងៃ«៩វិច្ឆិកា»របស់​​​លោ​​ក ​សម រង្ស៊ី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ