សមត្ថកិច្ច​រារាំង​ក្រុមខ្មែរថាវរៈ​មិន​ឱ្យ​ទៅ​បង្ហោះ​ប៉ោងប៉ោង​នៅ​មុខ​ពន្ធនាគារ​ដែល​ឃុំខ្លួន​កញ្ញា សេង ធារី

កញ្ញា សេង ធារី ឈរថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមយុវជនខ្មែរថាវរៈ បានអះអាងថា សមត្ថកិច្ច​ខេត្តព្រះវិហារ​បានដាក់របាំងរារាំងពួកគេ​​ និងក្រុម​​​ស្រ្តីថ្ងៃសុក្រ​ មិនឱ្យ​​​ធ្វើ​ដំណើរ​​ទៅកាន់​​មុខ​​ពន្ធនា​គារ​ខេត្ត​​ ដើម្បីបង្ហោះប៉ោង​ប៉ោង​​លើកទឹកចិត្ត និង​​ទាម​ទារ​ឱ្យមានការ​​​ដោះ​លែង​​​កញ្ញា សេង ធារី នោះ​ទេ។

សមាជិក​ក្រុមយុវជន​​ខ្មែរថា​វរៈ លោក ហ៊ុន វណ្ណៈ បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ ក្រុមយុវជនខ្មែរថាវរៈ និងស្ត្រីថ្ងៃសុក្រ (ភរិយាសកម្មជនគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ​)​​ ចំនួន១៣នាក់ បាន​នាំគ្នាធ្វើដំណើរ​ទៅ​កាន់ពន្ធនាគារ​ខេត្តព្រះវិហារ ដើម្បី​បង្ហោះប៉ោងប៉ោងផ្ញើ​សារ​លើកទឹកចិត្ត​ដល់​​​កញ្ញា​ សេង ធារី ដែល​កំពុងជាប់ឃុំនៅទីនោះ។ តែយ៉ាងណា លោកថា នៅពេលទៅដល់​ជិតពន្ធនាគារ សមត្ថកិច្ច​ជាច្រើននាក់បាន​ដាក់របាំងរារាំង និងមិនអនុញ្ញាតឱ្យពួកគេទៅកាន់មុខពន្ធនាគារ​ខេត្តឡើយ។  

លោកចាត់ទុកការ​រារាំងពីសំណាក់សមត្ថកិច្ច​នេះ ថាជាការបំបិទ​សិទ្ធិសេរី​ភាព​របស់ពលរដ្ឋក្នុងការដើរហើរ និង​សម្តែងមតិ​​ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ។

លោក ហ៊ុន វណ្ណៈ ថ្លែង​​ថា៖ «ខ្ញុំថាស្ថាប័នរដ្ឋប្រើប្រាស់​សមត្ថកិច្ចដែលជាមន្រ្តីរាជការស៊ីប្រាក់ខែ​​បាន​មកពី​ពន្ធ​របស់​ប្រជាពលរដ្ឋ​ ប្រើប្រាស់កម្លាំងទាំងអស់ហ្នឹងមកបំបិទសិទ្ធិប្រជាពលរដ្ឋ​ខ្មែរដែលធ្វើដំណើរ ថាជិះ​ឡាន​ទៅ តែដើ​រ​​គេ​មិន​ឱ្យ​ទៅ​ យើង​ដឹង​ថាសិទ្ធិសេរីភាពរបស់យើងត្រូវបានគេរំលោភបំពាន​»។

​ចំណែកសមាជិកក្រុមយុវជន​​ខ្មែរ​ថាវរៈម្នាក់ទៀត កញ្ញា ឆែម ស្រីគា បានឱ្យដឹងដែរថា ការដែលពួកគាត់​ទៅកាន់ពន្ធនាគារ​ខេត្តព្រះវិហារ គឺ​​​ក្នុងគោលបំណងសម្តែងក្តីនឹក​រលឹក និង​អរគុណ​កញ្ញា សេង ធារី ដែល​បាន​​តស៊ូ​មតិ​​ដោយ​អហិង្សា​​ដើម្បីលើកស្ទួយប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ​

កញ្ញាបន្ត​​ថា៖ ​«ខ្ញុំគិតថា ​រដ្ឋាភិបាលកំពុងខ្លាច​កម្លាំងយុវជនដែលគាត់ចេះប្រមូលផ្ដុំគ្នា​ ដែលគាត់ចេះ​ទាម​ទារ​នូវ​សិទ្ធិសេរីភាព ​ដូចនៅក្នុងបូរបស់យើង​ហ្នឹង​ដែលមានសេរសេរថា “​សេរីភាព”»។

បើតាម​កញ្ញា ឆែម ស្រីគា ក្រៅពី​ការ​បង្ហោះប៉ោង​ប៉ោង​ ពួកគេក៏បាន​តែងខ្លួន​ជា​ «នាង​សេរីភាព» ​​ដូច​អ្វី​ដែល​​​​​កញ្ញា សេង ធារី ធ្លាប់​​ធ្វើ​​ក្នុង​ថ្ងៃ​ដែលតុលាការ​ប្រកាស​សាលក្រម​លើសំណុំរឿង​របស់​​កញ្ញា និង​មាន​ការ​​កាត់​ក្រដាសជា​រូប​ព្រាប ដែលជាសារទាមទារឱ្យ​មានការដោះលែងកញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព​ផង​ដែរ។

វីអូឌី មិនទាន់សុំការឆ្លើយតបពីស្នងការ​ខេត្តព្រះវិហារ លោក សួស សុខដារ៉ា និង​ស្នងការរង លោក ​នួន សុវិរិទ្ធ បាននៅឡើយទេ​។

ប្រធាន​សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ​ លោក កើត សារ៉ាយ យល់ថា ការ​​សម្តែង​មតិ​តាម​​រយៈ​ការ​បង្ហោះ​ប៉ោង​ប៉ោង​នៅមុខពន្ធនាគារ​ខេត្តព្រះវិហារនេះ ជាការបង្ហាញពីទឹកចិត្តពលរដ្ឋខ្មែរ​ដែល​គាំ​ទ្រ​សកម្ម​ភាព​​កញ្ញា សេង ធារី និងជួយឱ្យគាត់​មានអារម្មណ៍ថា​មិន​ឯកា បើទោះបីគាត់​កំពុងជាប់​ឃុំ។

លោកថា៖ «ការធ្វើនោះទៀតសោត ក៏ជាផ្នែកដ៏សំខាន់មួយ​ក្នុងការជំរុញនិង​លើកទឹកចិត្ត​ឱ្យកញ្ញា សេង ធារី ដែលកំពុងតែនៅក្នុងពន្ធនាគា​រ ត្រូវបានអាជ្ញាធរយកទៅដាក់ឱ្យនៅឯកានៅកណ្ដាលព្រៃភ្នំ នៅខេត្តព្រះវិហារហ្នឹង​»។

កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយផងនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រុមជំនុំជម្រះ​នៃសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទា​​ទោស​​ដាក់​​​​ពន្ធនាគារ៦ឆ្នាំ កាលពីថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០២២ ខណៈថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្ស​​សង្រ្គោះ​​ជាតិដែលត្រូវ​​បាន​​តុ​​លាការរំលាយ ចំនួន៥០នាក់ផ្សេងទៀត ត្រូវបានតុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​​​​ចន្លោះ​ពី ៥ឆ្នាំ ទៅ ៨ឆ្នាំ ក្រោម​បទ​ចោទ​ប្រកាន់ «ញុះញង់ និងរួម​​គំ​​និត​​ក្បត់ជាតិ» ជុំវិញការប្រកាសជំហរគាំទ្រការធ្វើមាតុ​​ភូមិនិវត្តន៍ថ្ងៃ«៩វិច្ឆិកា»របស់​​​លោ​​ក ​សម រង្ស៊ី។

ទោះយ៉ាងណា ក្រោយការ​ប្រកាសសាលក្រមមួយថ្ងៃ គឺ​កាល​​​ពី​ថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ២០២២ ​​​កញ្ញា សេង ធារី ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ​ ​បញ្ជូន​ចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅឃុំនៅពន្ធនា​គារ​ខេត្ត​ព្រះវិ​ហារ។ បន្ទាប់​ពីកញ្ញាត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តព្រះវិហារ ​អស់រយៈជាង២ខែមកនេះ មន្រ្តីស្ថាន​ទូត​អាមេរិកប្រចាំកម្ពុជា​ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង​​អ្នកផ្សេងទៀត ក៏បាន​ទៅ​​​ជួបនិង​លើកទឹកចិត្តដល់​កញ្ញា សេង ធារី បើទោះបីជាពន្ធនាគារនៅខេត្តឆ្ងាយយ៉ាងណាក្តី។​

ទាក់​ទិន​រឿង​នេះដែរ មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី ក៏បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំផ្ទេរកូនក្ដីពីពន្ធនាគារខេត្តព្រះវិហារ មកពន្ធនាគារព្រៃស នៅ​រាជធានីភ្នំពេញវិញ​ ដោយ​ថា ការឃុំខ្លួននៅខេត្តដែលមានចម្ងាយឆ្ងាយ មានការលំបាកច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ