អ្នកអូសរទេះ​ដឹកអីវ៉ាន់​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត​ត្អូញត្អែរ​ពី​ចំណូល​ធ្លាក់ចុះ​ប៉ះពាល់​ជីវភាព

សកម្មភាពអ្នកអូសរទេះដឹកអីវ៉ាន់នៅច្រកព្រំដែនក្រុងប៉ោយប៉ែត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

«ថ្ងៃនេះ ខ្ញុំក្រោកមកតាំងពីម៉ោង៦ព្រឹក ជាមួយនឹងប្ដី មកដឹកឱ្យភ្ញៀវនៅច្រកព្រំដែន ប៉ុន្តែរហូតដល់ម៉ោង៦ល្ងាចនេះហើយ មិនបានភ្ញៀវសោះ សូម្បីតែមួយ ដោយសារតែមិនមានភ្ញៀវ។ ឥលូវប្ដីខ្ញុំទៅវិញហើយ មកតាំងព្រឹក ដោយសារតែរកមិនបាន។ ខ្ញុំបារម្ភពីជីវភាពកាន់តែលំបាក បើសិនជាមានភ្ញៀវ១-២អីទៅ ចេះតែអាចសម្រួលបានខ្លះលើការចាយវាយ។ បើអត់តែអ៊ីចឹង ចប់ហើយ»។

នេះគឺជាការថ្លែងទាំងអស់សង្ឃឹមរបស់អ្នកស្រី សោម ភស្ស ដែលប្រកបរបរជាអ្នកអូសរទេះដឹកអីវ៉ាន់ឱ្យភ្ញៀវនៅច្រកព្រំដែនក្រុងប៉ោយប៉ែត ខណៈដែលខ្លួនកំពុងតែឈររង់ចាំរកមើលភ្ញៀវហៅដឹកអីវ៉ាន់ដោយទឹកមុខក្រៀមក្រំ។ ថ្វីត្បិតតែ មនុស្សម្នាជាច្រើនបានចេញចូលច្រកព្រំដែនកម្ពុជា-ថៃជាហូរហែ ក្រោយពីរដ្ឋាភិបាលនៃប្រទេសទាំង២នេះបានប្រកាសបើកដំណើរការចេញចូលឡើងវិញក៏ដោយ ប៉ុន្តែអាជីពជាអ្នកអូសរទេះនេះកំពុងប្រឈមនឹងការរកចំណូលមិនបានដូចមុន។

ដៃកាន់រទេះដែក និងឯកសារសម្រាប់វាយត្រាចេញ-ចូលទឹកដីថៃ ឈរនៅខាងជើងផ្លូវក្បែរច្រកព្រំដែន និងពាក់អាវដៃវែងពណ៌លឿនឆ្នូតៗ រួមដោយពណ៌ជម្រុះ និងពាក់មួកហ៊ុមជិត សល់តែផ្ទៃមុខ។ អ្នកស្រី សោម ភស្ស ប្រាប់អ្នកសារព័ត៌មានវីអូឌី ក្នុងសម្ដីមួយៗថា ថ្ងៃនេះ រកភ្ញៀវដឹកអីវ៉ាន់មិនបានទេ តាំងពីព្រឹកដល់ល្ងាច ដោយសារតែបច្ចុប្បន្នភ្ញៀវមិនសូវចេញចូលច្រើនដូចកាលពីមុនកូវីដ-១៩។

អ្នកស្រីសង្កេតឃើញថា ថ្វីត្បិតថា រដ្ឋាភិបាលប្រកាសបើកដំណើរការចេញចូលព្រំដែនកម្ពុជា-ថៃឡើងវិញក៏ពិតមែន ប៉ុន្តែភ្ញៀវមានតិចតូច ធ្វើឱ្យអ្នកដឹកអីវ៉ាន់តាមរទេះដូចជាអ្នកស្រីនេះ មានពេលខ្លះបាន ពេលខ្លះក៏អត់ទៅ តាមទិដ្ឋភាពជាក់ស្ដែង។ ជាធម្មតា អ្នកស្រីអាចដឹកអីវ៉ាន់ឱ្យភ្ញៀវបានក្នុងតម្លៃ មួយជើង១៥០បាត [ប្រមាណ១៥០០០ រៀល] ឡើង ដោយសារតែត្រូវបង់ឱ្យគយនៅច្រកព្រំដែនម្ដងជាង៥ពាន់រៀល។ ដូច្នេះ បើគិតជាចំណេញក្នុងមួយជើងបានតែ១ម៉ឺនរៀល ទៅ២ម៉ឺនរៀល តាមភ្ញៀវឱ្យច្រើនឬតិច។

អ្នកស្រី សោម ភស្ស ឈរដោយដៃកាន់រទេះដែករបស់ខ្លួន នៅក្បែរច្រកព្រំដែនក្រុងប៉ោយប៉ែត ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
អ្នកស្រី សោម ភស្ស ឈរដោយដៃកាន់រទេះដែករបស់ខ្លួន នៅក្បែរច្រកព្រំដែនក្រុងប៉ោយប៉ែត ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

អ្នកស្រីបន្តថា៖ «អ៊ីចឹងបានថាពិបាកសម្រាប់ខ្ញុំ អត់មានភ្ញៀវអ៊ីចឹង មិនមានលុយបង់ថ្លៃផ្ទះជួលផង ថ្លៃកូនរៀនផង សឹងមិនគ្រប់មួយខែៗ ដែលត្រូវចំណាយ៣ពាន់បាត [ស្មើ៤០ម៉ឺនរៀល] អត់មានលុយចាយលុយអ៊ីចឹងទៅ ហើយត្រូវបង់ធនាគារប្រចាំខែទៀត​ ពេលខ្លះលើសគេរហូត ដែលខ្ញុំយកកាលពីអំឡុងពេលកូវីដ-១៩ ដោយសាររកស៊ីមិនបាន»។

ស្រ្តីមានដើមកំណើតជាអ្នកខេត្តព្រៃវែងរូបនេះបានអះអាងថា កត្ដាដែលធ្វើឱ្យអ្នកស្រីប្រកបអាជីពអូសរទេះទាំងប្ដីប្រពន្ធ នៅព្រំដែនប៉ោយប៉ែតជាង១០ឆ្នាំមកនេះ ដោយសារតែមុនពេលកូវីដ-១៩ អ្នកស្រីស្គាល់អ្នកធ្វើការនៅក្រុមហ៊ុនឯកជនច្រើន ដែលធ្វើឱ្យអ្នកស្រី និងប្ដីរកចំណូលបានច្រើនពីការដឹកអីវ៉ាន់ ក្នុងមួយថ្ងៃជិត១០ម៉ឺនរៀល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ប៉ុន្តែមកដល់ពេលនេះ ចំណូលបានធ្លាក់ចុះជាង៩០ភាគរយ។

ស្រដៀងគ្នានេះ ពលរដ្ឋម្នាក់ទៀតកំពុងជជែកលេងជាមួយអ្នកក្បែរខ្លួន នៅមុខច្រកចូលព្រំដែន ខណៈម៉ូតូ ឡាន និងមនុស្សដើរគគ្រឹកគគ្រេងហើយភាគច្រើនជាជនជាតិខ្មែរនិងថៃ ហើយក៏ឃើញមានជនជាតិចិនតិចតួចផងដែរ។ ពាក់អាវវែងក្រឡាពណ៌ស ដៃកាន់រទេះដែក រួមដោយទឹកមុខស្មើ អ្នកស្រី ឡុង កណ្ឋា លើកឡើងថា ថ្ងៃនេះ អ្នកស្រីដឹកអីវ៉ាន់ឱ្យភ្ញៀវបាន៤ជើង បើគិតជាលុយជិត៥ម៉ឺនរៀល។ អ្នកស្រីសង្កេតឃើញថា ថ្ងៃនេះឃើញមានភ្ញៀវចេញចូលច្រើន ខុសពី២-៣ថ្ងៃមុនដែលមានសភាពហាក់ស្ងប់ស្ងាត់។

អ្នកស្រីបន្តថា ឥលូវនេះអាចស្រួលគួរសមក្នុងការចេញចូលទៅថៃ ដោយសារតែក្រុមគយមិនសូវរឹតបន្តឹងដូចមុន បើប្រៀបធៀបអំឡុងពេលកូវីដ-១៩ នៅពេលដែលអ្នកស្រីអូសរទេះដឹកអីវ៉ាន់ឱ្យភ្ញៀវម្ដងៗ គឺតែងតែត្រូវបានគេដេញចេញ។ អ្នកស្រីឱ្យដឹងថា ទោះបីពេលនេះមានភាពងាយស្រួលបន្តិចមែន ប៉ុន្តែមិនសូវមានអីវ៉ាន់ដឹកច្រើននោះទេ ដោយសារតែគេនិយមដឹកតាមឡានច្រើនជាង។

អ្នកស្រី ឡុង កណ្ឋា ឈរដោយដៃកាន់រទេះដែករបស់ខ្លួន នៅក្បែរច្រកព្រំដែនក្រុងប៉ោយប៉ែត ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
អ្នកស្រី ឡុង កណ្ឋា ឈរដោយដៃកាន់រទេះដែករបស់ខ្លួន នៅក្បែរច្រកព្រំដែនក្រុងប៉ោយប៉ែត ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

អ្នកស្រីបន្តថា៖ «ឥលូវពិបាក អូន! ដូចថាអីវ៉ាន់ចេញបានតិចៗណ៎ា! វាមិនបានចេញច្រើនណ៎ា! ចេញច្រើនទៅ ខ្លាចមានបញ្ហា ព្រោះគយគាត់ដូចថាគេដាក់តាមឡានអស់ហើយ។ អីវ៉ាន់ពួកខ្ញុំបានតិចៗទេ គេត្រូវការដាក់តាមឡានតាមអ៊ីចឹងទៅ ពួកខ្ញុំបានតិចៗ។ ជួនណាបាន ជួនណាមិនបាន ហើយគេមិនឱ្យយើងដឹកអីវ៉ាន់ធំទេ ហើយនេះគេគ្រាន់តែឱ្យយើងបានរស់ខ្លះៗទេ»។

ក្រោយពីបើកដំណើរការច្រកព្រំដែនក្រុងប៉ោយប៉ែតនេះឡើងវិញ អ្នករុញរទេះដឹកអីវ៉ាន់ឱ្យភ្ញៀវរូបនេះអាចមានសង្ឃឹមខ្លះពីការរកចំណូល​ ក្រោយពីខកខានពីអាជីពនេះជិត២ឆ្នាំដោយសារកូវីដ-១៩ ធ្វើឱ្យមានការបិទច្រកព្រំដែន មិនឱ្យចេញចូល។ អ្នកស្រីអះអាងថា មួយថ្ងៃ បើសិនជារត់បាន៣-៤ជើង អាចជួយសម្រួលដល់ជីវភាពបានខ្លះ។ អ្នកស្រីថា អ្វីដែលជាបញ្ហាប្រឈមនោះ គឺការតថ្លៃជាមួយនឹងភ្ញៀវមិនត្រូវគ្នា ភ្ញៀវខ្លះឱ្យតម្លៃតិច មិនអាចដឹកចូលបាន ព្រោះត្រូវ​បង់ថ្លៃ​បណ្ណ​ចេញចូល​ច្រកព្រំដែន​ចំនួន៥០បាត ឬ​ស្មើ៦ពាន់​រៀល ក្នុង១លើកៗ​ ដូច្នេះបើសិនជាឱ្យតម្លៃត្រឹម១ម៉ឺនរៀល គឺមិនចំណេញនោះទេ។

រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកច្រកទ្វារអន្តរជាតិព្រំដែនប៉ោយប៉ែត ដែលជាប់ខេត្តស្រះកែវរបស់ថៃ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ក្រោយពីបិទដំណើរការអស់រយៈពេលជាង២ឆ្នាំ ដោយទុកតែការចរាចរទំនិញចេញ-ចូលរវាងថៃនិងកម្ពុជា។ ការបើកដំណើរការច្រកទ្វារអន្តរជាតិនេះឡើងវិញ គឺមានសារសំខាន់យ៉ាងខ្លាំងខាងសេដ្ឋកិច្ចសម្រាប់កម្ពុជា ខណៈដែលច្រកប៉ោយប៉ែតជាច្រករកចំណូលសេដ្ឋកិច្ចទី២របស់កម្ពុជា បន្ទាប់ពីខេត្តព្រះសីហនុ។

វីអូឌី មិនអាចទាក់ទងអភិបាលក្រុងប៉ោយប៉ែត លោក គាត ហ៊ុល ដើម្បីសុំការអធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣១ ខែសីហា និងថ្ងៃទី០១ ខែកញ្ញា ដោយហៅចូល តែគ្មានអ្នកទទួល។

ចំណែកអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បដិសេធមិនឆ្លើយសំណួរ ដោយអះអាងជាប់រវល់កម្មវិធី។ លោកថា៖ «ខ្ញុំមិនអាចឆ្លើយបានទេ ដោយសារតែជាប់រវល់កម្មវិធីមួយ អធ្យាស្រ័យ» លោកក៏ចុចបិទទូរសព្ទ នៅពេលអ្នកកាសែតចាប់ផ្ដើមសួរ

ដោយឡែក អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី ក៏មិនអាចទាក់ទងបានទេ ដោយទូរសព្ទចូលជាច្រើនដង គ្មានអ្នកទទួល។

ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង ប្រាប់សារព័ត៌មានវីអូឌីថា​ ក្រុមកម្មករអូសរទេះជាអ្នកដែលជួបបញ្ហាធ្ងន់ធ្ងរ ក្នុងចំណោមពលរដ្ឋផ្សេងទៀតដែលប្រឈមបញ្ហាហិរញ្ញវត្ថុ ហើយរដ្ឋត្រូវតែយកចិត្តទុកដាក់ដល់ពួកគាត់ឱ្យបានដិតដល់ក្នុងការផ្ដល់កិច្ចគាំពារសង្គម។ ជាពិសេស ធ្វើយ៉ាងណាសម្រួលឱ្យពួកគាត់ងាយស្រួលក្នុងការចេញចូលដឹកអីវ៉ាន់ភ្ញៀវ ដោយមិនត្រូវឱ្យពួកគាត់អស់ថវិកាច្រើននោះទេ ។

លោកមានប្រសាសន៍ថា៖ «អ្នកអូសរទេះហ្នឹង! រដ្ឋធ្វើម៉េចឱ្យគ្នាមានលក្ខណៈងាយស្រួលក្នុងការប្រកបរបររកស៊ី ក្នុងការអូសអីវ៉ាន់ឱ្យគេហ្នឹង នេះជារឿងមួយសំខាន់។ ហើយម្យ៉ាងវិញទៀត ត្រូវជួយពួកគាត់ទាំងសន្តិសុខ រឿងសុខភាព រឿងសេវាសង្គមផ្សេងៗ ដើម្បីជួយសម្រួលពួកគាត់ ឱ្យពួកគាត់មានលទ្ធភាពនៅក្នុងការចិញ្ចឹមជីវិតរស់នៅប្រចាំថ្ងៃ អាហ្នឹងជារឿងមួយសំខាន់ ដែលរដ្ឋបាលក្រុងត្រូវយកចិត្តទុកដាក់»។

សកម្មភាពអ្នកអូសរទេះដឹកអីវ៉ាន់នៅច្រកព្រំដែនក្រុងប៉ោយប៉ែត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។
សកម្មភាពអ្នកអូសរទេះដឹកអីវ៉ាន់នៅច្រកព្រំដែនក្រុងប៉ោយប៉ែត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ (ពក ខឺយ)

របាយការណ៍របស់​ក្រសួងផែនការ ពីអត្រានៃភាពក្រីក្រនៅកម្ពុជា ឆ្នាំ២០១៩-២០២០ ចេញនៅថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យដឹងថា ប្រជាជនកម្ពុជា​ប្រមាណ ១៨%​ (​១៧,៨%) ឬ ជិត​៣លាននាក់នៃប្រជាជនសរុប កំពុងរស់ក្រោមបន្ទាត់ភាពក្រីក្រ។ ក្រសួងផែនការបញ្ជាក់ថា អត្រាភាពក្រីក្រ បានរងផលប៉ះពាល់ខ្លាំង​ពីការរីករាលដាលជំងឺកូវីដ-១៩ ចាប់ពីឆ្នាំ​២០២០ ជាពិសេសប៉ះពាល់​សេដ្ឋកិច្ច។

ពលរដ្ឋអះអាងថា ថ្វីត្បិតតែកម្ពុជាបានធូរស្រាលពីការរីករាលនៃជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែសេដ្ឋកិច្ចរបស់អ្នករកស៊ីក្រៅប្រព័ន្ធ ដូចជា អ្នករត់រ៉ឺម៉កកង់បី អ្នកលក់ដូរនៅតំបន់ទេសចរណ៍ និងអ្នកអូសរទេះ នៅតែជួបបញ្ហា ដោយសារតែលំហូរនៃភ្ញៀវជាតិនិងអន្តរជាតិមិនសូវមានច្រើនដូចមុន ដូច្នេះបើសិនជាកម្ពុជាមិនស្ដារឱ្យបានលឿនទេនោះ អត្រានៃភាពក្រីក្រកើនឡើងថែម។

របាយការណ៍ធនាគារពិភពលោក (World Bank) បានព្យាករចុងក្រោយ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ថាសេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានកំណើន ៤,៥ភាគរយ ក្នុងឆ្នាំ២០២២ ប៉ុន្តែត្រូវទប់ទល់នឹងវិបត្តិប្រេងឥន្ធនៈឡើងថ្លៃ។ ការឡើងថ្លៃឥតស្រាកស្រាន្តនៃប្រេងឥន្ធនៈ និង​ស្បៀងអាហារនៅលើទីផ្សារពិភពលោក កំពុងរុញអតិផរណាឱ្យកាន់តែធំឡើង។ ហើយនៅកម្ពុជា គ្រួសារក្រីក្រនឹងងាយរងគ្រោះ ព្រោះមិនសូវមានប្រាក់សន្សំ ហើយ​ត្រូវរងការលំបាកធ្ងន់ជាងគេពីសំណាក់វិបត្តិប្រេងឡើងថ្លៃនេះ ខណៈដែលចំណូលបន្តធ្លាក់ចុះ។

ត្រលប់មកអ្នកអូសរទេះឯណេះវិញ អ្នកស្រី សោម ភស្ស ឱ្យដឹងថា ​ស្ថានភាពអ្នកស្រី ក៏ដូចជាអ្នកអូសរទេះផ្សេងទៀតផងដែរ រកមួយថ្ងៃរស់មួយថ្ងៃ ខណៈដែលពេលខ្លះហូបបាយបានតែមួយពេលក៏មាន ដោយសារតែរកចំណូលអត់បាន។ អ្នកស្រីចង់ឃើញអាជ្ញាធរពាក់ព័ន្ធជួយសម្រួលដល់ពួកគាត់ក្នុងការរកចំណូលទាំងនោះ តាមរយៈការផ្ដល់ឱកាសឱ្យចូលទៅដឹកអីវ៉ាន់ពីភ្ញៀវទេសចរ ដោយមិនត្រូវបង់ថ្លៃបណ្ណចេញ-ចូល។

អ្នកស្រីលើកឡើងថា៖ «សូមសំណូមពរឱ្យអាជ្ញាធរ និងរដ្ឋាភិបាលជួយសម្រួលឱ្យពលរដ្ឋរកចំណូលបានខ្លះផង មិនត្រូវយកថ្លៃបណ្ណចេញចូលទេ។ បើរកចំណូលដូចរាល់ថ្ងៃនេះ ទៅមិនរួចទេ ជំពាក់គេផង អីផង ពិបាកណាស់ អ្នកអូសរទេះដូចពួកខ្ញុំ។ ថ្ងៃមុន ម៉ែផ្ញើលុយពីផ្ទះស្រុកកំណើត [ខេត្តព្រៃវែង] ឱ្យចាយ ព្រោះរកចំណូលមិនបាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ