តារា​ចម្រៀង លោក ព្រាប សុវត្ថិ ទទួល​បាន​ដី​នៅ​បឹងតាមោក​ចំនួន​៣​ហិកតា

ព្រាប សុវត្ថិ ក្នុង​រូបថត​មួយ​សន្លឹក​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥។

ការ​ធ្វើ​សម្ប​ទាន និង​ការ​ចាក់​ខ្សាច់​លុបបឹង​តាមោក បាន​បង្ក​ឱ្យ​មាន​ក្ដីបារម្ភ​ចំពោះ​ការបណ្ដេញ​ចេញ ទឹកជំនន់ និងអំពើពុករលួយកាន់តែខ្លាំងឡើងចាប់តាំងពីឆ្នាំមុន។ ដីជាច្រើនហិកតាត្រូវបានផ្ទេរទៅឱ្យបុគ្គលដែលជាប់សែស្រឡាយមន្រ្តីរដ្ឋាភិបាលមួយចំនួន រួមទាំងកូនស្រី​របស់រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ភរិយាសមាជិកព្រឹទ្ធ​សភា និងភរិយា​របស់មេបញ្ជាការកងពលតូចលេខ៧០។

​នៅក្នុង​អនុក្រឹត្យ​​ដែល​បង្ហាញ​ពី​ការ​ផ្ទេរ​ដី​រដ្ឋ​ បង្ហាញ​ថា​ ដី​បឹង​តាមោក​ ២កន្លែងទៀតត្រូវ​​បាន​ផ្ទេរ​ទៅ​ឱ្យ​កំពូល​តារា​ចម្រៀង​ លោក ព្រាប សុវត្ថិ និងបុគ្គលម្នាក់ទៀត។

អនុក្រឹត្យដដែលនោះក៏បង្ហាញពីដីសម្បទានសេដ្ឋកិច្ច​ដែលត្រូវបានកាត់ឆ្វៀលចេញពីតំបន់ការ​ពារ​ក្នុង​ខេត្តរតនគិរី និងខេត្តបន្ទាយមានជ័យ។

ក្នុង​អនុក្រឹត្យ​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ២០២២ និង​​ដែលត្រូវបាន​ចេញ​ផ្សាយ​ជា​សាធារណៈ​ក្នុង​សប្តាហ៍​នេះ លោក ព្រាប សុវត្ថិ ទទួល​​បាន​ដី​​បឹង​​តាមោក ក្នុង​ខណ្ឌ​ព្រែកព្នៅ ចំនួន៣​ហិកតា ស្មើនឹង​៣ឡូត៍ ដែល​​ឡូត៍នីមួយៗ​មាទំហំ២,៧ហិកតា ០,២ហិកតា និង០,១ហិកតា។

វីអូឌី មិនអាចទាក់ទងសុំការអធិប្បាយពីលោក ព្រាប សុវត្ថិ ​បាន​ទេ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​។

លោក គី សេង ជាបុគ្គលទី២ ដែលទទួលបានដីបឹងតាមោកនៅក្នុងអនុក្រឹត្យនេះ ប៉ុន្តែសាវតារបស់បុគ្គលនេះនៅមិនទាន់ដឹងច្បា​ស់នៅឡើយ។

នៅក្នុងអនុក្រឹត្យដដែលនោះបង្ហាញ​ទៀត​ថា ដី​ទំហំ៤៤០ហិកតា​ នៅស្រុ​ក​ភ្នំស្រុ​ក ខេត្តបន្ទាយ​មាន​ជ័យ​ ត្រូវបានធ្វើសម្បទានទៅឱ្យគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិ​វឌ្ឍ​សេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដែលទទួលបានមូលនិធិ​ពីធនាគារ​ពិភព​លោក ដែល​មាន​គោល​បំណង​ចេញ​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ជូន​គ្រួសារ​ក្រីក្រ។ លើស​ពីនេះ​ ដី​ទំហំ៣ ៥០០ហិកតា ​​នៅ​ស្រុក​កូន​មុំ ​ខេត្ត​រតនគិរី ​ក៏​ទំនង​ជា​ត្រូវ​បាន​បែង​ចែក​ទៅឱ្យ​គ្រួសារ​ក្រីក្រផងដែរ។

អភិបាលរងខេត្តរតនគិរី លោក ញ៉ែម សំអឿន មានប្រសាសន៍ថា ប្រជាពលរដ្ឋបានតាំងទីលំនៅក្នុងតំបន់នេះជាយូរមកហើយ ប៉ុន្តែប្រជាពលរដ្ឋមកពីកន្លែងផ្សេងក៏អាចទទួលបានបណ្ណកម្មសិទ្ធិដីនេះដែរ។

លោកថា៖ «យើង​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋនៅ​ឃុំ​ត្រពាំង​ក្រហម ប៉ុន្តែ​ប្រជាពលរដ្ឋដែលមក​ពី​ខេត្ត​​ក៏អាច​​ស្នើសុំ​បណ្ណ​កម្មសិទ្ធិ​បានដែរ។ យើងនឹងស្រាវជ្រាវ និងស្វែងរកអ្នកដែលមិនមានផ្ទះនិងដី។ យើង​មិន​ទាន់បាន​កំណត់​ចំនួន​ប៉ុន្មាន​​គ្រួសារ​នៅ​ឡើយ​ទេ»។

លោក​បន្ថែមថា៖ «ដី​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ធនាគារ​ពិភពលោក​ដែរ។ យើង​នឹង​បង្កើត​ភូមិ​ថ្មី ហើយ​មាន​ហេដ្ឋារចនាសម្ពន្ធ និង​អ្វីៗ​ផ្សេង​ទៀត​។»

ដំណាក់កាលមុននៃគម្រោងនេះបានប្រឈមនឹងការចោទប្រកាន់ថា មានការបណ្ដេញចេញដោយ​បង្ខំ ដើម្បីទុកដីឱ្យអ្នកចំណូលថ្មី ហើយជាទូទៅសម្បទានដីសង្គមកិច្ចត្រូវបានរាយការណ៍ថាមានអំពើពុករលួយ។

អ្នកតស៊ូមតិជនជាតិដើមភាគតិច លោក គ្រឿង តុលា ធ្លាប់មានប្រសាសន៍ថា លោកមានមន្ទិលថាតើដីនេះពិតជាបានទៅដល់ដៃពលរដ្ឋក្រីក្រឬអត់។

លោក តុលា ថ្លែង​ថា៖​ «​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ​បាន​ចែក​ដី​សម្បទាន​សង្គមកិច្ច​ជាច្រើន​ដង​រួច​មក​ហើយ ប៉ុន្តែ​អ្នក​ដែល​ទទួល​បាន​ភាគ​ច្រើន​ជា​អ្នក​មាន និង​មិន​មែន​ជាពលរដ្ឋក្រីក្រ​ពិត​ប្រាកដ​នោះ​ទេ»។


បកប្រែ និងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Pop Star Preap Sovath Gets Controversial Boeng Tamok Lake Land

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ