«ខ្ញុំ រ៉ុង ឈុន មកជួបបងប្អូនវិញហើយ យើងត្រូវតែធ្វើដំណើរស្វែងរកសេរីភាព យើងត្រូវតែស្វែងរកលទ្ធិប្រជាធិបតេយ្យជូនប្រទេសយើងតទៅទៀត ជំហររបស់ខ្ញុំនៅតែបន្តទៅទៀត ទាល់តែមានសេរីភាព និងប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ទើបយើងឈប់»។
ខាងលើនេះ គឺជាការថ្លែងជាសាធារណៈលើកដំបូងរបស់លោក រ៉ុង ឈុន ភ្លាមៗក្រោយពីចេញពីពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពេលដែលអ្នកគាំទ្រជាច្រើននាក់កំពុងទៅទទួលលោកចេញពីពន្ធនាគារ ស្រែកសាទរនៅពេលបានជួបលោកជាថ្មីម្ដងទៀត។
លោក រ៉ុង ឈុន បានជាប់ពន្ធនាគារជាលើកទីពីរ ដោយសារការអត្ថាធិប្បាយពីបញ្ហាព្រំដែនរវាងកម្ពុជាជាមួយប្រទេសវៀតណាម។ អាជ្ញាធរបានចាប់ខ្លួនលោកទាំងយប់នៅថ្ងៃទី៣១ ខែកក្កដា ក្រោយលោកបានអះអាងថា រកឃើញភាពមិនប្រក្រតីការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាម ដែលធ្វើឱ្យពលរដ្ឋនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បាត់បង់ដីទៅប្រទេសវៀតណាម។
លោក រ៉ុង ឈុន ត្រូវបានទទួលស្គាល់ថាជាអ្នកតស៊ូមតិទាមទារការដំឡើងប្រាក់ឈ្នួលជូនកម្មករ គ្រូបង្រៀន មន្រ្តីរាជការ និងបង្ហាញភាពមិនប្រក្រតីពីបញ្ហាព្រំដែន ជាដើម។ លោកធ្លាប់កាន់តួនាទីផ្សេងៗទាំងនៅក្នុងជួររដ្ឋ និងសង្គមស៊ីវិល រួមមាន គ្រូបង្រៀន មន្រ្តីក្រសួងអប់រំ ប្រធានសហជីព ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ សមាជិករបស់អង្គការឃ្លាំមើលកម្ពុជា និងចុងក្រោយជាសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក រ៉ុង ឈុន កើតនៅឆ្នាំ១៩៦៩ នៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ លោកបានទទួលការអប់រំចាប់ពីថ្នាក់បឋមសិក្សារហូតដល់បញ្ចប់វិទ្យាល័យ នៅក្នុងខេត្តកណ្ដាល។
បន្ទាប់ពីបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ លោក រ៉ុង ឈុន បានបន្តការសិក្សាផ្នែកគណិតវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយហេតុថា លោកស្រឡាញ់មុខវិជ្ជានេះជាងគេ។ ក្រោយចប់ថ្នាក់បរិញ្ញាបត្រ លោកបានប្រឡងចូលធ្វើការជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យា នៅស្រុកកំណើតរបស់ លោក ពីឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០០១ ជាពេលដែលលោកត្រូវបានផ្ទេរឱ្យមកធ្វើការនៅក្រសួងអប់រំ ជាមួយនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត។
ក្នុងអំឡុងពេលធ្វើជាគ្រូបង្រៀន លោកចាប់ផ្ដើមធ្វើការងារសង្គមដំបូងនៅចុងឆ្នាំ១៩៩៥ ជាមួយនឹងចលនាសហជីព ឬសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) ដែលមានលោក សម រង្ស៉ី ជាស្ថាបនិក និងមានលោក ជា វិជ្ជា និងលោក រ៉ុង ឈុន ផ្ទាល់ជាជំនួយការ។
លោក រ៉ុង ឈុន ថ្លែងថា មូលហេតុដែលលោកចាប់ផ្ដើមការងារសង្គមនេះ នៅពេលលោកមើលឃើញប្រាក់ខែរបស់កម្មករនៅមានតិចតួច គឺទាបបំផុតត្រឹមតែ ២៥ដុល្លារ ប៉ុណ្ណោះ ហើយជីវភាពរបស់កម្មករក៏មានភាពលំបាកខ្លាំង។
លោកថា៖ «លក្ខខណ្ឌការងារ គឺលំបាកមែនទែននៅតាមបណ្ដារោងចក្រ។ បើតាមខ្ញុំមិនភ្លេចទេ ប្រាក់ឈ្នួលគាត់តែ ២៥ដុល្លារទេ ក្នុងមួយខែ»។
លោកបន្តថា នៅអំឡុងឆ្នាំ២០០០ ពេលដែលប្រាក់ឈ្នួលកម្មករឡើងបាន៤៥ដុល្លារ ហើយស្ថានភាពលក្ខខណ្ឌការងាររបស់កម្មករមានភាពប្រសើរជាងមុនបន្តិច លោកបានជជែកជាមួយលោក ជា វិជ្ជា បង្កើតសមាគមគ្រូបង្រៀនឯករាជ្យមួយ ដើម្បីទាមទារឱ្យមានប្រាក់ខែសមរម្យសម្រាប់គ្រូបង្រៀន។ ក្រោយមក សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០០០។
ក្រោយបង្កើតសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានមួយឆ្នាំ លោក រ៉ុង ឈុន បានចាប់ផ្ដើមធ្វើយុទ្ធនាការឱ្យគ្រូបង្រៀនទូទាំងប្រទេសធ្វើកូដកម្មទាមទារការដំឡើងប្រាក់បៀវត្ស ក្នុងនោះក៏មានការទាមទារដំឡើងប្រាក់ឈ្នួលសម្រាប់មន្រ្តីរាជការ និងកងទ័ពផងដែរ។
លោកថា៖ «នៅឆ្នាំ២០០១ យើងប្រកាសធ្វើកូដកម្មទូទាំងប្រទេសតែម្ដង ឱ្យដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀន រួមទាំងមន្រ្តីរាជការ ក៏ដូចជាកងទ័ពទាំងអស់ដែរ។ បន្ទាប់មក បើខ្ញុំចាំមិនភ្លេចទេ យើងទទួលបាន២ម៉ឺនរៀល ហើយយើងបន្តទាមទារជាបន្ត»។
លោកបន្តថា សមាគមគ្រូបង្រៀនទាមទារឱ្យដំឡើងប្រាក់បៀវត្សជាមុនសិន ដើម្បីជួយលើកស្ទួយជីវភាពសមរម្យ និងលុបបំបាត់ការបង្រៀនដោយយកលុយ លក់ក្រដាស ជាដើម និងបន្ទាប់មកលោកក៏បានផ្ដោតលើលក្ខខណ្ឌការងារ និងកម្មវិធីសិក្សា ខណៈដែលសមាគមនេះមានសមាជិកជាង១ម៉ឺននាក់ នៅទូទាំងរាជធានី-ខេត្តក្នុងពេលបច្ចុប្បន្ន ហើយលោកក៏ផ្ទេរតួនាទីនេះឱ្យអ្នកស្រី អ៊ុក ឆាយាវី ធ្វើជាប្រធានសមាគមបន្តពីលោកនៅឆ្នាំ២០១៦។
លោកថា លោកបានសហការជាមួយលោក ជា វិជ្ជា បង្កើតក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហើយនៅឆ្នាំ២០០៥ ក្រោយពីក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ទាត់ចោលការបង្កើតសន្ធិសញ្ញាបំពេញបន្ថែមនៅឆ្នាំ២០០៥ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយយល់ថា សន្ធិសញ្ញានេះផ្ទុយពីស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស លោក រ៉ុង ឈុន ត្រូវបានរដ្ឋាភិបាលកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៣ខែ។
លោកថា៖ «សន្ធិសញ្ញាបំពេញបន្ថែម វាផ្ទុយពីស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ នេះ ពីព្រោះនៅក្នុងកិច្ចព្រមព្រៀងត្រង់ចំណុច “ខមួយ បានចង្អុលបង្ហាញថា សន្ធិសញ្ញានៅក្នុងទសវត្សរ៍៨០ ដែលមិនបម្រើផលប្រយោជន៍ឱ្យជាតិ នឹងត្រូវនិរាករ! ដែលពេលហ្នឹងរដ្ឋកម្ពុជា និងប្រជាមានិតកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយយួនច្រើន ដែលសន្ធិសញ្ញាទាំងនេះមិនបានផ្ដល់ផលចំណេញឱ្យកម្ពុជាទេ គឺខាតបង់ទឹកដី»។
លោកបន្ថែមថា កោះត្រល់ មុនពេលដែលសន្ធិសញ្ញាបំពេញបន្ថែមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនទាន់ចូលជាធរមាន រដ្ឋាភិបាលក្រុងហាណូយមិនទាន់អភិវឌ្ឍនៅតំបន់នោះទេ។ លោកបន្តថា សន្ធិសញ្ញាបំពេញបន្ថែមនេះមិនចំណេញដល់កម្ពុជា ព្រោះអំឡុងពេលដែលមានសន្ធិសញ្ញាទាំងនោះ គឺប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយវៀតណាម នេះបើតាមការស្រាវជ្រាវរបស់លោក រ៉ុង ឈុន។
លោកថា៖ «បន្ទាប់ពីឆ្នាំ២០០៥ ហើយទើបចាប់ផ្ដើមអភិវឌ្ឍកោះត្រល់។ ហើយខ្ញុំបានជួបជាមួយមេទ័ពខ្មែរក្រហមនៅក្នុងព្រៃស ហើយយើងបានស្រាវជ្រាវច្រើន ហើយចាស់ៗដែលគាត់ថានៅជំនាន់ ប៉ុល ពត ក្ដី ក្រុមខ្មែរក្រហមបានឈរជើងនៅកោះត្រល់ កោះត្រល់ជាកោះរបស់យើងហើយ។ បាទ! បើយើងនិយាយទៅ ទឹកដីកម្ពុជាក្រោមក៏ទឹកដីរបស់យើង តែយើងចង់និយាយត្រឹមបារាំងបន្សល់ទុកឱ្យ»។
លោក រ៉ុង ឈុន បានលើកឡើងថា ការធ្វើការងារសង្គម ការបង្ហាញចំណុចខ្វះខាតរបស់រដ្ឋាភិបាល ដើម្បីកែលម្អសង្គមនេះ តែងតែមានការប្រឈម ហើយលោកបានធ្លាប់ជជែកជាមួយលោក ជា វិជ្ជា ទោះបីជាមានការលះបង់កម្រិតណា ក៏មិនចាកចេញពីប្រទេសនោះទេ ព្រោះលោកចង់ផ្ដល់ភាពជាគំរូដល់អ្នកជំនាន់ក្រោយ ថាមានតែការតស៊ូមតិនៅក្នុងប្រទេសខ្លួនឯងទេ ទើបទទួលបានលទ្ធផលខ្ពស់។
លោកថា៖ «គ្រាន់តែគេគំរាមបន្ដិចបន្តួច ហើយយើងរត់ចោលស្រុក ស្រែកពីស្រុកគេវិញ ស្រែកពីស្រុកគេមកក៏ដើម្បីរំលឹកពីយុវជន ដល់ពលរដ្ឋអីដែរ ប៉ុន្តែវាមិនសូវមានប្រសិទ្ធភាព។ អ៊ីចឹងយើងជ្រើសរើសនៅក្នុងស្រុក យើងមិនគេចនោះទេ ព្រោះយើងគិតថា វាអត់មានអ្វីដែលខុសច្បាប់ យើងគ្រាន់តែចូលរួមបំពេញបន្ថែមនូវអ្វីដេលរដ្ឋាភិបាលធ្វើខ្វះខាត»។
លោក រ៉ុង ឈុន បានកាន់តួនាទីជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កូតាមកពីគណបក្សសង្រ្គោះជាតិដែលត្រូវតុលាការរំលាយ ក្រោយការបោះឆ្នោតជាតិ អាណត្តិទី៥ ក្នុងឆ្នាំ២០១៣។
តែក្រោយគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយនៅចុងឆ្នាំ២០១៧ លោក រ៉ុង ឈុន រួមនឹងសមាជិក គ.ជ.ប. មួយរូបផ្សេងទៀតមកពីកូតាគណបក្សសង្រ្គោះជាតិ បានលាលែងពីតំណែង ជាតំណែងដែលពួកគេទទួលបានប្រាក់បៀវត្សខ្ពស់ស្មើនឹងឋានៈរដ្ឋមន្រ្តី មានឡាន មានអង្គរក្សផ្ទាល់ខ្លួន ដើម្បីគោរពតាមការសន្យារបស់ខ្លួនចំពោះមុខប្រជាពលរដ្ឋ។
លោកថា៖ «នៅពេលដែលយើងមើលស្ថានភាពមិនល្អ គេធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ អ៊ីចឹងនៅពេលដែលខ្ញុំដឹកនាំអង្គប្រជុំដែលមានសង្គមស៊ីវិល និងគ្រប់ភាគីគណបក្សនយោបាយមកចូលរួម នៅពេលហ្នឹងខ្ញុំបាននិយាយជាមួយសារព័ត៌មានជាសាធាណៈថា ពេលដែលគេរំលាយគណបក្សសង្គ្រោះជាតិ ខ្ញុំនឹងលាឈប់ពី គ.ជ.ប.»។
លោកថា៖ «យើងត្រូវលាឈប់ហើយ យ៉ាងហោចក៏មានសេចក្ដីក្លាហានក្នុងការលា[ឈប់] យើងមិនអាចក្បត់ឆន្ទៈប្រជាពលរដ្ឋបាននោះទេ។ ប្រសិនបើយើងនៅបន្តក្នុង គ.ជ.ប. យើងត្រូវអនុម័តចែកសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ៥០០៧អាសនៈហ្នឹង សមាជិកតំណាងរាស្រ្តចំនួន៥៥ ហ្នឹង យកទៅឱ្យគណបក្សផ្សេងដែលប្រជាពលរដ្ឋមិនបានបោះឆ្នោតឱ្យ»។
លោកបន្តថា ទោះបីជាអ្នកល្បីឈ្មោះមួយចំនួនបានលក់ឧត្ដមគតិខ្លួនឯង ហើយចុះចូលជាមួយគណបក្សកាន់អំណាចយ៉ាងណាក្ដី ហើយកន្លងមកតែងតែមានអ្នកបញ្ចុះបញ្ចូលក៏ដោយ ក៏លោកមិនទៅចូលរួមនោះដែរ ព្រោះថា ការដែលលោកឈានជើងធ្វើការងារសង្គមនេះ ដើម្បីផលប្រយោជន៍ជាតិ និងជួយលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប៉ុណ្ណោះ។
ជាគ្រូបង្រៀន និងជាកវីនិពន្ធឯករាជ្យ លោក ស៊ូ ខេមរិន្ទ បានសាទរចំពោះការបង្កើតសមាគមគ្រូបង្រៀនឯករាជ្យរបស់លោក រ៉ុង ឈុន ដែលបានតស៊ូមតិឱ្យមានការដំឡើងប្រាក់បៀវត្សដល់គ្រូបង្រៀន និងមន្រ្តីរាជការសាធារណៈ ឱ្យមានជីវភាពសមរម្យ សក្តិសមជាមន្រ្តីរាជការផង និងដើម្បីលើកទឹកចិត្តគ្រូបង្រៀនទាំងអស់ដែលខិតខំបំពេញការងារកសាងធនធានមនុស្ស ខណៈដែលលោកបានធ្វើជាគ្រូបង្រៀននៅអនុវិទ្យាល័យជាលើកដំបូងនៅឆ្នាំ២០០៦ ដែលទទួលបានប្រាក់បៀវត្សត្រឹមតែ «៨ម៉ឺនរៀល» ប៉ុណ្ណោះ តែបច្ចុប្បន្នបានឡើងដល់ «១លានប្រាំសែនរៀល» ហើយ។
លោកថា៖ «ចំពោះការបង្កើតសមាគមគ្រូបង្រៀន ដែលដំបូងឡើយដោយលោក រ៉ុង ឈុន នេះ ជារឿងល្ អព្រោះសមាគមគ្រូបង្រៀននេះដែលទាមទារឱ្យមានការដំឡើងប្រាក់ខែមន្រ្តីរាជការឱ្យបានសមរម្យ ដើម្បីចាយវាយឱ្យមើលទៅសមជាមន្រ្តីរាជការ»។
ប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ និងជាអតីតព្រះសង្ឃដែលដឹកនាំបាតុកម្មដើម្បីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន និងសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយផ្សេងទៀត ហើយត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារជាងមួយឆ្នាំ ក្រោមបទចោទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ឱ្យដឹងថា លោកចាប់ផ្ដើមស្គាល់លោក រ៉ុង ឈុន តាំងពីលោក រ៉ុង ឈុន កំពុងតស៊ូមតិជាមួយលោក ជា វិជ្ជា មកម៉្លេះ តែលោកស្គាល់គាត់កាន់តែច្បាស់ និងយល់ពីវីរភាពរបស់លោក រ៉ុង ឈុន បន្ទាប់ពីមានការចាប់ខ្លួននៅឆ្នាំ២០២០នេះ។
លោកថា៖ «ប្រសិនបើយើងមើលពីរបៀបច្បាំងរបស់កងទ័ព អ្នកដែលត្រូវនាំមុខគេគឺមេទ័ព […] លោកគ្រូ រ៉ុង ឈុន ជាប្រធានសហព័ន្ធសហជីព ក៏អាចចាត់ទុកជាមេទ័ពដ៏សំខាន់ កាលដែលគាត់មានគោលជំហរមិនចាកចោលមាតុភូមិទៅរកប្រទេសទីពីរ ប្រទេសទីបី ដែលនេះជាគំរូភាពដ៏សំខាន់ណាស់ក្នុងការបណ្ដុះអ្នកដូចគាត់ទៀត»។
លោកបន្តថា ក្នុងនាមជាពលរដ្ឋខ្មែរគួរគប្បីលើកទឹកចិត្តចំពោះវីរភាពលោក រ៉ុង ឈុន ផងដែរ ដើម្បីលុបបំបាត់នូវវប្បធម៌ដែលចាត់ទុកជាវីរបុរសលុះត្រាតែបាត់បង់ជីរិតទៅហើយ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានស្រសាសន៍ថា លោកស្រីចាប់ផ្ដើមស្គាល់លោក រ៉ុង ឈុន នៅពេលលោកស្រីចាប់ផ្ដើមការងារជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅអំឡុងឆ្នាំ២០០៥ ជាពិសេសនៅពេលដែលមានការចាប់ខ្លួនបុគ្គលសំខាន់ៗ លោក រ៉ុង ឈុន លោក កឹម សុខា និងលោក យ៉េង វីរៈ ដែលបង្ហាញពីការធ្លាក់ចុះសិទ្ធិមនុស្សនៅកម្ពុជា។
លោកស្រីបន្ថែមថា លោក រ៉ុង ឈុន បានបង្ហាញនូវភាពក្លាហានក្នុងការតស៊ូមតិការពារផលប្រយោជន៍កម្មករ ឬព្រំដែន ជាដើម បើទោះបីលោកបានជាប់ពន្ធនាគារយ៉ាងណាក្ដី ដែលនេះគឺជាការបង្ហាញពីគំរូភាពដល់យុវជនជំនាន់ក្រោយ និងជាចលករលើកទឹកចិត្តដល់យើងទាំងអស់គ្នាក្នុងការចូលរួមលើកស្ទួយវិស័យសិទ្ធិមនុស្សឱ្យមានភាពប្រសើរឡើង។
លោកស្រីថា៖ «សម្រាប់លោក រ៉ុង ឈុន យើងឃើញនូវភាពក្លាហានរបស់គាត់ ទោះបីជាធ្លាប់ប្រឈមជាមួយបទចោទ និងត្រូវបានឃុំខ្លួនយ៉ាងណាក៏ដោយ។ ទោះបីជាគាត់ចេញមកវិញ យើងមើលឃើញថា គាត់នៅរក្សាជំហររបស់គាត់ចូលរួមការងារសង្គម ការងារលើកកម្ពស់សិទ្ធិមនុស្ស សិទ្ធិការងារ គ្រប់ពេលដែលយើងឃើញមាននូវបញ្ហារបស់កម្មករ និយោជិត ឬក៏សហគមន៍ ជាពិសេសបញ្ហាព្រំដែនអីហ្នឹង គឺលោកតែងតែចេញមុខឈឺឆ្អាល»។
ព្រះតេជព្រះគុណ សុខ រស្មី គង់នៅវត្តជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានថេរដីកាថា នៅពេលដែលលោក រ៉ុង ឈុន បានចុះទៅទីតាំងព្រំដែនក្បែរនោះ ព្រះអង្គមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់លោក តែយ៉ាងណា លោកមានមោទកភាពដែលលោក រ៉ុន ឈុន តែងតែឈឺឆ្អាលចំពោះទឹកដី និងមិនចាកចោលមាតុភូមិរបស់លោកឡើយ។
ព្រះអង្គមានថេរដីកាថា៖ «មានអារម្មណ៍ថាសោកស្ដាយដែលគេចាប់គាត់ [លោក រ៉ុង ឈុន] ព្រោះគាត់គឺជាធនធានប្រទេសជាតិមួយ ហើយគាត់ជាមនុស្សមិនប្ដូរឆន្ទៈរបស់ខ្លួនឯងឡើយ»។
លោកស្រី ចក់ សុភាព បានបន្តថា ចំណុចពិសេសរបស់លោក រ៉ុង ឈុន ដែលលោកស្រី និងអ្នកធ្លាប់ធ្វើការងារសង្គមជាមួយគ្នាបានដឹងថា មូលហេតុដែលលោក រ៉ុង ឈុន មិនទាន់យកគ្រួសារ ដោយសារតែលោកចង់ប្រើពេលវេលាឱ្យបានច្រើនក្នុងការចូលរួមការងារសង្គម ដែលទង្វើបែបនេះត្រូវបាន លោកស្រីយល់ថាជាការលះបង់នូវប្រយោជន៍ផ្ទាល់ខ្លួន ឬសេចក្ដីសុខផ្ទាល់ខ្លួន។ ហេតុដូច្នេះ ចំពោះការលះបង់បែបនេះ គួរតែត្រូវបានកោតសរសើរ គាំទ្រ និងគាំពារផងដែរ។
លោក រ៉ុង ឈុន បានផ្ដល់ជាអនុសាសន៍ថា ដើម្បីឱ្យសង្គមជាតិមួយមានការរីកចម្រើន លុះត្រាតែប្រជាពលរដ្ឋខ្លាំង មានចំណេះដឹង និងមិនដើរតាមអ្នកនយោបាយ តែធ្វើឱ្យអ្នកនយោបាយដើរតាមការចង់បានរបស់ប្រជាពលរដ្ឋវិញ។ ដូច្នេះ លោកថា ពលរដ្ឋខ្មែរដែលជាម្ចាស់វាសនារបស់ប្រទេសជាតិខ្លួនគួរនាំគ្នាប្រើប្រាស់សិទ្ធិរបស់ខ្លួនផ្ដល់ដោយរដ្ឋធម្មនុញ្ញ ដើម្បីជំរុញទៅមេដឹកនាំគិតពីផលប្រយោជន៍ជាតិ ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ តាមរយៈការតស៊ូមតិដោយសកម្ម និងសន្តិវិធី។
លោកថា៖ «គុកគ្រាន់តែជាទីងមោងបន្លាចមនុស្សទេ ក្នុងនាមប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សង្គម ស្រឡាញ់ជាតិ ឈប់នាំគ្នាខ្លាចគុកទៅ! នៅពេលដែលយើងឈប់ខ្លាចគុក ពេលហ្នឹងគេលែងហ៊ានចាប់យើងហើយ […] គេមិនអាចចាប់យើងទាំងអស់គ្នាទៅដាក់គុកទេ ប្រសិនបើយើងក្រោកទាំងអស់គ្នាឡើង រកគុកឯណាដាក់បានទេ»៕