មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស អះអាងថា ក្រុមការងារចំពោះកិច្ចកំពុងធ្វើការស៊ើបអង្កេតលើនាយករងការិយាល័យបំភ័ន្តអក្ខរៈកងរាជអាវុធហត្ថម្នាក់ ដែលបានកាប់ឈើនិងប្រមូលទិញឈើក្នុងដែនជម្រកសត្វព្រៃឡង់។
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្រសួងការពារជាតិបានចេញលិខិតមួយ ដោយយល់ព្រមឱ្យវរសេនីយ៍ឯក ចាប សារ៉ន នាយករងការិយាល័យបំភ័ន្តអក្ខរៈកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលរួមបង្ហាញភស្តុតាង និងបង្ហាញមុខ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើសុំ ពាក់ព័ន្ធករណីកាប់ឈើនិងប្រមូលទិញឈើក្នុងដែនជម្រកសត្វព្រៃឡង់ ក្នុងខេត្តព្រះវិហារ និងបង្ហាញមុខតាមការកោះហៅរបស់សមត្ថកិច្ច។
ការសម្រេចនេះ ក្រោយពីក្រសួងការពារជាតិទទួលបានលិខិតរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី សុំមិនធ្វើអត្ថាធិប្បាយលម្អិតជុំវិញករណីនេះ ដោយគ្រាន់តែប្រាប់ថា សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត។
លោកមានប្រសាសន៍នៅថ្ងៃសុក្រនេះថា៖ «យើងកំពុងធ្វើការងារហ្នឹងហើយ ពាក់ព័ន្ធបទវិន័យ ពាក់ព័ន្ធអី យើងមើលតាមហ្នឹងហើយ។ ដូចខ្ញុំជម្រាបជូន គេកំពុងធ្វើការងារហ្នឹង ក្រុមការងារចំពោះកិច្ចកំពុងស្រាវជ្រាវ ហើយនឹងធ្វើការហើយ»។
វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ព្រមទាំងលោក ចាប សារ៉ន ដែលរងការចោទបានទេ នៅថ្ងៃនេះ។
សមាជិកបណ្ដាញព្រៃឡង់ខេត្តព្រះវិហារ លោក ដាំ ញ៉ា បានឱ្យដឹងថា លោក ចាប សារ៉ន បានរកស៊ីកាប់ឈើ និងទទួលទិញឈើនៅជុំវិញតំបន់ព្រៃឡង់ ចូលទៅក្រុមហ៊ុន «PNT» និងក្រុមហ៊ុន «ធីង៉ា»។ លោកបន្តថា ការចាត់វិធានការលើលោក ចាប សារ៉ន នាពេលនេះ មានភាពយឺតយ៉ាវ ដោយសារមន្ត្រីអាវុធហត្ថរូបនេះបានរកស៊ីកាប់ឈើ និងដឹកញ្ជូនឈើយូរណាស់មកហើយ ប៉ុន្តែមិនមានសមត្ថកិច្ចចាត់វិធានការឡើយ។
លោកថា៖ «ទៅពេលណាក៏ជួបគាត់ ពេលណាក៏ឃើញកូនចៅគាត់ តាំងពីមេការក្រុមហ៊ុនអីពេញក្នុងព្រៃឡង់របស់យើង តាំងពីរទេះគោ រទេះក្របី តាំងពីគោយន្ត ឃើញទាំងអស់។ ចូលទៅពេលណាក៏មាន១០ ទៅ២០គ្រឿងដែរ។ គាត់មិនបាច់លេសថាគាត់មិនបានកាប់ទេ ព្រៃឡង់ក៏គាត់កាប់ដែរ។ គាត់អនុញ្ញាតឱ្យមេស្រុក មេភូមិចូលទៅកាប់ គាត់អ្នកទិញ ហើយដឹកឈើហ្នឹងមកចូលដេប៉ូ។ ហើយមន្ត្រីបរិស្ថានថាអត់មានៗទេ ឱ្យគាត់ចូលមកជាក់ស្ដែងឃើញហើយ កន្លែងណាក៏ឃើញដែរ ឱ្យតែកន្លែងមុំបី ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែងយើង»។
ជាមួយគ្នានេះដែរ សមាជិកបណ្ដាញព្រៃឡង់រូបនេះ ក៏បានស្នើរដ្ឋាភិបាលនិងសមត្ថកិច្ចចាត់វិធានការទៅលើមន្ត្រី ព្រមទាំងទីតាំងរោងចក្រផ្សេងទៀតផងដែរ។
លោកថា៖ «ជុំវិញរឿងហ្នឹង ខ្ញុំសំណូមពរចាប់ឱ្យបាន ហើយរុញទៅដាក់គុក! ហើយថៅកែនៅតាមស្រុកតាមភូមិ ក៏ត្រូវមានវិធានការផង! តាមរោងចក្រតាមអី វាគ្រប់កន្លែងសព្វថ្ងៃ។ លោក ចាប សារ៉ន គាត់អ្នកប្រព្រឹត្តបទល្មើសពេញតួហើយ ថៅកែធំជាងគេហើយ! កាងទិញឈើគ្រប់ច្រក គ្រប់តំបន់ខេត្តព្រះវិហារ កំពង់ធំ ខេត្តស្ទឹងត្រែង លោក ចាប សារ៉ន អ្នកដឹកនាំឱ្យគេចូលអារឈើនៅតំបន់នោះទាំងអស់»។
បើតាមសារជាសំឡេងដែលមានរយៈពេលជាង៤នាទី កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា បានលើកឡើងថា លោក ចាប សារ៉ន កំពុងរកស៊ីកាប់ឈើដោយខុសច្បាប់ ប៉ុន្តែមិនមានមន្ត្រីណាមួយធ្វើរបាយការណ៍ទៅលោកឡើយ។
លោកបន្តថា៖ «ខ្ញុំរកមនុស្សធ្វើការមិនបាន ឥលូវនាយការិយាល័យបំភ័ន្តអក្ខរៈ ឆ្លើយមុនគេ! មេបញ្ជាការរង ឬនាយសេនាធិការរងទទួលបន្ទុកកិច្ចការងារហ្នឹង គឺឆ្លើយមុន! តើ ចាប សារ៉ន អ្នកណាជាអ្នកឱ្យទៅ? ហើយ ចាប សារ៉ន ទៅ! ទៅធ្វើការងារ ទៅរកស៊ីខុសច្បាប់ តើអស់លោកមានបានរាយការណ៍ទៅមេបញ្ជាការកងរាជអាវុធហត្ថកន្លងមកនេះ? ខ្ញុំផ្ទាល់មិនដែលបានទទួលរបាយការណ៍ អស់លោកបណ្ដែតបណ្ដោយអ៊ីចឹង គ្រប់គ្រងគេខ្មោចអី! ធ្វើមេគេខ្មោចអី! ធ្វើមិនកើត សរសេរក្រដាសមកសុំចេញពីអាវុធហត្ថ មិនអាចទុកនៅបណ្ដែតបណ្ដោយអ៊ីចឹងបានទេ។ សរសេរមក ខ្ញុំចុះហត្ថលេខាភ្លាម ឱ្យលោកឯងចេញពីអាវុធហត្ថ ទុកឱ្យមនុស្សចង្រៃបង្កើតរឿងនៅក្នុងអាវុធហត្ថធ្វើអី? ម្យ៉ាងក្នុងន័យដើម្បីពង្រឹងកម្លាំងកងរាជអាវុធហត្ថ»។
លោក សៅ សុខា ក៏បានចេញបញ្ជាឱ្យមេបញ្ជាការកងរាជអាវុធហត្ថនៅតាមបណ្ដាខេត្តនីមួយៗស្រាវជ្រាវ ហើយប្រសិនរកឃើញមន្ត្រីកងរាជអាវុធហត្ថណាជាប់ពាក់ព័ន្ធ និងប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ត្រូវចាត់វិធានការភ្លាមៗ ដោយបណ្ដេញចេញពីជួរកងទ័ព ហើយបើមានភស្តុតាងត្រូវបន្តកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមច្បាប់។
លោកបញ្ជាក់ថា បើមេបញ្ជាការកងរាជអាវុធហត្ថនៅតាមបណ្ដាខេត្តនីមួយៗជួយលាក់បាំង ស្មើនឹងសមគំនិតឬគប់គិតគ្នា ដូច្នេះមេបញ្ជាកងរាជអាវុធហត្ថទាំងនោះក៏ប្រឈមនឹងច្បាប់ដែរ។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចេញរបាយការណ៍មួយកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដោយបង្ហាញថា ព្រៃឈើចំនួន៦ ២៧១ហិកតា ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួន២ ក្នុងនោះមានដែនជម្រកសត្វព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរការ ហើយការកាប់ឈើខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។
របាយការណ៍ដដែលបញ្ជាក់បន្ថែមថា មូលហេតុព្រៃឈើនៅដែនជម្រកសត្វព្រៃចំនួន២នេះត្រូវបានកាប់បំផ្លាញអស់ជាង៦ពាន់ហិកតានោះ គឺធ្វើឡើងតាមរយៈការទទួលសំណូក និងការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់អាជ្ញាធរ។
លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕