មនុស្ស​៧​នាក់​រង​របួស​និង​ខូច​ខាត​សម្ភារៈ​មួយ​ចំនួន​ដោយ​សារ​ឆេះ​ដេប៉ូ​ប្តូរ​ហ្គាស​នៅ​ខណ្ឌ​សែនសុខ​

ទិដ្ឋភាពភ្លើងឆេះផ្ទះអាជីវកម្មបញ្ចូលហ្គាសរថយន្តមួយកន្លែង តាមបណ្ដោយផ្លូវសម្តេច ជា ស៊ីម ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក រដ្ឋបាលខណ្ឌសែនសុខ)

យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន ៧នាក់រងរបួសធ្ងន់ស្រាល ព្រមទាំងខូចខាតសម្ភារៈមួយចំនួន ដោយសារ​ឆេះដេប៉ូប្ដូរហ្គាសរថយន្ត  និងឆ្លងទៅឆេះផ្ទះប្រជាពលរដ្ឋនៅផ្លូវម្ខាងទៀត ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងកាលពីរសៀលថ្ងៃទី៣ ខែកញ្ញានេះថា ​មានករណីអគ្គិភ័យឆាបឆេះទីតាំងលក់ និងបញ្ចូលហ្គាស  ស្ថិតនៅចំណុចក្បែរផ្សារបឹងបៃតង តាមបណ្ដោយផ្លូវលេខ១៩២៨ ហៅផ្លូវសម្តេច ជា ស៊ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភ្លាមៗនោះ លោកបានបញ្ជាកម្លាំងសមត្ថកិច្ចជំនាញឱ្យចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅជួយអន្តរាគមន៍បាញ់ពន្លត់។

លោក ព្រហ្ម យ៉ន  បន្តថា នៅក្នុងហេតុការណ៍ អគ្គិភ័យឆាបឆេះនោះ  បានបណ្តាលឱ្យមនុស្សប្រុសស្រីចំនួន ៧នាក់រងរបួសធ្ងន់ស្រាលត្រូវបានបញ្ជូនទៅមន្ទីរ​ពេទ្យភ្លាមៗ ក្នុងនោះមានម្ចាស់ទីតាំងការ៉ាសហ្គាសមានឈ្មោះ ប៉ែន ធារិទ្ធ ផងដែរ។

របាយការណ៍ដដែលបន្ថែមថា  ក្នុងប្រតិបត្តិការនោះ  កម្លាំងជំនាញបានប្រើរថយន្តពន្លត់អគ្គិភ័យសរុបទាំងអស់ចំនួន ២២គ្រឿង រួមមាន រថយន្តការិយាល័យចំនួន ១២គ្រឿង និងរថយន្តរបស់ក្រុមហ៊ុនឯកជន​២ ចំនួន ៨គ្រឿងផ្សេងទៀត៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ