៥​ឆ្នាំ​ក្រោយ​កាសែត​ឌឹ​ខេម​បូឌា​ដេលី​​​បិទ​ទ្វារ​ការិយាល័យ ​​​សេរី​ភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា​បន្ត​រង​ការ​រឹត​ត្បិត​

អ្នកជំនាញខាងវិស័យ​សារព័ត៌មានលើកឡើងថា ចាប់តាំងពី​ចុងឆ្នាំ២០១៧ មក ពោលគឺ ក្រោយ​ពីកាសែត ឌឹខេមបូឌា ដេលី(The Cambodia Daily) និងវិទ្យុឯករាជ្យមួយចំនួនត្រូវបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ រហូតមកដល់ពេលបច្ចុប្បន្ននេះ សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែមានការរឹតត្បិត ដោយមិនទាន់មានភាពប្រសើរនៅឡើយ។

កាសែត ឌឹ ខេមបូឌា ដេលី ​ បានប្រកាសឈប់ដំណើរការ ឬបង្ខំចិត្តបិទទ្វារការិយាល័យរបស់ខ្លួន ​កាលពីថ្ងៃទី៤ កញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានដំណើរការនៅកម្ពុជារយៈពេលជាង២០ឆ្នាំ។

នាយក​ប្រព័ន្ធផ្សព្វផ្សាយ នៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យCCIM លោក អ៊ិត សូធឿត សង្កេតឃើញថា ក្រោយពីសារព័ត៌មានឌឹខេមបូឌាដេលីត្រូវបានបង្ខំចិត្តបិទទ្វារកាលពីចុងឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២២នេះ សេរីភាពរបស់អ្នកសារព័ត៌មាននៅតែមានការរឹតត្បិត និងអាប់អួរនៅឡើយ។ ការលើកឡើងនេះលោកថា ដោយសារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនដូចជា វីអូឌី មិនអាចផ្សាយតាមវិទ្យុបានដូចមុនឆ្នាំ២០១៧   ហើយវិទ្យុអាស៊ីសេរី និងកាសែត ឌឹខេមបូឌាលី ត្រូវបានរដ្ឋាភិបាលមិនអនុញាតឱ្យមានការិយាល័យនៅក្នុងប្រទេសកម្ពុជាជាដើម។

លោកមានប្រសាសន៍ថា៖ «បន្ទាប់ពីមានការឹតត្បិតសេរីភាពសារព័ត៌មានក្រោយឆ្នាំ២០១៧ គឺសេរីភាពសារព័ត៌មាន មានការធ្លាក់ចុះ មានការអាប់អួរ ហើយបរិយាកាសនៅតែបន្តរហូតមកដល់ពេលបច្ចុប្បន្ន បើទោះបីជាបច្ចុប្បន្នហ្នឹង មានសារព័ត៌មានឯករាជ្យចំនួនអាចបន្តដំណើរការរបស់ខ្លួន ក៏ប៉ុន្តែភាគច្រើននៅលើបណ្តាញអនឡាញ គឺអត់មានចេញនៅលើវេបសាយ ឬក៏ទៅតាមវិទ្យុ ដូចពីមុនទៀតទេ»។

ទោះជាយ៉ាងណា លោក អ៊ិត សូធឿត ​ចង់ឃើញរដ្ឋាភិបាលបង្កបរិយាកាសល្អប្រសើរសម្រាប់សេរីសារព័ត៌មាននៅកម្ពុជា ឱ្យបានដូច​កាលពីមុនឆ្នាំ២០១៧។

នាយក​ប្រតិបត្តិ​នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលហៅកាត់ថា ខេមបូចា លោក ណុប វី មានប្រសាសន៍ថា តាមរបាយការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា និងរបាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន រកឃើញថា សេរីភាពអ្នកសារព័ត៌មាននៅតែជួបបញ្ហាប្រឈមនៅឡើយ នាអំឡុងពេល៥ឆ្នាំចុងក្រោយនេះ។ ការលើកហេតុផលដូច្នេះលោកថា  ពីព្រោះ​អ្នកសារព័ត៌មានឯករាជ្យមួយចំនួន ដែលចុះ​ថតរូប ថតវីដេអូ ឬចុះរាយការណ៍កន្លែងមានវិវាទ ត្រូវបានអាជ្ញាធរគំរាមកំហែង រារំាំង ឃាត់ខ្លួន និងខ្លះទៀតរងការប្តឹងផ្តល់ពីបទ ញុះញង់ ជាដើម។

ករណីនេះ លោក ណុប វី បង្ហាញក្តីបារម្ភនៅមុនពេល អំឡុងពេល និងក្រោយពេលបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខនេះ អ្នកសារព័ត៌មានឯករាជ្យ ដែលតែងតែនិយាយរិះគន់ពីចំណុចខ្វះខាតរបស់រដ្ឋាភិបាល អាចប្រឈមនឹងការគំរាមកំហែង និងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ  បើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ ការពារដល់សន្តិសុខសុវត្ថិភាពពួកគេទាំងនោះទេ។

លោកមានប្រសាសន៍ថា៖ «អ្នកសារព័ត៌មានជាភ្នែកជាច្រមុះមួយដែរ នៅក្នុងការពិនិត្យ តាមដាននៅក្នុងដំណើរការនៅមុនពេលបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។ ដូច្នេះ បើសិនជាអ្នកដែលឃ្លាំមើលទទួលរងនូវការគំរាមកំហែង ឬមួយក៏មិនទទួលបាននូវសេរីភាពពេញលេញ នោះការបោះឆ្នោតមិនទទួលបាននូវសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ច្រានចោលការលើកឡើងរបស់អ្នកជំនាញផ្នែកវិស័យព័ត៌មាន ដែលថា សេរីភាពសារព័ត៌មាននៅកម្ពុជាមិនទាន់ល្អប្រសើរនៅឡើយ។ លោកបន្តថា ការបិទសារព័ត៌មានឌឹខេមបូឌាដេលី និងវិទ្យុអាស៊ីសេរី កាលពីចុងឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២២នេះ ដោយសារស្ថាប័នទាំងនោះមិនបានអនុវត្តស្របតាមច្បាប់កម្ពុជា។

លោកមានប្រសាសន៍ថា៖ «អង្គភាពសារព័ត៌មានបានអនុវត្តសេរីភាពបានពេញលេញទៅតាមកាតព្វកិច្ចនៅក្នុងប្រទេសកម្ពុជា គឺគាត់អាចបំពេញវិជ្ជាជីវៈរបស់គាត់ដោយសេរី មិនមានការបង្ខិតបង្ខំរំលោភបំពានអ្វីទេ ដូចជា វីអូអេ វីអូឌី នៅពេលដែលគាត់បំពេញការងារគាត់ទៅតាមច្បាប់ បទដ្ឋានគតិយុត្តិ​ គឺគាត់អាចបំពេញវិជ្ជាជីវៈគាត់បាន»។

លោកបន្ថែមថា៖ «អ៊ីចឹងការធ្វើអត្ថាធិប្បាយរបស់គាត់ គឺខ្ញុំយល់ថាជាការធ្វើអត្ថាធិប្បាយមួយដែលមើលទៅតែមួយជ្រុង មើលទៅវាហាក់ដូចជាឱ្យតម្លៃពេកទៅលើអង្គភាពសារព័ត៌មានដែលគាត់មិនព្រមអនុវត្តអ្វីដែលជាកាតព្វកិច្ចដែលគាត់ត្រូវបំពេញទៅតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិដែលមានជាធរមាននៅក្នុងប្រទេសកម្ពុជាយើង»។

កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ត្រូវបានបង្កើតឡើងដោយអ្នកកាសែតអាមេរិចឈ្មោះប៊ែរណាដ ឃី្រសឺរ នៅឆ្នាំ១៩៩៣។ ​​សារព័ត៌មានពីរភាសា គឺភាសាខ្មែរ​ និងអង់គ្លេស​នេះ ត្រូវបានគេមើលឃើញថា ជាសារព័ត៌មាន​ឯករាជ្យមួយនៅកម្ពុជា ដែលហ៊ានចុះផ្សាយ​​អត្ថបទ​ជាច្រើនស្ដីពី​បញ្ហា​ពុក​រលួយ ការ​កាប់ និង​ជួញដូរ​ឈើ​ខុស​ច្បាប់ ការ​តវ៉ា​ដីធ្លី ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និង​រឿង​នយោបាយ​ជាដើម។

កាសែតដែលតែងតែបោះពុម្ពផ្សាយជារៀងរាល់ថ្ងៃមួយនេះ បានប្រកាសឈប់​ដំណើរការ ឬបង្ខំចិត្តបិទទ្វារការិយាល័យរបស់ខ្លួន ចាប់ពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ២០១៧ បន្ទាប់​ពី​​បាន​ដំណើរការ​នៅកម្ពុជារយៈពេល២៤​ឆ្នាំ។ ការប្រកាសបិទដំណើរការនោះ ​ ក្រោយ​ពី​មិន​មាន​ដំណោះស្រាយ​ស្ដីពី​រឿង​ពន្ធដែលរដ្ឋាភិបាលចោទថា កាសែតនេះមិនបង់ពន្ធជាច្រើនឆ្នាំ ដែលមានតម្លៃ​​​ជាទឹកប្រាក់ជាង ៦​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ឌឹខេមបូឌាដេលី អះអាងពេលនោះថា ការទារពន្ធនេះ គឺធ្វើឡើងក្រោមហេតុផលនយោបាយតែប៉ុណ្ណោះ។ ​

អត្ថបទមួយដែល កាសែតឌឹខេមបូឌាដេលីបានបោះពុម្ភផ្សាយចុងក្រោយមានចំណងជើងជាភាសាខ្មែរថា​ «ធ្លាក់​ចូល​ទៅ​ក្នុង​របប​ផ្តាច់​ការ​ទាំងស្រុង» ​ឬ​ Descent Into Outright Dictatorship។

អត្ថបទនេះត្រូវបានចុះផ្សាយនៅទំព័រមុខ អមដោយរូបភាពនៃការចាប់ខ្លួនប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា ដោយត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ផងដែរ។

ត្បិតតែការិយាល័យរបស់ខ្លួននៅភ្នំពេញបានបិទទ្វារ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ កាសែត ឌឹ ខេមបូឌា ដេលី កាលពី​ថ្ងៃ​ទី​​២៤ ខែ​តុលា ឆ្នាំ​២០១៧ បានប្រកាសថា កាសែតនេះ ​ បាន​ចាប់​ផ្តើម​ដំណើរការ​ឡើង​វិញ​តាម​ប្រព័ន្ធ​ឌីជីថល​តែ​ប៉ុណ្ណោះ​ ​ ហើយ​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស»។

ជិត១០ថ្ងៃក្រោយកាសែតឌឹខេមបូឌាដេលី ប្រកាសបិទដំណើរការនោះ វិទ្យុអាស៊ីសេរី ដែលជាវិទ្យុបរទេសទទួលជំនួយពីសហរដ្ឋអាមេរិកផ្សាយជាខេមរភាសានោះ ក៏បានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ ក្រោមហេតុផលថាមានការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាលលើកិច្ចការរដ្ឋបាល និងពន្ធជាដើម។ ប៉ុន្តែរដ្ឋាភិបាលបានច្រានចោលការចោទប្រកាន់នេះ ដោយថាជាការបិទដោយខ្លួនឯងតែប៉ុណ្ណោះ។

​​កាលពីមុនបោះឆ្នោតខែកក្កដា ​ឆ្នាំ២០១៨ ​ស្ថានីយ​វិទ្យុ​ក្នុងស្រុកជាង​ ៣០ ដែល​ជួលម៉ោងផ្សាយឲ្យវិទ្យុ​ RFA និង​ VOA ​ត្រូវ​បាន​បិទ​។ ប៉ុន្តែ​រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្លាប់ថ្លែងថា​ ការដែលវិទ្យុបរទេសទាំងពីរនេះ មិន​អាច​ផ្សាយ​លើ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​បាន ​ដោយសារ​ស្ថានីយវិទ្យុ​ក្នុង​ស្រុក​បំពាន​វិធាន​​ការជួល​ដោយ​មិន​គោរព​តាម​នីតិវិធី​របស់​ក្រសួងបានកំណត់​។

របាយការណ៍របស់អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​ចេញ​ផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បង្ហាញថា សេរីភាពសារព័ត៌មានកម្ពុជា​ឆ្នាំ២០២២ នៅតែអាក្រក់ដដែល ពោល​គឺស្ថិតនៅលេខរៀងទី១៤២ លើ១៨០​ប្រទេស និងដែនដី​នៅ​លើពិភព​លោក។

ចំណាត់ថ្នាក់នេះ បង្ហាញដែរថា ​សេរីភាពសារព័ត៌មាននៅកម្ពុជា​បានបន្តធ្លាក់​ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨មក ពោលគឺនៅមិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ