សមត្ថកិច្ចកាណាដា កំពុងតាមប្រមាញ់ជនសង្ស័យ ២នាក់ ដែលបានចាក់សម្លាប់មនុស្ស កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងសហគមន៍ជនជាតិដើមភាគតិច ហើយបានបណ្តាលឱ្យមនុស្ស១០នាក់ស្លាប់ និង១៥នាក់រងរបួស នៅភាគកណ្តាលនៃខេត្តសាស្កាឆេវ៉ាន់ (Saskatchewan) ដោយជនសង្ស័យទាំង២នាក់ ត្រូវបានប្រទះឃើញនៅចម្ងាយរាប់រយគីឡូម៉ែត្រពីកន្លែងកើតហេតុ។
ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ បានស្រង់ការលើកឡើងឡើងរបស់ នាយករដ្ឋមន្ត្រីកាណាដា លោកចាស្ទីន ទ្រូដូ (Justin Trudeau) ដែលបានបង្ហោះសារនៅលើបណ្តាញសង្គម Twitter មកផ្សព្វផ្សាយថា៖ «ការវាយប្រហារនៅខេត្តសាស្កាឆេវ៉ាន់ (Saskatchewan) ថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏រន្ធត់ និងក្រៀមក្រំបំផុត។ ខ្ញុំកំពុងគិតពីអ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ និងអ្នកដែលរងរបួស»។
លោក ស្កុត ម៉ូ (Scott Moe) អភិបាលខេត្តសាស្កាឆេវ៉ាន់ (Saskatchewan) បានលើកឡើងនៅលើបណ្តាញ Twitter ថា៖ «ខ្ញុំមិនអាចពិពណ៌នាអំពីការឈឺចាប់ និងការបាត់បង់ដែលបណ្តាលមកពីអំពើហិង្សាដ៏ឃោឃៅនេះឡើយ […] ប្រជាពលរដ្ឋទាំងអស់នៅខេត្តសាស្កាឆេវ៉ាន់ (Saskatchewan) ចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ»។
នគរបាលបានកំណត់អត្តសញ្ញាណជនសង្ស័យទាំង ២នាក់នោះថា មានឈ្មោះ ដាមៀន សាន់ឌឺសុន (Damien Sanderson) អាយុ៣១ឆ្នាំ និងម៉ាយស៍ សាន់ឌឺសុន (Myles Sanderson) អាយុ៣០ឆ្នាំ។
នគរបាល បាននិយាយថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានប្រទះឃើញធ្វើដំណើរក្នុងរថយន្ត Nissan Rogue ពណ៌ខ្មៅ ហើយត្រូវបានប្រទះឃើញនៅក្នុងទីក្រុងរីហ្គីណា (Regina) ចម្ងាយប្រហែល ៣២០គីឡូម៉ែត្រ ភាគខាងត្បូងនៃសហគមន៍ជនជាតិដើមភាគតិចជែមស្មីតគ្រីណេសិន (James Smith Cree Nation) និងភូមិវែលដុន (Weldon) ។
លោកស្រី រ៉ុនដា ប៊្លែកម័រ (Rhonda Blackmore) មេបញ្ជាការនគរបាលខេត្តសាស្កាឆេវ៉ាន់ (Saskatchewan) បានប្រាប់ក្នុង សន្និសីទសារព័ត៌មានថា៖ «ជនរងគ្រោះមួយចំនួនហាក់ដូចជាគោលដៅនៃការវាយប្រហារ ហើយជនរងគ្រោះមួយចំនួនអាចត្រូវបានវាយប្រហារដោយចៃដន្យ»។
នគរបាលបន្តថា ប្រហែលជាមានជនរងគ្រោះបន្ថែមដែលរងរបួស និងធ្វើដំណើរទៅមន្ទីរពេទ្យដោយខ្លួនឯង។
នគរបាលបានបន្ថែមថា ការវាយប្រហារបានកើតឡើងនៅក្នុងទីតាំងចំនួន១៣ រួមទាំងសហគមន៍ជនជាតិដើមភាគតិចជែមស្មីតគ្រីណេសិន (James Smith Cree Nation) និងភូមិវែលដុន (Weldon) ផងដែរ។
សហគមន៍ជនជាតិដើមភាគតិចជែមស្មីតគ្រីណេសិន (James Smith Cree Nation) គឺជាសហគមន៍ជនជាតិដើមភាគតិចដែលមានប្រជាជនប្រហែល ៣ ៤០០នាក់ ដែលភាគច្រើនប្រកបរបរកសិកម្ម បរបាញ់ និងនេសាទ។ ភូមិវែលដុន (Weldon គឺជាភូមិមួយដែលមានប្រជាជនរស់នៅប្រហែល២០០នាក់។
សហគមន៍ជនជាតិដើមភាគតិចជែមស្មីតគ្រីណេសិន (James Smith Cree Nation) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាស់ទុំដែលបានជាប់ឆ្នោតនៅក្នុងតំបន់នេះ បានប្រកាសដាក់សហគមន៍នេះក្នុងភាពអាសន្នជាការឆ្លើយតបទៅនឹងឃាតកម្ម និងការវាយប្រហារជាច្រើនលើក មកលើសមាជិកសហគមន៍ និងបានបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ចំនួនពីរ។
នគរបាលបានជំរុញឱ្យប្រជាពលរដ្ឋរាយការណ៍ពីបុគ្គលណាម្នាក់ដែលគួរឱ្យសង្ស័យ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
ទីប្រឹក្សាម្នាក់បាននិយាយថា៖ «កុំចេញពីទីតាំងដែលមានសុវត្ថិភាព។ ចូរប្រយ័ត្ន! កុំឱ្យជនមិនស្គាល់មុខចូលក្នុងផ្ទះរបស់អ្នក»។
ទោះជាយ៉ាងណា លោក Blackmore បាននិយាយថា នៅមិនទាន់ដឹងច្បាស់នៅឡើយថា តើជនសង្ស័យមានគោលដៅធ្វើដំណើរទៅណានោះទេ ឬថាតើពួកគេផ្លាស់ប្តូររថយន្តឬយ៉ាងណា។
លោក Blackmore បាននិយាយថា៖ «វាជារឿងដ៏គួរឱ្យរន្ធត់ដែលបានកើតឡើងនៅក្នុងខេត្តរបស់យើងនៅថ្ងៃនេះ»។
លោកហៅការវាយប្រហារនោះថា ជាការវាយប្រហារដ៏ឃោឃៅបំផុត ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត៕