ក្រុមអង្គការសង្គមស៊ីវិល បាននាំគ្នាយកកូនឈើទៅដាំសហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់កំពង់ស្ពឺ ក្រោយទាហានរថក្រោះកងទ័ពជើងគោកដាក់គ្រឿងចក្រឈូសឆាយអស់ស្ទើរទាំងស្រុង។
កាលពីថ្ងៃទី៣ និងទី៤ ខែកញ្ញា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន ១១ស្ថាប័ន បាននាំយកកូនឈើជាង ១ ១០០ដើម ទៅដាំនៅ សហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ខណៈអាជ្ញាធរមិនទាន់ដោះស្រាយបញ្ចប់ជម្លោះរវាងដីសហគមន៍ និងក្រុមទាហាន។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា លោក ហេង គឹមហុង ដែលចូលរួមដាំកូនឈើនេះ មានប្រសាសន៍នៅថ្ងៃចន្ទនេះថា សហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ត្រូវបានទាហានរថក្រោះកងទ័ពជើងគោកដាក់គ្រឿងចក្រឈូសឆាយអស់ស្ទើរទាំងស្រុងទៅហើយ។
មន្ត្រីសង្គមស៊ីវិលផ្នែកព្រៃឈើ និងបរិស្ថានរូបនេះបន្តថា ក្រោមគម្រោងឈូសឆាយនេះ បានធ្វើឱ្យប៉ះពាល់ដល់ព្រៃស្រោង សត្វព្រៃជាច្រើនប្រភេទ ការកាប់ឈើប្រណិត ហើយប្រជាសហគមន៍បានរងអំពើហិង្សា និងការបាញ់គំរាមកំហែងពីក្រុមទាហានដែលធ្វើសកម្មឈូសឆាយព្រៃនៅតំបន់នោះផងដែរ។
លោក ហេង គឹមហុង បន្ថែមថា៖ «ព្រៃស្រោងដ៏ស្រស់ស្អាតនៅទីនោះ ត្រូវបានឈូសឆាយស្ទើតែអស់ទៅហើយ។ មួយទៀតនោះសត្វព្រៃ ត្រូវបានបរបាញ់ និងបាត់ខ្លួន ដូចជា សត្វខ្លាឃ្មុំ ក្ងោក ហើយពេលដែលយើងទៅនេះយើងឃើញសត្វក្តាន់ញ៉ែងងាប់ ដែលជារឿងមួយ ដែលយើងសោកស្តាយ មិនគួរណាកើតមានទាល់តែសោះ កន្លែងមួយដែលមានព្រះសង្ឃ ចំណាយពេលជាង២០ឆ្នាំ ដើម្បីការងារព្រៃឈើនៅទីនោះ ប៉ុន្តែផ្ទុយទៅវិញ គេបែរជាគេមកឈូសឆាយតែមួយប្រព្រិចភ្នែកលើផ្ទៃដីព្រៃជាង២០០ហិកតា បានខ្ទេចខ្ទី ដោយគ្មានការយកចិត្តទុក្ខដាក់ពីអាជ្ញាធរមូលដ្ឋានភ្លាមៗ និងបានបណ្តែតបណ្តោយឱ្យមានការប្រើអំពើហិង្សា និងបាញ់គំរាមកំហែងលើពលរដ្ឋចូលការពារព្រៃឈើថែមទៀត»។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ដែលចូលរួមដាំកូនឈើនេះដែរ បានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រីថា សហគមន៍ឧត្តមស្រែពស់មានព្រៃក្រាស់ល្អ ដែលព្រះសង្ឃបានខិតខំដាំ និងការពារសម្រាប់ជាជម្រកសត្វព្រៃ ដូចជា សត្វទោច ស្វា ក្ងោក និងសត្វជាច្រើនប្រភេទទៀត ហើយសហគមន៍ ក៏បានផ្តល់អនុផលផ្សេងៗទៀត ដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះផងដែរ។
លោកស្រី ចក់ សុភាព រំពឹងថា អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នឹងមានដំណោះស្រាយល្អមួយសម្រាប់សហគមន៍ ហើយលោកស្រីក៏បានស្នើឱ្យមានកិច្ចការពារដល់ប្រជាសហគមន៍ និងព្រះសង្ឃដែលការពារព្រៃឈើនៅទីនោះ ឱ្យរួចផុតពីការប្រើហិង្សា និងការគំរាមកំហែងបាញ់ពីជនដែលបំផ្លាញព្រៃសហគមន៍នេះ។
ចំណែក អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា បានសសេរលើហ្វេសប៊ុករបស់លោកដែរថា បេសកកម្មដាំកូនឈើនេះ គឺមិនទាន់បានជោគជ័យនៅឡើយទេ ដោយសារសហគមន៍មិនទាន់មានភាពប្រាកដប្រជាលើការប្រើប្រាស់ដីព្រៃសហគមន៍ ខណៈរដ្ឋបាលខេត្តកំពង់ស្ពឺ មិនទាន់បានដោះស្រាយដោយកំណត់ព្រំដីច្បាស់លាស់ រវាងដីសហគមន៍ និងដីទាហាន។
មន្ត្រីសិទ្ធិរូបនេះបន្តថា ប្រជាសហគមន៍នៅតែបារម្ភខ្លាចដីសហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ នៅតែរងការបំផ្លិតបំផ្លាញ ប្រសិនបើពុំមានការវាស់វែង និងកំណត់ព្រំប្រទល់ដោយចេញជាលាយលក្ខអក្សរឱ្យបានច្បាស់លាស់នោះ។
វីអូឌី មិនអាចសុំការបញ្ជាក់អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានទេនៅថ្ងៃចន្ទនេះ។ ប៉ុន្តែកន្លងមក លោកបានចុះពិនិត្យមើលការឈូសឆាយផ្ទាល់ និងស្នើឱ្យភាគីទាហានបញ្ឈប់សកម្មភាពឈូសឆាយ ដោយរងចាំការដោះស្រាយជាមុនសិន ហើយលោកបានហៅសមាជិកសហគមន៍៧នាក់ ទៅជួបពិភាក្សារកដំណោះស្រាយនៅព្រឹកថ្ងៃចន្ទនេះទៀត។
សមាជិកសហគមន៍ម្នាក់ លោក ឈួន ខឿន ដែលជួបជាមួយអភិបាលខេត្ត បានឱ្យដឹងថា ក្នុងជំនួបនោះ គឺពុំទាន់មានការសម្រេច និងដំណោះស្រាយណាមួយនៅឡើយ។ លោកថា អភិបាលខេត្តគ្រាន់តែប្រាប់ពួកគាត់ថា ដីជាង ៨៨៧ហិកតា ដែលអ្នកភូមិអះអាងថា ជាដីសហគមន៍នោះ គឺជាន់លើដីអនុក្រឹត្យដែលរដ្ឋាភិបាលកាត់ឱ្យទាហាន។
សមាជិកសហគមន៍រូបនេះ បន្តថា លោក វ៉ី សំណាង បាននិងកំពុងឱ្យមន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវដីព្រៃមួយកន្លែងផ្សេងទៀត ដែលមានទំហំជាង ៨៨៧ហិកតាដូចគ្នា ដើម្បីដោះស្រាយជូនសហគមន៍ ប៉ុន្តែលោកថា ប្រសិនជាដីនោះនៅឆ្ងាយឬខុសទីតាំងដែលកំពុងការពារ គឺអ្នកភូមិមិនអាចទទួលយកបានឡើយ។
បើតាមលោក ឈួន ខឿន ប្រជាសហគមន៍កំពុងព្រួយបារម្ភពីការចូលឈូសឆាយបន្ថែម និងការបាត់បង់ដីសហគមន៍ទាំងស្រុង ប្រសិនបើអាជ្ញាធរមានភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ចប់ជម្លោះនេះ។
លោក ឈួន ខឿន បន្ថែមថា៖ «ពួកយើងចង់បានដីកន្លែងដែលយើងធ្លាប់ការពារមកដល់បច្ចប្បន្នហ្នឹង។ បើសិនជាព្រៃដែលនៅសល់ហ្នឹងយើងការពារបានល្អ វាស្រួលយើងមើលគោមើលក្របី និងអាស្រ័យផលផ្សេងៗទៀត ដូចជា រកផ្សិត រកបន្លែ។ យើងការពារបណ្តើរមើលគោក្របីបណ្តើរនៅក្នុងហ្នឹងទៅបានហើយ សម្រាប់ប្រជាពលរដ្ឋយើង។ ព្រឹកមិញនេះ សហគមន៍បានប្រាប់ទៅលោកអភិបាលខេត្តហើយឱ្យគាត់ពន្លឿននៃការដោះស្រាយ កុំឱ្យព្រៃឈើហ្នឹងកាន់តែបាត់បង់ទៅៗ»។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង ២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។
ក្រោយទទួលបានដីសម្បទានសង្គមកិច្ចនេះ ក្រុមទាហានបានដាក់គ្រឿងចក្រឈូសឆាយ និងប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃឈើនៅតំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរ តវ៉ាប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដែលពួកគេបានការពារជាង២០ឆ្នាំមកហើយ៕