ប្រជា​សហគមន៍​ខេត្ត​ព្រះវិហារ​​រក​​​ឃើញ​​បទ​ល្មើស​​ព្រៃ​ព្រះ​រការ​ជាង​២០០​ករណី​បន្ថែ​ម​ទៀត ​

ព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រះរការ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ​ កំពុងរងការកាប់បំផ្លាញ អំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០២២។ (រូបភាព៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ)

ប្រជាសហគមន៍នៅភូមិប្រមេរ ខេត្តព្រះវិហារ បានរកឃើញ បទល្មើសព្រៃឈើ​ក្នុងតំបន់​ដែនជម្រក​សត្វព្រៃ​ព្រះរការ ចំនួនជាង ២៤០ករណីបន្ថែមទៀត ដែល​ធ្វើឱ្យ​ពួ​កគេ​ព្រួយបារម្ភ​ថា ដែន​ជម្រ​ក​សត្វព្រៃព្រះរការ អាច​​ប្រឈម​នឹង​ការបាត់បង់ ប្រសិនបើ​អាជ្ញាធរ​នៅតែ​​បណ្តែត​បណ្តោយ​ក្នុងការ​ទប់ស្កាត់​បទល្មើស​​។ ​

តាមរយៈ​សេចក្តីប្រកាសព័ត៌មាន​របស់​ជនជាតិដើមភាគតិច​កួយ ភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ​ នៅថ្ងៃចន្ទនេះ ឱ្យដឹងថា ​​តាមរយៈ​ការ​ចុះអង្កេតចំនួន២លើក កាលពីចុងខែកក្កដា និងខែសីហាកន្លងទៅ​​ បានរកឃើញ​បទល្មើសព្រៃឈើកើតឡើងចំនួន ២៤៩ករណី។

ប្រភពដដែលបន្តថា បទល្មើសទាំងនោះ​មាន ក្តារបន្ទះបន្សល់ទុកចោលចំនួន ២៨៦សន្លឹក ឈើតាប់ឬឈើដែលគេច្រៀកក្រាស់ៗ ចំនួន៣១៣សន្លឹក​ ប្រទះ​ឃើញ​ រទេះក្របីកំពុងដឹកឈើចំនួន​៣គ្រឿង គោយន្តចំនួន ០២គ្រឿងផងដែរ។ ប្រជាសហគមន៍បន្តថា ឈើដែលជនល្មើសកាប់នោះ ជាប្រភេទឈើទាល ពពេល គគី ត្រាច ដួងចែម​ ក្រឡាញ់ជាដើម ដោយមានមុខកាត់ចាប់ពី ៤០សង់ទីម៉ែត្រ(40CM) ដល់១៤០សង់ទីម៉ែត្រ(140cm)។

សេចក្តីប្រកាសព័ត៌មានបន្តថា៖ «សហគមន៍​ជនជាតិដើម​ភាគតិចកួយ​ភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ខកចិត្ត និង​មាន​ក្តីព្រួយបារម្ភ​ជាពន់ពេក ចំពោះការ​បណ្តែតបណ្តោយ និងភាព​អសកម្មរបស់​មន្ត្រីពាក់ព័ន្ធ ធ្វើឱ្យ​បទល្មើសព្រៃឈើ​នៅក្នុងដែនជម្រក​សត្វព្រៃព្រះរការបន្តកើតឡើង​ឥតស្រាកស្រាន្តពីមួយ​ថ្ងៃទៅមួយថ្ងៃ​»។

ប្រភពដដែលបន្ថែមថា​ ដើម្បីការពារដែនជម្រក​សត្វព្រៃព្រះរការ ដែលកំពុងប្រឈមបាត់បង់នេះ​ អាជ្ញាធរ​ត្រូវផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋ​ចូលរួម​ការពារព្រៃឈើ​ឱ្យ​បាន​ទូលាយ ហើយបន្ត​​ពង្រឹង​ការអនុវត្តច្បាប់របស់​មន្ត្រីមូលដ្ឋានប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។ លើសពីនេះ បង្កើត​យន្តការ​តាម​ដាន​ការ​អនុវត្តច្បាប់​របស់មន្ត្រីមូលដ្ឋាន និងដាក់​ទោសទណ្ឌ ប្រសិនបើ​​រកឃើញថា មន្ត្រីទាំងនោះ​ជាប់ពាក់ព័ន្ធនឹង​ការស៊ីសំណូកជាមួយ​ឈ្មួញខិលខូច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ