គណបក្សនៅក្រៅរដ្ឋាភិបាលចំនួន​៤ នឹង​ដាក់​លិខិត​ទៅរដ្ឋសភាជាថ្មីទៀត​នៅក្នុង​សប្តាហ៍​នេះ

ទិដ្ឋភាពនៅពីមុខរដ្ឋសភា ក្រុងភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

តំណាងគណបក្សនយោបាយ​ដែលនៅក្រៅរដ្ឋាភិបាលលើកឡើងថា ការគ្រោង​ដាក់លិខិត​ស្នើ​ជួប​ជា​​​មួយ​​​ភាគី​​​រដ្ឋ​​​សភានេះ ដើម្បីពិភាក្សា​កិច្ចការមួយចំនួន​ទាក់​ទង​នឹងច្បាប់​បោះឆ្នោត ស្របពេល​​​​ដែល​កម្ពុជា​នឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាង​រាស្ត្រនៅឆ្នាំក្រោយនោះ គឺពិត​ជា​មាន​ភាព​ចាំបាច់ ព្រោះ​ការវិវត្តន៍ថ្មីៗ​​បន្ថែមទៀត ទៅលើ​​មូលដ្ឋាន​​​ច្បា​ប់ និង​​លំ​​​​ហប្រជាធិបតេយ្យ ហាក់​ជា​កា​រ​គំរាម​កំហែង​កាន់តែខ្លាំងឡើងៗទៅ​​លើសេរីភាព​​ន​​យោ​បាយ។

ប្រធានគណបក្សឆន្ទៈខ្មែរលោក គង់ មុនីកា ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះថា គោលបំណង​ដែល​គណ​បក្ស​ទាំង​​៤ ដាក់លិខិត​នៅក្នុងសប្តាហ៍នេះ ដើម្បី​​សុំជួ​ប​រដ្ឋសភា ជជែកលើបញ្ហាមួយចំនួន​ពាក់​ព័ន្ធ​នឹង​ច្បាប់​បោះឆ្នោត​​នោះ ដោយសារ​តែ​ច្បាប់​ដែល​រដ្ឋ​សភា​​​បាន​​អ​​នុ​ម័តកន្លងទៅ អាច​ជា​ផ្នែក​មួយ មិន​បាន​បម្រើ​ឱ្យ​សេច​ក្តី​ត្រូវ​ការ​ចាំបាច់​ណា​មួ​​យសម្រាប់ផល​​ប្រយោ​​ជ​​ន៍​​​​រួម។ ក្នុង​ន័យ​នេះ លោកថា នីតិវិធី​ដែល​ឆ្លងកាត់​ការ​ធ្វើវិសោធន​កម្ម​រួច​ហើយ​ទាំង​នោះ បាន​​​​ក្លា​​​យ​​​ជា​បន្ទុក និង​កង្វល់​ទៅ​វិញ សម្រាប់​គណបក្សនយោបាយ ដែល​​ត្រូវ​ចូលរួមប្រកួតប្រ​​​ជែង​​​ស​​ម្រា​​​ប់ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។

បើតាមលោក គង់ មុនីកា មានបញ្ញត្តិ​នៃមាត្រាខ្លះ ទំនងមិនបានជួយធ្វើឱ្យការប្រកួតប្រជែងមួយ ប្រ​​​ព្រឹត្ត​​ទៅដោយតម្លាភាព និងអាចជឿទុកចិត្តបាននោះទេ។

លោក គង់ មុនីកា បន្តថា៖​ «ទិសដៅរបស់យើង យើងចង់បង្ហាញអំពីគំនិត ឬក៏អ្វីដែលជាការព្រួយបារម្ភ​​របស់ពួក​​យើង​ពាក់ព័ន្ធទៅនឹង​លំហប្រជា​ធិបតេយ្យ និងប្រព័ន្ធបោះឆ្នោត​​ដែលទាមទារឱ្យមាន​​វិសោ​​​ធន​កម្ម​​ច្បាប់ ឬក៏អាចវិសោធនកម្មរដ្ឋធម្មនុញ្ញផង​​​ ដូច្នេះហើយវាពិតជាសំខាន់ណាស់​ដែល​យើង​​​ត្រូវ​​ជួប​​ជ​ជែក​​គ្នាជាមួយស្ថាប័នរដ្ឋសភា ដែល​ជាស្ថាប័នមួយដែលមានសិទ្ធិអំណាច​​ក្នុង​ការ​ផ្តួច​ផ្តើម​នូវ​​​ការ​​​ធ្វើ​វិសោធនកម្មច្បាប់ទាំងអស់ហ្នឹង »។

គណបក្សនយោបាយទាំង៤ ដែលទាមទារឱ្យកែលម្អប្រព័ន្ធ​នៃការបោះឆ្នោត និងសិទ្ធិសេរីភាព​ខាងនយោ​​បាយ នៅមុនការបោះឆ្នោតជាតិ​ដែលប្រព្រឹត្តិទៅ​នៅខែកក្កដាខាងមុខនោះ រួម​មាន គណ​បក្សភ្លើងទៀន គណបក្ស​​ប្រជាធិបតេយ្យមូលដ្ឋាន គណបក្ស​​​ឆន្ទៈខ្មែរ និង​គណបក្ស​កែ​ទម្រង់​កម្ពុជា។​

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានជំរុញឱ្យគណបក្សនយោបាយទាំងនោះ រៀប​​​ចំញត្តិសា​រជាថ្មីទៀត ប្រសិនបើបក្សនយោបាយ ដែលនៅក្រៅ​រដ្ឋាភិបាល មានបំណងចង់ជួប​​ពិ​​គ្រោះ​​​​​​យោបល់ជាមួយរដ្ឋសភា ហើយលោកក៏នឹងស្នើសុំគោលការណ៍បន្តទៅថ្នាក់ដឹកនាំកំពូលនៃ​​រដ្ឋ​សភា ដើម្បី​​ធ្វើសេចក្តី​សម្រេច​ចិត្តអំពីរឿងនេះ។

លោក ឡេង ប៉េងឡុង បន្តថា៖ «ឥឡូវដាក់មក តែខ្ញុំអត់ដឹងទេ ព្រោះទាល់សុំយោបល់ពីថ្នាក់លើទៀត »។

បើទោះបែបណា រដ្ឋសភា កាលពីថ្ងៃទី២៥ ខែ​សីហា បានច្រានចោលសំណើសុំជួប ពីតំណាង​​គណ​​បក្ស​​នយោបាយទាំង៤នេះម្តងរួចមកហើយ នៅបន្ទាប់ពី​គណបក្សនយោបាយ​​ទាំង៤ បាន​ដាក់​​​សំ​ណើ​​សុំ​លោក ហេង សំរិន ប្រធានរដ្ឋសភា កាលពីថ្ងៃទី​១៧ ខែ​សីហា តែត្រូវបរាជ័យ។​​ លិខិ​ត​​​ឆ្លើយ​​តប​​​​របស់រដ្ឋសភា សំអាងហេតុថា បទប្បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋ​សភា ពុំ​មាន​​​ចែ​ង​​​អំ​​ពីបទបែបបទ និងនីតិវិធី នៃការជួបពិភាក្សារវាងរដ្ឋសភា និងគណ​បក្សន​យោ​បាយ ដែល​​គ្មាន​​អា​​សនៈ​​នៅក្នុងរដ្ឋសភាឡើយ។

ការបដិសេធរបស់រដ្ឋសភានេះ ស្របពេលក្រសួងមហាផ្ទៃ ក៏នៅមិនទាន់បាន​​បង្ហាញ​​ជំហរ​​ចំ​​​ពោះ​កា​រ​បើក​​ភ្លើង​ខៀវណាមួយ ពីការស្នើសុំជួប ក្នុងគោល​បំណងប្រហាក់ប្រហែលគ្នានេះ​នៅឡើយ​​ដែរ​​។

​​ស្ថា​​ប័​ន​​​​ជាតិរៀបចំការបោះឆ្នោត បានបើកផ្លូវឱ្យមានការពិគ្រោះយោបល់ដោយផ្ទាល់ កាល​​ពីថ្ងៃទី ៣១ ខែ​សីហា នៅបន្ទាប់ពីបក្សនយោបាយទាំង៤ កាល​ពីថ្ងៃទី២៥ ខែ​សីហា បានដាក់លិខិត​​​រួម​​​គ្នា​មួយ ស្នើឱ្យស្ថាប័នជាតិកំពូលមួយនេះ កែលម្អប្រព័ន្ធបោះឆ្នោត ​និង​សេរីភាព​​ខាង​ន​​យោ​បា​​យ ដើម្បី​​ធា​​នា​ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តិទៅ​​ដោ​យ​សេរី ត្រឹមត្រូវ និង​​យុត្តិ​​ធម៌។

យ៉ាងណា ស្ថាប័នជាតិរៀបចំការបោះឆ្នោត បញ្ជាក់នៅចំពោះមុខ តំណាង​គណបក្ស​នយោបាយ​ទាំង​៤ ថា​ គោល​ការណ៍​ទាំង​១៦​ចំណុច ដូចដែលមាន​​នៅក្នុង​​​លិ​ខិតរួមនេះ មិនពាក់ព័ន្ធ​នឹង​សមត្ថ​កិច្ច​របស់ គ.ជ.ប ទាំងស្រុងទេ តែទាក់ទងនឹងរដ្ឋសភា និង​​​ក្រ​​សួង​មហាផ្ទៃច្រើនជាង។

យ៉ាងនេះក្តី អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល លោក កន សាវាង្ស យល់​ឃើញថា រដ្ឋសភាគួរទទួលយកការស្នើសុំណាមួយ ពីភាគីដែលពាក់ព័ន្ធទោះពលរដ្ឋ ឬអ្នក​ន​​​​យោ​​​បាយក្តី។ លោកបន្តថា កា​រច្រានចោលរាល់លិខិតស្នើសុំដើម្បីជួបពិគ្រោះយោបល់ណាមួយ ជា​​រឿ​​ង​​​​ដែលមិន​ត្រឹមត្រូវ ហើយក៏គ្មានប្បញ្ញត្តិ​នៃមាត្រាណាមួយ ដែលបិទ​​ផ្លូវមិន​​ឱ្យពួកគេបាន​​ជួប​​សមាជិកសភា ឬគណៈកម្មាធិការណាមួយនៅក្នុងរដ្ឋសភានោះ​​ដែរ។

លោក កន សាវាង្ស បន្តថា៖ «តាមពិតទៅ ច្បាប់គេអត់មានដែលនិយាយទាំងនៅក្នុង​ច្បាប់​ដែល​ប្រព្រឹត្តិ​ទៅ​នៃ​លក្ខ​ខ​​ន្តិ​កៈ​​​​​តំណាង​រាស្រ្ត ឬក៏ជំពូក​ដែលនិយាយ​ពីតំណាង​​រាស្រ្ត​ គេអត់ដែល​និយាយទាល់​តែ​មាន​អា​ស​​នៈនៅក្នុង​​រដ្ឋសភា​​ បានអាចជួបគណៈកម្មាធិការណាមួយនៅក្នុងសភា ឬក៏ដាក់​លិខិតទៅ​​ស​ភា​ វា​​អត់​មានបាននិយាយទេ។ ផ្ទុយទៅវិញ ការដែលបដិសេធ ការដែលមិនទទួលយកដែល​​ជាចំ​​ណុ​​ច​​មួយ​​​ដែលជាការខុសឆ្គង នៅក្នុងការអនុវត្តពីតួនាទី »។

មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ កឋាខណ្ឌទី២ចែងថា សេចក្តីស្នើទាំងឡាយណារបស់ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួ​ល​ការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ ពីអង្គការរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ