បទយកការណ៍៖ ​មុខ​របរ​រក​ត្បូង​របស់​​ពលរដ្ឋ​ខេត្ត​ប៉ៃលិន​បាត់បង់​ជា​បន្តបន្ទាប់

ត្បូងទទឺម ប្រជាពលរដ្ឋស្គាល់ថាជា ត្បូងក្រហម លោក ឈុន ការីម បានប្រាប់ថា មួយគ្រាប់បេ មានតម្លៃ ៣ម៉ឺនដុល្លារ។ (រូបថត៖ ទុយ អេងលី / ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២)

ប៉ៃលិន ជា​​ខេត្ត​មួយ​របស់កម្ពុជា​ ស្ថិត​នៅ​ជាប់ព្រំប្រទល់​ប្រទេសថៃ ដែលធ្លាប់​ល្បីរន្ទឺ​ថា ជាដែនដី​សម្បូរទៅ​ដោយត្បូង​ រហូតដល់​មាន​អ្នកនិពន្ធសៀវភៅ​ កវី​និពន្ធ​ចម្រៀងក្តី ក៏បានរំលេចអំពី​ទិ​ដ្ឋភាពធនធាន​រ៉ែត្បូងនៅខេត្តនេះ ក្នុងប្រលោមលោក និងអត្ថន័យ​បទចម្រៀងជំនាន់មុន​ថែមទៀត​ផង។ ​

ក្រោយមក​ ទឹកដីជាប់ព្រំដែន​ថៃ​មួយនេះ បានក្លាយជាជំរុំចុងក្រោយរបស់ក្រុមមេដឹកនាំខ្មែរក្រហម បន្ទាប់មករដ្ឋាភិបាលក្រុងភ្នំពេញក៏បានគ្រប់គ្រងតំបន់នេះវិញ តែធនធានរ៉ែត្បូងក៏ត្រូវបានគេមើលឃើញថា ចេះតែបាត់បង់ ហើយមុខរបររបស់ពលរដ្ឋក៏ធ្លាប់អាស្រ័យផលលើអាជីវកម្មរ៉ែត្បូងនោះ ក៏ថយចុះជាបន្តបន្ទាប់។

ប្រជាពលរដ្ឋប្រកបមុខរបររែង និងជីករុករករ៉ែត្បូងជាច្រើន​ក្នុងខេត្តប៉ៃលិន បានបោះបង់ចោល​អាជីពមួយនេះ និងងាក​ទៅប្រកប​មុខរបរ​ធ្វើកសិកម្មឬ​មុខ​របរផ្សេង​ជំនួសវិញ ការណ៍នេះ​បានធ្វើឱ្យខេត្តប៉ៃលិន កាន់តែស្ងប់ស្ងាត់​ពីជំនួញរ៉ែត្បូង បើធៀបទៅនឹងកាលពីប៉ុន្មានឆ្នាំមុន។

កំពុងតែអង្គុយ​ក្នុងហាងនៅក្បែរជើងភ្នំយ៉ាត បុរស់វ័យជាង ​៦០ឆ្នាំ ពាក់អាវដៃខ្លី ឆ្នូតក្រឡាការ៉ូពណ៌សរលាយប្រផេះ និងលឿងស្រាលៗ ដៃស្តាំ​កាន់ដង្គៀប​ចាប់ត្បូង ពាក់វ៉ែនតា​ពង្រីកមើលត្បូងលើក្បាល។ ពេលខ្លះក៏អោនពិនិត្យ និងរើសគ្រាប់​ត្បូងកណ្តៀងមួយៗ គ្រាប់ធំដាក់ដោយធំ គ្រាប់តូចដាក់ដោយតូច គ្រាប់​ណា​ទឹកចាស់ល្អដាក់មួយផ្នែក ចំណែកឯគ្រាប់ណាទឹកមិនទាន់ចាស់​ក៏ត្រៀម​យកទៅដុតបន្ថែម។

លោក ឈុន ការីម កំពុងតែអង្គុយនៅក្នងហាងរបស់លោក និងផ្តល់បទសំភាសន៍។ (រូបថតថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ដោយ៖ ទុយ អេងលី)

លោក ឈុន ការីម មានដើមកំណើតនៅក្នុងខេត្តប៉ៃលិន ដែលជាទឹកដីសម្បូរ​ទៅដោយធនធានធម្មជាតិរ៉ែត្បូង កំពុងតែអង្គុយរើសត្បូងបណ្តើរ ក៏ឆ្លៀត​ងាកមក​ផ្តល់បទសម្ភាន៍​ជាមួយនឹង​អ្នកសារព័ត៌មានបណ្តើរថា លោករកស៊ីត្បូងតាំងពីវ័យប្រមាណ​១៧ឆ្នាំ។ បុរសវ័យ៦២ឆ្នាំ មានបទពិសោធន៍ក្នុងការមើលត្បូងរូបនេះ បានរៀបរាប់ពីប្រភេទត្បូងតំណាងឱ្យខេត្តប៉ៃលិន ដែលមានដូចជាត្បូងទទឹម ត្បូងកណ្តៀង ពេជ្យប៉ៃលិន​ ទង និងអ៊ីលឹមឬហៅថាត្បូងពណ៌ស្លឹកឈើ។

លោក ឈុន ការីម និយាយថា៖ «គិតទៅតាំងពី​ដើមមក! តាំងពីសង្គម គិតទៅចូលចិត្ត ៥០ឆ្នាំហើយ ពីព្រោះអីខ្ញុំអាយុ១៦ អាយុ១៧ ខ្ញុំ​នៅ​រកស៊ីត្បូង​រ​ហូត​ពីហ្នុងមកដល់ ៦០ជាងគិតទៅ»។

លោកបន្តថា៖ «ត្បូងប៉ៃលិនយើង មានសំខាន់ជាងគេ ដែលថ្លៃជាងគេរាល់ថ្ងៃហ្នឹង គឺត្បូងទទឺម ទទឹមហ្នឹងគេហៅត្បូងក្រហម បន្ទាប់មកកណ្តៀង គឺត្បូង​ខៀវ បន្ទាប់មកទៀតគេហៅ ពេជ្រប៉ៃលិនពណ៌សរ! សរៗ ទឹកភ្លៀវទឹកឃ្មុំ អាហ្នឹងធ្លាប់មានតម្លៃដែរ គ្រាប់ធំៗណាស់។ បន្ទាប់មកទៀតមានទង ហើយអាពណ៌ស្លឹកឈើ គេហៅអ៊ីលឹមៗ»។

លោកបន្តប្រាប់ថា ​បច្ចុប្បន្នខេត្តប៉ៃលិននៅតែមានរ៉ែត្បូង តែដោយសារ​រដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថានបានទប់ស្កាត់ការជីករុករករ៉ែត្បូង ទើបប្រជា​ពលរដ្ឋមិនអាចបន្តប្រកបមុខរបរជីកត្បូងជាលក្ខណៈគ្រួសារបាន ហើយប្រជាពលរដ្ឋភាគច្រើនក៏ងាកជាទៅធ្វើ​កសិកម្មជំនួសវិញ។

លោក ឈុន ការីម ថ្លែងថា៖ «ចុះឥឡូវវាមានអី! បើសិនជាខាងរដ្ឋាភិបាលយើងឱ្យបើកទូលំទូលាយ ឱ្យប្រជាពលរដ្ឋធ្វើដូចមុនទៅ គឺមានអី បានតើ បាទសម្បូរតា​ ប៉ុន្តែរាល់ថ្ងៃហ្នឹង គឺខាងរដ្ឋាភិបាលយើងហាមខាត់ មិនឱ្យធ្វើ បរិស្ថានផង អីផង ធ្វើបាបគ្នា ឆាឆៅគ្នា។ អ៊ីចឹងគ្នា​អត់ធ្វើទៅ​បាន​វា​មិន​សូវមាន»។

មិនខុសពីអាជីវករលក់ត្បូងខាងលើ លោកស្រី គឹម លី អាយុ ៦៩ឆ្នាំ ជាចាស់ព្រឹទ្ធាចារ្យ ស្នាក់អាស្រ័យលើភ្នំយ៉ាត មានស្រុកកំណើតមកពីខេត្តកំពង់ស្ពឺ ​បានរស់នៅក្នុងខេត្តប៉ៃលិនតាំងពីជំនាន់ខ្មែរក្រហមផ្តាច់ខ្លួន និងចុះ​ចូលជាមួយរដ្ឋាភិបាលកម្ពុជា។​ លោកស្រី​ឱ្យដឹងថា កាលពីដើមឡើយ ខេត្តប៉ៃលិន​សម្បូរទៅដោយធនធានរ៉ែត្បូង តែនាពេលបច្ចុប្បន្ននេះ​ហាក់បាត់បង់ច្រើន ហើយចំនួនអ្នកប្រកបរបរនេះក៏ថយចុះស្ទើរតែអស់ដែរ។

លោកស្រី គឹម លី លើកឡើងថា៖ «ចាស៎! ជំនាន់ហ្នឹងសម្បូរតើកូន ជីកត្រង់ណាក៏បានៗ កូនខ្ញុំជីកត្រង់ណា ក៏អត់ដែរខុសដែរកូន […] រាល់ថ្ងៃ ត្បូង​វាអត់សូវមានទេ មានដែរ តែមានដោយកន្លែង​ គេជីកបានអ៊ីចឹង កន្លែងណាដែលនៅ គេដើរជីកបានតិចតួចអ៊ីចឹងដែរ​ វាមិនអស់អាលីងទេ តែគ្រាន់តែ​ឥឡូវនៅនេះអស់ហើយ[ក្នុងបរិវេណភ្នំយ៉ាត]។ ជីកលក់អស់ហើយ ថៃទិញអស់ហើយអត់មានសស់ទេ។ ដីភ្នំឥឡូវគេចាក់ឥដ្ឋ​ចាក់អីពីលើអស់ហើយ អត់មានទេណាកូនណា»។

លោកយាយ គឹម លី រស់នៅលើភ្នំយ៉ាត កំពុងតែផ្តល់បទសំភាសន៍ជាមួយនឹងអ្នកសារព័ត៌មាន។ (រូបថតថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ដោយ៖ ទុយ អេងលី)

ទឹកមុខស្រស់ញញឹម អមជាមួយនឹងសម្លៀកបំពាក់សំពត់ពណ៌ខ្មៅ អាវសរ ដូនចាស់ រូបនេះ បានលើកឡើងថា គាត់សោក​ស្តាយដែល​ធនធាន​រ៉ែត្បូង​នៅក្នុង​ខេត្តប៉ៃលិនត្រូវបាត់បង់ ចំណែកឯ​ក្មេងៗ ជំនាន់ក្រោយនឹងមិនស្គាល់ត្បូងតំណាងខេត្តប៉ៃលិនដែរ។

លោកស្រី គឹម លី បន្តថា៖  «ចាស… អ៊ីចឹងហើយបើបាត់បង់អស់ហើយ យើងកូនចៅជំនាន់ក្រោយអត់ស្គាល់ អត់ឃើញ ឭតែឈ្មោះ មិនថាអ៊ីចឹងកូន ឭតែឈ្មោះទេ ឱ្យឃើញជាក់ស្តែងអត់ឃើញ ឱ្យឃើញពិតប្រាកដអត់ឃើញ ឭតែគេនិយាយ ឭតែគេថា បើពីជំនាន់មុនមក គឺបានឃើញ​បានដឹង​ជាក់​ស្តែង»។

ដៃស្តាំកាន់កញ្ច្រែងរែងត្បូង ខាងឆ្វេងកំពុងតែអង្អែលផ្ទៃខាងក្នុងកញ្រ្ចែង លោក តេង ទេព វ័យ ៦៤ឆ្នាំ រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ខេត្តប៉ៃលិន បានបោះបង់អាជីពជាអ្នកជីកត្បូងជាច្រើនឆ្នាំ និងងាកទៅដាំដំណាំផ្សេងៗជំនួសវិញ ដោយលោកយល់ថា ការជីកត្បូងត្រូវប្រើកម្លាំងពលកម្មខ្លាំង និង​ហត់​នឿយជាងការធ្វើកសិកម្ម។

លោក តេង ទេព ថ្លែងថា៖ «ហ៊ឹម! វាមិនដែលចេះស្រួលទេរឿងរក​ វាពិបាកថ្ម លើថ្មលើអី។ យើងពលកម្ម កម្លាំងពលកម្ម  បញ្ចេញពលកម្មលើថ្មលើអី បានកើបរ៉ែមករែងអ៊ីចឹងទៅ ជួនកាលបាន ជួនកាលវាអត់អ៊ីចឹង។ វាធ្វើត្បូងវាអស់បានហើយ បានត្រលប់មកធ្វើចម្ការទៅ»។

លោក តេង ទេព កំពុងអង្គុយនៅក្រោមផ្ទះកន្ទាំងស្លាបរបស់លោក ពិនិត្យមើល និងអង្អែលកញ្ច្រែងដែលលោកធ្លាប់រ៉ែងត្បូវក្នុងអំឡុងពេលលោកប្រកបរបរជីពត្បូង។ (រូបថត ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដោយ៖ ទុយ អេងលី)

លោកបន្ថែមទៀតថា បច្ចុប្បន្នមុខរបរជីកត្បូងមិនអាចជួយទំនុកបម្រុងជីវភាពគ្រួសារបានល្អប្រសើរ ដោយត្រូវចំណាយពេលវេលាក្នុងការជីក និងរែង ជួន​កាល​ត្រូវចំណាយពេល២ទៅ៣ថ្ងៃ ទើបអាចរកត្បូងដែលអាចលក់បានកម្រៃពី​ ៤ម៉ឺន ទៅ ១០ម៉ឺនរៀល។ លោកមើលឃើញថា នៅក្នុងទឹកដី​ខេត្តប៉ៃលិន​នៅ​តែ​មាន​រ៉ែត្បូង តែដោយសារតែរបរជីកត្បូងជារបរផ្សងសំណាង ដូច្នេះប្រជាពលរដ្ឋភាគច្រើនបានងាកទៅធ្វើ​កសិកម្មវិញ។

លោក តេង ទេព បន្តថា៖ «វាទម្លាក់ចោលត្រង់យើងរកមិនបាន យើងទម្លាក់ចោលហើយ បើយើងចេះតែរកបាន យើងម៉េច​ទម្លាក់ចោល មុខរបរ តា​រក​មិន​បានទម្លាក់ចោលហើយ តារកអីផ្សេងទៀតបានលុយមកចិញ្ចឹមកូន ចិញ្ចឹមចៅ អាហ្នឹងគិតអ៊ីចឹង។​ បើយើងមិនគិតអ៊ីចឹង តាមតែ​អាហ្នឹង​វាមិនដាច់បាយ​ងាប់ហើយ»។

មិនមានរបាយការណ៍បង្ហាញជាក់លាក់ថា ចំនួនពលរដ្ឋនៅក្នុងខេត្តនេះប៉ុន្មានភាគរយដែលប្រកបរបររកត្បូងកាលពីមុន ហើយបច្ចុប្បន្ន​នៅសេស​សល់ប៉ុន្មាន​ភាគនោះទេ ប៉ុន្តែពលរដ្ឋអះអាងថា អ្នកបោះបង់ចោលមុខរបរនេះគឺស្ទើរតែទាំងស្រុងតែម្តង។

ត្បូងកណ្តៀងដែលប្រជាបលរដ្ឋស្គាល់ថាជាត្បូងខៀវនៅក្នងហាងលោក ឈុន ការីម។ (រូបថត ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ដោយ៖ ទុយ អេងលី)

អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា មានប្រសាសន៍ថា ការធ្វើអាជីវកម្មរ៉ែត្បូង​ទាមទារឱ្យ​ប្រជាពលរដ្ឋ​មាន​ចំណេះ​ដឹងខ្ពស់ពាក់ព័ន្ធនឹងបច្ចេកទេស និងត្រូវចំណាយពេលវេលាក្នុងស្វែងរកបប្រភពរ៉ែត្បូង ម្យ៉ាងវិញទៀតត្រូវប្រឈមហានិភ័យគ្រោះថ្នាក់ខ្ពស់ និង​ទទួល​បានផលចំណេញតិចតួច។

លោក អ៊ឹង ឌីប៉ូឡា ថ្លែងថា៖ «ការធ្វើអាជីវកម្មរ៉ែទាមទារ​ឱ្យចំណេះដឹងបច្ចេកទេសច្រើន និងមានហានិភ័យគ្រោះថ្នាក់ខ្ពស់ រីឯ​ផលចំណេញ​ក៏មិនច្រើន​ប៉ុន្នាន​ដែរបាទ ហើយអាជីវកម្មរ៉ែនេះ ហានិភ័យគ្រោះថ្នាក់មានច្រើនណាស់បាទ ហើយនៅពេលដែលយើងទៅរកហ្នុង មិនប្រាកដថា យើងរកឃើញ​ភ្លាមៗទេ។ អ៊ីចឹងហើយចាយពេលយូរ ពាក្យថា ចាយពេលយូរយើងត្រូវចំណាយច្រើន»។

លោកបន្ថែមទៀតថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ ដែលជាពេលវេលាល្អសម្រាប់ប្រជាពលរដ្ឋងាកទៅប្រកបរបរកសិកម្ម និងស្វែង​មុខរបរ​ប្រភេទផ្សេងៗទៀត ដែលងាយស្រួលទទួលបានប្រាក់ចំណេញជាងអាជីវកម្មត្បូង។

លោក អ៊ឹង ឌីប៉ូឡា បន្តថា៖ «ការអភិវឌ្ឍន៍នេះ បានជំរុញឱ្យប្រជាពលរដ្ឋយើងទៅចាប់អាជីពណា​ដែលនាំមកផលចំណេញច្រើនជាងទៅពួកគាត់ ទាំង​ថវិកា ទាំងពេលវេលា​ ទាំងហានិភ័យគ្រោះថ្នាក់ គឺធ្វើម៉េចយើងជ្រាបស្រាប់ហើយ មនុស្សម្នាក់មិនចង់ទៅធ្វើអ្វីដែលគ្រោះថ្នាក់ទេ។ ដូច្នេះហើយ​បានគាត់​ទៅ​ចាប់អាជីព​ណាដែលងាយស្រួលអាចក្បែរផ្ទះ អាចសុវត្ថិភាព អាចមានប្រាក់ខែច្រើនជាងសម្រាប់ពួកគាត់»។

លោក និត កុសល អតីតយុវជនធ្លាប់ធ្វើការផ្នែកឧស្សាហកម្មនិស្សារណកម្ម យល់ឃើញថា ការរស់នៅរបស់ប្រជាជនមានការផ្លាស់ប្តូរ ប្រទេសមាន​ការ​អភិវឌ្ឍន៍ ហេដ្ឋារចរនាសម្ព័ន្ធ​ផ្លូវថ្នល់ល្អប្រសើរជាងមុន ប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅប្រទេសជិតខាង រួមទាំងមានការឈួសឆាយយកដីធ្វើ​កសិកម្ម​ទើប​របរជីកត្បូងនៅក្នុងខេត្តប៉ៃលិនធ្លាក់ចុះ។ 

លោក និត កុសល និយាយថា៖​ «អ៊ីចឹងអាការរស់នៅរបស់មនុស្សមានការផ្លាស់ប្តូរ ដោយសារយើងមានអាការនាំកម្លាំងពលកម្មទៅធ្វើការនៅថៃបាទ មានផ្លូវស្រួសអ៊ីចឹងទៅ ហើយក៏អាចឈួសឆាយដីធ្វើកសិកម្មអ៊ីចឹងទៅ មនុស្សក៏អាចផ្លាស់ប្តូរពីការដែលពិបាករកត្បូងមកធ្វើកសិកម្មវិញ»។ 

អតីតយុវជនធ្លាប់ធ្វើការផ្នែកឧស្សាហកម្មនិស្សារណកម្ម លោក និត កុសល

បន្ថែមពីនេះ កុសល មានការសោកស្តាយ​ដែលខេត្តប៉ៃលិនបាត់បង់ធនធានធម្មជាតិ ដោយកង្វះអភិបាលកិច្ចក្នុងការគ្រប់គ្រង រដ្ឋផ្តល់​សិទ្ធឱ្យ​ក្រុមហ៊ុន​មិន​ចុះ​បញ្ជី ធ្វើការរុករករ៉ែត្បូងជាលក្ខណៈទ្រង់ទ្រាយធំ។ លោកព្រួយបារម្ភពីស្ថានភាពប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល ដែលពួកគាត់ពឹង​លើប្រភ​ព​ចំណូលពី​ការ​ជីកត្បូងដើម្បីផ្គត់ផ្គង់គ្រួសារ។

លោក និត កុសល៖ «ដោយសារតែ​ខ្វះការអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង ព្រោះឭព័ត៌មានថា ក្រៅពីប្រជាជន​ហ្នឹងក៏មានការជីកត្បូង ជីកអី​ទ្រង់ទ្រាយធំ​ពី​ប​ណ្តាក្រុមហ៊ុន អាចថា ក្រុមហ៊ុនអត់មានបញ្ជីការអីត្រឹមត្រូវ»។

លោកបន្តថា៖​​ «អ្វីដែលជាការគិតរបស់ខ្ញុំ នៅពេលដែលអ្នកដែលនៅតំបន់ហ្នឹង ធ្លាប់តែទទួលបានចំណូលពីការជីកត្បូង ទោះបីតិចច្រើនអី នៅ​ពេល​ដែលអស់អាហ្នឹង តើគាត់ប្រកបមុខរបរអីខ្លះ ហើយពេលដែលដំណាក់កាលបន្ទាប់មកទៀត តើគាត់នឹងប្រើប្រាស់​មធ្យោបាយ​អីដើម្បី​ចិញ្ចឹមជីវិត​របស់​គាត់?»។

គោលនយោបាយជាតិស្តីពីធនធានរ៉ែឆ្នាំ២០១៨-២០២៨ ផ្តោតសំខាន់ទៅលើ​ការអភិវឌ្ឍធនធាន​រ៉ែប្រកបដោយចីរភាព ​និង​ការទទួល​ខុសត្រូវ​ខ្ពស់​ដោយ​យក​ចិត្ត​ទុកដាក់ជាចម្បងលើកត្តាធំៗ ចំនួនបីគឺ បរិស្ថាន សង្គម និងសេដ្ឋកិច្ច។ បញ្ហាអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលមានអាជីវកម្មរ៉ែ បញ្ហាតំបន់​អាជីវកម្មរ៉ែ​ដែល​មានជនជាតិដើមភាគតិចរស់នៅ និងបញ្ហាស្ត្រីក្នុងអាជីវកម្មរ៉ែក៏ត្រូវបានដាក់បញ្ចូលក្នុងគោលនយោបាយជាតិ។ ​

ប៉ៃលិន ជា​ខេត្ត​មួយ​ឋិត​នៅ​ជ្រុង​ខាង​ជើង​នៃ​ជួរ​ភ្នំ​ក្រវាញ ​ភាគ​ខាង​លិច​នៃ​ប្រទេសកម្ពុជា មាន​ព្រំ​ប្រទល់​ជាប់​ជា​មួយ​ប្រទេស​ថៃ​។ ខេត្ត​នេះ​ព័ទ្ធ​ជុំ​វិញ​ដោយ​ខេត្ត​បាត់ដំបង និងត្រូវ​បាន​ផ្ដាច់​ចេញ​ពី​ខេត្ត​បាត់ដំបងក្លាយ​ជា​តំបន់​រដ្ឋបាល​ដាច់​ដោយ​ឡែក បន្ទាប់​ពីមាន​ការ​ចុះ​ចូល​របស់​ក្រុមខ្មែរក្រហម​លោក ​អៀង​ សារី ​ នៅ​ឆ្នាំ១៩៩៦។ ប៉ៃលិន​ត្រូវ​បាន​ពិភពលោក​ស្គាល់​ថា ជា​ជម្រក​ចុងក្រោយ​នៃ​ពួក​ខ្មែរ​ក្រហម បន្ទាប់​ពី​បាន​ចាញ់​សង្គ្រាម​នៅ​ឆ្នាំ១៩៧៩។

ងាកមកលោក ឈុន ការីម បង្ហាញការយល់ឃើញ​ថា៖ «តាមពិតប៉ៃលិនគឺត្រូវឱ្យគេធ្វើ[អាជីវកម្មត្បូង] ព្រោះដើមកំណើតពីដើម គឺកន្លែងហ្នឹង គឺអ្នករកស៊ីត្បូង មិនមានអ្នកធ្វើចម្ការធ្វើអីទេ។ ឥឡូវហ្នឹងប្រែប្រួលអស់ហើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ