បច្ចុប្បន្នភាព៖ ប្រជា​សហគមន៍​ខេត្ត​ព្រះវិហារ​​រក​​​ឃើញ​​បទ​ល្មើស​​ព្រៃ​ព្រះ​រការ​ជាង​២០០​ករណី​បន្ថែ​ម​ទៀត ​

រូបភាពពីលើអាកាស បង្ហាញទិដ្ឋភាព​ព្រៃឈើ​ដួលរាបលើដី ​ក្នុងដែនជម្រកសត្វព្រៃព្រះរការ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ​ បន្ទាប់ពីរងការកាប់បំផ្លាញ អំឡុងខែសីហា ឆ្នាំ២០២២។ (រូបភាព៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ)

ប្រជាសហគមន៍នៅភូមិប្រមេរុ ខេត្តព្រះវិហារ បានរកឃើញ បទល្មើសព្រៃឈើ​ក្នុងតំបន់​ដែនជម្រក​សត្វព្រៃ​ព្រះរការ ចំនួនជាង ២៤០ករណីបន្ថែមទៀត ដែល​ធ្វើឱ្យ​ពួ​កគេ​ព្រួយបារម្ភ​ថា ដែន​ជម្រ​ក​សត្វព្រៃព្រះរការ អាច​​ប្រឈម​នឹង​ការបាត់បង់ ប្រសិនបើ​អាជ្ញាធរ​នៅតែ​​បណ្តែត​បណ្តោយ​ក្នុងការ​ទប់ស្កាត់​បទល្មើស​​។ ​

តាមរយៈ​សេចក្តីប្រកាសព័ត៌មាន​របស់​ជនជាតិដើមភាគតិច​កួយ ភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ​ នៅថ្ងៃចន្ទនេះ ឱ្យដឹងថា ​​តាមរយៈ​ការ​ចុះអង្កេតចំនួន២លើក កាលពីចុងខែកក្កដា និងខែសីហាកន្លងទៅ​​ បានរកឃើញ​បទល្មើសព្រៃឈើកើតឡើងចំនួន ២៤៩ករណី។

ប្រភពដដែលបន្តថា បទល្មើសទាំងនោះ​មាន ក្តារបន្ទះបន្សល់ទុកចោលចំនួន ២៨៦សន្លឹក ឈើតាប់ឬឈើដែលគេច្រៀកក្រាស់ៗ ចំនួន៣១៣សន្លឹក​ ប្រទះ​ឃើញ​ រទេះក្របីកំពុងដឹកឈើចំនួន​៣គ្រឿង គោយន្តចំនួន ០២គ្រឿងផងដែរ។ ប្រជាសហគមន៍បន្តថា ឈើដែលជនល្មើសកាប់នោះ ជាប្រភេទឈើទាល ពពេល គគី ត្រាច ដួងចែម​ ក្រឡាញ់ជាដើម ដោយមានមុខកាត់ចាប់ពី ៤០សង់ទីម៉ែត្រ(40CM) ដល់១៤០សង់ទីម៉ែត្រ(140cm)។

សេចក្តីប្រកាសព័ត៌មានបន្តថា៖ «សហគមន៍​ជនជាតិដើម​ភាគតិចកួយ​ភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ខកចិត្ត និង​មាន​ក្តីព្រួយបារម្ភ​ជាពន់ពេក ចំពោះការ​បណ្តែតបណ្តោយ និងភាព​អសកម្មរបស់​មន្ត្រីពាក់ព័ន្ធ ធ្វើឱ្យ​បទល្មើសព្រៃឈើ​នៅក្នុងដែនជម្រក​សត្វព្រៃព្រះរការបន្តកើតឡើង​ឥតស្រាកស្រាន្តពីមួយ​ថ្ងៃទៅមួយថ្ងៃ​»។

ប្រភពដដែលបន្ថែមថា​ ដើម្បីការពារដែនជម្រក​សត្វព្រៃព្រះរការ ដែលកំពុងប្រឈមបាត់បង់នេះ​ អាជ្ញាធរ​ត្រូវផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋ​ចូលរួម​ការពារព្រៃឈើ​ឱ្យ​បាន​ទូលាយ ហើយបន្ត​​ពង្រឹង​ការអនុវត្តច្បាប់របស់​មន្ត្រីមូលដ្ឋានប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។ លើសពីនេះ បង្កើត​យន្តការ​តាម​ដាន​ការ​អនុវត្តច្បាប់​របស់មន្ត្រីមូលដ្ឋាន និងដាក់​ទោសទណ្ឌ ប្រសិនបើ​​រកឃើញថា មន្ត្រីទាំងនោះ​ជាប់ពាក់ព័ន្ធនឹង​ការស៊ីសំណូកជាមួយ​ឈ្មួញខិលខូច។

ប្រជាសហគមន៍​ជនជាតិដើមភាគតិច​កួយ​ខេត្តព្រះវិហារ លោក ភារិទ្ធ មាស៊ី ​ព្រួយបារម្ភជាខ្លាំង​បន្ទាប់ពីការចុះល្បាតកន្លងមកនេះ​​រកឃើញ​បទល្មើសកំពុង​កើតឡើង​​ដោយ​ពួកគេបានកាប់ និងដឹក​ឈើទៅលក់​នៅដេប៉ូ ដែលមានទីតាំងនៅភូមិប្រមេរុផ្ទាល់ មុននឹងឈើនោះដឹក​ទៅប្រទេសវៀតណាម។

លោក ភារិទ្ធ មាស៊ី ថ្លែងថា៖ «មានគេបង្កើតដេប៉ូ​ ពេលគេដឹក​ដល់​ដេប៉ូហ្នឹង​ ដឹកដល់ដេប៉ូហ្នឹងគាត់ទម្លាក់ហ្នឹង​ ដល់អ៊ីចឹង​ មានឡានដឹកពីដេប៉ូ​ទៅក្រៅប្រទេស»។

លោកបន្តថា​ ​ព្រៃឈើក្នុងដែនជម្រកសត្វព្រៃនឹងរងការបាត់បង់ក្នុងរយៈ​ពេលដ៏ខ្លីជាក់ជា​មិនខាន ប្រសិនបើ​អាជ្ញាធរនៅតែរារាំងមិនឱ្យប្រជាសហគមន៍មូលដ្ឋាន​ចូលរួមល្បាតព្រៃ ហើយមន្រ្តីខ្លួនឯង​នៅតែ​អសកម្ម ឬមិនមានការផ្ដន្ទាទោស​ចំពោះមន្រ្តី​ដែល​ប្រព្រឹត្តអំពើ​ពុករលួយជាជនល្មើសនោះ​។

ប្រជាសហគមន៍ជនជាតិគួយម្នាក់ទៀត លោក ហ៊ោង សារ៉ាត់ បានអះអាងថា នៅពេល​ប្រជាសហគមន៍​ចុះល្បាតបាន​ឮសំឡេង​អារឈើ​ពេញព្រៃព្រះរការ ដែល​ស្ថិតនៅចំណុចកណ្ដាលនៃដែលជម្រកសត្វព្រៃព្រះរកា​រ។

លោកបន្តដោយចោទអាជ្ញាធរថា ​មិនត្រឹមរារាំងមិនឱ្យប្រជាសហគមន៍ចូលរួមការពារនោះទេ ថែមទាំងជាអ្នកដែលបើកដៃ​ឱ្យជនល្មើសអាច​ដឹងចេញទៅ​កាន់ដេប៉ូ មុននឹងនាំទៅក្រៅប្រទេសជាពិសេសប្រទេសវៀតណាមតែម្ដង​។

លោក ហ៊ោង សារ៉ាត់ ថ្លែងថា៖ «រឿងការពារ​ប្រហែលជាមានហើយ ព្រោះអីពេលដឹកឈើចេញ​ ពេលជួបជាមួយបងប្អូនថា តើដឹកឈើ​ចេញ មុន​ដឹកឈើចេញ​ពីព្រៃព្រះរការតើ​គាត់ដឹកចេញដោយវិធីណា​? គាត់ថា មានជាប៉ូលិស និងមន្រ្តីបរិស្ថាន ព្រោះអីគាត់បង់លុយឱ្យមន្រ្តីបរិស្ថាន​»។

ប្រធានមន្ទីរបរិស្ថានខេត្ត​ព្រះវិហារ​ លោក សុង ច័ន្ទសុជាតិ ​បានបិទការហៅចូល​របស់អ្នករាយការណ៍ព័ត៌មាន វីអូឌី បន្ទាប់ពីហៅចូលម្ដង តែលោក​មិនទទួល​ទូរសព្ទ។

ចំណែកអភិបាលខេត្តព្រះវិហារថ្មី​ លោក គីម ឫទ្ធី បានមានប្រសាសន៍យ៉ាងខ្លីថា ​លោកនឹង​យករបាយការណ៍បទល្មើសព្រៃឈើ​តំបន់ព្រៃព្រះរការនេះ ដើម្បី​ដាក់ក្នុងអង្គប្រជុំរបស់អាជ្ញាធរខេត្ត​។

លោក គីម ឫទ្ធី បញ្ជាក់ថា៖​ «ខ្ញុំនឹង​យកការងារនេះ​ដាក់​ចូលក្នុង​ប្រជុំគណៈឯកភាព​លើកក្រោយដើម្បីតាមដានការងារ​»។​

មន្រ្តីគម្រោងតស៊ូមតិ​នៃគម្រោងអ្នកការពារព្រៃឈើ​ នៃបណ្ដាញសមាគមយុវជនកម្ពុជា​ និងជាអ្នកចូលរួមល្បាតផងនោះ លោក សាន់ ម៉ាឡា មានប្រសាសន៍​ថា​ តាមរយៈការ​ចុះល្បាត​ និងទទួលព័ត៌មានពីសហគមន៍ បទល្មើសព្រៃឈើតំបន់អភិរក្សនេះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែល​បង្ហាញថា ​មន្រ្តីពាក់ព័ន្ធ​ទាំងនោះ​ហាក់​បើកដៃឱ្យជនល្មើស​​។

លោក សាន់ ម៉ាឡា ថ្លែងថា៖ «​ការលើកឡើងថា ​អាជ្ញាធរ​បើកដៃឱ្យជនល្មើស​​ឱ្យចូលកាប់បំផ្លាញព្រៃឈើហ្នឹង​ យើងអាចសន្និដ្ឋាន​បែបហ្នឹងបាន​ តាមរយៈការធ្វេសប្រហែស និងការអនុវត្តច្បាប់មានសភាពធូរលុង​ និងទន់ខ្សោយខ្លាំងជាទីបំផុត​»។

សង្គមស៊ីវិលរូបនេះបន្ថែមថា អ្នកមានអំណាច​មួយចំនួន​​កំពុង​ជួលប្រជាពលរដ្ឋ​ឱ្យចូលទៅកាប់ឈើ​ ដើម្បីដឹកទៅកែឆ្នៃធ្វើ​ជាគ្រឿងសង្ហារឹម​ ហើយជនល្មើស​ដែល​លោក​បានសាកសួរ​ឆ្លើយថា ពួកគេ​ទទួលបានលុយចំនួន​១០ម៉ឺនរៀល​ពីឈ្មួញ សម្រាប់តម្លៃឈើ​មួយម៉ែត្រគូប។

ក្នុង​ទិវាបរិស្ថានពិភពលោក ឆ្នាំ២០២២ ចេញផ្សាយនាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ក្រោម​មូល​បទស្តីពី «លើកកម្ពស់ការចូលរួមការពារបរិស្ថាន​ ដើម្បីចីរភាព​ធនធានធម្មជាតិ និងសុខុមាលភាពមនុស្ស​ជាតិ» ក្រុមយុវជន សហគមន៍ សហជីព សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន២៧​ស្ថាប័ន បានធ្វើ​សេចក្ដីថ្លែងការណ៍រួមថា ​បើទោះបី​ជា​រដ្ឋាភិបាល​បាន​ខិត​ខំ​បង្កើន​នូវចំនួន​តំបន់​ការ​ពារ​ធនធានធម្មជាតិ​ក្ដី ប៉ុន្តែវាពុំបានឆ្លើយតបជា​មួយ​ការកើនឡើង​នូវ​សកម្មភាពកាប់​បំផ្លាញនិង​ឈូសឆាយដីព្រៃជាច្រើនហិកតា រួមទាំង​នៅ​ក្នុងដែនជម្រកសត្វព្រៃ និង​តំបន់ដទៃ​ទៀត ​ជា​រៀង​រាល់​ថ្ងៃ​នោះ​ទេ។

​អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២​​ បានចេញ​របាយការណ៍​ដោយ​បង្ហាញ​​​ថា ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​​​​​​ជាង៦ ០០០​​ហិកតា ​​នៅ​តំបន់ជម្រកសត្វព្រៃ «​ព្រៃឡង់​» និង«​​ព្រៃ​ព្រះ​រការ» ត្រូវបានកាប់បំផ្លាញ​ ដោយ​​មាន​​​​ការ​ទទួល​​​​សំណូក​ និង​ការ​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​​​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ។ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំងពីរនេះ អង្គការលើកលែងទោសអន្តរជាតិ​ អះអាងថា មានទំហំស្មើនឹងទីលានឬតារាងបាល់ទាត់ចំនួនជិត ១ម៉ឺនទីតាំង (៨ ៧៨៤)។

រាជរដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ព្រៃ​ព្រះ​រការដែលមានទំហំជិត១០ម៉ឺនហិកតា ​ជា​តំបន់ដែន​ជម្រក​សត្វ​ព្រៃ​​ កាល​ពី​ឆ្នាំ២០១៦។ ព្រៃអភិរក្សមួយនេះ គ្រប​ដណ្ដប់​លើ​ភូមិសាស្ត្រប្រជុំ​​​​ស្រុកចំនួន៣ រួម​មាន ​​ស្រុក​​​ជាំ​ក្សាន្ត ស្រុក​ត្បែង​មានជ័យ និង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ