លោក Zelenskyy និយាយ​ថា អ៊ុយក្រែន​ដណ្តើម​បាន​មក​វិញ​នូវ​តំបន់​ចំនួន​៣​នៅ​​ភាគ​​ខាង​ត្បូង​និង​ភាគ​​ខាង​កើត

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។ (ធ្វីតទ័រ៖ Володимир Зеленський)

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃអាទិត្យម្សិលមិញ បានបញ្ជាក់ថា កងទ័ព​អ៊ុយក្រែន​ដណ្តើម​បាន​មកវិញនូវតំបន់ចំនួន២នៅភាគ​ខាង​ត្បូង និងតំបន់ចំនួន១នៅភាគខាងកើតប្រទេស។ នេះ​បើយោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ។

នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃ​ទី៤​ ខែកញ្ញា ឆ្នាំ២០២២ លោក ហ្សេលេនស្គី បាននិយាយថា លោក​បាន​ទទួល «ដំណឹងល្អ» ពីមេបញ្ជាការយោធា និង​ប្រធានផ្នែកចារកម្មរបស់លោក។

នៅក្នុងសន្ទរកថា​តាមវីដេអូ នាពេលយប់ លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់កងទ័ពអ៊ុយក្រែន​ សម្រាប់ការរំដោះទឹកដីនៅ​ភាគខាងកើត​តំបន់ដូណេតស្ក៍ (Donetsk) ទឹកដីភាគខាងកើតតំបន់លីស៊ីចាន់ស៍-ស៊ីវឺស៍ (Lysychansk-Siversk) និងតំបន់ភាគខាងត្បូងចំនួន២។

កាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ លោកគីរីឡូ ទីម៉ូហ្សេនកូ (Kyrylo Tymoshenko) អនុប្រធានការិយាល័យប្រធានាធិបតី បានបង្ហោះ​រូបភាពទាហាន​លើកទង់ជាតិអ៊ុយក្រែន លើភូមិមួយដែលស្ថិតនៅក្នុងតំបន់ភាគខាងត្បូង ដែលជាចំណុចស្នូលនៃការការពារប្រឆាំងនឹងការវាយ​ប្រហារពីរុស្ស៊ី។

លោក Tymoshenko បានសរសេរនៅលើហ្វេសប៊ុក ដោយភ្ជាប់ជាមួយរូបថតទាហាន៣នាក់នៅលើដំបូល​ផ្ទះ ហើយម្នាក់ក្នុង​ចំណោមពួកគេ​កំពុងជួសជុសទង់ជាតិអ៊ុយក្រែន ថា៖ «ថ្ងៃ​នេះ តំបន់​វីសូកូភីលយ៉ា (Vysokopillya) និងតំបន់ខឺសុន (Kherson) ជារបស់អ៊ុយក្រែន»។

ស្ថិតនៅភាគខាងជើងនៃឧបទ្វីបគ្រីមៀ (Crimea) ដែលទីក្រុងមូស្គូបានឈ្លានពាន និងភ្ជាប់ជាទឹកដីរបស់ខ្លួនកាលពីខែកុម្ភៈ និងខែមីនា ឆ្នាំ២០១៤ តំបន់ខឺសុន (Kherson) ត្រូវបានកាន់កាប់ដោយកងទ័ពរុស្ស៊ីចាប់តាំងពីមានការប្រយុទ្ធគ្នាដំបូង។

ទីក្រុងលីស៊ីចាន់ស៍ (Lysychansk) ត្រូវបានកាន់កាប់ដោយក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ីនៅក្នុងតំបន់លូហាន់ស៍ (Luhansk) កាលពីដើមខែកក្កដា ដែលជាផ្នែកមួយនៃការប្រយុទ្ធគ្នាជុំវិញតំបន់​​ដុន (Donbas) នៅភាគខាងកើតអ៊ុយក្រែន ដែលរួមបញ្ចូលទាំងតំបន់ស៊ីវឺស៍ (Siversk) ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ