ពលរដ្ឋ​នៅ​ខេត្តកោះកុង​ដាក់​ញត្តិ​នៅ​ស្ថាប័ន​ថ្នាក់ជាតិ​ស្នើ​ឱ្យ​ដោះស្រាយ​រឿងដីធ្លី​និង​ទម្លាក់​ចោល​ការ​ប្រកាន់​លើ​តំណាង​ពួកគាត់

ស្ត្រីម្នាក់កាន់រូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុនរ៉ានី អំឡុងពេលពួកគាត់ឡើងមក​​ប្រមូល​ផ្ដុំនៅមុខក្រសួងយុត្តិធម៌ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួងស្ថាប័​ន​មួយចំនួន​ទៀត ដើម្បី​ជំរុ​​ញ​​ឱ្យ​មាន​​ដំណោះ​​ស្រាយ​រឿង​ដីធ្លី និង​​សុំ​ឱ្យ​មាន​កិច្ចអន្តរាគមន៍​ទម្លាក់ចោល​គ្រប់​បទ​ចោទ និងដោះ​លែងពលរដ្ឋរងគ្រោះដោយសារ​ដីធ្លី​​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ (កាយ ណារ៉ា)

ប្រជាពលរដ្ឋកំពុងមានជម្លោះដីធ្លីរាប់រយនាក់ មកពីខេត្តកោះកុង នៅថ្ងៃអង្គារនេះ បាននាំគ្នា​​ប្រមូល​ផ្ដុំនៅមុខក្រសួងយុត្តិធម៌ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួងស្ថាប័​ន​មួយចំនួន​ទៀត ដើម្បី​ជំរុ​​ញ​​ឱ្យ​មាន​​ដំណោះ​​ស្រាយ​រឿង​ដីធ្លី និង​​សុំ​ឱ្យ​មាន​កិច្ចអន្តរាគមន៍​ទម្លាក់ចោល​គ្រប់​បទ​ចោទ និងដោះ​លែងពលរដ្ឋរងគ្រោះដោយសារ​ដីធ្លី​​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ប្រជាពលរដ្ឋមកពីខេត្តកោះកុង និងកំពុងរងបណ្ដឹងនៅតុលាការ ​លោក ឈឹម សាផាន មាន​ប្រសាសន៍នៅមុខក្រសួងយុត្តិធម៌ថា ក្រុមរបស់ពួកគាត់ មាន​ពលរដ្ឋ​ចំនួន​៨៤៣គ្រួសារ ដែលរងគ្រោះដោយសារ​បញ្ហាជម្លោះដីធ្លីជាមួយ​ក្រុម​​ហ៊ុនស្ករអំពៅរបស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ តាំងពីឆ្នាំ២០០៦ មក។

លោក​បន្តថា រយៈពេលជិត២០ឆ្នាំមក​ហើយ ពួកគាត់នៅមិនទាន់បានទទួល​​ដំណោះស្រាយនៅឡើយ បើទោះបីជាពួកគាត់បានស្វះស្វែង​រកការអន្តរាគមន៍ពីអាជ្ញាធរ​មូលដ្ឋានដល់ថ្នាក់ខេត្ត ហើយ​ផ្ទុយទៅវិញ រូបលោក ក៏ដូចជាតំណាង​ពលរដ្ឋមួយចំនួន បែរជា​រង​បណ្ដឹងនៅតុលាការថែមទៀត។

ករណីនេះ លោកបានស្នើដល់ក្រសួងយុត្តិធម៌ជួយអន្តរាគមន៍ទៅសាលាដំបូងខេត្តកោះកុង ឱ្យ​​ទម្លាក់ចោលបទចោទប្រកាន់ទៅលើតំណាង​ពលរដ្ឋ និងជំរុញឱ្យមានដំណោះស្រាយរឿង​ដីធ្លី។​

លោកថា៖ «បាត់បង់ដីធ្លីហើយ រង​ការចោទប្រកាន់នៅតុលាការទៀត​ ខ្ញុំថាមានភាពអយុត្តិធម៌បំផុត អយុត្តិធម៌បំផុត! អ៊ីចឹងហើយបានសហគមន៍ទាំងអស់នាំគ្នាមកហ្នឹង [ក្រសួងយុត្តិធម៌] […] ខ្ញុំសង្ឃឹមថាក្រសួងយុត្តិធម៌នឹងផ្ដល់ភាពយុត្តិធម៌ដល់សហគមន៍ដែលរងគ្រោះនៅខេត្តកោះ​កុង​ទាំង​មូល»។

បើតាមតំណាង​ពលរដ្ឋរូបនេះ ក្រៅពីក្រសួងយុត្តិធម៌ ពួកគាត់ក៏នឹងយកញត្តិទៅដាក់នៅខុទ្ទ​កាល័យ​​នាយក​រដ្ឋ​មន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

វីអូឌី នៅមិនទាន់អាចសុំការបញ្ជាក់ជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាននៅឡើយទេ។

អ្នក​សម្របសម្រួលសហគមន៍នៅសមាគម​សម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា លោក ញ៉ិល ភាព ដែលឃ្លាំមើលការប្រមូលផ្តុំនេះ មានប្រសាសន៍ថា ប្រជាពលរដ្ឋទាំងនោះមកពីជិត១០សហគមន៍ ក្នុង​ខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់, ​ក្រុមហ៊ុនហេងហ៊ុយអភិវឌ្ឍន៍ និងក្រុមហ៊ុនចិនយូញៀន ខណៈពលរដ្ឋខេត្តកំពង់ស្ពឺ ដែលមានបញ្ហា​​វិវាទ​ដីធ្លី​ដូចគ្នាដែរនេះ មិនអាចឡើងមកចូលរួម​ដាក់ញត្តិបាន ដោយសារមានការរារាំងពីសំណាក់អាជ្ញាធរ។

លោកសង្កេតឃើញថា សកម្មភាពប្រមូលផ្តុំ​តវ៉ា និងដាក់ញត្តិ​​របស់ពលរដ្ឋ​​ធ្វើឡើ​ង​​​ស្រប​តាម​​ច្បាប់ និងបទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិ ជាពិសេស​ច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យមានដំណោះស្រាយរឿងដីធ្លីសម្រាប់ពួកគាត់ ក៏ដូចជាស្នើឱ្យមានការ​ទម្លាក់ចោល​នូវបទចោទនានាទៅលើពួកគាត់។ ករណីនេះ លោកថា អាជ្ញាធរគួរតែ​រកមធ្យោបាយ​សម្រប​សម្រួល​ ដើម្បី​រក​ដំណោះស្រាយ​ដើម្បីបញ្ចប់វិវាទដីធ្លី​​​​ឱ្យ​បាន​ឆាប់​ ជា​ជាង​​​ធ្វើ​ការ​​ហាម​​ឃាត់ ឬចោទប្រកាន់ ឬចាប់​ខ្លួនពលរដ្ឋដែលរងគ្រោះទាំងនោះ។

លោកថា៖ «ពួកគាត់​គឺ​ជាប្រជាពលរដ្ឋ ជាផ្នែកមួយនៃរដ្ឋ ហើយពួកគាត់មានបញ្ហាដីធ្លី ដូច្នេះបញ្ហា​ហ្នឹ​ង អ្នកដែលទទួលបន្ទុកដោះស្រាយហ្នឹង​គឺរាជរដ្ឋាភិបាលហ្នឹងឯង។ អ៊ីចឹងអត់អាចគេចវេះបានទេក្នុងការ​ដោះស្រាយនេះ។ អ្វីដែលជាយន្តការល្អបំផុត គឺត្រូវតែសម្របសម្រួលឱ្យ​មាន​ការ​ដោះស្រាយ​ណាមួយ​​​ដែលមានភាពយុត្តិធម៌ត្រឹមត្រូវតាមទំហំដី តាមភាពជាក់ស្តែង​ដែលគាត់បាត់បង់ អាហ្នឹង​បានបញ្ហាវិវាទហ្នឹង​ត្រូវ​បានបញ្ចប់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ