រដ្ឋមន្រ្តី​ការ​បរទេស​អង់គ្លេស លោកស្រី Liz Truss ជាប់ឆ្នោត​ជា​នាយក​រដ្ឋមន្រ្តី​ថ្មី​ជំនួស​លោក Boris Johnson

លោកស្រី Liz Truss លើកដៃនៅខាងក្រៅទីស្នាក់ការគណបក្សអភិរក្សនិយម បន្ទាប់ពីត្រូវបានប្រកាសជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២។ (REUTERS/Phil Noble)

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) នឹងឡើង​​​កាន់​​តំណែង​ជា​​នាយករដ្ឋមន្ត្រីអង់គ្លេស ជំនួស​​លោក បូរីស ចនសុន (Boris Johnson) នៅថ្ងៃអង្គារនេះ ក្រោយពីលោកស្រីជាប់ឆ្នោត​។

​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកញ្ញានេះ ​ឱ្យ​ដឹង​​ថា លោកស្រី លីស ត្រាស់ (Liz Truss) បានយកឈ្នះគូប្រជែងរបស់លោកស្រី គឺ​លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) ក្នុងការបោះឆ្នោតរបស់សមាជិកគណបក្សអភិរក្សនិយម សម្រាប់ជ្រើសរើស​អ្នក​ដឹកនាំ​គណបក្ស។ លោកស្រីសន្យាថានឹងកាត់​បន្ថយ​ពន្ធ និងផ្គត់ផ្គង់ផ្នែកថាមពលដល់ប្រជាពលរដ្ឋ។

លោកស្រី លីស ត្រាស់ (Liz Truss) បាននិយាយថា៖ «សូមអរគុណចំពោះការជឿទុកចិត្តរបស់អ្នកមកលើខ្ញុំ ដើម្បីដឹកនាំប្រទេសដ៏អស្ចារ្យរបស់យើង»។

លោកស្រីបន្ថែមថា៖ «ខ្ញុំនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីនាំយើងទាំងអស់គ្នាឆ្លងកាត់ពេលវេលាដ៏លំបាកនេះ ធ្វើឱ្យសេដ្ឋកិច្ចរបស់យើងរីកចម្រើន និងបង្ហាញសក្តានុពលរបស់អង់គ្លេស»។

លោកស្រីនឹងស្នងតំណែងលោក បូរីស ចនសុន (Boris Johnson) ដែលបានលាលែងពីតំណែងកាលពីខែកក្កដា បន្ទាប់​ពី​មន្រ្តីនានា​បាន​​នាំគ្នាលាលែងពី​តំណែង​ជាបន្តបន្ទាប់ ដោយ​សារ​តែ​ពួក​គេ​អស់ជំនឿលើការដឹកនាំរបស់លោក។

គួរបញ្ជាក់ថា លោកស្រី លីស ត្រាស់ (Liz Truss) នឹងក្លាយជានាយករដ្ឋមន្ត្រីទី៤ ដែលមកពីគណបក្សអភិរក្សនិយម ក្នុងរយៈពេល៧ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ