ពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​ពិនិត្យ​រាល់​ផលិតផល​សុខភាព​ទាំងអស់​មុន​អនុញ្ញាត​ឱ្យ​ចរាចរ​លើ​ទីផ្សារ

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ធ្វើតេស្តវិភាគសំណាក​ម្សៅទារកនិងកុមារ ដែលធ្វើពីម្សៅតាល់ (Talc) ដែលសង្ស័យមានសារធាតុ​អាសបេស្តុស នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ក.ប.ប.)

ពលរដ្ឋ​មួយចំនួនស្នើស្ថាប័នជំនាញរបស់រដ្ឋាភិបាលត្រូវត្រួតពិនិត្យរាល់ផលិតផលសុខភាពនានាឱ្យបានច្បាស់លាស់មុននឹងអនុញ្ញាតឱ្យចរាចរលើទីផ្សារ ដើម្បីបញ្ចៀសហានិភ័យនាពេលក្រោយ ខណៈពួកគេធ្លាប់រងគ្រោះពីផលិតផលក្លែងក្លាយ មិនចង់ឃើញរូបភាពពេលរងគ្រោះរួច​ទើបមានការពិនិត្យជាក្រោយនោះឡើយ។​

ការស្នើនេះធ្វើឡើងក្រោយ​អគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង​ និងបង្រ្កាប​ការក្លែងបន្លំ (ក.ប.ប) ទើបប្រកាសថា ផលិតផលម្សៅលាបទារក​និងកុមារ​ ចំនួន​១២ប្រភេទ ដែលស្ថាប័ននេះធ្លាប់ស្នើឱ្យផ្អាកចរាចរលើទីផ្សារជាបណ្តោះអាសន្នដោយ​រកឃើញសារធាតុគីមីនោះ អាចប្រើប្រាស់បានវិញជាធម្មតា បន្ទាប់ពីពិនិត្យឡើងវិញថាមិនមានជាតិគីមីទេ។

ពលរដ្ឋជាជនជាតិចាមមួយរូប រស់នៅរាជធានីភ្នំពេញ អ្នកស្រី រ៉ូមី ស៉ុ​ល​គី​ភ្លី ថ្លែងថា គាត់ប្រើប្រាស់ម្សៅលាបទារក និងផលិតផលសុខភាពនានាជាប្រចាំ ពោលគឺឱ្យតែផលិតផលនោះត្រូវបានចរាចរលើទីផ្សារ ខណៈពុំបានដឹងទេថាមួយណាមានឬមិនមានសារធាតុប៉ះពាល់ដល់សុខភាពនោះឡើយ។

យ៉ាងណា អ្នកស្រីថា គាត់មានក្ដីបារម្ភម្ដងហើយម្ដងទៀត នៅពេលផលិតផលណាដែលគាត់ប្រើជាញឹកញាប់នោះ ស្រាប់តែត្រូវបានស្ថាប័នជំនាញប្រកាសឱ្យផ្អាកចែកចាយនិងប្រើប្រាស់ក្រោមហេតុផលមានសារធាតុគីមី បើទោះក្រោយមកមានការប្រកាសថាមិនមានបញ្ហាអ្វីក៏ដោយ។

ពលរដ្ឋរូបនេះស្នើក្រសួងស្ថាប័នជំនាញរបស់រដ្ឋាភិបាលពិនិត្យលើគុណភាពផលិតផលឱ្យបានច្បាស់លាស់ជាមុនសិន មុនអនុញ្ញាតឱ្យដាក់លក់នៅលើទីផ្សារ ដើម្បីបញ្ចៀសនូវហានិភ័យនាពេលក្រោយ ខណៈពលរដ្ឋមិនមានលទ្ធភាពសង្កេតបានទេ ថាតើផលិតផលណាមានផលប៉ះពាល់ឬមិនមាននោះ​។

អ្នកស្រី រ៉ូមី ស៉ុ​ល​គី​ភ្លី ថា​៖ «មុនពេលដែលប្រកាសឱ្យម្ដាយៗបារម្ភ​ គួរតែស៊ើបឬសិក្សាពីវាឱ្យច្បាស់លាស់សិន​ ថាប្រើបាន [ឬអត់ មិនមែន] ដល់មួយឆ្នាំក្រោយមក​ ឬមួយរយៈមុន ថាប្រើអត់បានទៀតវិញ។ អ៊ីចឹងម្ដាយបារម្ភណាស់បង ព្រោះម្ដងថាប្រើបាន ហើយម្ដងអត់ៗ​»។

ពលរដ្ឋមួយរូបទៀត អ្នកស្រី​ ចាន់​ ផល្គុណ ដែលធ្លាប់មានបទពិសោធទិញប៉ះម្សៅ​ទឹកដោះ​គោក្លែងក្លាយឱ្យកូនបៅ បណ្ដាលឱ្យកើតជំងឺស្លេកស្លាំង ខ្វះឈាមនោះ បាន​លើកឡើងពីក្ដី​បារម្ភស្រដៀងគ្នា ពាក់ព័ន្ធគុណភាពផលិតផលដែលត្រូវបានចែកចាយលើទីផ្សារ។

អ្នកស្រីថា ស្នើ​ឱ្យ​ក្រសួងជំនាញ​ពិនិត្យឱ្យបានច្បាស់មុនអនុញ្ញាតឱ្យចែកចាយ​រាល់ផលិតផលគ្រប់ប្រភេទនៅលើទីផ្សារ ជាពិសេសផលិតផលសុខភាព ចៀសវាងពលរដ្ឋ​ប្រើប្រាស់ និង​រងគ្រោះដោយសារផលិតផលណាមួយរួចហើយ​ទើបពិនិត្យស្រាវជ្រាវជាក្រោយ។​ អ្នកស្រីថា បើមន្ត្រីពាក់ព័ន្ធមិនមានវិធានការច្បាស់លាស់ទេ ​​អ្នកដែលរងគ្រោះខ្លាំងបំផុត គឺពលរដ្ឋ។

អ្នកស្រីថា​៖​ «ទាល់តែពេលរបស់ដែលមានបញ្ហាអ៊ីចឹង គាត់បានចាប់ផ្តើមរើ ឬស្នើ​ឱ្យមានការពិនិត្យម្តងទៀត។​ អ៊ីចឹង​វាដូចពីរបីដង វាដដែលៗ អត់មានប្រាកដថា Ok ​ផលិតផលហ្នឹងល្អហើយ វាតាំងលើទីផ្សារហ្មង​។ មិនចាំបាច់ទាល់តែមានបញ្ហា ទើបសើរើអ៊ីចឹងទេ»។​

វីអូឌី បានព្យាយាមសុំការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ ប៉ុន្តែមិនមានការឆ្លើយតបឡើយ នៅថ្ងៃទី៧ ខែកញ្ញា។ ដោយឡែក អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាល លោក ហុក គីមចេង សុំមិនឆ្លើយតបករណីនេះឡើយ ដោយថាមិនមែនជាជំនាញរបស់លោក។

អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម លោក ផាន អូន ថ្លែងប្រាប់វីអូឌីនៅថ្ងៃទី៧ ខែកញ្ញានេះថា ជាគោលការណ៍ ទំនិញនាំចូលពីក្រៅប្រទេស ទាមទារឱ្យមានការត្រួតពិនិត្យជារូបវន្ត ឬបែបគ្រប់គ្រងហានិភ័យខ្ពស់ និងមានឯកសារភ្ជាប់។ ក្នុងនោះមានការភ្ជាប់នូវការបញ្ជាក់អនាម័យ។ ក្រៅពីនោះ លោកថា តម្រូវឱ្យមានការសុំក្រសួងស្ថាប័នផ្តល់អាជ្ញាបណ្ណ ចុះបញ្ជិកាលើផលិតផលដោយមានឯកសារយោង។

លោកថា៖ «ហើយបើសិនជាករណីសង្ស័យ អាជ្ញាធរនៅព្រំដែន ជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គាត់ត្រូវយក sample យកមកមើល អាចថាអនុវត្តនីតិវិធី Random Sampling ឬក៏បើជាទំនិញមានហានិភ័យខ្ពស់ អាហ្នឹងត្រូវគ្រប់ consignment ត្រូវយក sample មកមើលហើយ អានេះជាគោលការណ៍នៃការត្រួតពិនិត្យនូវរាល់ផលិតផលនាំចូលទាំងអស់»។

ប្រធាន​សមាគម​គ្រូ​ពេទ្យ​គុណធម៌​កម្ពុជា លោក​វេជ្ជ​បណ្ឌិត អ៊ូច ​វុទ្ធី យល់ថា បើទោះក្រសួងបាន​ធានាថា ​ផលិតផល​ម្សៅទារកនិងកុមារទាំងនោះមិនមានសារធាតុបង្កឱ្យមាន​ផលប៉ះពាល់ក្រោយពិនិត្យ​យ៉ាងណាក្ដី​ លោកចង់ឃើញមន្ត្រីជំនាញត្រួតពិនិត្យទៅលើគុណភាពផលិតផលថែទាំសុខភាពទាំងនោះឱ្យបានទៀងទាត់​​។

លោកបន្ថែមថា ស្ថាប័នជំនាញរបស់រដ្ឋមានតួនាទី និងលទ្ធភាពវិនិច្ឆយទៅលើគុណភាពផលិតផល ​ខណៈមិនអាចដាក់បន្ទុកឱ្យពលរដ្ឋជាអ្នកពិនិត្យខ្លួនឯងដោយភ្នែកទទេថាផលិតផលណាមួយមានផលប៉ះពាល់ ឬយ៉ាងណានោះ។

លោកបន្តថា៖ «​ក្រសួងគួរតាមដានរាល់មួយត្រីមាស​ ឬ៦ខែម្ដង ឬ៣ខែម្តង ដើម្បី​តាមដាននូវក្រុមហ៊ុនដែលនាំចូល ​ដើម្បីចៀសវាងមានផលប៉ះពាល់ដល់អនាគតក្មេង​ទៅថ្ងៃក្រោយ​»។

ប្រធាន​សមាគម​គ្រូ​ពេទ្យរូបនេះបន្ថែមថា រដ្ឋាភិបាលត្រូវតែ​ពិនិត្យយ៉ាងទៀងទាត់ និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់​លើ​ក្រុមហ៊ុនផលិតណាដែល​គ្មាន​អាជ្ញាបណ្ណ ព្រមទាំងផ្ដន្ទាទោសចំពោះបុគ្គលឬក្រុមហ៊ុនណាដែលមានចេតនាក្លែងបន្លំគុណភាពផលិតផលក្រោមរូបភាពណាមួយ​។

​កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ​ ​អគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង​ និងបង្រ្កាប​ការក្លែងបន្លំ (ក.ប.ប) បានជូនដំណឹងនិងដាក់ចេញនូវវិធានការផ្អាកជាបណ្តោះអាសន្ននូវការនាំចូល និងចែកចាយផលិតផលម្សៅលាបទារកនិងកុមារ ចំនួន១២ប្រភេទ ​ក្នុងទីផ្សារកម្ពុជា ក្រោយសង្ស័យថា មានសារធាតុអាសបេស្តូស (Asbestos) ក្នុងម្សៅតាល់ស៍ (Talcum Powder) ដែលជាសារធាតុគ្រោះថ្នាក់ ព្រមទាំងក្តីបារម្ភសកល ដែលចាំបាច់តម្រូវឱ្យមានភស្តុតាងវិទ្យាសាស្ត្របញ្ជាក់ឱ្យបានត្រឹមត្រូវនិងច្បាស់លាស់។

យ៉ាងណា ជិត២សប្តាហ៍ក្រោយមក ពោលគឺកាលពីថ្ងៃទី៥ ខែកញ្ញា អគ្គនាយកដ្ឋាន ក.ប.ប ដដែល បានអះអាងថា ខ្លួននិងដៃគូពាក់ព័ន្ធបានពិនិត្យ​ផលិតផលម្សៅលាបទារក​និងកុមារ​ចំនួន​១២​ប្រភេទនោះហើយ ដោយរកឃើញថាមិនមាន​សារធាតុគីមី ឬផលប៉ះពាល់នោះទេ។​ ហេតុនេះ ​ក្រុមហ៊ុនទាំងនោះនៅតែអាច​នាំចូលនិងចែកចាយលើទីផ្សារបាន។ ចំណែកសាធារណជននៅតែអាចបន្តប្រើប្រាស់ផលិតផលទាំងអស់នោះតាមតម្រូវការ។

អគ្គនាយកដ្ឋាន ក.ប.ប ថាខ្លួននឹងបន្តតាមដាននិងស្រាវជ្រាវករណីនេះ ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា រាល់ផលិតផលដែលកំពុងចរាចរចែកចាយលើទីផ្សារអនុលោម​តាមបទដ្ឋានជាតិនិងអន្តរជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ