តុលាការ​បញ្ចប់​ការ​សួរដេញដោល​ភស្តុតាង​ហិង្សា​នៅ​ផ្លូវវេងស្រេង ខណៈ​លោក កឹម សុខា ច្រានចោល​ការ​ជាប់​ពាក់ព័ន្ធ

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោក កឹម​ សុខា បន្តច្រានចោលការភ្ជាប់លោកពាក់ព័ន្ធនឹងការធ្វើបាតុកម្មដោយហិង្សានៅ «ផ្លូវវេងស្រេង» កាលពីឆ្នាំ២០១៤ ស្របពេលតុលាការក៏បានបញ្ចប់ការសួរដេញដោលលើភស្ដុតាងនៅផ្លូវវេងស្រេង ក្រោយសាកសួរជនជាប់ចោទរូបនេះពេញមួយព្រឹក។

សវនាការលើកទី៥៥ នាថ្ងៃទី៧ ខែកញ្ញា តំណាងអយ្យការ និងចៅក្រមបានបន្តសួរដេញដោលលោក កឹម សុខា បន្ទាប់ពីតុលាការបានចាក់វីដេអូចំនួន៦ឃ្លីប ស្ដីពីការធ្វើបាតុកម្មនៅលើផ្លូវវេងស្រេង កាលពីដើមខែមករា ឆ្នាំ២០១៤។

វីដេអូទាំង៦ឃ្លើបដែលចាក់បង្ហាញក្នុងអង្គសវនាការ ពាក់ព័ន្ធនឹងការដុតម៉ូតូ នគរបាលរងរបួស ​សកម្មភាពបាតុករកាន់ដបសាំងនិងដំបងដែក ការដុតទ្រព្យសម្បត្តិសាធារណៈនិងទ្រព្យសម្បត្តិឯកជន ការដុតកម្ទេចហាងលក់ភេសជ្ជៈ និងការចាក់សាំងដុតកម្ទេចវត្ថុផ្សេងៗ។

ក្រោយពីចាក់វីដេអូរួច តំណាងអយ្យការ លោក ឆាយ ហុង និងលោក ប្លង់ សុផល បានសួរពីការយល់ឃើញរបស់លោក កឹម សុខា ទាក់ទិន​ការធ្វើបាតុកម្មនៅផ្លូវវេងស្រេងពេលនោះថាជាបាតុកម្មដោយហិង្សាឬសន្តិវិធី។ មួយទៀត សកម្មភាពបាតុករដែលធ្វើ​នៅលើផ្លូវវេងស្រេងពេលនោះ ក្នុងគោលបំណងអ្វី និងឱ្យលោក កឹម សុខា ពន្យល់ពីអត្ថន័យបាតុកម្មអហិង្សា ជាដើម។

សំណួរដែលតំណាងអយ្យការសួរ ត្រូវបានលោក កឹម សុខា បន្តច្រានចោល ដោយថា បាតុកម្មនៅផ្លូវវេងស្រេងមិនពាក់ព័ន្ធជាមួយលោក ហើយក៏មិនមែនជាការទទួលរបស់លោក និងគណបក្សសង្គ្រោះជាតិនោះដែរ។ ស្ទើរគ្រប់សំណួរទាំងអស់ លោក កឹម សុខា សុំមិនឆ្លើយ ឬថាមិនពាក់ព័ន្ធនឹងលោក។

លោក៖ «ភស្ដុតាងទាំងអស់នេះមិនពាក់ព័ន្ធជាមួយខ្ញុំទេ។ ខ្ញុំសុំមិនឆ្លើយ ព្រោះវាមិនពាក់ព័ន្ធនឹងខ្ញុំ»។

ក្រោយពីតំណាងអយ្យការបញ្ចប់ការសួរពាក់ព័ន្ធរឿងវីដេអូឃ្លីបនោះ ចៅក្រមជំនុំជម្រះ លោក សេង លាង បានបង្ហាញរូបភាពកម្មករជិះរថយន្តទៅធ្វើការ និងសកម្មភាពធ្វើបាតុកម្មលើផ្លូវវេងស្រេងរបស់ក្រុមបាតុករថា វាប្រហាក់ប្រហែលនឹងអ្វីដែលលោក សម រង្ស៊ី ថ្លែងនៅខេត្តស្វាយរៀង និងលោកស្រី មូរ សុខហូរ ថ្លែងនៅសង្កាត់ចោមចៅដែរ។

ចៅក្រមជម្រះ លើកឡើងថា កាលពីឆ្នាំ២០១១ មុនពេលមានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក៏បានប្រកាសផ្ដល់ស្បៀងអាហារទៅអ្នកតវ៉ា។​  ករណីនេះ ឆ្លុះបញ្ចាំងថា គណបក្សសង្គ្រោះជាតិជាបង្អែកនៃការតវ៉ារបស់បាតុករ ខណៈលោក កឹម  សុខា ក៏ធ្លាប់អំពាវនាវឱ្យសប្បុរសជន​ជួយផ្ដល់ស្បៀងអាហារដែរ។

ឈរនៅរង្វង់ក្រចកសេះ លោក កឹម សុខា បានជម្រាបទៅចៅក្រមជំនុំជម្រះក្នុងបន្ទប់សវនាការថា ការអំពាវនាវរបស់លោកក្នុងនាមជាសប្បុរសធម៌តែប៉ុណ្ណោះ។ លោកបញ្ជាក់ទៅចៅក្រមថា អ្វីដែលលោក សម រង្ស៊ី លើកឡើងកាលពីឆ្នាំ២០១១ ជាការទទួលខុសត្រូវរបស់គាត់ មិនពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិ និងរូបលោកឡើយ។

លោក កឹម សុខា ចាត់ទុកការព្យាយាមភ្ជាប់លោកទៅជាមួយលោក សម រង្ស៊ី និងរឿងបាតុកម្មនៅផ្លូវវេងស្រេង ថាតុលាការកំពុងបង្ហាញពីភាពអយុត្តិធម៌ចំពោះលោក ដោយថា លោកជាមនុស្សប្រកាន់សកម្មភាពអហិង្សា ចង់ផ្សះផ្សាជាតិ ដោយមិនចង់ឱ្យជាតិបែកបាក់ទេ។

លោកថា៖ «ការលើកឡើងរបស់លោក សម រង្ស៊ី ឆ្នាំ២០១១ ជាការទទួលខុសត្រូវរបស់គាត់។ ការព្យាយាមយកមកភ្ជាប់ជាមួយខ្ញុំ មានចេតនាធ្វើឱ្យបង្ហាញភាពអយុត្តិធម៌។ ខ្ញុំអហិង្សា ចង់ផ្សះផ្សាជាតិ មិនឱ្យជាតិបែកបាក់ទេ។ ខ្ញុំសមទទួលបានយុត្តិធម៌។ អ្នកប្រើប្រាស់អំពើហិង្សា តុលាការក៏ដឹងហើយថាអ្នកណាខ្លះ លោកក៏ដឹងហើយ។ ផ្ទុយទៅវិញ អ្នកព្យាយាមប្រើអំពើហិង្សា បែរជាទទួលបានការលើកទឹកចិត្តទៅវិញ»។

លោក កឹម សុខា ក៏បានបង្ហាញការហួសចិត្តដែលចៅក្រមជំនុំជម្រះយករូបភាពពីនេះពីនោះមកសួរលោក ខណៈសំណួរដែលតំណាងអយ្យការ និងចៅក្រមបានសួរ នាថ្ងៃពុធនេះ​ រូបគាត់បានឆ្លើយអស់ហើយ ប៉ុន្តែនៅតែយកមកសួរលោកដដែលៗទៀត។

លោកថា៖ «ហួសហេតុពេក រករូបពីនេះពីនោះមកចោទសួរខ្ញុំ។ ខ្ញុំថាហួសហេតុពេក។ ខ្ញុំសុំមិនឆ្លើយ»។

យ៉ាងណាក៏ដោយ ក្រោយពីលោក កឹម សុខា បន្តច្រានចោលពាក់ព័ន្ធអំពើហិង្សារបស់បាតុករនៅផ្លូវវេងស្រេងនោះ តំណាងអយ្យការ និងចៅក្រមក៏បានបញ្ចប់ការសួរដេញដោលលើភស្ដុតាងផ្លូវវេងស្រេង ហើយបន្តបង្ហាញភស្តុតាងជាវីដេអូចំនួន៤ឃ្លីបទៀតពាក់ព័ន្ធនឹងអំពើហិង្សានៅស្ពាននាគវិញម្តង។

តំណាងអយ្យការក៏បានសួរទៅលោក កឹម​ សុខា ពាក់ព័ន្ធបាតុកម្មហិង្សា ដោយមានការវាយទៅលើប្រជាការពារ២នាក់ឱ្យរងរបួស។ ប៉ុន្តែលោក កឹម សុខា បានបដិសេធ ដោយថា រឿងបាតុកម្មនៅស្ពាននាគនោះមិនទាក់ទង ហើយក៏មិនមែនជាការទទួលខុសត្រូវរបស់លោកដែរ។

លោកបញ្ជាក់ថា រឿងនេះ តុលាការបានហៅលោកទៅសួរចំនួន៧ម៉ោង ហើយក៏មិនបានចោទប្រកាន់លើលោកដែរ។ លោកថា រឿងបាតុកម្មនាពេលនោះ តុលាការបានផ្ដន្ទាទោសអ្នកពាក់ព័ន្ធអស់ហើយ ដោយមានទាំងសាលក្រមថែមទៀតផង។

លោកថា៖ «តុលាការបានហៅខ្ញុំបកស្រាយ ៧ម៉ោង។ សំណុំរឿងស្ពាននាគ តុលាការអត់បានចោទខ្ញុំទេ។ តុលាការបានចោទប្រកាន់កាត់ទោសអ្នកទទួលខុសត្រូវស្ពាននាគរួចហើយ តាមខ្ញុំដឹង។ ខ្ញុំសុំមិនឆ្លើយពាក់ព័ន្ធនឹងស្ពាននាគទៀតទេ»។

តុលាការបានបញ្ចប់ការសួរដេញដោល ដោយនឹងបន្តសវនាការសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៤ ខែកញ្ញា សប្ដាហ៍ក្រោយទៀត។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការលើកនិងភ្ជាប់លោក កឹម សុខា ទៅនឹងការធ្វើបាតុកម្មនៅផ្លូវវេងស្រេង ស្ពាននាគ ព្រមទាំងស្ពានអាកាសក្បាលថ្នល់ ជាដើមនោះ ជាការពន្យារពេលតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា សំណុំរឿងលោក កឹម សុខា អាចនឹងបន្តអូសបន្លាយទៀត បើអ្នកនយោបាយមិនព្រមចរចាគ្នាបញ្ចប់នោះ។

លោកថា៖ «អ្វីដែលសំខាន់ គឺសហគមន៍ជាតិ អន្តរជាតិ គេយល់ឃើញថា ករណីឯកឧត្ដម កឹម សុខា ជារឿងនយោបាយ។ អ៊ីចឹង វាគួរតែមានការដោះស្រាយតាមបែបនយោបាយ បានន័យថា អ្នកនយោបាយទាំងអស់បន្តនូវវប្បធម៌សន្ទនាឬការចរចាគ្នាឡើងវិញ ដើម្បីបញ្ចប់វិបត្តិនយោបាយ ហើយអាចអនុញ្ញាតឱ្យឯកឧត្តម កឹម សុខា វិលទៅរកការធ្វើនយោបាយ ឬការប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតឡើងវិញ។ អាហ្នឹងវាផលចំណេញសម្រាប់កម្ពុជា ដូចបទពិសោធន៍ និងវប្បធម៌ដែលធ្លាប់មានកន្លងមកនេះ»។

​​ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា  ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួនទាំងយប់ កាលពីយប់អធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​​២០១៧។ លោក កឹម សុខា បានរងការចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាព» ឬត្រូវរ៉ូវដោយសម្ងាត់ជា​​មួយរដ្ឋប​​រ​​ទេ​​ស ឬភ្នាក់ងារបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល។

គិតពីថ្ងៃចាប់ខ្លួនមកដល់ពេលនេះ មានរយៈពេល​​​៥ឆ្នាំហើយ​​ តែតុលាការកម្ពុជានៅរកមិនទាន់ឃើញថា លោក កឹម សុខា មានទោសនៅឡើយ ខណៈសហគមន៍ជាតិនិងអន្តរជាតិបានចាត់ទុកការចាប់ខ្លួនលោក កឹម សុខា ជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។

ទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នៅថ្ងៃ​ទី៧ ខែកញ្ញា លើកឡើងថា ដោយ​អរគុណចំពោះ​ជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមិត្តសហគមន៍អន្តរជាតិ​ ដែលតែងតែតាមដាននិងទាមទារនូវសិទ្ធិសេរីភាពឱ្យលោកដែលទទួលរងនូវភាពអយុត្តិធម៌អស់រយៈពេលជាង៥ឆ្នាំមកនេះ។​

លោកក៏បានលើកឡើងដែរថា «ការសម្រេចដោយអគតិណាមួយ គឺជាអំពើបាប» ហើយការ «ជួបជុំគ្នាធ្វើបុណ្យតាមទំនៀមទម្លាប់ខ្មែរ គឺអំពើជាកុសល»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ