អភិបាលខេត្តកំពង់ស្ពឺ បានផ្ដល់ដីជិត១ ០០០ហិកតាដល់សហគមន៍ឧត្ដមស្រែពស់ តែពលរដ្ឋនៅមិនទាន់អាចទទួលយកបានឡើយ ដោយថា ដីនោះភាគច្រើនប៉ះពាល់ដីអាស្រ័យផលស្រាប់របស់អ្នកភូមិ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃទី៧ ខែកញ្ញា ថា លោកមានឯកសារផែនទីកំណត់ព្រំដីចំនួន៨៨៧ហិកតាសម្រាប់សហគមន៍ តែតម្រូវឱ្យសហគមន៍ជាអ្នករៃអង្គាសប្រាក់ ដើម្បីឱ្យមន្រ្តីខាងសុរិយោដីចុះទៅកំណត់ព្រំដីជូនពួកគាត់។
លោកថា៖ «អ៊ីចឹងបានខ្ញុំអំពាវនាវថា ប្រសិនបើមាននរណាមានលទ្ធភាព គាត់ផ្ដល់លុយសម្រាប់បង្កើតព្រំព្រៃឈើមក ខ្ញុំឱ្យខាងបរិស្ថានទៅជួយធ្វើការងារហ្នឹង ទៅបោះបង្គោលព្រំដី បោះបង្គោលព្រំដីឱ្យគាត់»។
ប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិ ឬ ព្រៃឧត្តមស្រែពស់ លោក ឈួន ឌឿន បានលើកឡើងថា ដីដែលអាជ្ញាធរយល់ព្រមប្រគល់មកសហគមន៍ជិត១ ០០០ហិកតាវិញនោះ នៅភាគខាងត្បូងនៃវត្តមេត្តាធម្មជាតិ គឺប្រមាណ៧០ភាគរយជាដីរបស់ប្រជាពលរដ្ឋ «ភូមិពោធិ៍មាស» អាស្រ័យស្រាប់ទៅហើយ។ លោកបន្តថា អ្វីដែលសហគមន៍ចង់បាន គឺដីដែលក្រុមទាហានបានឈូសឆាយព្រៃកន្លងមក នៅជាប់ជើងភ្នំនោះ ដែលមិនមែនជាដីសឹករេចរឹលទេ។
លោកថា៖ «បើគិតទៅ ខ្ញុំអត់អាចទទួលយកបាននោះទេ ឱ្យមកឈ្លោះជាមួយប្រជាពលរដ្ឋដដែល ពលរដ្ឋអាស្រ័យក្នុងភូមិក្នុងហ្នឹងទាំងអស់»។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍ថា អភិបាលខេត្តគួរតែផ្ដល់ដីដែលកងទាហានបានឈូសឆាយ ជាជាងផ្ដល់ដីដែលមានប្រជាពលរដ្ឋអាស្រ័យផល និងជាប្រភេទដីសឹករេចរឹល។
លោកថា៖ «អ្វីដែលគួរតែធ្វើ គឺអភិបាលខេត្តគួរតែសម្របសម្រួលជាមួយមន្រ្តីជំនាញរបស់ខ្លួនហ្នឹងក្នុងការផ្ទៀងផ្ទាត់ជាមួយកងទាហាន ហើយត្រូវកំណត់ប៉ុនណាអី ដែលបានឈូសឆាយហ្នឹង ប្រគល់ឱ្យសហគមន៍វិញ សហការជាមួយអង្គការសង្គមស៊ីវិលដើម្បីស្ដារព្រៃឡើងវិញ ជារឿងល្អជាង»។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។
ក្រោយទទួលបានដីសម្បទានសង្គមកិច្ចនេះ ក្រុមទាហានបានដាក់គ្រឿងចក្រឈូសឆាយ និងប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃឈើនៅតំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរ តវ៉ាប្រឆាំង ដោយពួកគេអះអាងថា ព្រៃឈើតំបន់នោះជាព្រៃសហគមន៍ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ដែលពួកគេបានការពារជាង២០ឆ្នាំមកហើយ។
កាលពីថ្ងៃទី៣ និងទី៤ ខែកញ្ញា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន១១ស្ថាប័ន បាននាំយកកូនឈើជាង១ ១០០ដើមទៅដាំនៅសហគមន៍ឧត្តមស្រែពស់ និងព្រៃមេត្តាធម្មជាតិ ខណៈអាជ្ញាធរមិនទាន់ដោះស្រាយបញ្ចប់ជម្លោះរវាងដីសហគមន៍ និងក្រុមទាហាន៕