លោក ពូទីន ជួប​ជាមួយ​ប្រមុខ​របប​យោធា​មីយ៉ាន់ម៉ា​ដោយ​សាទរ​ទំនាក់​ទំនង​ជា​វិជ្ជមាន

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាប់ដៃជាមួយនាយករដ្ឋមន្រ្តីមីយ៉ាន់ម៉ា លោក Min Aung Hlaing ក្នុងអំឡុងពេលកិច្ចប្រជុំនៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាឆ្នាំ២០២២ (EEF) នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។ (REUTERS)

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន (Vladimir Putin) បានសាទរចំពោះទំនាក់ទំនងជាវិជ្ជមានជាមួយប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០២២​នេះ ខណៈលោក​បាន​ជួបជា​មួយ​ប្រមុខ​យោធា​របស់​ប្រទេស​នេះ គឺ​លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅទីក្រុងវ្លាឌីវូស្តុក (Vladivostok) ភាគខាងកើតរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA

លោក ពូទីន បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំនៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ាថា៖ «មីយ៉ាន់ម៉ា គឺជាដៃគូដ៏យូរអង្វែង និង​គួរឱ្យទុកចិត្តរបស់យើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ […] ទំនាក់ទំន​ងរបស់​យើង​កំពុង​មានភាព​វិជ្ជ​មាន»។

ដំណើរ​ទស្សនកិច្ច​របស់​លោក មីន អ៊ុងឡាំង (Min Aung Hlaing) ធ្វើឡើង​ ខណៈ​រដ្ឋាភិ​បាល​ប្រទេស​ទាំង​២ប្រឈមមុខនឹងភាពឯកោខាងការទូត ក្នុងនោះ​ ទីក្រុងម៉ូស្គូប្រឈមនឹងភាពឯកា ដោយសារតែប្រើប្រាស់កម្លាំងយោធា​ឈ្លានពាន​ទៅលើ​ប្រទេស​អ៊ុយក្រែន​ កាល​ពីខែកុម្ភៈ ហើយទីក្រុងណៃ​ពិដោ (Naypyidaw) ប្រឈមនឹងភាពឯកោ ដោយសាររដ្ឋប្រហារយោធា​កាលពីឆ្នាំមុន។

ខណៈទំនាក់ទំនងរវាងទីក្រុងម៉ូស្គូជាមួយប្រទេស​លោកខាងលិច បានរង្គោះរង្គើដោយសារការ​ប្រើកម្លាំង​យោធារបស់ខ្លួនទៅឈ្លានពាន​ប្រទេស​​អ៊ុយក្រែន ហើយ​វិមានក្រឹមឡាំងកំពុងតម្រង់ឆ្ពោះ​ទៅ​មជ្ឈិម​បូព៌ា អាស៊ី និងអាហ្វ្រិក។

លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានប្រាប់លោក ពូទីន ថា៖ «ខ្ញុំមានមោទកភាពចំពោះអ្នក ពីព្រោះនៅពេលដែលអ្នកឡើងកាន់អំណាច រុស្សីបានឈរលំដាប់ថ្នាក់លេខ១លើពិភពលោក»។

លោកបន្តថា៖ «អ្នកមិនគ្រាន់តែជាមេដឹកនាំរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែជាមេដឹកនាំពិភពលោក ដោយសារតែអ្នកគ្រប់គ្រងនិងរៀបចំស្ថិរភាពនៅជុំវិញពិភពលោកទាំងមូល»។

របបយោធាមីយ៉ាន់ម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំង២ បានពិភាក្សា [ប្រកប​ដោយ​មិត្តភាព និងបើកចំហ] អំពីកិច្ចសហប្រតិបត្តិការ និង «ផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនង និងស្ថានភាពអន្តរជាតិ»។

ចាប់តាំងពីធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាលពីខែកុម្ភៈ ឆ្នាំមុន មីយ៉ាន់ម៉ាបានប្រឈមមុខនឹងការដាក់ទណ្ឌកម្មរបស់ប្រទេស​​លោកខាងលិច។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ ហើយសេដ្ឋកិច្ចរបស់ខ្លួនត្រូវបានរាំងស្ទះចាប់​តាំ​ង​ពីមាន​រដ្ឋប្រហារយោធា។

រុស្ស៊ី និងចិន ដែលជាសម្ពន្ធមិត្តរបស់ខ្លួនត្រូវបានចោទប្រកាន់ថាបានផ្តល់អាវុធដល់របបយោធាមីយ៉ាន់ម៉ា ដើម្បីវាយប្រហារជនស៊ីវិល។

យោង​តាម​អ្នក​ឃ្លាំ​មើល​ក្នុង​តំបន់​ បាន​ឱ្យ​ដឹង​ថា មនុស្ស​ប្រមាណ២ ២០០នាក់​ត្រូវ​បាន​សម្លាប់​​ក្នុង​​ការ​​បង្ក្រាប។

ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងណៃពិដោ (Naypyidaw) នៅដើមខែសីហា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់របបយោធាមីយ៉ាន់ម៉ា ក្នុងការរក្សាស្ថិរភាពក្នុងប្រទេស និងរៀបចំការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។

ទោះយ៉ាងណា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អែនតូនី ប្លីងខិន (Antony J. Blinken) បានប្រាប់ឱ្យសហគមន៍អន្តរជាតិបដិសេធចំពោះ «ការបោះឆ្នោតក្លែងក្លាយ» របស់របបយោធាមីយ៉ាន់ម៉ា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ