ក្រុមយុវជន​គ្រោង​ជួបជុំ​នៅ​មុខ​ក្រសួងមហាផ្ទៃ ទាមទារ​ឱ្យ​បញ្ឈប់​ផ្ដល់​បណ្ណស្នាក់នៅ​និង​ការ​បង្កើត​អាគារ​សិក្សា​ភាសា​វៀតណាម

ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្រុមយុវជនផ្ដល់បទសម្ភាសអំឡុងពេលយកញត្តិដាក់ទៅការិយាល័យឧត្តមស្នងការនៃអង្គការសហ​ប្រជាជាតិប្រចាំនៅកម្ពុជា ដើម្បីស្នើសុំឱ្យមន្ត្រីសិទ្ធិមនុស្សជួយតាមដាន និងឃ្លាំមើលការជួបជុំរបស់ក្រុមយុវជន​ នៅមុខក្រសួងមហាផ្ទៃ នៅដើមសប្តាហ៍ក្រោយ។ (ហេង វិចិត្រ)

ក្រុមយុវជនប្រមាណ១០០នាក់ គ្រោងជួបជុំគ្នានៅមុខក្រសួងមហាផ្ទៃ នៅដើមសប្ដាហ៍ក្រោយ ដើម្បីទាមទារឱ្យ​ក្រសួង​បញ្ឈប់ការ​ផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ការផ្តល់សិទ្ធិពេញលេញដល់ជនបរទេស​​ក្នុ​ង​កា​​រ​ប្រកប​​អាជីវកម្មនៅកម្ពុជា និងទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា លុបចោល​​​ការ​​បង្កើត​អាគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ។

យុវជនមកពីខេត្តសៀមរាប លោក ថេល ធីលែន បានលើកឡើង​ថា ពួកគាត់បានយកញត្តិដាក់​នៅរដ្ឋ​បាលរាជធានី​ភ្នំពេញ និង​​អង្គការសង្គមស៊ីវិលជាតិ និងអង្គការសហប្រជាជាតិ​ នៅរសៀលថ្ងៃទី៦ ខែកញ្ញា។

លោកបន្តថា ក្រុមយុវជនដាក់ញត្តិទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជូនដំណឹង និង​សុំការអនុញ្ញាត​​ឱ្យពួកគាត់ចំនួន១០០នាក់ប្រមូលផ្ដុំគ្នាធ្វើកូដកម្ម ឬបាតុកម្មដោយអហិង្សានៅមុខក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីទាមទារក្រសួងបញ្ឈប់ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ ការផ្តល់សិទ្ធិពេញលេញដល់ជនបរទេស ជាពិសេសជន​ជាតិ​វៀត​ណាម​ ក្នុងការប្រកបអាជីវកម្មនៅកម្ពុជា និងទាមទារឱ្យក្រសួងអប់រំ យុវជន និងកីឡា លុបចោល​​​ការ​​បង្កើត​អាគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ដោយពួកគេ​លើក​ហេតុផលថា កុំ​ឱ្យប៉ះពាល់​ដល់​ឧត្ដម​ប្រយោជន៍ក​ម្ពុជា។

លោកបន្តថា ចំណែកញត្តិពីរផ្សេងទៀតដាក់ទៅអង្គការការពារ​សិទ្ធិមនុស្សលីកាដូ និងការិយាល័យឧត្តមស្នងការនៃអង្គការសហ​ប្រជាជាតិប្រចាំនៅកម្ពុជា ដើម្បីស្នើសុំឱ្យមន្ត្រីសិទ្ធិមនុស្សជួយតាមដាន និងឃ្លាំមើលការជួបជុំរបស់ក្រុមយុវជន​ នៅមុខក្រសួងមហាផ្ទៃ នៅដើមសប្តាហ៍ក្រោយនោះផងដែរ​។

លោក ថេល ធីលែន ឱ្យដឹងទៀតថា មន្ត្រីនៅរដ្ឋបាលរាជធានីភ្នំពេញ បានទទួលយកលិខិតស្នើសុំធ្វើកូដកម្មរបស់​ពួកគាត់រួចហើយ ដោយមន្ត្រីនោះអះអាងថានឹងយក​ដាក់ជូន​ថ្នាក់ដឹកនាំពិនិត្យនិង​សម្រេ​ច​នៅពេលក្រោយ ខណៈមន្ត្រីសង្គមស៊ីវិលអះអាងថានឹងតាមឃ្លាំមើលការជួបជុំនោះ។

យ៉ាងណា លោកថា បើសាលារាជធានីភ្នំពេញមិន​អនុញ្ញាត​ឱ្យ​ពួកគាត់ជួបជុំគ្នាធ្វើកូដកម្មក៏ដោយ​​ ក៏​ពួក​គាត់នៅ​តែ​បន្ត​ធ្វើ​ដោយ​មិន​បារម្ភពីសុវត្ថិភាពនោះទេ ពីព្រោះដើម្បីការពារឧត្តមប្រយោជន៍ជាតិ សម្រាប់​កូន​ចៅជំនាន់​ក្រោយ​ទៀត។

លោកមានប្រសាសន៍​ថា៖ «គេឆ្លើយតបឬមិនឆ្លើយតបជារឿងរបស់គេ តែគេឆ្លើយតបវិជ្ជមានឬអវិជ្ជមាន យើងនឹង​នៅតែប្រមូលផ្តុំ។ ហើយពាក់ព័ន្ធដែលគេនិយាយថាយើងបំផ្លាញសណ្តាប់​ធ្នាប់​អី ខ្ញុំសុំច្រានចោលបង្ការទុក​ជា​មុន ព្រោះយើងធ្វើតាមផ្លូវច្បាប់ តាមនីតិវិធីហើយ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនានាតាមបណ្ដាញសង្គមផង និងយើងយកញត្តិដាក់ស្នើសុំដោយសន្តិវិធីផង តែបើការបដិសេធឬច្រានចោលនូវសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅក្នុងរបបលទ្ធិប្រជាធិបតេយ្យ និងមិនទទួលយកនូវសិទ្ធិបញ្ចេញមតិរបស់ពួកយើង»។

បើតាម​​លោក ថេល ធីលែន ក្រោយពីគាត់ចេញ​តវ៉ាស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធឱ្យ​លុបចោល​​​​ការ​​បង្កើត​​អាគារ​​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ ស្រាប់​តែអធិការ​ក្រុងសៀម​រាបទៅ​សួរ​រក​សៀវភៅស្នាក់នៅ​និងប្រវត្តិរូបគាត់ថែមទៀត ដែលធ្វើឱ្យគ្រួសារគាត់មានការភ័យខ្លាចពីសុវត្ថិ​ភាពគាត់ជាដើម។

តំណាង​យុវជនម្នាក់ទៀត លោក អន រតនា ដែលអះ​អាង​ថា ធ្វើដំណើរមកពីខេត្តសៀមរាបដែរនោះ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​មាន​​ក្រោយ​ដាក់ញត្តិ​​​ថា បច្ចុប្បន្ននេះ ជនអន្តោប្រវេសន្តវៀតណាមមានច្រើននៅក្នុងទឹកដីកម្ពុជា។ ​ករណីនេះ លោក​​បារម្ភថា នៅថ្ងៃអនាគត បើកម្ពុជានៅតែផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ និងការផ្តល់​សិទ្ធិពេញលេញដល់ជនជាតិវៀតណាមក្នុងការប្រកបអាជីវកម្មនៅកម្ពុជា រួមទាំង​​​បង្កើត​អាគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ នឹងធ្វើឱ្យប៉ះពាល់ដល់ឧត្តមប្រយោជន៍របស់កម្ពុជា ដោយសារ​តាមប្រវត្តិ​​សាស្ត្រ​ វៀតណាមតែងតែមាន​មហិច្ឆតាឈ្លានពានកម្ពុជា។

លោកថា៖ «អ្វីដែលយើងកំពុងតែជួបបញ្ហាប្រឈមច្រើន គឺការជ្រៀតចូលនិគមជនវៀតណាម និងភាសាវៀត​ណាមនេះតែម្តង។ អ៊ីចឹង​ហើយខ្ញុំសូមសំណូមពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវបង្កើតនូវភាពឈឺចាប់ខ្លួន​​ឯង ហើយឱ្យយល់ដឹងខ្លួនឯងជាអ្នកណា ឱ្យដឹងថាខ្លួនឯងទឹកកំពុងដល់ជម្រៅណាហើយ ដែលយើងកំពុងជួបប្រទះរាល់ថ្ងៃនេះ។ បើទោះបីជាបងប្អូនខ្លះមិនទាន់ជួបប្រទះ ប៉ុន្តែខ្ញុំដើររាល់ថ្ងៃ ខ្ញុំដឹងថាមានការប៉ះទង្គិចច្រើនដល់ប្រជាពលរដ្ឋ អ៊ីចឹងហើយសូមឱ្យបងប្អូនយើងជាខ្មែរទាំងអស់គ្នា ជួយងើបឈរ ជួយចូលរួមនូវបាតុកម្មអហិង្សា​​នេះ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២»។

អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ មានប្រសាសន៍ថា ក្រុមការងារបស់លោកបានទទួលញត្តិរបស់ក្រុមយុវជនទាំងអស់នោះហើយ ប៉ុន្តែលោកថានឹងកោះហៅក្រុមយុវជនទាំងនោះមកជជែកគ្នាបន្ថែម ជុំវិញសំណើសុំធ្វើការ​ជួបជុំគ្នានោះ។

លោកមានប្រសាសន៍ថា៖ «សំណើរបស់គាត់មិនច្បាស់លាស់ ដោយសារគាត់អត់ទាន់មានគ្នាផង អ៊ីចឹងយើងនឹង​អញ្ជើញគាត់មក[ពិភាក្សា]អំពីបែបបទ និងនីតិវិធី។ អ៊ីចឹងយើងមើលទៅថ្ងៃនេះ ទើបតែថ្ងៃទី៦ទេ យើងនឹងអញ្ជើញគាត់មកពិភាក្សាអំពីនីតិវិធីនៃការធ្វើ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ក្រុមយុវជនដែលដាក់ញត្តិទៅសាលារាជធានីភ្នំពេញ ស្នើសុំជួបជុំដោយសន្តិវិធី គឺពួកគេធ្វើឡើងស្របតាមច្បាប់ដែលបានចែង។ ករណីនេះ លោកថា សាលារាជធានីភ្នំពេញគួរតែយកសំណើរបស់ក្រុមយុវជនទាំងនោះទៅពិនិត្យ និងសម្រេចអនុញ្ញាត​ឱ្យពួកគាត់បានជួបជុំដោយសន្តិវិធី ដើម្បីបញ្ចៀសការប៉ះទង្គិចណាមួយជាយថា​ហេតុ។

លោកមានប្រសាសន៍ថា៖ «ស្ថាប័នពាក់ព័ន្ធគួរតែមានការអនុញ្ញាត ហើយ​ការសម្របសម្រួលណាមួយ ដើម្បីបញ្ចៀសនូវបាតុភាពប៉ះទង្គិច ឬមួយអំពើហិង្សា។ ទី២ កុំឱ្យមានការរិះគន់ថាមានការរឹតត្បិតសេរីភាព និងការជួបជុំ ការប្រមូលផ្តុំដោយសន្តិវិធី។ វាត្រូវតែមានដំណោះស្រាយ និងការចរចា​មួយដែលអាចប្រព្រឹត្តទៅដោយសន្តិវិធី»។

កាល​ពីចុង​ខែសីហា ឆ្នាំ២០២២នេះ ក្រុមយុវជនទាំងនេះក៏ធ្លាប់បានដាក់ញត្តិ​​ទៅ​ក្រសួងអប់រំ និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែរ ដែល​ក្នុង​ញត្តិ​នោះមា​ន​ខ្លឹមសារថា វៀតណាមជាប្រជាជាតិមួយដែលកម្ពុជាគួរតែមានការប្រុងប្រយ័ត្ន ចំពោះចំណងមិត្តភាព និងទំនាក់ទំនងផ្សេងៗ ដោយសារ​តាមប្រវត្តិសាស្ត្រ​តាំងពីបុរាណកាល​មក​ដល់​បច្ចុប្បន្ន​នេះ វៀត​ណាម​មិន​ដែល​បោះបង់មហិច្ឆតាឈ្លានពានកម្ពុជានោះឡើយ ជាក់ស្តែង​ការបាត់បង់ធនធាន និងទឹកដីទ្រព្យសម្បតិ្តជាតិជាច្រើន ដូច​ជា ទឹក​ដី​កម្ពុជា​ក្រោម និងកោះត្រល់ ជាដើម។

ខ្លឹមសារក្នុងញត្តិដដែលនោះឱ្យដឹងទៀតថា ភាសា​វៀតណាមមិន​មែនជាតម្រូវការ​ចាំបាច់​ និងផ្ដល់អត្ថប្រយោជន៍ខ្លាំង​នោះទេ បើធៀបនឹងអាគារសិក្សា​ភាសានានា។ ផ្ទុយទៅវិញ វាអាចផ្តល់​ជា​ហានិភ័យខ្ពស់ចំពោះការជ្រៀត​ចូល​របស់ភាសាវៀតណាម​នៅគ្រឹះស្ថានស្ថាប័ន ហើយការបង្កើតនេះគ្រាន់តែដើម្បីបំពេញតម្រូវការ​​របស់​ភាគីវៀតណាម​ប៉ុណ្ណោះ។ ញត្តិដដែលបន្ថែមថា ការបង្កើតថ្នាក់ភាសាវៀតណាមនៅកម្ពុជានេះក៏គ្មានតុល្យ​ភាពនិងសមរម្យ​ចំពោះកិច្ចការងារ​ការ​ទូត​ ព្រោះភាគីវៀតណាមមិនបានផ្តល់សិទ្ធិពេញលេញដល់​ការសិក្សា​ភាសា​ខ្មែរ​នៅប្រទេស​វៀតណាម​ឡើយ ជាពិសេស​ប្រជាពលរដ្ឋខ្មែរដែលរស់នៅលើទឹកដីកម្ពុជាក្រោម​ គ្មានសិទ្ធិ​ទទួលបានការសិក្សាអក្សរ​និងភាសាខ្មែរស្របច្បាប់។

ញត្តិនោះ​បន្តទៀត​​ថា ការបង្កើតអាគារ​សិក្សា​ភាសាវៀតណាម​នេះអាច​ជា​ហានិភ័យ​​នៃការឈានទៅរកការគ្រប់​​គ្រងដោយ​មនោគម​វិជ្ជា និង​ចិត្តសាស្ត្រដោយប្រយោលមកលើកម្ពុជា បន្ទាប់ពីក្រុមយុវជនទាំងនោះ​សង្កេត​​ឃើញ​​ទំនាក់​ទំនង​មិន​ប្រក្រតី​មួយ​​​ចំនួន ដូច​ជា ការផ្តល់ដី៤០ហិកតាដល់ជនជាតិវៀតណាមសង់លំនៅឋាន ស្របពេលដែលពលរដ្ឋកម្ពុជាជា​ម្ចាស់ស្រុកកំពុង​រង​វិបត្តិ​ជម្លោះ​ដីធ្លីច្រើនជាង៤០ ០០០ករណី  និង​​ការ​ផ្តល់​ដីតាម​បណ្តោយ​ព្រំដែនកម្ពុជា-វៀតណាម ក្រោមរូបភាពសម្បទាន និងបង្កើតជាតំបន់ត្រីកោណ​​អភិវឌ្ឍន៍ (ឡាវ-កម្ពុជា-វៀតណាម) ដោយភាគីវៀតណាមជាអ្នកគ្រប់គ្រង និងទទួលបានផលប្រយោជន៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ