មន្រ្តី​បក្សភ្លើងទៀន​ដែល​រង​អំពើ​ហិង្សា​នៅ​មិន​ទទួល​បាន​យុត្តិធម៌​ទោះ​បែកក្បាល​ដេរ​១២ថ្នេរ

អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ខណ្ឌពោធិ៍សែនជ័យ លោក នល់ ពង្សធិរិទ្ធ នៅមុខច្រកចូលទៅស្នាក់ការគណបក្សភ្លើងទៀន អំឡុងពេលគណបក្សនេះធ្វើសមាជកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក នល់ ពង្សធារិទ្ធ – កំហែង ជ័យ)

មន្រ្តី​​បក្ស​ភ្លើង​ទៀនប្រចាំនៅរាជធានីភ្នំពេញមួយរូប ​ដែលត្រូវក្រុម​ជនមិនស្គាល់មុខបិទ​ផ្លូវ​​ដេញតាមវាយក្បាលយ៉ាងដំណំកាលពីជិត២ខែមុន ទាមទារជាថ្មីឱ្យរដ្ឋាភិបាលបំពេញតួនាទីរបស់ខ្លួន ដោយវែកមុខជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ខណៈតម្រុយយុត្តិធម៌សម្រាប់មន្ត្រីបក្សប្រឆាំងរូបនេះនៅមិនទាន់លាតត្រដាងនៅឡើយ។

ការទាមទារនេះធ្វើឡើងស្របពេលមន្ត្រីបក្សប្រឆាំងរូបនេះ អះអាងថា សំណុំរឿងហិង្សារបស់លោកនៅតែគ្មានការវិវត្តជាវិជ្ជមាន បើទោះអាជ្ញាធរអះអាងពីការស៊ើបអង្កេត បន្ទាប់ពីក្រុម​ជនដៃដល់​​ចំនួន​​៦នាក់និង​គូកន​ចាំបិទ​ផ្លូវជាច្រើន​​នាក់​ទៀត បាន​នាំគ្នា​ជិះម៉ូតូ​តាម​​វាយ​លោកបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរផ្នែកក្បាល កញ្ចឹងក និងខ្លួន ​ស្ថិតនៅ​ភូមិព្រៃជីសាក់ សង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី​១៧ ខែ​ក​ក្កដា ​ឆ្នាំ២០២២។

អនុ​ប្រធាន​​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក លន់ ពង្សធិរិទ្ធ ថ្លែងថា តាំងពីរងអំពើហិង្សាយ៉ាងដំណំមក លោកមិនដែលហ៊ានចេញទៅខាងក្រៅផ្ទះទេ ដោយមានក្ដីបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ខណៈសមត្ថកិច្ច​នៅមិនទាន់ចាប់បានជនដៃដល់យកមកផ្តន្ទាទោសនៅឡើយ។

លោកថា ៥១ថ្ងៃហើយដែលលោកត្រូវបានគេប្រើហិង្សា ខណៈអាជ្ញាធរមិនដែលបានជូនដំណឹងពីការវិវត្តសំណុំរឿងនេះដល់លោកជាជនរងគ្រោះទាល់តែសោះ។

លោក លន់ ពង្សធិរិទ្ធ ថា៖ «សម្រាប់ខ្ញុំដែលជាជនរងគ្រោះផ្នែកនយោបាយ ជាមនុស្សរបស់គណបក្សភ្លើងទៀន ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដែលអាជ្ញាធរ មកដល់ថ្ងៃនេះ ដល់ទៅ៥០ថ្ងៃទៅហើយ មិនទាន់វែកមុខជនដៃដល់មកឱ្យខ្ញុំដឹងថាជនដៃដល់នោះនៅទីណា ហើយគាត់ជាស្អីៗយ៉ាងណានោះ! ខ្ញុំមានការខកចិត្តជាខ្លាំង»។

លោកបន្ថែមថា រយៈកាលថ្មីៗនេះ លោកមានអាការឈឺក្បាលចម្លែកជាញឹកញាប់ ដែលលោកជឿថា នេះបណ្តាលមកពីរងការវាយក្បាលកាលពីជិត២ខែកន្លងទៅ ខណៈមិនមានថវិកាគ្រប់គ្រាន់ទៅរកពេទ្យ។ លោកថា លោកអាចប្រេះលលាដ៍ក្បាល និងដាច់សរសៃឈាមច្រើនដែលមិនអាចបញ្ជូនឈាមទៅចិញ្ចឹមខួរក្បាលគ្រប់គ្រាន់។

លោក លន់ ពង្សធិរិទ្ធ បន្តថា៖ «ខ្ញុំចង់ឱ្យលោកសមត្ថកិច្ចវែកមុខជនដៃដល់ដែលប្រព្រឹត្តល្មើសមកលើរូបខ្ញុំបាទហ្នឹង ឱ្យឃើញឆាប់ជាទីបំផុត។ ទីមួយ គឺខ្ញុំបានអស់ចិត្ត ខ្ញុំបានបំពេញការងារនយោបាយរបស់ខ្ញុំសម្រាប់គណបក្សភ្លើងទៀនឱ្យពេញដៃពេញជើង។ ហើយទីពីរ គឺជាទំនុកចិត្តរបស់ក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសភរិយា និងកូនរបស់ខ្ញុំ មានការកក់ក្តៅនៅពេលដែលខ្ញុំទៅបំពេញបេសកកម្ម ឬក៏ធ្វើកិច្ចការនយោបាយនៅខាងក្រៅផ្ទះ ហើយខ្ញុំមានសុវត្ថិភាព»។

អនុ​ប្រធាន​​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខណ្ឌពោធិ៍សែនជ័យរូបនេះថា លោកមិនបានចេញប្រកបរបរអ្វីឡើយតាំងពីរងហិង្សាមក ខណៈភរិយាលោកជាអ្នកទទួលបន្ទុកគ្រួសារស្ទើរទាំងស្រុង ដែលនេះធ្វើឱ្យជីវភាពកាន់តែលំបាក ស្របពេលទន្ទឹងរង់ចាំយុត្តិធម៌។

ប្រធានគណបក្សភ្លើងទៀនខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក ខឹម ចាន់វណ្ណៈ លើកឡើងថា លោកទទួលព័ត៌មានថា សំណុំរឿងរបស់សហការីលោកត្រូវបានសមត្ថកិច្ចបបញ្ជូនទៅថ្នាក់លើហើយ ប៉ុន្តែដំណោះស្រាយយ៉ាងណានោះនៅតែគ្មានតម្រុយ។

លោកកត់សម្គាល់ឃើញថា រាល់បញ្ហាដែលកើតឡើងលើមន្ត្រីបក្សប្រឆាំង ចំណាត់ការរកដំណោះស្រាយឱ្យបានម៉ឺងម៉ាត់របស់សមត្ថកិច្ច គឺមិនមានទេ ពោលគឺផ្ទុយគ្នាស្រឡះបើធៀបនឹងរឿងរ៉ាវដែលកើតលើមន្ត្រីបក្សប្រជាជន។ លោកថា រឿងនេះធ្វើឱ្យពលរដ្ឋជាជនរងគ្រោះមានការភ័យខ្លាំង បារម្ភពីសុវត្ថិភាពរបស់ខ្លួននៅក្នុងសង្គមនេះ។

លោក ខឹម ចាន់វណ្ណៈ ថា៖ «ខ្ញុំចង់ឃើញថា អាជ្ញាធររបស់រដ្ឋាភិបាលហ្នឹងមានចំណាត់ការទៅលើជនល្មើស ឬក៏ជនដៃដល់ដែលបានប្រព្រឹត្តនិងប្រើអំពើហិង្សាមកលើសកម្មជន ក៏ដូចជាសមាជិករបស់គណបក្សប្រឆាំងហ្នឹង។ សូមឱ្យមានការចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ បើពុំនោះទេ វាមានការចោទប្រកាន់ទៅថ្នាក់ដឹកនាំរដ្ឋាភិបាល។ សំណូមពរឱ្យមានជាដំណោះស្រាយ កុំពេលមានរឿង ស្ងាត់ៗអ៊ីចឹងនោះ»។

មេប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ លោក ថេង កុសល អះអាងថាបានបញ្ជូនសំណុំរឿងនេះទៅដល់ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ជិតមួយខែមកហើយ ពោលគឺតាំងពីខែសីហា។

លោកថា៖ «យើងកសាងសំណុំរឿងដោយពឹងផ្អែកទៅលើកាមេរ៉ា អ៊ីចឹងថ្នាក់លើក៏គេមើលវាយតម្លៃទៅតាមហ្នឹង ហើយឥលូវគេកំពុងស្រាវជ្រាវហើយប្អូន! ប្រធានផ្នែកព្រហ្មទណ្ឌ [ខណ្ឌពោធិ៍សែនជ័យ] ជាអ្នកទទួល [សំណុំរឿងនេះបន្ត]»។

អធិការខណ្ឌពោធិ៍សែនជ័យ លោក ម៉ន វុធី បញ្ជាក់ថា អាជ្ញាធរខណ្ឌបានបញ្ជូនសំណុំរឿងមន្ត្រីបក្សប្រឆាំងនេះទៅស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញហើយ។

លោកថា៖ «ខ្ញុំបានបញ្ជូនទៅអស់ហើយ អ៊ីចឹងការងារហ្នឹងមានអីចង់សួរព័ត៌មាន មានអ្នកនាំពាក្យនៅខាងស្នងការ សួរគាត់ទៅ ព័ត៌មានច្បាស់»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញសំណុំរឿងនេះពី​អ្នក​នាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក ​សាន សុខសីហា បានទេ នៅថ្ងៃទី៨ ខែកញ្ញានេះ។

នាយកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការដោះស្រាយករណីនេះកើតឡើងទៅបានដោយតម្លាភាព វាទាល់តែអាជ្ញាធរមានឆន្ទៈ និងការតាំងចិត្ត ដើម្បីស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ ដើម្បីធានាសុខសុវត្ថិភាពដល់ជនរងគ្រោះ។ បើមិនដូច្នេះទេ ជនរងហិង្សានឹងនៅតែមានក្តីបារម្ភថាអាចនឹងត្រូវរងការវាយជាថ្មីទៀត។

លោកថា នៅមានមន្ត្រីបក្សប្រឆាំងជាច្រើនទៀតដែលត្រូវគេវាយក្រោមរូបភាពផ្សេងៗ ហើយរកជនប្រព្រឹត្តមិនឃើញ។

លោកថា រឿងនេះបានបង្កអសន្តិសុខនិងអសុវត្ថិភាពដល់ពលរដ្ឋ ប៉ះពាល់ដល់អាយុជីវិត និងសេដ្ឋកិច្ចគ្រួសារផងដែរ។

លោកថា៖ «ត្រូវតែធានាថា ការស៊ើបអង្កេតនិងការស្រាវជ្រាវហ្នឹង គឺដោយតម្លាភាព ដោយមិនមានការរើសអើងនិន្នាការគណបក្សនយោបាយ។ ហើយបើសិនជាករណីហ្នឹងមិនអាចរកឃើញជនដៃដល់ទេ នឹងត្រូវរងការរិះគន់ច្រើនទាក់ទងនឹងបញ្ហា គេអាចនឹងចោទប្រកាន់ថាជាការរើសអើងនិន្នាការនយោបាយអីជាដើម ហើយវាបង្កឱ្យមាននិទណ្ឌភាពជាដើមនោះ»។

អនុ​ប្រធាន​​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក លន់ ពង្សធិរិទ្ធ កាលពីព្រឹកថ្ងៃទី​១៧ ខែ​ក​ក្កដា ​ឆ្នាំ២០២២ ត្រូវបាន​ក្រុម​ជនដៃដល់​​ចំនួន​​៦នាក់ និង​គូកន ​បិទ​ផ្លូវ​ ជិះម៉ូតូ​តាម​​វាយ​ បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរផ្នែកក្បាលដេរអស់​១២ថ្នេរ ត្រូវកញ្ចឹងក និងខ្លួន ​នៅ​ភូមិព្រៃជីសាក់ សង្កាត់​ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយ​​រ​ងអំពើហិង្សា​នៅថ្ងៃដដែល​នោះ គាត់​បានដាក់​ពាក្យប្ដឹង​ទៅ​ប៉ុស្តិ៍រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី៣ ដោយ​ភ្ជាប់​ជាមួយ​ភស្តុតាង​ជា​វីដេអូជន​​ល្មើស​​ប្រើហិង្សានិង​ស្លាកលេខម៉ូតូ ​ដើម្បី​ជំរុញទៅ​សមត្ថកិច្ចជួយស្វែងរក​ចាប់ក្រុមជនដៃដល់​​មក​ផ្តន្ទាទោស​តាមច្បាប់ ខណៈរឿងនេះ ​លោក​ថាកើត​ចេញ​ពីរឿង​នយោ​បាយ មិន​មែ​​នជា​​រឿង​ឯកជន​នោះទេ​។

កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ លោក លន់ ពង្សធិរិទ្ធ ក៏​ធ្លាប់ត្រូវ​បាន​ក្រុម​ជនមិនស្គាល់​មុខ​វាយ​ឱ្យរង្គើធ្មេញមុខ​ស្ទើរតែបាក់ចំនួន​៥ និង​ត្រូវ​ចំក្បាលម្តង​មកហើយ ស្ថិតនៅ​ម្តុំខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែ​អំពើហិង្សាកាល​ណោះ លោក​មិនបាន​ដាក់ពាក្យប្តឹង​ទៅសមត្ថកិច្ច​នោះឡើយដោយ​ត្រូវ​ភៀស​ខ្លួន​ទៅ​ប្រទេសថៃ​មួយរយៈ​សិន​។

គេសង្កេតឃើញថា រូបភាពហិង្សាខាងនយោបាយនេះបានកើតឡើងក្រោយពីគណ​​បក្សសង្រ្គោះ​​ជា​​តិត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ