គណបក្ស​ខ្មែរស្រឡាញ់ជាតិ​ប្រឈម​នឹង​ការ​បាត់​ឈ្មោះ​ពី​ការ​បោះឆ្នោត ខណៈ​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​មិន​គ្រប់​កូរ៉ុម

ទិដ្ឋភាពនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ នៅស្រុកបាធាយ ខេត្តកំពង់ចាម ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ គណបក្សខ្មែរស្រឡាញ់ជាតិ)

មន្ត្រីជាន់ខ្ពស់គណបក្សខ្មែរស្រឡាញ់ជាតិ​ បានឱ្យដឹងថា គណបក្សនេះកំពុងប្រឈមនឹងការបាត់ឈ្មោះពីការ​បោះ​ឆ្នោត​ជាតិ នាពេលខាងមុខ​ ដោយ​​​​សារ​​​ខ្វះ​ធន​ធាន ​និង​រចនា​សម្ពន្ធ​មិន​ស្រប​តាម​លក្ខ​ខណ្ឌ​ច្បាប់​ដែល​តម្កល់​​នៅ​ក្រសួង​មហា​ផ្ទៃ ខណៈ​ថ្នាក់​ដឹក​នាំចំនួន​​៧នាក់បានប្រកាសលាលែងពីបក្ស ទៅចុះចូលជាមួយគណបក្សកាន់អំណាច។

លោក សៀវ វិសុទ្ធ ហៅកាត់ថា សៀវ សុត សមាជិកគណៈអចិន្ត្រៃយ៍ និងជាអគ្គហេរញ្ញិក ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍​នេះ​ថា កន្លងមក លោក​បាន​តស៊ូមតិ​​ទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស្នើសុំធ្វើជាប្រធានស្ដីទី​ ដឹកនាំសមាជគណបក្សដែរ ប៉ុន្តែត្រូវបានក្រសួងបដិសេធ ដោយថា លោកមិនមានកូរ៉ុមគ្រប់គ្រាន់ស្របតាមលក្ខន្តិកៈ​ដែលតម្កល់នៅក្រសួងមហាផ្ទៃនោះទេ។

ករណីនេះ លោកថា គណបក្សខ្មែរស្រឡាញ់​ជាតិ នឹង​ត្រូវលុបឈ្មោះ​​ឬ​យ៉ាង​ណានោះ​ ​អាស្រ័យ​លើ​ក្រសួង​មហា​ផ្ទៃជា​អ្នក​សម្រេច ហើយ​​លោកមិនជំទាស់នោះទេ។

លោកមានប្រសាសន៍​ថា៖ «គណបក្សខ្មែរស្រឡាញ់ជាតិ ​សិទ្ធិអំណាចមកនៅត្រឹមគណៈកម្មាធិការអចិន្ត្រៃយ៍ ហើយ​​ពួកគាត់បានលាឈប់ចំនួនដែលមិនអាចគ្រប់​កូរ៉ុម ដើម្បី​​ដឹក​​នាំឬជ្រើសរើស​បំពេញ​បន្ថែម​បាន នេះ​ជា​បញ្ហា។ យើង​បាន​ធ្វើកិច្ចការងារនេះ​រហូត​ដល់​ថ្នាក់​ដឹក​នាំ​កំពូល យើងឃើញថាមិនអាចទៅរួច»។

លោកបន្ថែមថា៖ «ក្រសួងមហាផ្ទៃជាអាណាព្យាបាល ជាម៉ែជាឪ ការដែល​យើង​បាន​សិទ្ធិ​ធ្វើ​នយោបាយ​ ក៏សុំពីក្រសួងទៅ! ការមិនអនុញ្ញាត​ មិន​ឱ្យធ្វើសកម្មភាពបន្ត ក៏ចេញពីក្រសួងទៅអ៊ីចឹងដែរ»។

លោក វិសុទ្ធ បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គណបក្សខ្មែរស្រឡាញ់ជាតិ ទទួលបាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ៣៣ ២៥៩សំឡេង។ បើគិត​ជា​អាសនៈ គណបក្សនេះទទួលបានចំនួន៥អាសនៈ​នៅទូទាំងប្រទេស​។

លោក ពៅ ច័ន្ទវាសនា ជំទប់ទី២ ឃុំតាំងក្រាំង ខេត្តកំពង់ចាម មកពីគណបក្សខ្មែរ​ស្រឡាញ់ជាតិ មានប្រសាសន៍​ថា ក្រោយ​ពី​ទទួលបានព័ត៌មាន​នេះ ធ្វើឱ្យគាត់មានអារម្មណ៍សោកស្ដាយ ប៉ុន្តែលោកនឹងបន្តដំណើរទៅមុខជាមួយសមាជិកដែលនៅសល់។

លោក​​​​និយាយ​ថា៖ «ខ្ញុំ​ក៏​មាន​អារម្មណ៍​ខក​ចិត្ត​ដែរ ព្រោះ​គាត់​ក្នុង​នាម​គាត់​ជា​អ្នក​តំណាង​បាន​​ដុត​​ផ្ទះ​​គាត់​​ផ្ទាល់ ខ្ញុំមាន​អារម្មណ៍​សោក​ស្តាយ។ យើង​​បាន​សង់​ផ្ទះ​ផ្ទាល់​ខ្លួន ប៉ុន្តែ​បន្ទាប់​មក​បាន​ឆេះ​ផ្ទះ​របស់​យើង​ផ្ទាល់។ តើ [យើង] នឹងទៅរស់នៅឯណា?»

ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា បើសិនជា​​គណបក្សខ្មែរស្រឡាញ់​ជាតិ​នឹង​​ត្រូវ​លុបចេញពីបញ្ជី ឬមានការ​​រំលាយ​ណាមួយ​​​នាពេលខាងមុខ ​ហើយ​​​ក្រសួង​​មហា​​ផ្ទៃស​ម្រេច​ដក​លោក​ចេញ​ពី​តួនាទី​ជំទប់​ទី​២នោះ​ ក៏​​លោក​​​មិន​​ជំទាស់​​នោះដែរ។

ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានជម្រាប​ជូន​លោក សៀវ សុត ថាក្រសួង​​​មិន​​ទទួល​​ស្គាល់​ការ​ជ្រើសតាំងលោក​ធ្វើ​ជា​ប្រធាន​ស្តី​ទី​គណបក្ស និង​មិន​អនុញ្ញាត​ឱ្យគណបក្ស​ខ្មែរស្រឡាញ់​ជាតិ រៀបចំ​សមាជវិសាមញ្ញ​ នៅថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ២០២២​នោះ​ទេ ដោយ​សារ​បំពាន​នឹង​លក្ខ​ខណ្ឌកំណត់​ក្នុង​ប្រការ​២១, ២៥, ២៦, ២៧, ២៨ និង​ប្រការ​៣១ នៃលក្ខន្តិកៈគណបក្សដែល​បាន​តម្កល់​ទុក​នៅក្រសួង​មហាផ្ទៃ ខណៈសមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍​ជាស្ថាប័នប្រតិបត្តិ ចាត់ចែង គ្រប់គ្រង និងអនុវត្តរាល់កិច្ចការរបស់គណបក្សចំនួន៧រូប ក្នុងចំណោម​​សមាសភាព៨រូប បាន​លាឈប់​ពី​គណប​ក្ស​​​ជា​លាយ​លក្ខណ៍អក្សរ​​រួច​​ហើយ។

ប្រធាននាយកដ្ឋានសមាគម និងគណបក្សនយោបាយ នៃក្រសួងមហាផ្ទៃ លោក ឈឹម កាន មាន​ប្រសាសន៍បន្ថែមលើលិខិតនោះ​ថា គណបក្សខ្មែរស្រលាញ់ជាតិ មិន​មាន​សមាជិក​គ្រប់​គ្រាន់​ស្រប​តាម​លក្ខន្តិកៈ​ដែលដាក់​តម្កល់​នៅក្រសួងមហាផ្ទៃនោះទេ ដោយសារសមាជិកមួយចំនួនបានលាឈប់ពីតួនាទី។

ករណី​នេះ លោកថា បើគណបក្សខ្មែរស្រឡាញ់ជា​តិ​ចង់រំលាយ ត្រូវ​បំពេញ​បែប​បទ​តាម​ច្បាប់​បញ្ជូន​មក​ក្រសួងមហា​ផ្ទៃ ដើម្បី​ពិនិត្យ និងសម្រេច។

លោកមានប្រសាសន៍ថា៖ «លក្ខន្តិកៈរបស់គាត់ គាត់រំលាយ គាត់ត្រូវធ្វើអ្វីខ្លះ ហើយច្បាប់ថាម៉េច​! ច្បាប់​តម្រូវឱ្យ​គាត់​ដាក់​លិខិត​ជា​លាយលក្ខណ៍អក្សរជូនមកក្រសួងមហាផ្ទៃ»។

លោក ឈឹម កាន បញ្ជាក់ថា តាមច្បាប់​ បើគណបក្សណាមួយត្រូវបានរំលាយ នោះមន្ត្រីជាប់ឆ្នោតរបស់គណបក្សនោះក៏ត្រូវដកចេញពីតួនាទីដែរ ។

អ្នកវិភាគ​នយោ​បាយ លោក ឯម សុវណ្ណរ៉ា យល់​ឃើញ​ថា បើ​គណបក្ស​នេះ​ត្រូវ​បានលុបឈ្មោះពីបញ្ជី ឬ​មាន​ការ​រំលាយ នោះ​​កៅអី​​ឃុំ​សង្កាត់​​នឹង​​ត្រូវ​បាត់​បង់​ផង​ដែរ។ ករណីនេះ លោកថា មន្ត្រី​គណបក្ស​ខ្មែរស្រឡាញ់​​​ជាតិ​​ដែល​នៅ​សេស​សល់ គួរតែជួបជាមួយអ្នក​​គាំទ្ររបស់ខ្លួន ឬធ្វើប្រជាមតិ ថាតើគួរធ្វើបែបណាបន្តទៀត ដើម្បីកុំឱ្យបាត់ទំនុកចិត្តពីអ្នកគាំទ្រ។​

លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថាគួរតែជជែកជាមួយអ្នកគាំទ្រ ឬសុំធ្វើការជួបប្រជុំ ឬធ្វើប្រជាមតិមួយទៅ ទោះបីជាមិនបានការគាំទ្រ ឬអាសនៈក្រុមប្រឹក្សាឃុំសង្កាត់មកវិញ ក៏ត្រូវឱ្យប្រជាពលរដ្ឋដឹងឮ ដើម្បីកុំឱ្យបាត់​ជំនឿទុ​កចិ​ត្តពីអ្នកគាំទ្ររបស់ពួកគាត់»។

កាលពីថ្ងៃទី២៩ ខែកក្កដា​ ឆ្នាំ២០២២ លោក ជីវ កក្តា ដែល​ជា​ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ​ បានប្រកាស​រំលាយគណបក្សនេះតែម្តង និងបានអំពាវនាវឱ្យ​​សមាជិក​របស់ខ្លួន​គ្រប់ជាន់ថ្នាក់ចូលរួមរស់​ជាមួយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែត្រូវបានលោក សៀវ សុត ជាគណៈកម្មាធិការ​អចិន្ត្រៃយ៍នៃគណបក្សនេះបានប្រកាសបដិសេធ​។

គណបក្សខ្មែរស្រឡាញ់ជាតិ គឺជាគណបក្សនយោបាយ​ដំបូង​គេ​ដែល​​ត្រូវ​​បា​ន​​បង្កើត​​ឡើង ​ដោយ​​មាន​​ក្បាល​ម៉ាស៊ីន​ដឹកនាំមាន​ប្រភព​ចេញ​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ​​ដែល​ត្រូវ​បាន​តុលាការ​រំលាយ ​ដើម្បី​​ចូលរួម​ប្រកួត​ប្រជែង​នយោ​បាយ​ជាមួយ​គណបក្សប្រជាជនកម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ