តុលាការ​ហុងកុង​រកឃើញ​ពិរុទ្ធភាព​លើ​អ្នកបោះពុម្ព​សៀវភៅ​៥នាក់​ពី​បទបំបះបំបោរ

សៀវភៅកុមារត្រូវបានថតក្នុងអំឡុងសន្និសីទសារព័ត៌មាន បន្ទាប់ពីមនុស្សប្រាំនាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថាបានគប់គិតគ្នាក្នុងការបោះពុម្ពផ្សាយ “សម្ភារបំបះបំបោរ” ដោយមានចេតនាញុះញង់ឱ្យមានការស្អប់ខ្ពើមជាសាធារណៈ នៅទីក្រុងហុងកុង ប្រទេសចិន ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។ (REUTERS/Tyrone Siu)

អ្នកបោះពុម្ពសៀវភៅចំនួន៥​នាក់ត្រូវបានតុលាការទីក្រុងហុងកុង​រកឃើញថា មានពិរុទ្ធភាពពីបទ​បំ​បះបំបោរ ​ទាក់ទងនឹងការផលិតសៀវភៅសម្រាប់​កុមារ​ ​ដែល​បង្ហាញរៀបរាប់​អ្នក​គាំទ្រ​​លទ្ធិប្រជាធិបតេយ្យ​​ក្នុង​ទីក្រុង​ថាជា​ចៀម​ការ​ពារ​ភូមិ​របស់​ពួកគេ​ពីហ្វូង​សត្វ​ចចក។

​​សៀវភៅចំនួន៣ក្បាល (The Guardians of Sheep Village, The 12 Heroes of Sheep Village, and The Garbage Collectors of Sheep Village) ដែលផលិតដោយអ្នកបោះពុម្ពទាំង​៥នាក់ត្រូវបានរដ្ឋអាជ្ញា​ធ្វើការ​ចោទប្រកាន់ថាបានព្យាយាមពន្យល់ពីចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងហុងកុងដល់ក្មេងៗ ដែលក្នុងនោះរួមមានទាំងការផ្សព្វផ្សាយញុះញង់ឱ្យមានការ​បំបែក​រដ្ឋ ជំរុញឱ្យមានការស្អប់ខ្ពើម និងការប្រឆាំងរដ្ឋាភិបាលផងដែរ។

ទាក់ទិននឹងករណីនេះ អ្នកផលិតសៀវភៅដែលរួមមាន Lorie Lai, Melody Yeung, Sidney Ng, Samuel Chan និង Marco Fong ធ្លាប់បានអះអាងថាខ្លួនគ្មានកំហុសឡើយ ខណៈពួកគេក៏បានជ្រើសរើស​មិនផ្តល់សក្ខីកម្មក្នុងអំឡុងពេលសវនាការ ឬកោះហៅសាក្សីណាមួយនៅពេលដំណើរការនីតិវិធីបាន​ចាប់ផ្តើមនៅក្នុងខែកក្កដាផងដែរ។

ជាមួយគ្នានេះ មេធាវីរបស់ពួកគេក៏មិនអាចទទួលយកនូវបទចោទដែលទាក់ទង​នឹង​ការបំបះ​បំបោរនេះ​ផង​ដែរ ដោយពួកគេក៏បាន​ព្រមាន​ថា ករណីនេះ​នឹង​ធ្វើឱ្យ​មានការ​រិះគន់​ផ្នែក​នយោបាយ​បន្ថែម​ទៀត និង​មាន​ឥទ្ធិពល​មិនល្អ​ដល់​សង្គម។

នៅក្នុងសេចក្តីសង្ខេបដែលបានចេញផ្សាយនៅថ្ងៃពុធម្សិលមិញនេះ លោកចៅក្រម Kwok Wai Kin បានឱ្យដឹងថា សៀវភៅដែលភ្ជាប់ជាមួយនឹងរូបភាពទាំង៣ក្បាល​នេះ គឺត្រូវបានផលិតឡើងដោយភ្ជាប់ជាមួយនឹងខ្លឹមសារញុះញង់ឱ្យមានការបំបះបំបោរក្នុងចំណោមកុមារ ដែលអាចជះឥទ្ធិពលដល់ចិត្តគំនិត​របស់ពួកគេក្នុងការគិតអវិជ្ជមានចំពោះសង្គមនិងរដ្ឋាភិបាល។

លោកបន្តថា៖ «ពួកគេ [​ក្រុមកុមារដែលអានសៀវភៅទាំងនេះ] នឹង​ត្រូវ​បាន​គេ​រៀបរាប់​ថា​​គឺ​ជា​ចៀម ខណៈ​សត្វ​ចចក​ដែល​កំពុង​ព្យាយាម​ធ្វើ​បាប​ពួកគេ​គឺជា​រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន [PRC] និង​រដ្ឋាភិបាល​ហុងកុង»។

គួរបញ្ជាក់ថា នេះគឺជាលើកទី១ហើយដែលករណីនៃការ​បោះ​ពុម្ពផ្សាយ​សៀវភៅ​ដែលត្រូវបានចាត់ទុកថាមានខ្លឹមសារ​បំបះបំបោរ ត្រូវបានយកមកកាត់ទោស គិតចាប់តាំងពីច្បាប់​សន្តិសុខ​ថ្មី​របស់​ហុងកុងត្រូវបានដាក់ឱ្យអនុវត្ត។

អ្នកទាំង៥នេះនឹងត្រូវកាត់ទោសនៅថ្ងៃសៅរ៍ខាងមុខនេះ ហើយ​យោង​តាមច្បាប់នៃការបំបះបំបោរ ពួកគេអាចប្រឈមនឹងការជាប់​ពន្ធនាគារ​រហូត​ដល់​រយៈពេល២​ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ