ពលរដ្ឋ​ថា​មន្រ្តី​ស្លៀកពាក់​ស៊ីវិល​បាន​មក​ចាប់​អ្នកភូមិ​ស្លូតត្រង់ ដោយចោទ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន

អ្នកលក់ដូងម្នាក់បើករ៉ឺម៉ករបស់គាត់កាត់តាមបន្ទប់ជួលភូមិអណ្តូងទី៤ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ (Danielle Keeton-Olsen)

គិតរហូតមកដល់ខែឧសភា ឆ្នាំនេះ មន្រ្តីស្លៀកពាក់ស៊ីវិលបានចូលមកកាន់ភូមិអណ្ដូង៤ ដើម្បីចាប់ខ្លួនពលរដ្ឋស្លូតត្រង់ ដោយចោទថាពួកគេជាប់ពាក់នឹងករណីគ្រឿងញៀន។ នេះបើតាមការឱ្យដឹងពីពលរដ្ឋអាយុ៤៥ឆ្នាំ លោក សាន វ៉ា ដែលជាកម្មករសំណង់មួយរូបក្នុងតំបន់។

តាមរយៈការអង្កេតដោយពលរដ្ឋខាងលើ ករណីនេះបានកើតឡើងប្រមាណជាប្រាំពីរលើកមកហើយ ដោយលោកថា មន្រ្តីមួយក្រុមតូចគឺតែងតែមកកាន់ទីតាំងទាំងឡាយក្នុងភូមិនៃសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីចាប់យុវជន ហើយនាំខ្លួនពួកគេទៅកាន់ប៉ុស្តិ៍នគរបាល ក្នុងគោលបំណងដើម្បីគាបទារប្រាប់ពីពួកគេ។

លោក​បន្ត​ថា៖ «ពលរដ្ឋតែងតែមានការ​ភ័យ​ខ្លាច រាល់​ពេលដែលពួកគេ​ត្រលប់​មក​ពី​កន្លែង​ធ្វើ​ការ ហើយ​ឃើញ​ប៉ូលិសតាមដងផ្លូវ ដោយពួកគេត្រូវតែបង់ប្រាក់ [បើសិនជាត្រូវបានឃាត់ខ្លួន]»។

ទោះជាយ៉ាងណា កាលពី​ខែ​ឧសភាកន្លងទៅ ពលរដ្ឋក្នុងតំបន់ក៏បាននាំគ្នា​ឃាត់​រថយន្ត​សមត្ថកិច្ចមួយគ្រឿង នៅពេលដែលមានករណី​មន្ត្រី​ស្លៀក​ពាក់ស៊ីវិល​បី​នាក់បាន​ព្យាយាម​ចាប់​ខ្លួន​យុវជន​ម្នាក់​ដែលពលរដ្ឋ​ជឿ​ថា​គ្មាន​កំហុសផងនោះ។

ទាក់ទិននឹងករណីនេះ អ្នកស្រី សៅ ភា អាយុ៣៧ឆ្នាំ​ ដែលត្រូវជាភរិយាលោក សាន វ៉ា បាន​ថ្លែង​ថា​៖ «​ក្រៅពីករណី​ចុង​ក្រោយនេះ ពួកយើង​មិនដែលហ៊ានធ្វើសកម្មភាពនេះ [ឃាត់ឡានសមត្ថកិច្ច] ឡើយកាលពីពេលកន្លងទៅ»។

អ្នកស្រីបន្តថា ចាប់​តាំង​ពី​មានករណីនេះមក ការចុះមក​ចាប់​ខ្លួនពលរដ្ឋ [ដោយអនាធិបតេយ្យ] ដែលធ្វើ​ឡើងដោយមន្រ្តីស្លៀកពាក់ស៊ីវិលក៏​បាន​ស្ងាត់ទៅវិញ។

គួរបញ្ជាក់ថា សកម្មភាពនេះមិនមែនកើតឡើងតែនៅក្នុងសហគមន៍ភូមិអណ្ដូង៤មួយនោះទេក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ខណៈករណីនេះក៏បានជំរុញឱ្យមានការឆ្លើយតបជាផ្លូវការផងដែរ។

កាលពីដើមខែសីហាកន្លងទៅ នគរបាលរាជធានីភ្នំពេញក៏បានប្រកាសបង្កើតក្រុមប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបក្រុមធ្វើសកម្មភាពចាប់ឃាត់ខ្លួនមនុស្សបែបអនាធិបតេយ្យ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយបែងចែកជា៩ក្រុមផងដែរ។ នេះបើយោងតាមសេចក្ដីសម្រេចមួយចុះហត្ថលេខាដោយស្នងការនគរបាលរាជធានីភ្នំពេញ លោក​ ស ថេត កាលពីថ្ងៃទី៥ ខែសីហា។

នៅក្នុងសេចក្ដីសម្រេចដដែលក៏បានកំណត់ឱ្យកម្លាំងទាំងអស់ត្រូវស្លៀកពាក់ឯកសណ្ឋានឈុតប្រយុទ្ធ ពាក់សញ្ញាសម្គាល់ និងគ្រឿងបន្ទាប់បន្សំរបស់នគរបាលឱ្យបានសព្វគ្រប់ មានអាវុធគ្រប់ដៃ និងរៀបចំខ្លួនឱ្យសក្តិសមជាសមត្ថកិច្ចដែលមានតួនាទីជាអ្នកអនុវត្តច្បាប់ផងដែរ។

សេចក្ដីសម្រេចបន្ថែមថា៖ «[អាជ្ញាធរ] ត្រូវបញ្ចៀសឱ្យបានក្នុងកម្រិតខ្ពស់ចំពោះការប្រើប្រាស់អាវុធធ្វើជាដំណោះស្រាយជាមួយបញ្ហា ប៉ុន្តែក្នុងលក្ខខណ្ឌដើម្បីការពារពីការគំរាមកំហែង ត្រូវប្រើប្រាស់ឱ្យស្របតាមវិជ្ជាជីវៈ និងមានការគិតគូរពីហានិភ័យដល់ប្រជាពលរដ្ឋដែលនៅជិតៗទីកន្លែងនោះ»។

ទោះជាយ៉ាងណា ផ្អែកលើហេតុការណ៍ដែលកើតឡើងលើពលរដ្ឋក្នុងភូមិអណ្ដូង៤ សមត្ថកិច្ចដែលចាប់ឃាត់ខ្លួនយុវជននៅក្នុងតំបន់កាលពីខែឧសភា គឺអាចចាត់ទុកថាជាការបំពានច្បាប់ទាំងនេះ ដោយយោងតាមពលរដ្ឋមួយរូបបានប្រាប់វីអូឌីឱ្យដឹងថា សមត្ថកិច្ចនៅពេលនោះបានស្លៀកពាក់ស៊ីវិល ហើយមន្ត្រីម្នាក់ក៏បានបាញ់កាំភ្លើងឡើងលើជាការគំរាមដល់ពលរដ្ឋផងដែរ។

ការប៉ះពាល់លើផ្លូវអារម្មណ៍

អ្នក​ភូមិអណ្ដូង៤ ​ភាគ​ច្រើន​គឺជាពលរដ្ឋដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទីតាំង​ទាំងឡាយ​ក្នុង​ទីក្រុង​ក្រោម​គម្រោង​អភិវឌ្ឍន៍​នានា ដែលក្នុងនោះមានមួយចំនួនមកពីតំបន់បឹងកក់ បុរីកីឡា និងកោះពេជ្រ ដែលសុទ្ធសឹងតែជាតំបន់ដែលធ្លាប់មានករណីបណ្តេញចេញដោយហិង្សា។

ទាក់ទិននឹងករណីនេះ លោក សាន វ៉ា ក៏បានលើកឡើងដែរថា គ្រួសារទាំងឡាយមានការពិបាកក្នុងការរកប្រាក់នៅក្នុងសហគមន៍ ប៉ុន្តែអ្វីដែលកាន់តែភ័យខ្លាចនោះ គឺពួកគេបារម្ភថានឹងត្រូវបណ្តេញចេញម្តងទៀតដោយសារតែតម្លៃដីកើនឡើង ខណៈគ្រួសាររបស់លោកបច្ចុប្បន្នក៏មិនមានបណ្ណកម្មសិទ្ធិដីធ្លីត្រឹមត្រូវផងដែរ។

សម្រាប់លោក បញ្ហាគ្រឿងញៀនមិនមែនជារឿងដែលគួរឱ្យព្រួយបារម្ភនៅក្នុងភូមិនោះទេ ដោយលោកថា វាហាក់ស្ថិតនៅក្នុងចំនួនតិចតួចតែប៉ុណ្ណោះ។

យោងតាមអ្នកស្រី សៅ ភា បានឱ្យដឹងថា កាលពីខែឧសភាកន្លងទៅ មាន​ឡាន​ប៉ូលិសមួយគ្រឿងបានជិះមក​ចត​នៅ​មុខ​ផ្ទះ​របស់​គ្រួសារ​មួយដែល​មាន​សមាជិក​បួន​នាក់ ដែលអ្នកភូមិនៅពេលនោះហាក់មានការភ្ញាក់ផ្អើលជាខ្លាំង។

អ្នកស្រីបន្តថា នៅក្នុងផ្ទះនោះ ខ្លួនបានឃើញក្មេងប្រុសម្នាក់កំពុងតែចិតបន្លែដើម្បីរៀបចំធ្វើម្ហូប ហើយនៅពេលនោះមន្រ្តីស្លៀកពាក់ស៊ីវិលបីនាក់ក៏ស្រាប់តែចូលទៅចាប់ក្មេងប្រុសនោះដាក់ចូលទៅក្នុងឡានពួកគេភ្លាមៗតែម្ដង។

បន្ទាប់ពីហេតុការណ៍នេះកើតឡើង បងប្រុសរបស់ក្មេងប្រុសខាងលើនេះក៏បានប្រញាប់រត់ទៅប្រាប់ប្រធានសហគមន៍ដែលមើលការខុសត្រូវក្នុងតំបន់ ដោយនៅពេលនោះក៏មាន​ស្នូរកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ផងដែរ។

ទោះជាយ៉ាងណា អ្នកស្រីបន្ថែមថា ​នៅ​ពេលដែលមន្រ្តីទាំងនោះ​ព្យាយាម​បើករថយន្តចេញ ប្រជាពលរដ្ឋ​មួយ​ក្រុម​បាន​នាំគ្នាឡោម​ព័ទ្ធ​រថយន្តជិត។

ទាក់ទិននឹងករណីនេះ អ្នកស្រី សៅ ភា បានឱ្យដឹងថា សហគមន៍​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ចំណាត់​ការ​ភ្លាមៗ​របស់​អាជ្ញាធរ ខណៈ​ពួក​គេ​មិន​ជឿ​ថា​យុវជន​អាយុ១៨ឆ្នាំ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ​បាន​ប្រើ​ប្រាស់​គ្រឿង​ញៀន​នោះ​ទេ។

អ្នកស្រីបន្តដោយរៀបរាប់ពីយុវជនដែលត្រូវចាប់ខ្លួននោះថា៖ «ជាធម្មតា បន្ទាប់ពី​ធ្វើ​ការ យុវជនរូបនេះតែងតែឆ្លៀតពេល​​មក​បោស​សម្អាត [សំរាមនៅលើផ្លូវ] ឬ​មក​លេង​ជាមួយ​ក្មេងៗនៅក្នុងភូមិ។ គាត់​មិន​ចេះ​ផឹក​ស្រា​ឡើយ។ គាត់ជាមនុស្សល្អ ស្អាតស្អំ ហើយប្រសិន​បើ​គេ​ចាប់​មនុស្ស​អាក្រក់មែននោះ ប្រហែល​ជា​អ្នក​ភូមិ​មិន​ចេញមក​តវ៉ា​ដូច្នេះឡើយ»។

អ្នកស្រី សៅ ភា បានបញ្ជាក់ថា ខ្លួនក៏បាន​ឮ​ថា​យុវជនរូបនេះ​ត្រូវ​បាន​ប៉ូលិស​វាយ និងត្រូវបាន​​មន្ត្រីភ្ជង់​កាំភ្លើងដាក់ផងដែរ។ ​

អ្នកស្រីបន្ថែមថា៖ «គាត់មានសភាពបាក់ស្បាតខ្លាំងណាស់»។

ជាមួយគ្នានេះ អ្នកស្រី ប៉ោ នឿន អាយុ៣១ឆ្នាំ ដែលរស់នៅជិតទីតាំងកើតហេតុ ក៏បានលើកឡើងស្រដៀងគ្នាផងដែរថា យុវជនអាយុ១៨ឆ្នាំខាងលើនេះគឺជាមនុស្សស្លូតត្រង់ ដោយអ្នកស្រីមិនជឿថា យុវជនរូបនេះជាប់ពាក់ព័ន្ធនឹងរឿងគ្រឿងញៀនឡើយ ហើយសមត្ថកិច្ចក៏មិនអាចរកឃើញ ភស្តុតាងណាមួយបន្ទាប់ពីឆែកឆេរផ្ទះរបស់គាត់ផងដែរ។

គួរបញ្ជាក់ថា ផ្ទះនេះបច្ចុប្បន្នត្រូវបានគេលាបពណ៌បៃតង និងត្រូវបានទុកចោល ដោយគ្រួសាររបស់យុវជននេះបានលក់ផ្ទះរបស់ពួកគេប្រមាណជាមួយខែ បន្ទាប់ពីមានហេតុការណ៍នេះកើតឡើង និងបានរើចេញពីទីតាំងនេះតែម្ដង។

ផ្ទះមួយខ្នងនៅ​ភូមិ​អណ្ដូង​ទី​៤ ធ្លាប់ជាកម្មសិទ្ធិនៃគ្រួសាររបស់​បុរស​អាយុ​១៨​ឆ្នាំ​ម្នាក់​ដែលត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រើប្រាស់​ថ្នាំ​ញៀន ដោយក្រោយមក​ក្រុម​គ្រួសារនេះ​សម្រេច​ចិត្ត​ផ្លាស់​លំនៅចេញ។ ​រូបនេះ​ថត​នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ២០២២។
ផ្ទះមួយខ្នងនៅ​ភូមិ​អណ្ដូង​ទី​៤ ធ្លាប់ជាកម្មសិទ្ធិនៃគ្រួសាររបស់​បុរស​អាយុ​១៨​ឆ្នាំ​ម្នាក់​ដែលត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ប្រើប្រាស់​ថ្នាំ​ញៀន ដោយក្រោយមក​ក្រុម​គ្រួសារនេះ​សម្រេច​ចិត្ត​ផ្លាស់​លំនៅចេញ។ ​រូបនេះ​ថត​នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ២០២២។ (Danielle Keeton-Olsen)

លោក ផុង វន្នី ដែលជាតំណាងសហគមន៍មួយរូបបានឱ្យដឹងថា អាជ្ញាធរនៅពេលនោះក៏ពុំបានដាក់បទចោទណាមួយលើពលរដ្ឋដែលបានឃាត់រថយន្តរបស់សមត្ថកិច្ចនោះដែរ។

លោក​បន្ថែម​ថា​៖ «​ផ្លូវអារម្មណ៍របស់យុវជនរូបនេះ​ត្រូវ​បានប៉ះទង្គិចយ៉ាងខ្លាំង​ ដោយសារតែ​ការ​គំរាម​កំហែង និង​ការ​បំភិត​បំភ័យឱ្យ​ឆ្លើយ [​ការ​សាកសួរ​របស់​ប៉ូលិស​] ដូច្នេះ​ហើយ ពួកគេ​មិន​អាចបន្ត​រស់​នៅ​ទី​នេះ​បានឡើយ ដែលខ្លួនក៏បានសម្រេច​លក់​ផ្ទះនេះ និងរើចេញតែម្ដង»។

គ្មានករណីបែបនេះឡើយ

បើទោះបីជាសមត្ថកិច្ចបានដោះលែងយុវជនអាយុ១៨ឆ្នាំដែលរស់នៅក្នុងភូមិអណ្ដូង៤នេះវិញក្ដី លោក សន ស៊ិន ចៅសង្កាត់គោករកា ក្នុងសប្ដាហ៍នេះ បានលើកឡើងថា ការចាប់ខ្លួននេះគឺធ្វើឡើងដោយត្រឹមត្រូវ ខណៈលោកជឿថា យុវជនរូបនេះពិតជាជាប់ពាក់ព័ន្ធជាមួយនឹងករណីគ្រឿងញៀនមែន។

លោកថា៖ «គាត់បានសារភាពគ្រប់យ៉ាង។ យោងតាមរបាយការណ៍ [ពីសមត្ថកិច្ច] គឺយុវជនរូបនេះមិនមានថ្នាំញៀនជាប់ខ្លួននោះទេ ប៉ុន្តែបើតាមព័ត៌មានដែលសមត្ថកិច្ចទទួលបានពីអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ទៀត គឺគេបានបញ្ជាក់ថា យុវជននេះក៏ជាប់ពាក់ព័ន្ធដែរ ដូច្នេះហើយទើបប៉ូលិសចាប់ខ្លួន [គាត់]»។

ចៅសង្កាត់រូបនេះបន្ត​ថា វាគឺជារឿងដែលគួរឱ្យសោកស្តាយមួយ​ដែល​ក្រុម​គ្រួសាររបស់យុវជននេះ​មាន​ការ​ភ័យ​ខ្លាចរហូតដល់សម្រេច​ចាក​ចេញ​ពី​ភូមិ។

ទោះជាយ៉ាងណា លោកបន្ថែមថា ការ​ចាប់​ខ្លួន​នេះមិន​មែន​ជា​ការ​យល់​ច្រឡំ​ឡើយ។

ទាក់ទិននឹងករណីនេះ លោក​ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលត្រូវបានចាត់តាំងជាមេបញ្ជាការ​ក្នុងការអនុវត្តការងារដើម្បី​ចុះ​ល្បាត ទប់ស្កាត់ និ​ងបង្ក្រាបកម្លាំងអនាធិបតេយ្យ ដែលធ្វើ​សកម្ម​ភាព​ចាប់​ឃាត់​ខ្លួន​ប្រជាពលរ​ដ្ឋ​បែបអនាធិប​តេយ្យ ក៏បានឱ្យដឹងកាលពីថ្ងៃចន្ទកន្លងទៅថា ស្ថានការណ៍នេះត្រូវបានគ្រប់គ្រងទាំងស្រុងហើយនៅទូទាំងរាជធានីភ្នំពេញ ខណៈលោកថា ពុំមានហេតុការណ៍ថ្មីណាមួយកើតឡើងទៀតឡើយ គិតចាប់តាំងពីសេចក្ដីសម្រេចបានចេញកាលពីខែសីហាមក។

លោកថា​៖ «​​ករណី​បែប​នេះមិន​មានការកើតឡើងនោះ​ទេ ដោយវាបាន​ស្ងាត់​ទៅវិញ​ហើយ​។ បើសិនជាមាន ​​យើង​នឹង​បង្ក្រាប ប៉ុន្តែជាក់ស្ដែង គឺ​មិន​​មាន​ឡើយ»​។

ទោះជាយ៉ាងណា យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិចេញថ្ងៃទី១៥ ខែ​សីហា ​បានឱ្យដឹងថា ប្រជាពលរដ្ឋ​នៅ​សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ បាន​នាំគ្នាចេញមកឃាត់​ការ​ចាប់​ខ្លួន​យុវជន​អាយុ ១៨ ឆ្នាំ​ម្នាក់​ទៀត ដែលនៅពេលនោះក៏ឈានដល់ការព្រួតគ្នាវាយមន្ត្រី​អ្នកអនុវត្ត​ច្បាប់ផងដែរ។

ទាក់ទិននឹងករណីនេះ នគរបាលរាជធានីភ្នំពេញ ក្រោយមកក៏បានចេញសេចក្តីថ្លែងការណ៍មួយទៀត ដោយលើកឡើងថា ការចាប់ខ្លួនខាងលើនេះមិនមែនជាការភ័ន្តច្រឡំឡើយ។

សេចក្តីថ្លែងការណ៍ដដែលបន្តថា ករណីនេះគឺជាសកម្មភាពជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ (ចាប់ពី១គីឡូក្រាមឡើង) ដែលបន្ទាប់មកក៏មានការរាយការណ៍ថា មុខសញ្ញាខាងលើនេះបានជិះម៉ូតូម៉ាកហុងដា (១២៥សេសេ) ពណ៌ខ្មៅ មិនចាំស្លាកលេខ ជាមុខសញ្ញាដឹកជញ្ជូនគ្រឿងញៀនចេញពីចំណុចផ្លូវលំក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែ១។

តាមរយៈប្រតិបត្តិការនេះ សមត្ថកិច្ច​ក៏បាននាំខ្លួនយុវជនម្នាក់អាយុ១៨ឆ្នាំមកកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសួរនាំបន្ត ប៉ុន្តែស្រាប់តែមានប្រជាពលរដ្ឋជាច្រើននាក់បានមកឡោមព័ទ្ធកម្លាំងសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចទីនោះ ដោយធ្វើសកម្មភាពចោមរោម និងព្រួតគ្នាវាយមកលើកងកម្លាំងសមត្ថកិច្ច ចំនួន០៣រូប មិនដឹងមូលហេតុ ដែលក្នុងនោះក៏បណ្ដាលឱ្យមន្រ្តីនគរបាលមួយរូបរងរបួសជាទម្ងន់ និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ។

យោងតាមការស៊ើបអង្កេត និងសកម្មភាពរបស់មនុស្សមួយក្រុមខាងលើ មន្ទីរប្រឆាំងគ្រឿងញៀនក៏បានធ្វើការសន្និដ្ឋានឱ្យដឹងថា មនុស្សមួយក្រុមខាងលើអាចចាញ់បោកការញុះញង់របស់មេខ្លោងជួញដូរគ្រឿងញៀន ឬជាបក្ខពួករបស់មេខ្លោងជួញដូរគ្រឿងញៀន ដែលឱ្យមករារាំងការចុះអនុវត្តច្បាប់របស់មន្ត្រីអនុវត្តច្បាប់។

សេចក្តីថ្លែងការណ៍បន្ថែមថា៖ «ក្រុមនេះបានរៀបចំផែនការគិតទុកជាមុន ប្រើរូបភាពមហាជនប្រឆាំងតវ៉ា តែគោលបំណងចង់ធ្វើឃាតមន្ត្រីអនុវត្តច្បាប់ ពេលនោះប្រសិនបើកម្លាំងអន្តរាគមន៍មកជួយមិនទាន់ មន្ត្រីអនុវត្តច្បាប់ខាងលើប្រហែលជាបាត់បង់ជីវិត»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Phnom Penh Communities Resist Drug Arrests, Prompting Review

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ