យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា គណៈប្រតិភូសមាជិកសភាអាមេរិកមួយក្រុមបានទៅដល់កោះតៃវ៉ាន់ កាលពីថ្ងៃពុធម្សិលមិញនេះ។
ស្ថានទូតអាមេរិកប្រចាំកោះតៃវ៉ាន់ បាននិយាយថា សមាជិកសភាចំនួន៨រូប ដែលដឹកនាំដោយលោកស្រី ស្ទេផានី ម៉ភី (Stephanie Murphy) មកពីគណបក្សប្រជាធិបតេយ្យរដ្ឋផ្លរីដា នឹងស្នាក់នៅកោះតៃវ៉ាន់រហូតដល់ថ្ងៃសុក្រ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចដ៏ធំទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ស្ថានទូតនេះបន្ថែមថា៖ «គណៈប្រតិភូនឹងជួបជាមួយមេដឹកនាំជាន់ខ្ពស់តៃវ៉ាន់ ដើម្បីពិភាក្សាអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ សន្តិសុខក្នុងតំបន់ ពាណិជ្ជកម្ម និងការវិនិយោគ ខ្សែចង្វាក់ផ្គត់ផ្គង់ជាសកល និងបញ្ហាសំខាន់ៗផ្សេងទៀតអំពីផលប្រយោជន៍ទៅវិញទៅមក»។
ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បាននិយាយថា គណៈប្រតិភូទាំង៨រូបនោះនឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ស្ថានទូតអាមេរិកបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖ «នេះគឺជាដំណើរទស្សនកិច្ចលើកទី៦របស់គណៈប្រតិភូសហរដ្ឋអាមេរិក បន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធានៅដើមខែសីហា ដែលបង្ហាញពីសារៈសំខាន់ និងការគាំទ្រយ៉ាងពេញទំហឹងរបស់អាមេរិកចំពោះតៃវ៉ាន់»។
ប្រទេសចិនបានធ្វើសមយុទ្ធយោធាកាលពីខែមុន នៅជិតកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ហើយនៅតែបន្តធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់នៅជុំវិញកោះតៃវ៉ាន់ចាប់តាំងពីពេលនោះមក។
សមាជិកសភាអាមេរិកផ្សេងទៀតក៏បានបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ជាបន្តបន្ទាប់ ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ក៏ដូចជាអភិបាលរដ្ឋអារីហ្សូណា (Arizona) ផងដែរ។
តំណាងកំពូលរបស់តៃវ៉ាន់ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន (Washington) លោកស្រី សាយអូ ប៊ីឃីម (Hsiao Bi-khim) បាននិយាយថា សមយុទ្ធយោធារបស់ទីក្រុងប៉េកាំងនៅជុំវិញកោះតៃវ៉ាន់ម្តងហើយម្តងទៀត បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានជំរុញឱ្យមានការចាប់អារម្មណ៍ពីសហគមន៍អន្តរជាតិ។
ដោយឡែក កាលពីថ្ងៃពុធ [ទី៧ ខែកញ្ញា ឆ្នាំ២០២២] រដ្ឋមន្ត្រីក្រុមប្រឹក្សាកិច្ចការដីគោករបស់តៃវ៉ាន់ (Taiwan’s Mainland Affairs Council Minister) លោក ជូ ថៃសាន (Chiu Tai-san) បានប្រាប់វេទិកាមួយនៅទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងប៉េកាំងមិនអាចប្រើប្រាស់សន្តិភាពឆ្លងកាត់ច្រកសមុទ្រ និងស្ថិរភាពក្នុងតំបន់សម្រាប់ការចរចាឡើយ។
លោក ជូ ថៃសាន (Chiu Tai-san) បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូមួយថា៖ «យើងពឹងផ្អែកលើប្រទេសទាំងអស់ ឱ្យរួបរួមគ្នាកាន់តែខ្លាំងឡើងក្នុងការជំរុញប្រទេសចិនផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន»៕














