សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងមួយរូប ដាក់ពន្ធនាគារចំនួន៣ឆ្នាំ៦ខែ និងពិន័យជាប្រាក់៥លានរៀល ពាក់ព័ន្ធនឹងការកាន់កាប់ព្រៃលិចទឹក និងមិនប្រកាសទ្រព្យសម្បត្តិជាដើម។
ការប្រកាសសាលក្រមនេះ បន្ទាប់ពីតុលាការបើកសវនាការជំនុំជម្រះលើសំណុំរឿងប្រធាននាយការិយាល័យអន្ដរាគមន៍និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក កែវ ណារុន កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ឹម វណ្ណៈ នៅថ្ងៃនេះ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក កែវ ណារុន ដាក់ពន្ធនាគារ ៣ឆ្នាំ ៦ខែ និងពិន័យជាប្រាក់ចំនួន៥លានរៀលចូលរដ្ឋ ក្រោមបទចោទប្រកាន់៣បទល្មើស រួមមានបទ «បំផ្លាញ និងគៃបំបាត់, ហ៊ុមព័ន្ធកាន់កាប់ដីព្រៃលិចទឹក និងមិនប្រកាសទ្រព្យសម្បត្តិនិងបំណុល»។
លោកបញ្ជាក់ថា បទចោទប្រកាន់ទាំងនេះ លោក កែវ ណារុន បានប្រព្រឹត្តនៅចំណុចដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ក្នុងភូមិសាស្រ្តភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។
មន្រ្តីជាន់ខ្ពស់កម្មវិធីបណ្ដាញសហគមន៍ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សាទរការដាក់ទោសមន្ត្រីដែលប្រព្រឹត្តខុស ប៉ុន្តែវិធានការច្បាប់នេះ លោកសង្កេតឃើញថា អនុវត្តចំពោះមន្ត្រីតូចតាចតែប៉ុណ្ណោះ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀតដែលជាអ្នកមានអំណាចមិនត្រូវចាត់វិធានការឡើយ។
លោកថា៖ «ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឱ្យផ្ទេរទ្រព្យសម្បត្តិជូនរដ្ឋវិញ ក៏ប៉ុន្តែយើងមិនដឹងថា តើលោកអតីតអភិបាលខេត្តកំពង់ឆ្នាំង នឹងត្រូវទទួលទោសយ៉ាងម៉េចទេ? វាពាក់ព័ន្ធអំពើពុករលួយផង វាពាក់ព័ន្ធនឹងការទន្ទ្រានដីផង ដូច្នេះទោសនេះធ្ងន់ណាស់។ ផ្ទុយទៅវិញ មន្ត្រីថ្នាក់តូចៗត្រូវបានផ្ដន្ទាទោសហើយ ទោះបីជាមានការសន្យាពីនាយករដ្ឋមន្ត្រីថាចេញមកអត់មានផ្តន្ទាទោសទេ ក៏ប៉ុន្តែច្បាប់ត្រូវតែអ៊ីចឹង កាលណាប្រព្រឹត្តបទល្មើសហើយ ត្រួវតែទទួលការផ្ដន្ទាទោសហើយ»។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យបង្ក្រាបចំពោះការទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប បន្ទាប់ពីលោកទទួលបានរបាយការណ៍ពីលោក សុខ ទូច ជុំវិញការរំលោភកាន់កាប់ដីព្រៃលិចទឹករាប់ពាន់ហិកតាដោយខុសច្បាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ជំរុញទៅស្ថាប័នពាក់ព័ន្ធឱ្យចាត់វិធានការច្បាប់ចំពោះមន្ត្រីពាក់ព័ន្ធ ពិសេសអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ចាន់ឌឿន ក្រោយពីលោក ឈួរ ចាន់ឌឿន ទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។
ក្រោយមានបញ្ជាពីនាយករដ្ឋមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចុះធ្វើការស៊ើបអង្កេត។ បើតាមរបាយការណ៍ (ACU) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បង្ហាញថា អតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ចាន់ឌឿន ដែលបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្តនេះ ទំហំ២ ០០០ហិកតា ប៉ុន្តែលោក ឈួរ ចាន់ឌឿន មិនត្រូវបាន ACU និងតុលាការចាត់វិធានការច្បាប់ទេ ក្រោយលោកប្រគល់ដីឱ្យរដ្ឋវិញ។
ចំណែកលោក ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដែលមន្ត្រីជំនាញរកឃើញថាបានទន្ទ្រានដីបឹងទន្លេសាបដែរនោះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំ កាលពីដើមខែសីហា ឆ្នាំ២០២២ ពីបទទន្រ្ទានព្រៃលិចទឹកដោយខុសច្បាប់ជុំវិញបឹងទន្លេសាប ចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២១៕