កូដករ​យក​ចង្ក្រាន​ចានឆ្នាំង​ទៅ​ចម្អិន​អាហារ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា ទាមទារ​រក​ដំណោះស្រាយ​ការងារ

កូដករ​ណាហ្គាវើលដ៍ បាន​នាំគ្នា​យក​ចង្ក្រានចានឆ្នាំងទៅ​ចម្អិនអាហារសម្រាប់​បរិភោគ​នៅ​ពី​មុខ​​ក្រុ​ម​ហ៊ុន​ ដោយ​ពួកគេ​​ថា ​នេះ​ជា​សកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។ (កាយ ណារ៉ា)

កូដករ​ណាហ្គាវើលដ៍ នៅថ្ងៃសុក្រនេះ បាន​នាំគ្នា​យក​ចង្ក្រានចានឆ្នាំងទៅ​ចម្អិនអាហារសម្រាប់​បរិភោគ​នៅ​ពី​មុខ​​ក្រុ​ម​ហ៊ុន​ ដោយ​ពួកគេ​​ថា ​នេះ​ជា​សកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ឆ្លើយតបនឹងកូដកម្មអហិង្សាដែល​អូសបន្លាយ​ជិត៩ខែមកនេះ។

ការតស៊ូមតិតាមរយៈការចម្អិនអាហារបរិភោគនៅពីមុខក្រុមហ៊ុនល្បែងដ៏ធំនៅចំកណ្តាលរាជធានីភ្នំពេញ​នេះ ធ្វើឡើងក្រោយពួកគេអះអាងថា អាជ្ញាធររដ្ឋ​បានខកខានអនុវត្តភារកិច្ចរបស់ខ្លួន ក្នុង​ការ​​ហៅថៅកែក្រុមហ៊ុនឱ្យចេញមុខដោះស្រាយវិវាទតាម​ច្បាប់ការងារកម្ពុជា។

សមាជិកសហជីពបុគ្គលិកកម្មករខ្មែរ​ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ណុប រ៉ាំរ៉ាយ ថ្លែងថា មិន​មែន​ជារឿង​ចម្លែក​ទេ ដែលពួកគាត់មកធ្វើម្ហូប​បរិភោគ​​នៅពីមុខ​ក្រុមហ៊ុន​​ដែលពួកគាត់កំពុងមានវិវាទជាមួយ ក្នុង​ការ​ទាមទារឱ្យមានដំណោះស្រាយវិវាទការ​ងារ ខណៈពួកគេ​​បានរង់ចាំដំណោះស្រាយ​តាម​ច្បាប់​អស់​រយៈ​ពេល​ជាច្រើនខែមកហើយ ប៉ុន្តែពុំឃើញមានការឆ្លើយតបជាវិជ្ជមានណាមួយទាល់តែសោះ។

កូដករណាហ្គារូបនេះបន្តថា អាជ្ញាធររដ្ឋតែងចេញមុខការពារថៅកែក្រុមហ៊ុនដែលជាអ្នកមានលុយមានអំណាច ដោយឡែកបែរជាព្យាយាមដាក់សម្ពាធឱ្យកម្មកររងគ្រោះ​បញ្ឈប់នូវការតវ៉ាទៅវិញ។

កញ្ញា ណុប រ៉ាំរ៉ាយ និយាយ​ថា៖ «បើបានយុត្តិធម៌តែបន្តិច ពួកខ្ញុំអត់មកទេ តែអត់មានសោះ! ដោយសារតែបងប្អូនមួយចំនួនដែលគាត់ Comment ថា ហេតុអ្វីគេគុណលុយឱ្យហើយម៉េចក៏មិនយក? គេដោះស្រាយ​ឱ្យហើយម៉េច​មិន​យក? បើសិន​ជាដោះស្រាយមែន គុណលុយឱ្យត្រឹមត្រូវមែន ពួក​ខ្ញុំឯណាអត់យកនោះ? ហើយបើមានដំណោះស្រាយឱ្យពួកខ្ញុំមែន មិនមែនវេទនា ក្តៅហែង​អ៊ីចឹង​ទេ»។

កញ្ញាបន្តថា៖ «[កន្លងមក ការតវ៉ាមិនបានផ្លែផ្កា ហេតុអីមិនរកការងារថ្មី?] ដោយសារតែគេបញ្ឈប់ដោយអយុត្តិធម៌ ដោយកម្មករអត់បានខុសអី។ ហើយគេបញ្ឈប់សហជីព និងសមាជិកសហជីពទាំងអស់ អ៊ីចឹងវាមិនមែនស្រេចតែលើថាគេបញ្ឈប់ហើយ ម៉េចអត់ទៅធ្វើការកន្លែងផ្សេងទេ គឺដោយសារ[ថៅកែ]គាត់បញ្ឈប់សហជីព ចង់បំបិទសហជីពទាំងមូលនៅក្នុងណាហ្គាវើលដ៍ហ្នឹង។ អ៊ីចឹងពួកខ្ញុំត្រូវការទាមទារសហជីពនិងសមាជិកសហជីពដែលគេបញ្ឈប់ដោយអយុត្តិធម៌ហ្នឹង ចូលធ្វើការវិញ»។

កូដករណាហ្គារូបនេះថា គាត់នឹងមិនឈប់ធ្វើកូដកម្មទេ បើគ្មានដំណោះស្រាយតាមច្បាប់ការងារនោះ។

ជាការកត់សម្គាល់ នៅព្រឹកមិញ​​នេះ អាជ្ញាធរ​ស្លៀក​ពាក់​ឯក​សណ្ឋាននិង​ស៊ីវិល​មួយ​ក្រុមបាន​ប្រាប់​ឱ្យ​ក្រុម​កូដករប្រមូល​ចានឆ្នាំងនិងសម្ភារធ្វើម្ហូប​ចេញ ក្រោម​ហេតុផលថា សកម្មភាពនេះ​បានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ តែយ៉ាងណា ក្រុមកូដករបានតស៊ូមតិ និងមិនព្រមប្រមូលចេញឡើយ ហើយ​សមត្ថកិច្ចក៏មិនបានចេញប្រតិកម្មណាមួយដែរ។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេនៅថ្ងៃ​នេះ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា សកម្មភាពចម្អិនអាហាររបស់កម្មករនៅពីមុខក្រុមហ៊ុនដែលមានវិវាទជាមួយពួកគេនេះ មិនមានខុសច្បាប់អ្វីឡើយ។ លោកថា នេះជាវិធីតវ៉ា​ដោយ​អហិង្សាមួយ​បញ្ជាក់​ទៅ​ឱ្យអាជ្ញាធរនិងក្រុមហ៊ុនថា ពួកគេនៅតែតស៊ូទាមទារដំណោះស្រា​យតាមច្បាប់ការងារ បើទោះត្រូវធ្វើអាហារហូបចុក​នៅកន្លែងកូដកម្ម។

លោកបន្តថា៖ «ការដែលអូសបន្លាយ [ការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គា​] នេះ គឺ​វា​មាន​រឿងវា អាច​និយាយថា គឺដោយសារតែរឿងដែលកើតឡើងហ្នឹង វាប៉ះពាល់ទៅដល់រឿងធំរបស់​រដ្ឋាភិបាល។ ដល់​ពេល​អ៊ីចឹង​អាហ្នឹងប្រហែលជាវា​អាច​ថា​ផ្នែកមួយ​នៃខាងរដ្ឋាភិបាល ពាក់ព័ន្ធនឹងការជួយដោះស្រាយរឿង​ហ្នឹង​ដែរ​ទៅ ដល់អ៊ីចឹងវាធ្វើឱ្យវិវាទហ្នឹងកាន់តែស្មុគស្មាញ។ បើសិនជាវិវាទជាមួយក្រុមហ៊ុន ខ្ញុំគិតថា វាអាច​[ដោះស្រាយ]​លឿនទេ ព្រោះបើយើងមើលទៅៗជាវិវាទជាមួយអាជ្ញាធរហើយ»។

សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News នៅរសៀលថ្ងៃទី៩ ខែកញ្ញានេះ បានចុះផ្សាយដោយស្រង់​សម្តីសមត្ថកិច្ច​ថា ការ​តវ៉ា​​របស់​ក្រុមកូដករ​ណាហ្គវើលដ៍ បានដើរផុតខ្សែបន្ទាត់ក្រហម និងប្រមាថរាជការសាធារណៈ។

បើតាមប្រភពដដែល អាជ្ញាធររាជធានីភ្នំពេញអះអាង​ថា ការ​ដែល​ក្រុមកូដករយកឆ្នាំងបាយនិង​ចានឆ្នាំងមកធ្វើម្ហូបនៅពីមុខក្រុមហ៊ុនកាស៊ីណូនេះ បានបង្កភាពរញ៉េរញ៉ៃប៉ះពាល់​ដល់​សណ្តាប់​សាធារណៈយ៉ាង​ធ្ងន់​ធ្ងរ។ ក្រៅពីនោះ អាជ្ញាធរថា កូដករបានប្រមាថដល់អាជ្ញាធរមានសមត្ថកិច្ចដែលចុះទៅធ្វើការណែនាំ​ទៀតផង។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះបានបញ្ឈប់​បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ ពីការងារ ក្រោមហេតុផល​ថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មជិត៩ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ