លោក ស ខេង៖ បទល្មើស​ឆបោកថ្មី​បាន​កើតឡើង​យ៉ាង​សាហាវ​ក្នុង​កម្ពុជា

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា មេខ្លោងនិងឈ្មួញកណ្ដាលបច្ចុប្បន្ន គឺកំពុងតែធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញចេញពីប្រទេសកម្ពុជា។ ទោះជាយ៉ាងណា លោកថា ប្រជាជនកម្ពុជាភាគច្រើន គឺមិនមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្មទាំងនោះឡើយ។

ប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាទីកន្លែងដែលមានការកើតឡើងនៃប្រតិបត្តិការឆបោក បន្ទាប់ពីករណីចាប់បង្ខាំង ពលកម្មដោយបង្ខំ និងការធ្វើទារុណកម្មនៅតាមទីតាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនានាចាប់ផ្ដើមលេចឡើងកាលពីឆ្នាំមុន ខណៈក្រុមទាំងនេះភាគច្រើនធ្វើសកម្មភាពចេញពីបរិវេណអាគារនិងកាស៊ីណូនៅទូទាំងប្រទេស ដែលភាគច្រើនជាកម្មសិទ្ធិ ឬមានទំនាក់ទំនងជាមួយឥស្សរជនកម្ពុជា និងអាជីវកម្មបរទេស។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ លោក ស ខេង បានលើកឡើងថា ឧក្រិដ្ឋកម្មថ្មីមួយគឺត្រូវបានរាយការណ៍ថាកំពុងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ។

លោក​​ថា​៖ «បច្ចុប្បន្ន​នេះ​​មានឧក្រិដ្ឋកម្ម​ថ្មី​មួយ​ដែល​បាន​កើត​ឡើង​យ៉ាងសាហាវ​ក្នុង​ប្រទេស​របស់​យើង»​។

ទោះជាយ៉ាងណា លោក ស ខេង ថា ៩៩,៩ភាគរយនៃអ្នកដែលជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការឆបោកទាំងនេះមិនមែនជាជនជាតិខ្មែរឡើយ ខណៈទីតាំងអស់ទាំងនេះគឺសុទ្ធសឹងតែជារបស់ឈ្មួញកណ្តាល និងប្រតិបត្តិករឆបោកបរទេស។

ទាក់ទិននឹងករណីនេះ លោក​​ថា មេខ្យល់​មក​ពី​ប្រទេស​វៀតណាម ចិន តៃវ៉ាន់ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង​ថៃ កំពុង​អូសទាញនិងបញ្ជូន​មនុស្ស​មកកាន់​ទីនេះ ​ដើម្បី​ធ្វើ​ការ​នៅ​បរិវេណ​អាគាររបស់ខ្លួន។

លោក ស ខេង ថា៖ «ដូច្នេះហើយប្រទេស​យើងគឺ​ជាទី​កន្លែង​រងគ្រោះ​មួយ ព្រោះ​ថា អ្នកដែល​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​និង​មេខ្លោងទាំងអស់នេះ ​គឺ​៩៩,៩ ភាគរយមិន​មែន​ជា​ជនជាតិ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឡើយ ខណៈ​មេខ្យល់​ដែល​រៀបចំនាំ​មនុស្ស​ពី​ប្រទេសរបស់ពួក​គេ​ក៏​មិនមែន​ជា​ជនជាតិ​ខ្មែរផង​ដែរ»។

គួរបញ្ជាក់ថា រដ្ឋាភិបាលដែលរួមមានក្រសួងមហាផ្ទៃ និងអគ្គស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបានសង្កេតឃើញថា មានការយកចិត្តទុកដាក់ខ្លាំងលើបញ្ហាកើនឡើងនៃប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ ខណៈសកម្មភាពនេះហាក់ត្រូវបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក​បាន​ដាក់កម្ពុជា​​​ក្នុ​​ងបញ្ជីខ្មៅរបស់ខ្លួន ជុំវិញប្រតិបត្តិការឆបោក និងជួញដូរមនុស្ស កាលពីខែកក្កដាកន្លងទៅ។

ជាមួយគ្នានេះ លោក ស ខេង ក៏បានចាប់ផ្តើមអនុវត្តវិធានការថ្មីទាំងឡាយ ដែលរួមមានទាំងការបង្កើតលេខទូរសព្ទទាន់ហេតុការណ៍មួយ ដើម្បីដោះស្រាយបណ្តឹងទាក់ទងនឹងពលកម្មដោយបង្ខំផងដែរ ដោយត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២នេះ ពាក្យបណ្ដឹងដែលទទួលបាន គឺមានចំនួន១១៧ ហើយដែលពាក់ព័ន្ធនឹងការស្នើអន្តរាគមន៍ជួយសង្គ្រោះជនបរទេសដែលត្រូវបានអះអាងថាជាប់បង្ខាំង និងជួញដូរកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។

ទាក់ទិននឹងករណីនេះ លោក ស ខេង ថាតុលាការគួរតែដាក់ទោសលើករណីដែលមនុស្សត្រូវបានបង្ខាំង និងមិនអនុញ្ញាតឱ្យចាកចេញពីបរិវេណអាគារ។

លោក​​ថា​៖ «​ប្រសិន​បើ​វាមើលទៅជាការចាប់បង្ខាំង ហើយ​មិនថា​វាជាបទ​ល្មើស​ស្រាល​ឬ​ធ្ងន់​នោះទេ គឺវាជា​បទ​ល្មើសទាំងអស់»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ ‘There Is a New Crime That Has Emerged Brutally’: Sar Kheng on Scams

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ