អ៊ុយក្រែន​ថា​ខ្លួន​ដណ្ដើម​បាន​មក​វិញ​នូវ​តំបន់​ជាច្រើន​ពី​រុស្ស៊ី ខណៈ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅ​ទស្សនកិច្ច​នៅទីនោះ

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីតាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ក្បែរ​ជួរ​មុខ​ជាមួយ​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​​រុស្ស៊ី​ នៅ​ក្នុង​តំបន់ Donbass ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២១។ (REUTERS)

ប្រទេសអ៊ុយក្រែនបានអះអាងកាលពីថ្ងៃ​ទី៨ ខែ​កញ្ញា ម្សិល​មិញ​​ថា ខ្លួន​ដណ្ដើម​បាន​មក​វិញ​នូវទឹក​ដី​ភាគ​ខាង​កើត និង​ភាគ​ខាង​ត្បូង​ពី​រុស្ស៊ី ខណៈរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែន​តូនី ប្លីងខិន (Antony J. Blinken) បានទៅទស្សនកិច្ចនៅប្រទេសនេះ ដោយសន្យាផ្តល់កញ្ចប់​ជំនួយប​ន្ថែម។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ​នេះ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយនៅ​ក្នុង​សុន្ទរកថាតាមវីដេអូថា កងទ័ព​អ៊ុយ​ក្រែន​បាន​រំដោះ​តំប​ន់​ជាច្រើន និងបាន​ដណ្ដើម​យកមក​វិញ​នូវ​ទឹក​ដី​ចំនួន១ ០០០គីឡូម៉ែត្រការ៉េ នៅ​ភាគខាងកើត និងខាងត្បូង ចាប់តាំងពីថ្ងៃទី​១ ខែ​កញ្ញា។

លោក Zelenskyy ក៏​បានបង្ហោះវីដេអូដែលទាហានអ៊ុយក្រែនអះអាងថាបាន​ដណ្តើមយកមកវិញ​នូវ​ភាគ​ខាង​កើត​ទី​ក្រុង​បាឡា​កៃ (Balakliia) ក្បែរទីក្រុងខាកៀវ (Kharkiv) ដែលជាទីក្រុងធំទី២ ​ក្នុងប្រទេសអ៊ុយក្រែន។

លោកឧត្តមសេនីយ៍ទោ អា​ឡិច​សី ហ្គ្រោ​ម៉ូវ (Oleksiy Gromov) មន្ត្រីយោធា​អ៊ុយ​ក្រែន បាននិយាយ​ថា កងទ័ពអ៊ុយក្រែនបានរុលទៅមុខរហូត​ដល់​៥០​គីឡូ​ម៉ែត្រ និងដណ្តើមបានមកវិញនូវភូមិជាង២០​នៅក្នុងតំបន់ខាកៀវ (Kharkiv)។

លោក អែនតូនី ប្លីងខិន (Antony J. Blinken) បានប្រាប់អ្នករាយការណ៍ព័ត៌មានមុនពេលចាកចេញពីទីក្រុងកៀវ (Kyiv) ថា៖ «យើងបានទទួលព័ត៌មានថ្មីៗអំពីការវាយបកវិញ។ យើងមើលឃើញមានដំណើរការល្អ ជាពិសេសនៅជុំវិញតំបន់ខឺសុន [Kherson] ប៉ុន្តែក៏មានការវិវត្តគួរឱ្យចាប់អារម្មណ៍មួយចំនួននៅក្នុងតំបន់ [Donbas] ភាគខាងកើតផងដែរ»។

លោក អែនតូនី ប្លីងខិន (Antony J. Blinken) បានប្រកាសផ្តល់ជំនួយយោធាចំនួន២,២​ពាន់លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែន និងប្រទេសចំនួន១៨ផ្សេងទៀត ដែលមានហានិភ័យនៃការឈ្លាន​ពាន​របស់​រុស្ស៊ីនា​ពេល​អនាគត ក្នុងនោះអ៊ុយក្រែននឹងទទួលបាន​ប្រហែល១ ០០០​លាន​ដុល្លារ​។ សហរដ្ឋ​អាមេរិកក៏​បាន​ប្រកាស​ផ្តល់ជំនួយសព្វាវុធដាច់ដោយឡែកមួយទៀតដល់អ៊ុយ​ក្រែន​ផង​ដែរ ដែល​គិត​ជា​ទឹក​ប្រាក់​ស្មើនឹ​ង​៦៧៥លាន​​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ