អនុភូមិ​មួយរូប​ផ្ដល់​ទីលំនៅ​បណ្ដោះ​អាសន្ន​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

កម្លាំងអន្តរាគមន៍សហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយសម្រួលផ្លូវធ្វើដំណើរជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ស្ថិតក្នុងភូមិបឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

អនុប្រធានភូមិមួយរូបបានផ្ដល់ទីតាំងស្នាក់នៅបណ្ដោះអាសន្នដល់គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបានជន់លិចដំណាំ និងផ្ទះសម្បែង។

អភិបាលរងស្រុកម៉ាឡៃ លោក អេង សាម៉ុន បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានជាទឹកជំនន់នៅក្នុងឃុំអូរសំព័រ និងឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ដែលករណីនេះក៏បានបង្កឱ្យមានជាផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដែលឈានដល់ការជម្លៀសចេញមួយចំនួនផងដែរ។

ទោះជាយ៉ាងណា អភិបាលរងស្រុកខាងលើនេះពុំអាចបញ្ជាក់បានថាតើមានមនុស្សប៉ុន្មាននាក់ដែលរងផលប៉ះពាល់ក្នុងករណីទឹកជំនន់ខាងលើនេះនោះទេ ដោយគ្រាន់តែដឹងថា តំបន់ទំនាបទាំងនេះគឺមានសភាពជន់លិចស្រដៀងទៅនឹងតំបន់ដែលជាប់នឹងព្រំដែនប្រទេសថៃផងដែរ។

ជាមួយគ្នានេះ អនុប្រធានភូមិថ្មី ឃុំអូរស្រឡៅ លោក តែ ឡុង ក៏បានឱ្យដឹងផងដែរថា ភ្លៀង​ធ្លាក់​ខ្លាំង​បាន​វាយ​ប្រហារទីតាំងទាំងឡាយក្នុង​ឃុំ​កាល​ពី​ថ្ងៃ​ពុធ និង​បាន​ជន់​លិច​ភូមិ​ទាំង​មូល ដែលក្នុងចំណោម​គ្រួសារ​​ចំនួន១៦០ក្នុង​ភូមិ មាន៥គ្រួសារ​ត្រូវ​បាន​ផ្លាស់​ទៅកាន់ទីទួលមានសុវត្ថិភាពស្ថិតនៅក្នុងផ្ទះរបស់លោកដោយផ្ទាល់តែម្ដង។

លោកបន្ថែម​ថា​៖ «​ភ្លៀងចាប់ផ្ដើម​ធ្លាក់ខ្លាំង​តាំង​ពី​ម្សិល​មិញ [ថ្ងៃពុធ] ដែល​បាន​ធ្វើ​​ឱ្យតំបន់​ខ្លះ​ក្នុងភូមិជន់លិចក្នុងកម្ពស់ទឹក៣ម៉ែត្រ»។

ក្រៅ​ពី​ការ​ផ្លាស់​ទីលំនៅ​គ្រួសារដែលរងគ្រោះខាងលើ អនុភូមិរូបនេះបន្តថា ចម្ការ​ដំឡូង​មី​ប្រមាណជា៦០​ហិកតាក៏​បាន​រង​ផល​ប៉ះពាល់​ដោយករណី​ភ្លៀង​ធ្លាក់​ខ្លាំងនេះផងដែរ។

ទោះជាយ៉ាងណា លោក តែ ឡុង ថាភ្លៀងធ្លាក់បានថមថយទៅវិញ​ហើយកាលពីថ្ងៃ​ព្រហស្បតិ៍ ដោយលោកបន្ថែមថា ករណីនេះកាលពីពេលកន្លងទៅ គឺតែងតែកើតឡើងនៅក្នុងឃុំ។

អ្នកស្រី ជា លីប អាយុ៣៥ឆ្នាំ ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​គ្រួសារ​ដែល​ត្រូវបានផ្លាស់ទីលំនៅជាបណ្ដោះអាសន្នមកកាន់ផ្ទះលោក តែ ឡុង បានលើកឡើងថា នៅម៉ោងប្រមាណជា៨យប់ថ្ងៃពុធ ទឹកបានចូលទៅដល់ផ្ទះរបស់អ្នកស្រី ដែលតម្រូវឱ្យគ្រួសាររបស់អ្នកស្រីត្រូវតែចាកចេញជាបន្ទាន់ ដើម្បីទៅកាន់ទីទួលសុវត្ថិភាព។

លោកស្រី​បាន​បន្ត​ថា៖ «យើង​មិន​អាច​​យក​ទ្រព្យ​សម្បត្តិ​នានាពី​ផ្ទះមកជាប់ខ្លួនបានឡើយ ដោយ​រឿង​សំខាន់​តែ​មួយ​គត់​ដែល​យើង​គិត ​គឺ​យកកូន​ទាំង​ពីរ​អាយុ​ក្រោម១០ឆ្នាំ​ទៅ​កន្លែង​មាន​សុវត្ថិភាព​ឱ្យ​បាន​លឿន​បំផុតតាម​ដែល​យើង​អាច​ធ្វើ​បាន»។

អ្នកស្រី ជា លីប បន្ថែមថា ទីតាំងដែលគ្រួសារអ្នកស្រីមករស់នៅបណ្ដោះអាសន្នដែលជាផ្ទះរបស់លោកអនុភូមិនេះ មិនមានការលិចលង់ធ្ងន់ធ្ងរឡើយ និង​ដោយ​សារតែ​គ្មាន​អគារ​រដ្ឋាភិបាល​នៅ​ក្បែរ​នោះ ដូច​ជា​សាលារៀន លោក តែ ឡុង ក៏​បាន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ស្នាក់​នៅ​ផ្ទះរបស់​គាត់តែម្ដង។

ទោះជាយ៉ាងណា លោកស្រីថា ពួកគេមានការ​ពិបាកក្នុងការរៀបចំ​ម្ហូបអាហារទទួលទាន ដោយសារតែខ្វះឧបករណ៍ ​ដែលករណីនេះតម្រូវឱ្យពួកគេ​ត្រូវ​ទិញម្ហូប​អាហារ​ពី​អ្នក​ជិតខាង ដែលត្រូវចំណាយច្រើនផងដែរ។

អ្នកស្រីបន្ថែមថា៖ «ភ្លៀងនៅតែ​បន្ត​ធ្លាក់​ ហើយតាមអ្វី​ដែល​ខ្ញុំបានរៀបរាប់ ​​វា​អាច​នឹង​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង ​ប្រសិន​បើ​យើង​ត្រូវ​ស្នាក់​នៅ​ទី​នេះ​យូរទៀត»។

យោងតាមសេចក្ដីជូនដំណឹងមួយដោយក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២២ ស្តីពី​ការ​ព្យាករ​ធាតុអាកាស បានឱ្យដឹងថា ចាប់ពីថ្ងៃ​ទី​៧ ដល់​ថ្ងៃទី​១៣ ខែកញ្ញា​ ​កម្ពុជាទទួលរង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ), សម្ពាធ​ទាប និង​ខ្យល់មូសុងនិរតី បក់​ក្នុង​ល្បឿន​ពី​មធ្យម​ទៅ​បង្គួរ ដែលបង្កឱ្យមាន​ភ្លៀង​ធ្លាក់ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ ក្នុងនោះក៏មាន​ភ្លៀង​ធ្លាក់​ច្រើន​ដោយ​អន្លើ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ផងដែរ​៕​


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Village Official on High Ground Takes In Flood-Affected Residents

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ